កម្ពុជា និងអូស្ត្រាលី ប្តេជ្ញាជំរុញវិស័យពាណិជ្ជកម្ម​ និងការិនិយោគរវាងប្រទេសទាំងពីរ ដែលក្នុងនោះរួមមានការបង្កើតនូវយន្តការមួយបន្ថែមទៀត គឺក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-អូស្រ្តាលី (Cambodia-Australia’s Business Council) ដើម្បីលើកកម្ពស់ការធ្វើធុរកិច្ច វិនិយោគ និងពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។

ការឯកភាពគ្នានេះ ធ្វើឡើងក្នុងឱកាសដែល លោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បាន​ជួបពិភាក្សាការងារ​ជាមួយ លោក Bran Black នាយកប្រតិបត្តិ នៃក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី (Business Council of Australia) នៅកិច្ចប្រជុំកំពូលពិសេស​អាស៊ាន-អូស្រ្តាលី នៅទីក្រុង​ម៉ែល​ប៊ន ប្រទេស​អូស្ត្រាលី នារសៀលថ្ងៃទី៤ ខែ​មីនា ឆ្នាំ២០២៤។ នេះបើតាម​សេចក្តីប្រកាសព័ត៌មាន​របស់​អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

ប្រភពដដែល បន្តថា ក្នុងជំនួបនោះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី បន្ត​ធ្វើ​កិច្ចសហការទៅ​លើការរៀបចំនូវយន្តការនេះ ជាមួយនឹងក្រសួងពាណិជ្ជកម្មកម្ពុជាក៏ដូចជាសភាពាណិជ្ជកម្មកម្ពុជា។

លោកថា៖ «រាជរដ្ឋាភិបាលកម្ពុជា បើកចំហទ្វារស្វាគមន៍គ្រប់ធុរកិច្ច និងធ្វើជាស្ពានក្នុងការសម្របសម្រួល និងការធានានូវបរិយាកាសវិនិយោគនៅកម្ពុជាផងដែរ»

សេចក្តីប្រកាសព័ត៌មាន​ដដែល ក៏បានស្រង់ប្រសាសន៍​ លោក Bran Black ដែរថា គោល​​បំណងក្នុងការ​ពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដើម្បីពង្រឹង និងពង្រីកទំនាក់ទំនងធុរកិច្ច និងពាណិជ្ជកម្មរវាងប្រទេសទាំង២​បន្ថែមទៀត។

លោកថា៖ «ក្រុមប្រឹក្សាធុរកិច្ចអូស្រ្តាលី មានកិច្ចសហប្រតិបត្តិការជាមួយនឹងបណ្តាសមាគម និងក្រុមធុរកិច្ច ព្រមទាំងផ្នែកពាក់ព័ន្ធនានានៃរដ្ឋាភិបាលគ្រប់លំដាប់ថ្នាក់ ដើម្បីសម្របសម្រួលក្នុងការធ្វើធុរកិច្ច​ររវាងវិស័យឯកជនអូស្ត្រាលី ជាមួយនឹងបណ្តាប្រទេសនានា ហើយបច្ចុប្បន្ននេះក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី បានទំនាក់ទំនងការងារជាមួយនឹងបណ្ដាប្រទេសជាច្រើន ដែលក្នុងនោះរួមមានបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ានផងដែរ»។

លោកបន្ថែមថា ក្រុមប្រឹក្សាធុរកិច្ចអូស្ត្រាលី តំណាង​ឱ្យវិស័យឯកជន​ដែល​មាន​ក្រុម​ហ៊ុន​ឯកជន​ធំៗ របស់អូស្ត្រាលីជាង ១២០​ក្រុមហ៊ុន ដោយផ្ដល់ឱកាសការងារ​ជាង ១លានកន្លែង។

ទាក់ទិននឹងរឿងនេះ​​ លោក ប៉ែន សុវិជាតិ​ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានបដិសេធមិនផ្តល់បទសម្ភាសន៍មកកាន់គេហទំព័រ Newsroom Cambodia ដោយថាលោកមិនទាន់បានទទួលព័ត៌មានគ្រប់ជ្រុងជ្រោយ។

