ការត្រលប់មកហោះវិញនៃជើងហោះហើរពី​ទីក្រុង​ឌូ​បៃឌូបៃមកភ្នំពេញរបស់ Emirates តាមរយៈប្រទេសសិង្ហបុរី នាថ្ងៃទី១ ខែឧសភាខាងមុន​នេះ នឹងជួយដល់សេដ្ឋកិច្ចកម្ពុជា ជាពិសេស​​លើវិស័យ​ទេសចរណ៍ ដោយតភ្ជាប់អ្នកដំណើរពីជុំវិញពិភពលោកមកកាន់កម្ពុជា​។ នេះបើយោងតាមវេបសាយផ្លូវការរបស់ Emirates បានចេញផ្សាយនៅថ្ងៃទី ២៩ ខែកុម្ភៈ។ 

វេបសាយផ្លូវការរបស់ Emirates Airlines បញ្ជាក់ថា ក្រុមហ៊ុនអាកាសចរណ៍លំដាប់ពិភពលោកមានមូលដ្ឋានក្នុងទីក្រុងឌូបៃនៃប្រទេស​អារ៉ាប់​រួម (UAE)នេះ នឹងត្រលប់​មក​ហោះវិញក្រោយផ្អាកការហោះហើរក្នុងអំឡុងពេលនៃការរីករាលដាលនៃជំងឺកូវីដ១៩។ ការហោះ​ហើរមកកាន់ទីក្រុងភ្នំពេញឡើងវិញនេះ គឺដើម្បីបង្កើនការតភ្ជា​ប់ពីមជ្ឈិម បូ​ព៌ាមកកា​ន់​តំប​ន់អាស៊ាន។ 

លោក Adnan Kazim ជាអនុប្រធាន និងជាប្រធានផ្នែកពាណិជ្ជកម្មរបស់ Emirates មានចំណាប់អារម្មណ៍លើរឿងនេះ ជាភាសាអង់គ្លេស និងប្រែសម្រួល​ជាភាសា​ខ្មែរ​​ថា៖ «ការត្រលប់មកដំណើរការជើងហោះមកកាន់ភ្នំពេញនេះ បង្ហាញពីការប្តេជ្ញាចិត្តព​ង្រឹងទំនាក់ទំនង​​​ក្នុង​​តំបន់អាស៊ាន ស្របពេលយើងបង្កើត​ឱកាសច្រើន​​សម្រាប់​អ្នកដំណើរ​ដើម្បី​ស្វែងរក​ទិស​ដៅសម្បូរបែប​ វប្បធម៌ និងជួយដល់អាជីវកម្ម​ និងជំរុញអ្នកនាំចេញឲ្យមានទំនាក់ទំនងពាណិជ្ជកម្ម​កាន់តែច្រើនឡើង»។ 

បើយោងតាមសម្តីរបស់ម្ចាស់ហ្វេកប៊ុកឈ្មោះ Yun Hors – យន្តហោះ ជាអ្នកថតរូបយន្តហោះ និងជាអ្នក review លើយន្តហោះក្នុងស្រុក និងក្រៅប្រទេស បានបញ្ចាក់តាមសារជាសម្លេងក្នុងប្រព័ន្ធតេឡាក្រាមថា Emirates សម្លឹងឃើញឱកាសបង្កើនប្រភពចំនូលដល់ក្រុមហ៊ុន។ លោកថា សម្រាប់កម្ពុជាវិញ​ ការផ្សព្វផ្សាយរបស់Emiratesនេះ បានធ្វើឲ្យបរទេសស្គាល់ពីតំបន់ទេសចរណ៍ក្នុងស្រុក។

លោកបានបញ្ចក់ថា៖ «ទីមួយ ប្រទេសកម្ពុជាយើងគឺ មានលទ្ធភាពនៅក្នុងការផ្តល់ភ្ញៀវគ្រប់គ្រាន់សម្រាប់​ក្រុមហ៊ុនហើយ​។ ទីពីរ ឃើញសេដ្ឋកិច្ចយើងគ្រាន់បើ ឃើញវិស័យទេសចរណ៍យើង ក៏គ្រាន់ដែរចឹងទៅ គេតភ្ជាប់មកខ្មែរយើង»។ 

ម្ចាក់ហ្វេកប៊ុកឈ្មោះ Yun Hors – យន្តហោះ បានបន្តទៀតថាជើងយន្តហោះនេះ នឹងមានភាពស្រួលដល់ភ្ញៀវទេសចរណ៍មកកម្សាន្តក្នុងស្រុកខ្មែរ ដោយអ្នកធ្វើដំណើរពុំបាច់ឈប់ប្តូរយន្តហោះច្រើនកន្លែង។  

លោកបានថ្លែងថា៖ «ឧទាហរណ៍ថា គេមកអាមេរិកចឹងគេអាចហោះតាម Emirates មក ចូល Transit (ប្តូរជើងយន្តហោះ) នៅ​ឌូបៃហើយ បន្តជើងពីឌូបៃមកខ្មែរ […] ឈប់នៅសាំងហ្គាពួរ មួយម៉ោងពីរម៉ោងអត់បញ្ហាអីទេ»។ 

យោងតាមវេបសាយក្រុមហ៊ុន Emirates ដដែលបញ្ជាក់ថា យន្តហោះប្រើក្នុងការហោះហើរមកកម្ពុជានេះ ជាយន្តហោះខ្នាតធំ​ប្រភេទ Boeing 777-300ER ដែល​អាចដាក់អ្នកដំណើរ​បានចន្លោះពី៣៥៤នាក់ ទៅ៣៦៤នាក់។ 

គួររំលឹកផងដែរថា Emirate ហោះមកកាន់ភ្នំពេញដំបូងកាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៧។ យោងតាមរបាយករណ៍ប្រចាំឆ្នាំ២០២២ ២០២៣របស់Emirates មុនពេលខែមីនា ឆ្នាំ២០២០ Emirates បានហោះទៅកាន់ ១៥០កន្លែង នៃ៨០ប្រទេសជុំវិញពិភពលោក៕