ភ្នំពេញ៖ កាសែតភ្នំពេញប៉ុស្តិ៍ ប្រកាស​អំពីការបញ្ឈប់ការបោះពុម្ពផ្សាយកាសែតទាំងភាសាខ្មែរ និង​ភាសា​អង់គ្លេសរបស់ខ្លួន​ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ខាងមុខ ដោយសារបញ្ហាហិរញ្ញវត្ថុធ្ងន់ធ្ងរ ក្រោយ​វិបត្តិ​​ជំងឺកូវីដ-១៩។

យោងតាមសេចក្តីជូនដំណឹងរបស់កាសែតភ្នំពេញប៉ុស្តិ៍ ចុះនៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២៤ បានឱ្យ​ដឹងថា វិបត្តិ​ជំងឺកូវីដ-១៩ និងស្ថានភាពសេដ្ឋកិច្ចធ្លាក់ចុះជាបន្តបន្ទាប់ បានធ្វើឲ្យប៉ះពាល់ដល់​​ចំណូល​ពី​ការ​ផ្សាយ​ពាណិជ្ជកម្ម​​របស់​ក្រុមហ៊ុនយ៉ាងធ្ងន់ធ្ងរ​។

សេចក្តីដដែលបន្តថា៖ «ការវិវត្តយ៉ាងឆាប់រហ័សនៃប្រព័ន្ធបច្ចេកវិទ្យា ​និងការផ្សព្វផ្សាយព័ត៌មាន​តាម​បណ្តាញ​សង្គម បានធ្វើឱ្យក្រុមហ៊ុនប្រឈមនឹងបញ្ហាហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ហេតុនេះម្ចាស់ភាគហ៊ុន​បានសម្រេចដោយសេចក្តីសោកស្តាយបញ្ឈប់ការបោះពុម្ពផ្សាយកាសែតភ្នំពេញប៉ុស្តិ៍ទាំងភាសាខ្មែរ និងភាសាអង់គ្លេស ត្រឹមថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤»។

គួរកត់សម្គាល់ផងដែរថា ភ្នំពេញប៉ុស្តិ៍ គឺជាកាសែតវ័យចំណាស់មួយនៅក្នុងប្រទេស​កម្ពុជា​ដែល​បាន​បោះពុម្ព​លើកទីមួយតាំងពី​ឆ្នាំ១៩៩២។ អ្នកអានកាសែតនេះ មានទាំងជនបរទេស និងពលរដ្ឋកម្ពុជា​រាប់ពាន់នាក់ និងមានអ្នក subscribe មកពី35ប្រទេសជុំវិញពិភពលោកផងដែរ៕​