ចំណែក អ្នកនាំពាក្យរាជរដ្ឋាភិបាល​ លោក ប៉ែន បូណា បានថ្លែង​ថា ក្រុមប្រឹក្សាធុរកិច្ចនេះ គឺជាកាតាលីករដ៏សំខាន់នៅក្នុងការសម្របសម្រួល និងទាក់ទាញពាណិជ្ជកម្មឱ្យ​បានកាន់តែច្រើន ព្រមទាំងជា​ការជំរុញ​កំណើនសេដ្ឋកិច្ច​នៃប្រទេសទាំងពីរ ជាពិសេសកម្ពុជាផ្ទាល់។

លោកបានមានប្រសាសន៍ថា៖ «វាគឺដើម្បីជំរុញ​ពាណិជ្ជកម្មវិនិយោគរវាងកម្ពុជា និងអូស្ត្រាលីហ្នឹងឱ្យ​​វាកាន់​តែ​ច្រើន​ថែម​ទៀត ការផ្លាស់ប្តូរពាណិជ្ជកម្មទៅមក ការទាក់ទាញវិនិយោគពីអូស្រ្តាលីមកកម្ពុជា ឱ្យ​មាន​ជា​ប្រព័ន្ធ​មួយ​ដែលសម្រួលដល់កិច្ចការហ្នឹង»

លោកបានបន្ថែមទៀតថា៖​ «កាលណាគេបង្កើតឡើង គឺគេមានក្តីរំពឹងហើយថាក្រោយបង្កើតហ្នឹងទៅវានឹងផ្តល់ផលប្រយោជន៍ វានឹងជួយសម្របសម្រួលដល់កាវិនិយោគផ្សេងៗហ្នឹងឯង»

លោកបណ្ឌិត តិច ជ័យ អ្នកសិក្សាការអភិវឌ្ឍ​សង្គម និងសេដ្ឋកិច្ច យល់ថា ​នេះជារបត់ថ្មីមួយ នៃទំនាក់​ទំនង​នៃ​ប្រទេសទាំង២ លើគ្រប់វិស័យ ដោយហេតុថាទំនាក់ទំនងទៅលើការវិនិយោគនៃប្រទេសទាំង២ នៅមានកម្រិតនៅឡើយ បើធៀបនឹងប្រទេស​ផ្សេងទៀត​នៅ​ក្នុងតំបន់ និងពិភពលោក។

លោកបន្ត​ថា៖ «វាអាចនឹងអាចជួយឱ្យ​ទាំងពាណិជ្ជកម្ម ទាំងការវិនិយោគរវាងប្រទេសទាំងពីរ នឹងមានការកើនឡើងជាបន្តបន្ទាប់។ […] ហើយមិនត្រឹមតែប៉ុណ្ណោះ ទាក់ទងនឹងវិស័យទេសចរណ៍ក៏នឹងមានការប្រសើរឡើង និងពង្រីកនូវការនាំចេញរបស់កម្ពុជា ជាពិសេសផលិតផលកសិកម្ម ការទាក់ទាញវិនិយោគបន្ថែមពីភាគីអូស្ត្រាលីទាក់ទងនឹងវិស័យថាមពលស្អាត»

លោកបានបន្ថែមថា៖​ «ខ្ញុំគិតថានឹងមានការពង្រីកបន្ថែមទៀតទាក់ទងនឹងវិស័យការងារ ដោយហេតុថាអូស្ត្រាលីមានតម្រូវការកម្លាំងពលកម្មច្រើន ហើយសង្ឃឹមថានឹងមានកិច្ចចរចារវាងរដ្ឋាភិបាលទាំងពីរ នៅក្នុងការជួយឱ្យ​ពលរដ្ឋខ្មែរបានទៅធ្វើការនៅប្រទេសអូស្ត្រាលី។ ប្រទេសនេះមានសក្តានុពលណាស់ ជាប្រទេសមួយក្នុងចំណោមប្រទេសទាំង១០ដែលមានជាងគេនៅលើពិភពលោក»

ទោះជាយ៉ាងនេះក្តី លោក ជ័យ តិច​ បានជំរុញ​ឱ្យ​​កម្ពុជាប្រកាន់ខ្ជាប់នូវលទ្ធិប្រជាធិបតេយ្យពេញលេញ ជាពិសេស​លំហសិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរី ដោយថាវាអាចនឹងជំរុញ​ទំនាក់ទំនងប្រទេស​ទាំងពីរឱ្យ​​កាន់តែល្អប្រសើរថែមទៀត​។

