ការផ្សព្វផ្សាយគ្រឿងស្រវឹង​ តាមរយៈទូរទស្សន៍ បណ្តាញទំនាក់ទំនងសង្គម​ និងតាមដងផ្លូវ ក្លាយជា​ប្រធានបទក្តៅនៅ​កម្ពុជា​ ដែលធ្វើឲ្យ​មាន​ការពិភាក្សាអំពីភាព​សមរម្យ​ គ្រោះថ្នាក់ចរាចរណ៍ និងបញ្ហាផ្សេង​ទៀតជុំវិញ​ការផ្សព្វផ្សាយនេះ។  

ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ កន្លងមកនេះ Newsroom Cambodia បានសម្ភាសប្រជាពលរដ្ឋ​ចំនួន​៦រូប ជុំវិញ​ការ​យល់​ឃើញ​របស់ពួក​គាត់ទៅ​លើបញ្ហានៃ​ការផ្សព្វ​ផ្សាយ​គ្រឿ​ង​ស្រវឹង​​លើប្រព័ន្ធ​ផ្សព្វផ្សាយ​ និងនៅតាម​ទី​សាធារណៈ​​។

អ្នកស្រី គិម ពុទ្ធារី​ អាយុ ៥៨ឆ្នាំ មុខរបរ​មេផ្ទះ រស់នៅសុ្រកកៀនស្វាយ ខេត្តកណ្តាល ​លើក​ឡើង​ថា​ប្រព័ន្ធផ្សព្វផ្សាយ​គួ​រតែផ្តោត​សំខាន់​លើការ​ផ្សាយពីអ្វីដែលផ្តល់ប្រយោជន៍ដល់​​សង្គម ដូចជាការ​សម្អាត​បរិស្ថាន​​​ជាងការ​ផ្សាយ​គ្រឿងស្រវឹង​ ។

អ្នកស្រីបានថ្លែង​ថា៖​ «បើចិត្ត​អ៊ំ អ៊ំអត់ចង់​ឲ្យផ្សព្វ​ផ្សាយ​ច្រើនពេកទេ​ ប៉ះពាល់​ដល់សីលធម៌ សុខភាពប្រ​ជាជន​ ផឹកច្រើន​ ស្រវឹង​ច្រើន […] វាប៉ះពាល់ដល់សុខភាព​ វាប៉ះ​ពាល់​ដល់អាយុជីវិតប្រជាជន»។

អ្នកស្រី គិម ពុទ្ធារី​ (រូបថតដោយ៖ ហុង សេងលី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

លោក ប៊ុន ស៊ឺង អាយុ​ ១៨ឆ្នាំ និស្សិត​ឆ្នាំ​ទី​១ នៃវិទ្យា​ស្ថាន​បច្ចេក​វិទ្យា​កម្ពុជា​ មកពីខេត្ត​កំពត​ យល់​ឃើញ​ថាការផ្សព្វផ្សាយគ្រឿងស្រវឹងច្រើន​លើសលុប​​ អាចជំរុញឲ្យមាន​អ្នកប្រើប្រាស់គ្រឿង​ស្រវឹងកាន់តែច្រើន​ ជាពិសេសក្មេង​មិន​ទាន់​គ្រប់អាយុ។

លោក ប៊ុន ស៊ឹង បញ្ជាក់ថា​៖ «​ខ្ញុំ​គិតថា​ វាអត់សូវជាល្អប៉ុន្មានទេ​ ដោយសារតែ​នៅពេលដែល​ផ្សព្វផ្សាយ​បែបនេះទៅ យើងដឹងហើយថា អ្នកខ្លះ គឺក្មេងខ្លះ មិនទាន់គ្រប់​១៨[ឆ្នាំ]ផង គាត់ប្រើប្រាស់​គ្រឿង​ស្រវឹងបណ្តើរៗ​ហើយ»។

