ការងារ​ស្ម័គ្រចិត្ត គឺជា​ការធ្វើ​កិច្ចការ​ណាមួយ​ដែល​យើង​ពេញចិត្ត​ធ្វើ​ដោយ​ខ្លួន​ឯង​ មិនគិត​ពី​ប្រាក់កម្រៃ ឬប្រយោជន៍ផ្ទាល់ខ្លួន ដោយគ្មានការបង្ខិត​បង្ខំ ឬ​គំរាមកំហែង​។ បន្ថែម​ពីនេះ ការងារ​ស្ម័គ្រ​ចិត្ត អាចជា​ការអនុវត្ត​ដ៏​ល្អមួយ​សម្រាប់​និស្សិត​កំពុងសិក្សា​នៅ​ថ្នាក់​មហា​វិទ្យាល័យ​ ដើម្បី​ទទួលបាន​បទពិសោធន៍​ពី​ការងារ​ស្ម័គ្រចិត្ត​នោះ ព្រមទាំងជួយរួមចំណែកជួយដល់​សហគមន៍ និងសង្គមផងដែរ។

កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពី​សាកល​វិទ្យាល័យ​ផ្សេងៗ​គ្នា ​​អំពី​​ការ​យល់ឃើញ​របស់ពួក​គេ​​ទាក់ទង​នឹង​​ការងារស្ម័គ្រចិត្ត។

លោក តេង វឌ្ឍនា អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ ផ្នែកព័ត៌មានវិទ្យានៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ​​យល់ឃើញថាការងារស្ម័គ្រចិត្ត​ បានផ្តល់អត្ថប្រយោជន៍ជាច្រើនទាំងជួយខ្លួនឯង និងសង្គមជាតិ។​

លោកនិយាយថា៖ «នៅពេលដែលយើងបានធ្វើការងារស្ម័គ្រចិត្ត ទីមួយគឺខ្លួនឯង​​ ទទួលបាន​បទពិសោធន៍​ច្រើនខ្លាំង​​មែនទែន ​​​​​ហើយក៏​​​ដូច​ជាចំណេះដឹងថ្មីៗ​​​ ក៏ដូចជា​យើងបាន​ចូលរួម​នៅក្នុង​សង្គម​អី​ផ្សេងៗ​ អញ្ចឹងទៅយើងបានដឹងថាសង្គមហ្នឹងមានការលូតលាស់យ៉ាងម៉េច»។

លោកបានបន្តទៀតថា៖ «នៅពេលដែលយើងបានធ្វើការងារស្ម័គ្រចិត្ត ហើយយើងចង់ Apply [ដាក់ពាក្យ] ការងារអីផ្សេងៗ ក៏វាជា​អត្ថប្រយោជន៍ផងដែរ ដោយសារតែធម្មតា នៅពេល​ក្រុមហ៊ុន​​មួយ​​​​ដឹងថា​ យើងធ្លាប់បាន​ធ្វើការងារ​ស្ម័គ្រចិត្ត អញ្ចឹងយើងអាចមានអាទិភាពជាងគេ​​​​​​​ ហើយទទួល​បាន​​​​​ឱកាសការងារបានល្អប្រសើរជាងអ្នកដទៃផ្សេងទៀត»។

លោក តេង វឌ្ឍនា អាយុ២០ឆ្នាំ បច្ចុប្បន្នជានិស្សិតផ្នែកព័ត៌មានវិទ្យា ។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា ខម សុខៈ អាយុ២១ឆ្នាំ ជានិស្សិតឆ្នាំទី៤ ផ្នែកឧស្សាហកម្មគីមី នៃវិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ​បាន​យល់ឃើញថា ការងារស្ម័គ្រចិត្ត ​គឺល្អសម្រាប់យើង និងសង្គម។ ជាពិសេស ការងារស្ម័គ្រចិត្ត អាចផ្តល់ឱកាស​​ឱ្យ​យុវជនចូលរួមក្នុងសង្គមបានច្រើនដូចជា ទំនាក់ទំនងក្នុងសង្គមជាដើម។

