បាតុភូតអេលនីណូ (EI Nino) នឹងបង្កឱ្យអាកាសធាតុនៅកម្ពុជាកើនកម្ដៅ និងថយចុះបរិមាណទឹកភ្លៀង ដោយមានភ្លៀងធ្លាក់កក់ខែតិច ភ្ជាប់ជាមួយនឹងមានផ្គររន្ទះពីខែមីនា ដល់ខែឧសភា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីជូនដំនឹងរបស់ក្រសួងធនធានទឹក។
ក្នុងសេចក្ដីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមស្តីពីការព្យាករអាកាសធាតុលើកទី២សម្រាប់រដូវប្រាំងពីខែមីនា ដល់ដើមរដូវវស្សា ខែឧសភា ឆ្នាំ២០២៤បញ្ជាក់ថា ធាតុភូតសកលក្នុងរយៈពេលពីខែមីនា ដល់ខែមេសា ឆ្នាំ២០២៤ នេះនឹងមានអត្រាបាតុភូតអែលនីណូ (EI Nino) ខ្ពស់ជាង៧០% នៅបន្តមានឥទ្ធិពលលើតំបន់ជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ ហើយចាប់ពីខែឧសភា ឆ្នាំ២០២៤តទៅ បាតុភូតនេះនឹងថយចុះមកត្រឹម២០% ដោយជំនួសមកវិញនូវស្ថានភាពអព្យាក្រឹត (ENSO-Neutral)។
សេចក្តីជូនដំណឹងដដែលបន្តថា សីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជានឹងឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាដែលធ្វើឱ្យអាកាសធាតុក្តៅ ហើយស្ងួត។ ចំណែកបរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយគ្នានឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្រ្តាក់កើតឡើងច្រើន។
សេចក្តីជូនដំណឹងនោះបន្ថែមថា នៅដើមរដូវវស្សា ឆ្នាំ២០២៤ សីតុណ្ហភាពស្មើ ឬខ្ពស់ជាងមធ្យមភាគជាច្រើនឆ្នាំ។ បរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយមិនសូវរាយប៉ាយ រួមជាមួយនឹងបាតុភូតផ្គររន្ទះ។
បើតាមសេចក្តីជូនដំណឹង ក្រសួងធនធានទឹក និងឧតុនិយមអំពាវនាវឱ្យមានការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលឆ្ងាយពីប្រភពទឹក និងត្រូវប្រុងប្រយ័ត្នចំពោះអាកាសធាតុក្តៅហើយស្ងួត បាតុភូតផ្គររន្ទៈ និងខ្យល់កន្រ្តាក់ ដែលអាចកើតមានក្នុងខែមេសា និងឧសភា ឆ្នាំ២០២៤នេះ៕