លោក ប៊ុន ស៊ឹង បន្ថែមទៀតថាការផ្សព្វផ្សាយ​គ្រឿង​ស្រវឹងច្រើន​​បែបនេះ ក៏អាច​បង្កឲ្យមាន​បញ្ហា​ហិរញ្ញ​វត្ថុ និង​អំពើហិង្សា​​ក្នុងគ្រួសារផងដែរ។

លោក ប៊ុន ស៊ឹង ថ្លែង​ថា៖ «ជះឥទិ្ធពលលើវិស័យសេដ្ឋកិច្ច ជីវភាព​គ្រួសារយើង នៅពេលយើង​បរិភោគ​​គ្រឿងស្រវឹង​ទៅ តែងតែមាន​បញ្ហាទាស់​ទែង​ក្នុងគ្រួសារ​ ឬមួយក៏វិបត្តិគ្រួសារ ដោយសារតែ​ប្តី​ចេះតែទារលុយ​ប្រពន្ធ​ នៅពេលប្រពន្ធអត់ឲ្យ​ចឹង ឈ្លោះគ្នាចឹង»។

លោក ប៊ុន ស៊ឹង (រូបថតដោយ៖ ក្រួច ចំរើន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

កញ្ញាសុខឡាង អាយុ២៦ឆ្នាំ មកពីខេត្តតាកែវ បម្រើការងារនៅស្ថាប័នឯកជនមួយ មិនគាំទ្រដល់​ ការផ្សព្វផ្សាយ​គ្រឿងស្រវឹងជាសាធារណៈនោះទេ។ កញ្ញា យល់ថា​គ្រឿងស្រវឹង​មិនធ្វើឱ្យ​ចំណេញ​ទេ តែប៉ះពាល់សុខភាព និង​ជះ​ឥទ្ធិពលអវិជ្ជមាន​ដែលធ្វើឲ្យ​​ការបាត់បង់ធនធានមនុស្ស។

កញ្ញាបាននិយាយថា៖ ‍‍‍«ខ្ញុំមិនចេះហូបស្រាទេ នៅពេលជួបជុំមិត្តភក្តិ និងគ្រួសារ ពួកគាត់​ឱ្យខ្ញុំ​ហូប​ ឬរៀន​​សាកល្បង ខ្ញុំតែងតែនិយាយថា “ទេ”។ យុវជនឬក្មេៗ ជាទំពាំងស្នងឫស្សីរបស់សង្គម បើសិន​ជាពួកគាត់ហូបស្រា ទីមួយ ធ្វើឱ្យបាត់បង់ធនធានមនុស្ស ទីពីរ ធ្វើឱ្យមានបញ្ហាដល់សុខភាព ហើយ​បើសិនយើងជាអ្នកបើកបរ អាចនឹងធ្វើឱ្យមានបញ្ហាដល់អ្នកផ្សេង»។

កញ្ញាបន្តទៀតថា៖ «ស្រាមិនមែនជាចំណែកមួយក្នុងការជួយលើកស្ទួយសេដ្ឋកិច្ចជាតិទេ វា​ដូចជា​បំផ្លាញ​ទៅវិញ»។

កញ្ញា សុខ ឡាង (រូបថតដោយ៖ ក្រួច ចំរើន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

លោករិទ្ធី អាយុ១៨ មកពីខេត្តកំពត ទើបបញ្ចប់វិទ្យាល័យ​ បានបង្ហាញទស្សនៈថា ការផ្សព្វផ្សាយ​គ្រឿងស្រវឺងជាសាធារណៈ បានជំរុញឱ្យយុវជនចូលចិត្តសេពសុរាពេលជួបជុំគ្នា។

លោកបាននិយាយថា៖ «ការផ្សព្វផ្សាយគ្រឿងស្រវឹងនៅលើបណ្ដាញសង្គម និងតាមដងផ្លូវ ធ្វើឱ្យ​មានផលប៉ះពាល់ច្រើន ជាពិសេសយុវវ័យជំនាន់ក្រោយដែល[ជាវ័យ]កំពុងពេញសប្បាយ។ វាធ្វើ​ឱ្យ​ពួក​គាត់​​ជូបជុំ​ដើរលេង ផឹកស៊ីជាមួយមិត្តភក្ដិ ភាគច្រើន​ពួកគាត់ចូលចិត្តផឹក​គ្រឿង​ស្រវឹង​ច្រើន»។

