រដ្ឋាភិបាលកម្ពុជាបានណែនាំអាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចឱ្យបម្រើពលរដ្ឋប្រកបដោយទំនួលខុសត្រូវ និងដោះស្រាយបញ្ហានៅតាមមូលដ្ឋានឱ្យបានទាន់ពេលវេលា។
ក្នុងសេចក្ដីណែនាំរបស់រដ្ឋាភិបាលស្ដីពី «ការពង្រឹង និងលើកកម្ពស់ប្រសិទ្ធភាពក្នុងការបំពេញការងាររបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន» ចេញកាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២៤ ឱ្យដឹងថា រាជធានី ខេត្ត ដែលមិនទាន់រៀបចំក្រុមការងារថ្នាក់មូលដ្ឋាន ត្រូវជំរុញចាត់តាំងឱ្យរួចរាល់យ៉ាងយូរត្រឹមខែមីនា ឆ្នាំ២០២៤ និងរាយការណ៍អំពីការចាត់តាំងមកទីស្ដីការគណៈរដ្ឋមន្រ្ដីនៅដើមខែមេសា។ ចំណែកអភិបាលនៃគណៈអភិបាលជាអនុប្រធានអចិន្រ្ដៃយ៍ក្រុមការងារ ត្រូវពិនិត្យនិងរៀបចំឡើងវិញ កែសម្រួលផ្លាស់ប្ដូរក្រុមការងារ ប្រជុំ ចុះបំពេញការងារតាមមូលដ្ឋាន ធ្វើរបាយការណ៍ ប្រមូលទិន្នន័យ និងបំពេញការងារផ្សេងៗទៀតតាមការស្នើសុំពីក្រុមការងារ ។
សេចក្ដីណែនាំនេះបញ្ជាក់ទៀតថា៖ «ក្រុមការងាររាជរដ្ឋាភិបាលចុះតាមមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំយកចិត្តទុកដាក់ចុះតាមមូលដ្ឋានដែលក្រុមការងារនីមួយៗទទួលខុសត្រូវ ដើម្បីសហការផ្សព្វផ្សាយជំរុញការអនុវត្តនូវកម្មវិធីនយោបាយ យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ កម្មវិធីគោលនយោបាយជាអាទិភាពទាំង៦ និងវិធានការជាគន្លឹះរបស់រាជរដ្ឋាភិបាល ព្រមទាំងពង្រឹងកិច្ចសហការជមរុញការដោះស្រាយឆ្លើយតបបញ្ហាប្រឈមនានារបស់ប្រជាពលរដ្ឋនៅមូលដ្ឋានឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព»។
លោក ប៉ែន បូណា រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលបានប្រាប់ញូវស៍រូមខេមបូឌា (Newsroom Cambodia) ថា រដ្ឋាភិបាលកម្ពុជាតែងតែបង្កើតក្រុមការងារចុះតាមមូលដ្ឋានដើម្បីបម្រើ និងដោះស្រាយទុក្ខលំបាក និងសំណូមពររបស់ពលរដ្ឋ។
លោកបានថ្លែងថា៖ «សមាជិករាជរដ្ឋាភិបាលទាំងអស់តាំងពីថ្នាក់ជាតិដល់ថ្នាក់ក្រោមជាតិ ធ្វើការបម្រើប្រជាពលរដ្ឋដោះស្រាយសំណូមពរ ទុក្ខលំបាកប្រជាពលរដ្ឋ»។
លោកបន្ថែមថា៖ «ឥឡូវនេះទោះបីជារដ្ឋាភិបាលយើងមានអ្នកបន្ដវេនថ្មី ប៉ុន្ដែគោលការណ៍ចុះជាប់បម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋានហ្នឹងនៅតែគោរព ហើយនិងជំរុញបង្កើនល្បឿនជានិច្ច ដើម្បីធ្វើយ៉ាងម៉េចបម្រើប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរពីមួយអាណត្តិទៅមួយអាណតិ្ត»។
លោក មាស នី អ្នកសិក្សាពីការវិវត្តសង្គម និងជាអ្នកវិភាគនយោបាយប្រាប់ញូវស៍រូមខេមបូឌា ថា ការណែនាំអាជ្ញាធរមូលដ្ឋានពង្រឹងការបម្រើប្រជាពលរដ្ឋ គឺដើម្បីជាការលើកស្ទួយប្រជាប្រិយភាពរបស់រដ្ឋាភិបាល។ លោកបន្តថា តាមរយៈលទ្ធផលការបោះឆ្នោតកាលពីឆ្នាំ ២០១៣-២០១៧ បញ្ហានៃការធ្លាក់ចុះប្រជាប្រិយភាពរបស់រដ្ឋាភិបាល គឺមានមួយផ្នែកបណ្តាលមកពីភាពអសកម្មរបស់មន្រ្ដីដែលបម្រើការជួររដ្ឋាភិបាលដែលធ្វើការឱ្យគណបក្ស។
លោកបន្ដថា៖ «ពីដើមមកយើងឃើញមានការបង្កើតក្រុមការងារច្រើនណាស់ ប៉ុន្ដែទីបំផុតវានៅតែអត់ដើរឱ្យមាននិរន្ដភាព។ មួយប្រាវទៅបាត់ទៅ ឬក៏មិនមានប្រសិទ្ធភាពតែម្ដង»។
លោកបន្ថែមថា ប្រសិនបើយន្តការនេះបង្កើតឱ្យមានការត្រួតពិនិត្យឱ្យបានច្បាស់លាស់ ដោយឱ្យមន្ដ្រីរាជការបំពេញកាតព្វដោយឯករាជ្យ ហើយរដ្ឋាភិបាលទទួលបានព័ត៌មានពិត នោះនឹងមានប្រសិទ្ធភាព៕