ភ្នំពេញ​​៖ គោលបំណង​សំខាន់​របស់និស្សិត​ភាគ​ច្រើន​ គឺរំពឹងថាក្រោយពេល​​ទទួលបាន​ការ​សិក្សារៀនសូត្រច្រើន​ និស្សិតទាំងនោះ​នឹង​ទទួល​បាន​ការងា​រ​ល្អ និងប្រាក់ខែខ្ពស់ ជា​ពិសេស ពួកគេចង់បាន​​ការងារ​ដែល​ខ្លួន​ស្រឡាញ់​ និងអាច​យក​​ជំ​នាញ​​ដែល​​ខ្លួនបាន​​រៀន​​សូត្រ​​កន្លង​មក​​យក​ទៅ​ប្រើប្រាស់​ក្នុង​វិស័យ​ការងារ​​។​ និស្សិត​ទាំងនោះ​ សង្ឃឹម​ថា​ពួកគេ​​​នឹង​មាន​​លទ្ធភាព​ចិញ្ចឹម​ខ្លួនឯង​​​ មានភាពជាម្ចាស់ការ​​ និងក្លាយជា​បង្គោល​​ដែល​​អាច​​ផ្គត់ផ្គង់​​គ្រួសារ​​​​។​

Newsroom Cambodia​ បាន​សម្ភាស​និស្សិតមួយ​​ចំនួន​មក​ពី​ភ្នំពេញ និងបណ្ដាខេ​ត្ត​នានា​ក្នុងប្រទេស​​ដែលកំពុង​​​បន្ដ​​ការ​​សិក្សា​​ និង​​​រស់​នៅ​​រាជធានី​ភ្នំពេញ​​ អំពី​ការយល់​ឃើញ​ទៅ​លើទីផ្សា​រការងារ​នៅ​កម្ពុជា​ក្រោ​យ​​​​​​​បញ្ចប់​ការសិក្សា​។​​

លោក សូត្រ សំបូរ​ អាយុ ​២០ឆ្នាំ​​ ជា​និស្សិត​នៅ​សាកល​វិទ្យាល័យ​ភូមិន្ទភ្នំពេញ​ជំនាញ​គ្រប់គ្រ​ងពាណិជ្ជកម្មអន្តរជាតិ​ លើក​ឡើង​ថា​ទីផ្សារ​ការងារ​គឺ​មាន​សម្រាប់​និស្សិត​ដែល​ខិត​ខំប្រឹងប្រែង​រៀនសូត្រ​ និង​បណ្ដុះ​បណ្តាលសមត្ថភាព​របស់​ខ្លួនទៅ​លើជំនាញ​នីមួយៗ​ដែល​ខ្លួនជ្រើសរើស​​​​។

លោកបញ្ជាក់ថា៖ «ប្រសិនបើយើងខិតខំប្រឹងប្រែងរៀនកាន់តែច្រើនឲ្យបានកាន់តែស៊ីជម្រៅ ជំនាញនឹងរត់មករកយើង ហើយសំខាន់យើងមានសមត្ថភាពធ្វើវាអត់​»។​

លោក សូត្រ សំបូរ
លោក សូត្រ សំបូរ

លោក​​ សុខុម​ ច័ន្ទរិទ្ធ អាយុ ​២៦ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេសជំនាញទំនាក់ទំនងវិជ្ជាជីវៈ(Professional Communication)​ លើកឡើងថា ​និស្សិតដែលបញ្ចប់ការសិក្សា​ត្រូវប្រឹងរកការងារ​តាមប្រព័ន្ធ​អនឡាញ ឬវេបសាយដែលបានបង្ហោះអំពីការងារទៅតាមផ្នែក ឬតួនាទីនីមួយៗ​ដែលនិស្សិតចង់​ធ្វើ​​។​​

លោកបញ្ជាក់ថា៖ «ភាគច្រើនលោក[ស្វែង]រក​[ការងារ]តាមវេបសាយច្រើនជាងព្រោះដោយសារ​តែ​នៅ​តាមហាង​​ ក្រុមហ៊ុន ស្ថាប័នផ្សេងៗ ភាគច្រើនទាល់តែយើងមាន​ប្រវត្តិការងារ​និងបទពិសោធន៍​​ការងារ​ហើយ យើងអាចដាក់ប្រវិត្តរូបអីចឹងទៅ»។

