កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម និងការិនិយោគរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមានការបង្កើតនូវយន្តការមួយបន្ថែមទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានជួបពិភាក្សាការងារជាមួយ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) នៅកិច្ចប្រជុំកំពូលពិសេសអាស៊ាន-អូស្រ្តាលី នៅទីក្រុងម៉ែលប៊ន ប្រទេសអូស្ត្រាលី នារសៀលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។
ប្រភពដដែល បន្តថា ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្តធ្វើកិច្ចសហការទៅលើការរៀបចំនូវយន្តការនេះ ជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។
លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា បើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ»។
សេចក្តីប្រកាសព័ត៌មានដដែល ក៏បានស្រង់ប្រសាសន៍ លោក Bran Black ដែរថា គោលបំណងក្នុងការពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២បន្ថែមទៀត។
លោកថា៖ «ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ចររវាងវិស័យឯកជនអូស្ត្រាលី ជាមួយនឹងបណ្តាប្រទេសនានា ហើយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ»។
លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាងឱ្យវិស័យឯកជនដែលមានក្រុមហ៊ុនឯកជនធំៗ របស់អូស្ត្រាលីជាង ១២០ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារជាង ១លានកន្លែង។
ទាក់ទិននឹងរឿងនេះ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធមិនផ្តល់បទសម្ភាសន៍មកកាន់គេហទំព័រ Newsroom Cambodia ដោយថាលោកមិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។
ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា បានថ្លែងថា ក្រុមប្រឹក្សាធុរកិច្ចនេះ គឺជាកាតាលីករដ៏សំខាន់នៅក្នុងការសម្របសម្រួល និងទាក់ទាញពាណិជ្ជកម្មឱ្យបានកាន់តែច្រើន ព្រមទាំងជាការជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសទាំងពីរ ជាពិសេសកម្ពុជាផ្ទាល់។
លោកបានមានប្រសាសន៍ថា៖ «វាគឺដើម្បីជំរុញពាណិជ្ជកម្មវិនិយោគរវាងកម្ពុជា និងអូស្ត្រាលីហ្នឹងឱ្យវាកាន់តែច្រើនថែមទៀត ការផ្លាស់ប្តូរពាណិជ្ជកម្មទៅមក ការទាក់ទាញវិនិយោគពីអូស្រ្តាលីមកកម្ពុជា ឱ្យមានជាប្រព័ន្ធមួយដែលសម្រួលដល់កិច្ចការហ្នឹង»។
លោកបានបន្ថែមទៀតថា៖ «កាលណាគេបង្កើតឡើង គឺគេមានក្តីរំពឹងហើយថាក្រោយបង្កើតហ្នឹងទៅវានឹងផ្តល់ផលប្រយោជន៍ វានឹងជួយសម្របសម្រួលដល់កាវិនិយោគផ្សេងៗហ្នឹងឯង»។
លោកបណ្ឌិត តិច ជ័យ អ្នកសិក្សាការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ច យល់ថា នេះជារបត់ថ្មីមួយ នៃទំនាក់ទំនងនៃប្រទេសទាំង២ លើគ្រប់វិស័យ ដោយហេតុថាទំនាក់ទំនងទៅលើការវិនិយោគនៃប្រទេសទាំង២ នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេសផ្សេងទៀតនៅក្នុងតំបន់ និងពិភពលោក។