កញ្ញានិយាយថា៖ «សម្រាប់ខ្ញុំ ការងារស្ម័គ្រចិត្ត យើងទទួលបានបទពិសោធន៍ច្រើន ជាពិសេស​ការទំនាក់ទំនងគ្នា ព្រោះនៅពេលយើងចូលរួមការងារស្ម័គ្រចិត្តម្តងៗ យើងបានស្គាល់គេស្គាល់ឯងដែលមកពីសាលាផ្សេងៗ ជំនាញផ្សេងៗ និងខេត្តផ្សេងៗគ្នា»។

កញ្ញាបានបន្ថែមទៀតថា៖​ «ជាទូទៅការងារស្ម័គ្រចិត្ត តម្រូវឱ្យយើងរៀនធ្វើការងារជាក្រុម អញ្ចឹងពេលយើងចេញទៅធ្វើការទៅ យើងអត់អាចធ្វើការងារតែឯងបាននោះទេ យើងត្រូវ​ចេះរៀនធ្វើការងារជាក្រុមឱ្យហើយ»។

កញ្ញា ខម សុខៈ  អាយុ២១ឆ្នាំ បច្ចុប្បន្នជានិស្សិតផ្នែកឧស្សាហកម្មគីមី ។ (រូបភាព៖ ប៉ោក លក្ខិណា)

លោក ហេង ហេវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការងារស្ម័គ្រចិត្ត​ពិតជាមានសារៈប្រយោជន៍សម្រាប់បញ្ញវន្ត មិនថានៅកម្រិតវិទ្យាល័យ ឬសាកលវិទ្យាល័យ គឺទទួលបាននូវចំណេះដឹងពីសង្គម និងបរិបទការងារជាច្រើន។

លោកបន្ថែមថា៖ «នៅពេលរូបខ្ញុំបានចូលរួមជាមួយការងារស្ម័គ្រចិត្ត ធ្វើឱ្យខ្ញុំក្លាហានជាងមុន ហ៊ាននិយាយបញ្ចេញមតិ បូករួមផ្សំនឹងចំណេះដឹង កាលទេសៈដែលខ្ញុំអាចនិយាយបាន ថែមទាំង​ធ្វើឱ្យខ្ញុំជាមនុស្សម្នាក់ដែលអាចថាជួយ ឬក៏ពឹងពាក់លើខ្លួនឯងបាន និងចូល​​ចំណោមជាមួយគេនៅក្នុងសង្គម»។

លោក ហេង ហេវីន អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ ។ (រូបភាព៖ លេខ ការី)

កញ្ញា សេង កុលនិស្ស័យ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីដេបាតឺម៉ង់ទំនាក់ទំនងអន្តរជាតិនៃវិទ្យាស្ថានភាសាបរទេស (IFL) បាននិយាយថា តាមរយៈការងារស្ម័គ្រចិត្ត អាចផ្តល់​ចំណេះដឹងជា​ច្រើនអំពីសង្គមខាងក្រៅ និងឱកាសក្នុងការអភិវឌ្ឍខ្លួន។

កញ្ញាធ្លាប់បានបង្កើតក្រុម និងស្វែងរកជំនួយឧបត្ថម្ភពីសប្បុរសជន មានទាំងថវិកា ឬសម្ភារៈសិក្សា ដើម្បីជួយក្មេងៗ​ខ្វះខាតនៅតាមបណ្តាខេត្តដាច់ស្រយាល។

កញ្ញានិយាយថា៖ «វា[ការងារស្ម័គ្រចិត្ត] អាចឱ្យយើងហ្នឹង Improved communication skills (អភិវឌ្ឍជំនាញទំនាក់ទំនង) របស់យើង […] ហើយមួយទៀត ធ្វើឱ្យយើងចូលសង្គម​ឃើញ​ថា អូហ៍អាលូវហ្នឹងដល់ណាហើយ ការអភវិឌ្ឍនៅតាមខេត្តដែលនៅតំបន់ដាច់ស្រយាល​ហ្នឹង វាដល់ណាដែរអញ្ចឹង»។