លោកបន្ថែមថា៖ «លោកមានក្ដីបារម្ភច្រើនចំពោះទីផ្សារការងារនៅកម្ពុជាដោយសារមិនសូវមានភាពទូលំទូលាយហើយដោយសារប្រទេសយើងស្ថិតនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍ដល់ពេលចឹង គឺយើងព្យាយាម រកសង្វាសខ្លួនឯង ចឹងខ្ញុំគិតថាវាពិតហើយ​វាផ្ដល់ផលវិបាកសម្រាប់យើងនិងសម្រាប់​ សិស្ស ផ្សេងៗ»​​។

លោក​​ សុខុម​ ច័ន្ទរិទ្ធ

កញ្ញា សន​ បញ្ញា​ អាយុ២០ នៅវិទ្យាស្ថានបច្ចេកទេសកម្ពុជា​ជំនាញគីមីចំណីអាហារ លើកឡើងពីទស្សនៈថាក្រោយពេលបញ្ជប់ការសិក្សាលើជំនាញដែលគាត់រៀនគឺមានទីផ្សារក្នុង [ស្រុក] ដោយសារកម្ពុជា​ត្រូវការ​អ្នកមានបទ​ពិសោធ​ក្នុង​ជំនាញ​កែច្នៃ​អាហារ​និង​នាំអាហារ​ទៅ​ក្រៅ​ប្រទេស។

​កញ្ញាប្រាប់ថា៖«ខ្ញុំគិតថាល្អសម្រាប់មុខវិជ្ជាខ្ញុំកំពុងរៀននិងដោយសារតែយើងត្រូវការកែច្នៃច្រើនខ្ញុំឥឡូវរៀនខាងគីមីចំណីអាហារ ចឹងហើយប្រទេសយើង ត្រូវការអ្នកដែលមានបទពិសោធ ក្នុងការធ្វើកែច្នៃផលិតផលក្នុងស្រុក។ ដើម្បីបម្រើការក្នុងស្រុកផង ដើម្បីនាំចេញផង ដោយសារខ្ញុំឃើញភាគច្រើននៅក្រៅស្រុកអត់មានផលិតផលខ្មែរប៉ុន្មានទេ»។

កញ្ញា សន​ បញ្ញា​

លោក ​ពឿន ប៉ូលីស​ អាយុ ២២​ឆ្នាំ ជានិស្សិតនៅវិទ្យាស្ថានភាសាបរទេស ជំនាញ​ភាសា​អង់គ្លេស​​លើកឡើងថា ទីផ្សារនៅកម្ពុជាមានភាពទូលំទូលាយ តែទាមទារឲ្យមានការកែសម្រួល​ឲ្យកាន់តែល្អប្រសើរជាងកាលពីមុន។ លោកបន្ដថា​​​ ទាក់ទង​នឹង​ប្រាក់បៀវត្ស​ ប្រា​ក់​កម្រៃនិងអត្តប្រយោជ​​ន៍ ដែលទទួលបានពីការងារគឺតិចតួចនៅឡើយ។ លោកបន្តថា សម្រាប់ទីផ្សារការងារ​មានការ​ប្រកួត​ប្រជែង​មិនស្មើគ្នា ប្រកាន់បក្សពួកច្រើន​ និង​មិន​ផ្ដោតទៅលើសមត្ថភាពរបស់និស្សិតទេ។

លោកបញ្ជាក់ថា​៖​ «ទៅធ្វើការ គឺបានតែប្រាក់ខែតែប៉ុណ្ណឹងឯង អត់មានទាក់ទង​នឹងការ​ធានា​រ៉ាប់រង​ទៅលើ​សុ​ខភា​ព ​ឬក៏ទៅលើ​គ្រួសារ​របស់គាត់គឺអត់មាន​អីទាំងអស់»។

លោកបន្ថែមថា៖​ «បើយើងចង់ធ្វើការនេះ ទាល់យើងស្គាល់គ្នា។ បើយើងអត់ស្គាល់គ្នាគឺថាកន្លែង នឹង គឺ​យើង​អត់​​អាច​​ចូល​​សោះម៉ង​​»។​

លោក ​ពឿន ប៉ូលីស​