ស្នងការដ្ឋាន​នគរបាលខេត្តកំពត បាននិងកំពុងធ្វើរបាយការណ៍ និងប្រជុំក្រុមប្រឹក្សាវិន័យ ដើម្បីស្នើទៅអគ្គស្នងការដ្ឋាននគរបាលជាតិ និងក្រសួងមហាផ្ទៃ ដកតួនាទីមន្ត្រីនគរបាល​​ចំនួន ០៣រូប ក្រោយ​រកឃើញថាមានពាក់ព័ន្ធនឹងករណីគ្រឿងញៀន។

យោងតាមទំព័រហ្វេសប៊ុករបស់ស្នងការដ្ឋាននគរបាលខេត្តកំពត កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ស្នងការនគរបានខេត្ត នឹងស្នើសុំគោលការណ៍ពីថ្នាក់ដឹកនាំអគ្គស្នងការនគរបាលជាតិ និងក្រសួងមហាផ្ទៃ បណ្តេញចេញពីក្របខ័ណ្ឌនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក មាស ពិសិដ្ឋ អធិការរងក្រុងកំពត ដែលបានពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន និងបានធ្វើឱ្យប៉ះ​ពាល់​យ៉ាងធ្ងន់ធ្ងរដល់កិត្តិយស​កងកំលាំងនគរបាលជាតិ។

ប្រភពដដែលបន្តថា៖ «នេះជាសារព្រមានដល់កងកម្លាំងទាំងអស់ នៃស្នងការដ្ឋាននគរបាលខេត្តកំពត​ ដាច់ខាតមិនត្រូវពាក់ព័ន្ធនឹងគ្រឿងញៀន»។

ស្នងការនគរបាលខេត្តកំពត លោក ម៉ៅ ច័ន្ទមធុរិទ្ធ មានប្រសាសន៍នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះថា ពាក់ព័ន្ធនឹងករីណអធិការរងនគរបាលក្រុងកំពតនេះ សមត្ថកិច្ច​ខេត្ត​​​បានបញ្ជូន​ខ្លួន​​ទៅសាលាដំបូងខេត្ត ដើម្បីបន្តនីតិវិធីតាមផ្លូវច្បាប់ បន្ទាប់ពីរកឃើញថាមន្ត្រីរូបនោះ​ប្រើប្រាស់​សារធាតុញៀន។

លោកបន្តថា៖ «ក្រៅពីបញ្ជូនទៅតុលាការហើយ ខ្ញុំបាន​ធ្វើសំណើ​ទៅ​ឯកឧត្តម​ឧប នាយក​រដ្ឋ​មន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ គឺដើម្បីលុប​ចេញ​ពី​ក្របខ័ណ្ឌតាម​រយៈ​ឯកឧត្តមអគ្គស្នងការនគរបាលជាតិ»។

ចំណែកមន្ត្រីនគរបាលចំនួន ២រូបទៀត លោក ម៉ៅ ច័ន្ទមធុរិទ្ធ បានឱ្យដឹងថា សមត្ថកិច្ចខេត្ត ក៏កំពុងធ្វើរបាយការណ៍ និងស្នើសុំគោលការណ៍ពីថ្នាក់លើ ដើម្បីដកតួនាទី​ លោក សែម សីហា អធិការ​រងទទួលផែនគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជុំគិរី និង​លោក គង់ កប នាយប៉ុស្តិ៍រដ្ឋបាលឃុំស្រែចែងផងដែរ ក្រោយរកឃើញថាមន្ត្រីនគរបាល​ទាំង​២រូបនេះ ទទួលលុយពីពលរដ្ឋដែលពាក់ព័ន្ធនឹងគ្រឿងញៀន។

លោកបានថ្លែងថា៖ «គាត់[លោក សែម សីហា និងលោក គង់ កប]​អនុវត្តខុសពីវិន័យកងកម្លាំង[…] មន្រ្តីចំនួន ០២នាក់ ដែលពាក់ព័ន្ធការទទួលលុយទទួលកាក់​ពីប្រជាពលរដ្ឋ​ពាក់ព័ន្ធនឹងគ្រឿងញៀននេះ គឺកំពុងតែជាប់វិន័យ ហើយយើងនឹងស្នើសុំដកតួនាទីដូចគ្នា»។

