ការផ្សព្វផ្សាយគ្រឿងស្រវឹង តាមរយៈទូរទស្សន៍ បណ្តាញទំនាក់ទំនងសង្គម និងតាមដងផ្លូវ ក្លាយជាប្រធានបទក្តៅនៅកម្ពុជា ដែលធ្វើឲ្យមានការពិភាក្សាអំពីភាពសមរម្យ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេងទៀតជុំវិញការផ្សព្វផ្សាយនេះ។
ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋចំនួន៦រូប ជុំវិញការយល់ឃើញរបស់ពួកគាត់ទៅលើបញ្ហានៃការផ្សព្វផ្សាយគ្រឿងស្រវឹងលើប្រព័ន្ធផ្សព្វផ្សាយ និងនៅតាមទីសាធារណៈ។
អ្នកស្រី គិម ពុទ្ធារី អាយុ ៥៨ឆ្នាំ មុខរបរមេផ្ទះ រស់នៅសុ្រកកៀនស្វាយ ខេត្តកណ្តាល លើកឡើងថាប្រព័ន្ធផ្សព្វផ្សាយគួរតែផ្តោតសំខាន់លើការផ្សាយពីអ្វីដែលផ្តល់ប្រយោជន៍ដល់សង្គម ដូចជាការសម្អាតបរិស្ថានជាងការផ្សាយគ្រឿងស្រវឹង ។
អ្នកស្រីបានថ្លែងថា៖ «បើចិត្តអ៊ំ អ៊ំអត់ចង់ឲ្យផ្សព្វផ្សាយច្រើនពេកទេ ប៉ះពាល់ដល់សីលធម៌ សុខភាពប្រជាជន ផឹកច្រើន ស្រវឹងច្រើន […] វាប៉ះពាល់ដល់សុខភាព វាប៉ះពាល់ដល់អាយុជីវិតប្រជាជន»។
លោក ប៊ុន ស៊ឺង អាយុ ១៨ឆ្នាំ និស្សិតឆ្នាំទី១ នៃវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មកពីខេត្តកំពត យល់ឃើញថាការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើនលើសលុប អាចជំរុញឲ្យមានអ្នកប្រើប្រាស់គ្រឿងស្រវឹងកាន់តែច្រើន ជាពិសេសក្មេងមិនទាន់គ្រប់អាយុ។
លោក ប៊ុន ស៊ឹង បញ្ជាក់ថា៖ «ខ្ញុំគិតថា វាអត់សូវជាល្អប៉ុន្មានទេ ដោយសារតែនៅពេលដែលផ្សព្វផ្សាយបែបនេះទៅ យើងដឹងហើយថា អ្នកខ្លះ គឺក្មេងខ្លះ មិនទាន់គ្រប់១៨[ឆ្នាំ]ផង គាត់ប្រើប្រាស់គ្រឿងស្រវឹងបណ្តើរៗហើយ»។
លោក ប៊ុន ស៊ឹង បន្ថែមទៀតថាការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើនបែបនេះ ក៏អាចបង្កឲ្យមានបញ្ហាហិរញ្ញវត្ថុ និងអំពើហិង្សាក្នុងគ្រួសារផងដែរ។
លោក ប៊ុន ស៊ឹង ថ្លែងថា៖ «ជះឥទិ្ធពលលើវិស័យសេដ្ឋកិច្ច ជីវភាពគ្រួសារយើង នៅពេលយើងបរិភោគគ្រឿងស្រវឹងទៅ តែងតែមានបញ្ហាទាស់ទែងក្នុងគ្រួសារ ឬមួយក៏វិបត្តិគ្រួសារ ដោយសារតែប្តីចេះតែទារលុយប្រពន្ធ នៅពេលប្រពន្ធអត់ឲ្យចឹង ឈ្លោះគ្នាចឹង»។
កញ្ញាសុខឡាង អាយុ២៦ឆ្នាំ មកពីខេត្តតាកែវ បម្រើការងារនៅស្ថាប័នឯកជនមួយ មិនគាំទ្រដល់ ការផ្សព្វផ្សាយគ្រឿងស្រវឹងជាសាធារណៈនោះទេ។ កញ្ញា យល់ថាគ្រឿងស្រវឹងមិនធ្វើឱ្យចំណេញទេ តែប៉ះពាល់សុខភាព និងជះឥទ្ធិពលអវិជ្ជមានដែលធ្វើឲ្យការបាត់បង់ធនធានមនុស្ស។