លោកបន្តថា៖ «វាអាចនឹងអាចជួយឱ្យទាំងពាណិជ្ជកម្ម ទាំងការវិនិយោគរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់។ […] ហើយមិនត្រឹមតែប៉ុណ្ណោះ ទាក់ទងនឹងវិស័យទេសចរណ៍ក៏នឹងមានការប្រសើរឡើង និងពង្រីកនូវការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្ម ការទាក់ទាញវិនិយោគបន្ថែមពីភាគីអូស្ត្រាលីទាក់ទងនឹងវិស័យថាមពលស្អាត»។
លោកបានបន្ថែមថា៖ «ខ្ញុំគិតថានឹងមានការពង្រីកបន្ថែមទៀតទាក់ទងនឹងវិស័យការងារ ដោយហេតុថាអូស្ត្រាលីមានតម្រូវការកម្លាំងពលកម្មច្រើន ហើយសង្ឃឹមថានឹងមានកិច្ចចរចារវាងរដ្ឋាភិបាលទាំងពីរ នៅក្នុងការជួយឱ្យពលរដ្ឋខ្មែរបានទៅធ្វើការនៅប្រទេសអូស្ត្រាលី។ ប្រទេសនេះមានសក្តានុពលណាស់ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ដែលមានជាងគេនៅលើពិភពលោក»។
ទោះជាយ៉ាងនេះក្តី លោក ជ័យ តិច បានជំរុញឱ្យកម្ពុជាប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ ជាពិសេសលំហសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី ដោយថាវាអាចនឹងជំរុញទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
លោកមានប្រសាសន៍ថា៖ «អូស្ត្រាលីគឺជាប្រទេសប្រជាធិបតេយ្យ ដូច្នេះលក្ខខណ្ឌប្រសើរមួយដែលអាចបង្កើនទំនាកើទំនងគ្របើវិស័យរវាងប្រទេសទាំង២ដែរ កម្ពុជាគួរតែមានការកែរលម្អបន្ថែមទៀត ទៅលើលម្អប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរីជាដើម»។
កម្ពុជាប្រមូលប្រាក់បានជិត ២៣៧ លានដុល្លារ ពីការនាំទំនិញទៅប្រទេសអូស្ត្រាលី ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០២៣ ធ្លាក់ចុះតិចតួចធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២២ ខណៈពាណិជ្ជកម្មទ្វេភាគីមានទឹកប្រាក់សរុបជាង ៣៣៦ លានដុល្លារ។ នេះបើតាមអង្គការទិន្នន័យអំពីការអភិវឌ្ឍ។
ប្រភពដដែលបន្តថា ផលិតផលដែលកម្ពុជានាំទៅប្រទេសអូស្ត្រាលី មានដូចជា ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញកម្ពុជានាំចូលមកវិញរួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖ «វាជាយន្តការស្ថាប័នដ៏មានសារៈសំខាន់មួយ នៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសជំរុញអត្រាការវិនិយោគផ្ទាល់មកកាន់កម្ពុជាពីសំណាក់អូស្ត្រាលី […] កន្លងមក នៅកម្ពុជាយើងអត់ទាន់មានយន្តការស្ថាប័នណាមួយដែលជួយជំរុញ និងទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកាន់កម្ពុជាទេ»។
លោកបានបន្ថែមថា វិស័យផ្សេងៗដែលអូស្ត្រាលីអាចគិតគូវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានច្រើន រួមមាន វិស័យថាមពល ការរុករករ៉ែ និងវិស័យកសិកម្មជាដើម។
លោកភិន គា បន្ថែមថា៖ «បើយើងពិនិត្យពីតួនាតីរបស់ប្រទេសអូស្ត្រាលីនៅក្នុងវិស័យនយោបាយ ជាពិសេសការអភិវឌ្ឍប្រទេសកម្ពុជា អូស្ត្រាលីបានដើរតួសំខាន់ណាស់ […] អូស្ត្រាលីជាប្រទេសមួយសំខាន់នៅក្នុងដំណើរការកសាងសន្តិភាពនៅក្នុងប្រទេសកម្ពុជា និងដំណើរការនៃការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញលើច្រើនវិស័យ ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្ស វិស័យកសិកម្ម ធារាសាស្ត្រ អប់រំ សុខាភិបាល និងអភិបាលកិច្ចផងដែរ។ លើសពីនេះ អូស្ត្រាលីក៏បានជួយច្រើនដែរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា»៕