លោកមានប្រសាសន៍ថា៖ «អូស្ត្រាលីគឺជាប្រទេសប្រជាធិបតេយ្យ ដូច្នេះលក្ខខណ្ឌប្រសើរមួយដែលអាចបង្កើនទំនាកើទំនងគ្របើវិស័យរវាងប្រទេសទាំង២ដែរ កម្ពុជាគួរតែមានការកែរលម្អបន្ថែមទៀត ទៅលើលម្អប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការបោះឆ្នោតដោយសេរីជាដើម»

កម្ពុជា​ប្រមូលប្រាក់​​បាន​​ជិត​ ២៣៧​ លាន​ដុល្លារ​ ពី​ការ​នាំ​ទំនិញ​ទៅ​ប្រទេស​អូស្ត្រាលី​ ក្នុង​រយៈពេល​ ៨​ ខែ​ដើមឆ្នាំ​ ២០២៣​ ធ្លាក់​​ចុះ​តិចតួច​ធៀប​នឹង​រយៈពេល​ដូច​គ្នា​ឆ្នាំ​ ២០២២​ ខណៈ​ពាណិជ្ជកម្ម​ទ្វេភាគី​មាន​ទឹកប្រាក់​សរុប​ជាង​ ៣៣៦​ លាន​ដុល្លារ​។ នេះបើតាមអង្គការទិន្នន័យ​អំពីការអភិវឌ្ឍ។

ប្រភពដដែលបន្តថា ផលិតផល​ដែល​កម្ពុជា​នាំទៅ​ប្រទេស​អូស្ត្រាលី​ មានដូចជា ផលិតផល​វាយ​ន​ភណ្ឌ កង់ និង​កសិកម្ម ចំណែក​ទំនិញ​កម្ពុជា​នាំចូល​មកវិញ​រួមមាន ផលិតផល​អេឡិចត្រូនិក ឱសថ និង​យានយន្ត ជា​ដើម​។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា៖ «វាជា​យន្តការស្ថាប័នដ៏មានសារៈសំខាន់មួយ នៅក្នុងការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង២ ជាពិសេសជំរុញ​អត្រាការវិនិយោគផ្ទាល់មកកាន់កម្ពុជាពីសំណាក់អូស្ត្រាលី​ […] កន្លងមក នៅកម្ពុជាយើង​អត់​ទាន់​មាន​យន្តការ​ស្ថាប័ន​ណាមួយ​ដែល​ជួយជំរុញ​ និងទាក់ទាញការវិនិយោគពីអូស្ត្រាលីមកកាន់​កម្ពុជា​ទេ»

លោក​បានបន្ថែមថា វិស័យផ្សេងៗដែលអូស្ត្រាលីអាចគិតគូវិនិយោគនៅក្នុងប្រទេសកម្ពុជា គឺមានច្រើន រួមមាន​ វិស័យថាមពល ការរុករករ៉ែ និងវិស័យកសិកម្មជាដើម។

លោកភិន គា បន្ថែម​ថា៖​ «បើយើងពិនិត្យពីតួនាតីរបស់ប្រទេសអូស្ត្រាលីនៅក្នុងវិស័យនយោបាយ ជាពិសេសការអភិវឌ្ឍប្រទេសកម្ពុជា អូស្ត្រាលីបានដើរតួសំខាន់ណាស់ […] អូស្ត្រាលីជាប្រទេសមួយសំខាន់នៅក្នុងដំណើរការកសាង​សន្តិភាពនៅក្នុងប្រទេសកម្ពុជា និងដំណើរការនៃការស្តារ និងអភិវឌ្ឍប្រទេសកម្ពុជាឡើងវិញលើច្រើនវិស័យ ជាពិសេសគឺការអភិវឌ្ឍធនធានមនុស្ស វិស័យកសិកម្ម ធារាសាស្ត្រ អប់រំ សុខាភិបាល​ និងអភិបាលកិច្ចផងដែរ។ លើសពីនេះ​ អូស្ត្រាលីក៏បានជួយច្រើនដែរនៅក្នុងការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សនៅកម្ពុជា»