កញ្ញាបាននិយាយថា៖ «ខ្ញុំមិនចេះហូបស្រាទេ នៅពេលជួបជុំមិត្តភក្តិ និងគ្រួសារ ពួកគាត់ឱ្យខ្ញុំហូប ឬរៀនសាកល្បង ខ្ញុំតែងតែនិយាយថា “ទេ”។ យុវជនឬក្មេៗ ជាទំពាំងស្នងឫស្សីរបស់សង្គម បើសិនជាពួកគាត់ហូបស្រា ទីមួយ ធ្វើឱ្យបាត់បង់ធនធានមនុស្ស ទីពីរ ធ្វើឱ្យមានបញ្ហាដល់សុខភាព ហើយបើសិនយើងជាអ្នកបើកបរ អាចនឹងធ្វើឱ្យមានបញ្ហាដល់អ្នកផ្សេង»។
កញ្ញាបន្តទៀតថា៖ «ស្រាមិនមែនជាចំណែកមួយក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិទេ វាដូចជាបំផ្លាញទៅវិញ»។
លោករិទ្ធី អាយុ១៨ មកពីខេត្តកំពត ទើបបញ្ចប់វិទ្យាល័យ បានបង្ហាញទស្សនៈថា ការផ្សព្វផ្សាយគ្រឿងស្រវឺងជាសាធារណៈ បានជំរុញឱ្យយុវជនចូលចិត្តសេពសុរាពេលជួបជុំគ្នា។
លោកបាននិយាយថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើបណ្ដាញសង្គម និងតាមដងផ្លូវ ធ្វើឱ្យមានផលប៉ះពាល់ច្រើន ជាពិសេសយុវវ័យជំនាន់ក្រោយដែល[ជាវ័យ]កំពុងពេញសប្បាយ។ វាធ្វើឱ្យពួកគាត់ជូបជុំដើរលេង ផឹកស៊ីជាមួយមិត្តភក្ដិ ភាគច្រើនពួកគាត់ចូលចិត្តផឹកគ្រឿងស្រវឹងច្រើន»។
ព្រះតេជគុណ សារ័ត្ន ព្រះជន្ម ២១ឆ្នាំ មកពីខេត្តស្វាយរៀង បច្ចុប្បន្នគង់នៅរាជធានីភ្នំពេញ យល់ឃើញថា ការផ្សព្វផ្សាយស្រាបៀរនៅប្រទេសកម្ពុជា មានភាពទូលំទូលាយពេក ដែលអាចបង្កផលអវិជ្ជមាន និងមានគុណវិបត្តិជាច្រើនសម្រាប់សង្គម។ ព្រះតេជគុណ បន្ថែមទៀតថាគ្រោះថ្នាក់ចរាចរណ៍ជាញឹកញាប់ អំពើឃាតកម្ម ការរំលោភសេពសន្ថវៈ និងផ្សេងទៀតបណ្តាលពីការពិសារគ្រឿងស្រវឹង។
ព្រះអង្គសំណូរពរដល់រដ្ឋាភិបាល និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់ឲ្យមានការគ្រប់គ្រង និងរឹតត្បិតការផ្សព្វផ្សាយស្រាបៀរយ៉ាងដូច្នេះ៖ «[…] កុំមានភាពទូលំទូលាយពេក។ យើងក្រឡេកមើលប្រទេសគេជឿនលឿនដទៃដូចជាអាមេរិក ឬសិង្ហបុរីដែលនៅជិតយើងនេះដែរយើងឃើញថាការគ្រប់គ្រងការផ្សព្វផ្សាយរបស់គេគឺមានកម្រិតហើយវាមានភាពអវិជ្ជមានតិចតួចបំផុតសម្រាប់គ្រឿងស្រវឹង»។
កញ្ញា វិច្ឆិកា អាយុ ២០ឆ្នាំ ជានិស្សិតមកពីខេត្តកណ្តាល កំពុងបន្តសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP) លើកឡើងថា កម្ពុជាគប្បីមានការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ដោយសារការផ្សាយទូលំទូលាយពេក ធ្វើឲ្យប៉ះពាល់ដល់កុមារ។ កញ្ញា បានលើកឧទាហរណ៍ពីពេលថ្មីៗនេះ ដែលមានករណីរថយន្តបើកបរ ពេលពិសារគ្រឿងស្រវឹងបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍។
កញ្ញាបានពន្យល់បន្ថែមដោយយកប្រទេសជប៉ុនជាគំរូយ៉ាងដូច្នេះ៖ «ខ្ញុំជិះរាល់ថ្ងៃពេលយប់ ខ្ញុំក៏រៀងភ័យដែរ ខ្ញុំគិតថាបើសិនជាធ្វើដូចនៅជប៉ុនគេកាត់បន្ថយអត់ឲ្យញ៉ាំគ្រឿងស្រវឹងហើយគេក៏អត់ផ្យព្វផ្សាយ ខ្ញុំគិតថាកាត់បន្ថយដូចនៅជប៉ុនគឺល្អ»៕