លោករិទ្ធី (រូបថតដោយ៖ ក្រួច ចំរើន ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

ព្រះតេជគុណ សារ័ត្ន ព្រះជន្ម ២១ឆ្នាំ មកពីខេត្តស្វាយរៀង បច្ចុប្បន្នគង់នៅរាជធានីភ្នំពេញ ​យល់​ឃើញ​ថា ​ការផ្សព្វផ្សាយស្រាបៀរនៅប្រទេសកម្ពុជា មានភាពទូលំទូលាយពេក ដែល​អាច​បង្ក​ផល​អវិជ្ជមាន និងមានគុណវិបត្តិជាច្រើនសម្រាប់សង្គម។ ព្រះតេជគុណ បន្ថែមទៀតថា​គ្រោះថ្នាក់​ចរាចរណ៍​​ជាញឹកញាប់ អំពើឃាតកម្ម ការរំលោភសេពសន្ថវៈ និងផ្សេងទៀត​បណ្តាល​ពីការ​ពិសារ​គ្រឿង​ស្រវឹង។

ព្រះអង្គសំណូរពរដល់រដ្ឋាភិបាល​ និងថ្នាក់ដឹកនាំជាតិគ្រប់ជាន់ថ្នាក់​ឲ្យ​មាន​ការគ្រប់គ្រង និង​រឹតត្បិត​​ការ​ផ្សព្វផ្សាយ​ស្រាបៀរយ៉ាងដូច្នេះ៖ «[…]​ កុំ​មានភាព​ទូលំទូលាយ​ពេក។ យើងក្រឡេកមើល​ប្រទេស​គេ​ជឿនលឿន​ដទៃ​​ដូចជា​អាមេរិក ឬសិង្ហបុរី​ដែល​នៅ​ជិត​យើង​នេះ​ដែរ​​យើង​ឃើញ​ថា​ការ​គ្រប់គ្រង​ការ​ផ្សព្វផ្សាយ​របស់​គេ​គឺ​មាន​កម្រិត​ហើយ​វា​មាន​ភាព​អវិជ្ជមាន​តិចតួច​បំផុត​សម្រាប់​គ្រឿង​ស្រវឹង​»។

ព្រះតេជគុណ សារ័ត្ន (រូបភាព៖ ហុង សេងលី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

កញ្ញា វិច្ឆិកា អាយុ ២០ឆ្នាំ ជានិស្សិតមកពីខេត្តកណ្តាល កំពុងបន្តសិក្សានៅសាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ (RUPP) លើកឡើងថា កម្ពុជាគប្បីមានការកាត់បន្ថយការផ្សព្វផ្សាយគ្រឿងស្រវឹង ដោយសារ​ការផ្សាយទូលំទូលាយពេក ធ្វើឲ្យ​ប៉ះពាល់ដល់កុមារ។ កញ្ញា បានលើកឧទាហរណ៍ពី​ពេល​ថ្មីៗនេះ ដែលមានករណីរថយន្តបើកបរ ពេលពិសារគ្រឿងស្រវឹងបណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ចរាចរណ៍​​។

កញ្ញាបានពន្យល់បន្ថែមដោយយកប្រទេសជប៉ុនជាគំរូយ៉ាងដូច្នេះ៖ «ខ្ញុំជិះរាល់ថ្ងៃពេលយប់ ខ្ញុំក៏រៀង​ភ័យដែរ ខ្ញុំគិតថាបើសិនជាធ្វើដូចនៅជប៉ុនគេកាត់​បន្ថយអត់ឲ្យញ៉ាំគ្រឿងស្រវឹង​ហើយគេក៏​អត់​ផ្យព្វផ្សាយ​ ខ្ញុំគិតថាកាត់បន្ថយដូចនៅជប៉ុនគឺល្អ»៕