រថយន្តដឹកភ្ញៀវទេសចរ​៤៥កៅអី​ ១គ្រឿង​បាន​ផ្ទុះ​​​នៅ​ចំណតរថយន្តមុខប្រាសាទអង្គរ​វត្តដោយសារ​បញ្ហា​បច្ចេកទេស​ បណ្តាល​ឱ្យ​មនុស្ស​​២នាក់​រង​របួស​ និង​ខូច​ខាត​រថយន្ត​ស​រុប ​៣គ្រឿង​ ដោយសារ​តែ​បញ្ហា​​បច្ចេកទេស។ នេះបើតាម​​រដ្ឋបាល​ខេត្តសៀមរាប​​។

​សេចក្តី​ប្រកាស​ព័ត៌មាន​​សី្តពី​ករណី​ឆេះ​ផ្ទុះ​រថយន្តនៅក្នុង​ក្រុង​សៀម​រាប​ ចេញដោយរដ្ឋបាលខេត្តសៀមរាប​ នៅ​ថ្ងៃទី​៥ ខែមីនា​ ​បញ្ជាក់​ថា កាលពីព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ពេលវេលាម៉ោង៥ និង ៥០នាទីព្រឹក រថយន្តដឹក​ភ្ញៀវ​ទេសចរប្រភេទ៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3E-4674 ចត​ក្នុង​ចំណត​​រថយន្តវមុខប្រាសាទអង្គរវត្ត ក្រោយពេល​បានទម្លាក់ភ្ញៀវទេស​ចរ ចូលមើល​ថ្ងៃរះក្នុងប្រាសាទ​​អង្គរវត្ត បាន​ឆេះផ្ទុះ​ឡើង។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល បន្ថែមថា មូល​ហេតុនៃការ​ឆេះ​ផ្ទុះនេះ ​បណ្តាល​មកពីលក្ខណៈ​​បច្ចេក​ទេស​រថយន្ត​ផ្ទាល់ បណ្តាលឱ្យ​ឆេះរាល​ដាល​ដល់រថយន្តចតក្បែរគ្នានេះ​ ចំនួន២គ្រឿងផ្សេង​ទៀត​។

សេចក្តីប្រកាសព័ត៌មាន​បញ្ជាក់​តាមន័យ​ដើ​ម​ថា៖ «ករណីគ្រោះ​ថ្នាក់​នេះ​ មិនបាន​បង្ក​ឱ្យ​រង​របួស​ដល់​ភ្ញៀវ​ទេសចរ​នោះទេ​ ដោយ​បានបង្ក​ការខូច​ខាត​រថ​យន្ត​ចំនួន​៣គ្រឿង​ ក្នុងនោះ​រថយន្តប្រភេទ​ ៤៥​កៅអី​ ២គ្រឿង រថយន្ត​២៤​កៅ​អី ១គ្រឿង និង​បណ្តាលឱ្យ​​រងរបួសមនុស្ស​ ២នាក់»។

រដ្ឋាបាលខេត្ត​សៀមរាប បានអំពាវ​នាវ​កុំឱ្យ​មានការ​ភាន់​ច្រលំ ឬការសន្និដ្ឋានណាមួយ បង្ក​ផល​ប៉ះពាល់​​ដល់​សន្តិសុខ សណ្តាប់ធ្នាប់សង្គម។​

គួរ​បញ្ជាក់ថា ខេត្ត​សៀមរាប ជាតំបន់ទេសចរណ៍​សំខាន់របស់កម្ពុជា​ ហើយក្នុងដើម​ខែមករា​ ឆ្នាំ​២០២៤នេះ ខេត្តសៀមរាបទទួល​បាន​​ភ្ញៀវទេសចរជាង​២៦ម៉ីននាក់។​ នេះបើយោងតាម​របាយ​ការណ៍​មន្ទី​រទេស​ចរណ៍​ខេត្ត​សៀមរាប ចេញផ្សាយកាល​ពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ​២០២៤​៕