បើតាមស្នងការនគរបាលខេត្ត មន្ត្រីនគរបាលនៅស្រុកជុំគិរីទាំង២រូបនេះ ត្រូវបាន​ផ្អាក​ការងារ​ជាបណ្តោះអាសន្ន​ ចាប់ពីថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣មក ក្រោយក្រុមអធិការកិច្ច បាន​ស្រាវជ្រាវ​រកឃើញថាពួកគេពិតជាបានធ្វើខុសនឹងវិន័យ​០០៦ របស់កងកម្លាំងនគរ​បាល​​ជា​តិ​ពិតប្រាកដ​មែន។

Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយពី លោក ស ថេត អគ្គស្នង​ការ​នគរបាលជាតិ បាននៅឡើយទេ ខណៈអ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ សុំមិនអត្ថាធិប្បាយ ដោយថាករណីនេះ​ស្នងការនគរបាលខេត្តកំពត មានមូលដ្ឋានព័ត៌មាន​ច្បាស់ជាង។

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការការពារសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត សាទរចំពោះចំណាត់ការរបស់ស្នងការនគរបាលខេត្ត ដែលអនុវត្តទៅតាមច្បាប់ចំពោះមន្ត្រីនគរបាលដែលប្រព្រឹត្តកំហុស។

លោកថា៖ «ដើម្បីឱ្យមានប្រសិទ្ធិភាពទៅបានកងកម្លាំង គឺត្រូវតែអនុវត្តជាគំរូមុនគេ ទាក់ទងនឹងការប្រើប្រាស់​ក្តី ការប្រព្រឹត្តបទល្មើសដែលទាក់ទងគ្រឿងញៀន​ក្តី​[…] ទី១ កងកម្លាំងនគរបាល និងកងកម្លាំងទាំងអស់ ត្រូវនៅឱ្យឆ្ងាយពីគ្រឿងញៀន ហើយបើមានអ្នកពាក់ព័ន្ធជាមួយនឹងគ្រឿងញៀន​ ត្រូវអនុវត្តតាមផ្លូវច្បាប់។ បើមានអំពើពុក​រលួយកើតចេញពីកងកម្លាំងត្រូវអនុវត្តតាមផ្លូវច្បាប់ បាន​អាច​ធ្វើការអនុវត្ត និងទប់ស្កាត់​បទល្មើសគ្រឿងញៀនបាន»

ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអគ្គលេខាធិការ អគ្គនាយក និងប្រធាន​បណ្ឌិត្យសភានគរបាល​កម្ពុជានៃក្រសួងមហាផ្ទៃ កាលពីថ្ងៃទី៣០ ខែសីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស សុខា បាន​ព្រមានដកតួនាទីមន្ត្រីណាដែលពាក់ព័ន្ធនឹងគ្រឿងញៀន និងលុបបំបាត់នូវវប្បធម៌អន្តរាគមន៍គ្រប់ប្រភេទពាក់ព័ន្ធនឹងបទល្មើសនានា។

លោកបានថ្លែងថា៖ «អាណត្តិទី៧នេះ ចំពោះអ្នកដែលមានតួនាទីជាកងកម្លាំងប្រដាប់អាវុធ បើមានការស្រាវជ្រាវឃើញពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន ខ្ញុំគិតថា ពួកគាត់មិនគួរនៅជាមួយពួកយើងទៀតទេ»។

ដោយឡែក កាលពីថ្ងៃទី២៥ និងថ្ងៃទី២៩​ ខែកញ្ញា ឆ្នាំ២០២៣ ក្រសួងការពារជាតិ ក៏បានប្រកាស​លុប​ឈ្មោះ​នាយទាហានចំនួន ០៣រូប នៅកងអង្គភាពសាលានាយទាហានសកម្ម ដែលជាសាលា​បង្វឹកនាយទាហាន​ជំនាន់ថ្មីផងដែរ ក្រោយរកឃើញថានាយទាហានទាំង៣រូបនោះ មានជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់គ្រឿងញៀន៕