ស្នងការដ្ឋាននគរបាលខេត្តកំពត បាននិងកំពុងធ្វើរបាយការណ៍ និងប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដកតួនាទីមន្ត្រីនគរបាលចំនួន ០៣រូប ក្រោយរកឃើញថាមានពាក់ព័ន្ធនឹងករណីគ្រឿងញៀន។
យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការនគរបានខេត្ត នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសកងកំលាំងនគរបាលជាតិ។
ប្រភពដដែលបន្តថា៖ «នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន»។
ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងករីណអធិការរងនគរបាលក្រុងកំពតនេះ សមត្ថកិច្ចខេត្តបានបញ្ជូនខ្លួនទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថាមន្ត្រីរូបនោះប្រើប្រាស់សារធាតុញៀន។
លោកបន្តថា៖ «ក្រៅពីបញ្ជូនទៅតុលាការហើយ ខ្ញុំបានធ្វើសំណើទៅឯកឧត្តមឧប នាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺដើម្បីលុបចេញពីក្របខ័ណ្ឌតាមរយៈឯកឧត្តមអគ្គស្នងការនគរបាលជាតិ»។
ចំណែកមន្ត្រីនគរបាលចំនួន ២រូបទៀត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា សមត្ថកិច្ចខេត្ត ក៏កំពុងធ្វើរបាយការណ៍ និងស្នើសុំគោលការណ៍ពីថ្នាក់លើ ដើម្បីដកតួនាទី លោក សែម សីហា អធិការរងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជុំគិរី និងលោក គង់ កប នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែងផងដែរ ក្រោយរកឃើញថាមន្ត្រីនគរបាលទាំង២រូបនេះ ទទួលលុយពីពលរដ្ឋដែលពាក់ព័ន្ធនឹងគ្រឿងញៀន។
លោកបានថ្លែងថា៖ «គាត់[លោក សែម សីហា និងលោក គង់ កប]អនុវត្តខុសពីវិន័យកងកម្លាំង[…] មន្រ្តីចំនួន ០២នាក់ ដែលពាក់ព័ន្ធការទទួលលុយទទួលកាក់ពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺកំពុងតែជាប់វិន័យ ហើយយើងនឹងស្នើសុំដកតួនាទីដូចគ្នា»។
បើតាមស្នងការនគរបាលខេត្ត មន្ត្រីនគរបាលនៅស្រុកជុំគិរីទាំង២រូបនេះ ត្រូវបានផ្អាកការងារជាបណ្តោះអាសន្ន ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣មក ក្រោយក្រុមអធិការកិច្ច បានស្រាវជ្រាវរកឃើញថាពួកគេពិតជាបានធ្វើខុសនឹងវិន័យ០០៦ របស់កងកម្លាំងនគរបាលជាតិពិតប្រាកដមែន។
Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ស ថេត អគ្គស្នងការនគរបាលជាតិ បាននៅឡើយទេ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនអត្ថាធិប្បាយ ដោយថាករណីនេះស្នងការនគរបាលខេត្តកំពត មានមូលដ្ឋានព័ត៌មានច្បាស់ជាង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត សាទរចំពោះចំណាត់ការរបស់ស្នងការនគរបាលខេត្ត ដែលអនុវត្តទៅតាមច្បាប់ចំពោះមន្ត្រីនគរបាលដែលប្រព្រឹត្តកំហុស។
លោកថា៖ «ដើម្បីឱ្យមានប្រសិទ្ធិភាពទៅបានកងកម្លាំង គឺត្រូវតែអនុវត្តជាគំរូមុនគេ ទាក់ទងនឹងការប្រើប្រាស់ក្តី ការប្រព្រឹត្តបទល្មើសដែលទាក់ទងគ្រឿងញៀនក្តី[…] ទី១ កងកម្លាំងនគរបាល និងកងកម្លាំងទាំងអស់ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយបើមានអ្នកពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន ត្រូវអនុវត្តតាមផ្លូវច្បាប់។ បើមានអំពើពុករលួយកើតចេញពីកងកម្លាំងត្រូវអនុវត្តតាមផ្លូវច្បាប់ បានអាចធ្វើការអនុវត្ត និងទប់ស្កាត់បទល្មើសគ្រឿងញៀនបាន»។
ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធានបណ្ឌិត្យសភានគរបាលកម្ពុជានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែសីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បានព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទពាក់ព័ន្ធនឹងបទល្មើសនានា។
លោកបានថ្លែងថា៖ «អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ខ្ញុំគិតថា ពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ»។
ដោយឡែក កាលពីថ្ងៃទី២៥ និងថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការពារជាតិ ក៏បានប្រកាសលុបឈ្មោះនាយទាហានចំនួន ០៣រូប នៅកងអង្គភាពសាលានាយទាហានសកម្ម ដែលជាសាលាបង្វឹកនាយទាហានជំនាន់ថ្មីផងដែរ ក្រោយរកឃើញថានាយទាហានទាំង៣រូបនោះ មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៕