កញ្ញាបន្តថា៖ «ខ្ញុំគិតថា ប្រសិនណាជាយើងចូលរួមម្នាក់បន្តិចៗទៅ យើងនឹងមាន​ភាពរីកចម្រើន​ទៅមុខបានច្រើន ហើយមិនចាំបាច់មានអីជាលក្ខណៈដុំកំភួនច្រើនទេ គ្រាន់តែថាឃើញអ្នក ខ្វះខាតអី​ យើងអាចជួុយ ឬក៏មានកម្មវិធីដូចសប្បុរសធម៌អីមួយ ​​​ដែលអាចជះឥទ្ធិពល​​ទៅសង្គម យើងវិញបាន អាហ្នឹងយើងធ្វើទៅ»។

កញ្ញា សេង កុលនិស្ស័យ អាយុ២០ឆ្នាំ ជានិស្សិតឆ្នាំទី៣ មកពីដេបាតឺម៉ង់ទំនាក់ទំនងអន្តរជាតិ​នៃវិ​ទ្យាស្ថាន​ភាសា​បរទេស IFL។​ (រូបភាព៖ ទេព សួគានី)

សម្រាប់​លោក គិត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ យល់ថា​ការងារស្ម័គ្រចិត្ត​ធ្វើឱ្យពួកគេស្គាល់ពី​ខ្លួនឯង និងការងារ​បានច្បាស់លាស់។

លោកបន្តថា៖ «ចំពោះការងារស្ម័គ្រចិត្ត ខ្ញុំយល់ឃើញថាវាល្អ ព្រោះអីសម្រាប់ខ្ញុំអីចឹង ខ្ញុំមកពីខេត្តចឹង ខ្ញុំអត់មានអីច្បាស់លាស់នៅឡើយទេ ចឹងខ្ញុំចូលទៅខាងការងារស្ម័គ្រចិត្តច្រើន ចឹងទៅខ្ញុំដឹងពីការងារច្រើន ហើយណាមួយខ្ញុំបានជួយសង្គម ជួយសាលាអីចឹង»។

លោក គិត រ៉ាយុទ្ធ អាយុ១៩ឆ្នាំ ជានិស្សិតឆ្នាំទី២ ជំនាញអក្សរសាស្រ្តខ្មែរ នៃសាកលវិទ្យាល័យ​ភូមិន្ទភ្នំពេញ ។ (រូបភាព៖ ប៉ោក លក្ខិណា)

កញ្ញា សុង ឡូរី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ (DMC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានបង្ហាញថាការងារស្ម័គ្រចិត្ត​មានសារៈសំខាន់សម្រាប់សិស្សានុសិស្ស ដើម្បីទទួលបានបទពិសោធន៍ល្អ ងាយស្រួលក្នុងការស្វែងរកការងារ និងចេះទំនាក់ទំនងជាមួយមនុស្សក្នុងសង្គម។

កញ្ញាបន្តថា៖ «វាមាន Benifits (អត្ថប្រយោជន៍) ច្រើនសម្រាប់សិស្ស និស្សិត ឬក៏សិស្សដែល​ចប់​ទី១២ ដែល​ធ្វើការស្ម័គ្រចិត្តរបៀបហ្នឹង យើងអាចធ្វើការបាន របៀបវាមានអាទិភាព ទៅលើ​ការងារ​ដែលយើងដាក់CV (ប្រវត្តិរូបសង្ខេប)ទៅ ហើយអាច get experience (ទទួលបទពិសោធន៍) ហើយនិងរបៀប Social interaction (ទំនាក់ទំនងក្នុងសង្គម) របស់យើង​កាន់​​តែប្រសើរ​ឡើង»។

កញ្ញា សុង ឡូរី អាយុ១៨ឆ្នាំ ជានិស្សិតឆ្នាំទី១ មកពីដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និង សារគមនាគមន៍ DMC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ លេខ ការី)