គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោតច្រើនលើសលុបជាងគេ ដោយទទួលបានជាង ៥០អសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៣អសនៈ។
ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយចំនួន៤ បានចូលរួមក្នុងការប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។
យោងតាមការប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥អាសនៈ និងគណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។
គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ហើយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយបង្ហាញពីការទទួលយកនូវលទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ។
សេចក្តីថ្លែងការណ៍ដដែល បន្តថា គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការបន្តនូវបេសកកម្មជាប្រវត្តិសាស្ត្ររបស់ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញរាល់មុខងាររបស់ព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាព ក្នុងនោះមានមុខងារនីតិកម្ម មុខងារតំណាង មុខងារតាមដានការអនុវត្តច្បាប់ មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។
គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក ឈឹម ផលវរុណ ដែរ ប៉ុន្តែលោកបដិសេធនៅក្នុងការឆ្លើយតប។
អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក គីម សួរភិរិទ្ធិ មានប្រសាសន៍ថា គណបក្សឆន្ទៈខ្មែរ ទទួលយកលទ្ធផលនៃការបោះឆ្នោត ដែល គ.ជ.ប បានប្រកាសនេះ។
លោកថា៖ «គណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ៣ដែរ មានន័យថា អង្គបោះឆ្នោតដែលបោះឱ្យគណបក្សឆន្ទៈខ្មែរ សុទ្ធសឹងតែជាមនុស្សដែលស្មោះត្រង់ ព្រោះគណបក្សឆន្ទៈខ្មែរ ទទួលបេសកម្មបន្តពីគណបក្សភ្លើងទៀនឱ្យដាក់បញ្ជីជាផ្លូវការ អញ្ចឹងនេះជាមោទនភាពថ្មី ត្បិតតែការបោះឆ្នោតមិនទាន់ប្រព្រឹត្តទៅបានក្នុងលក្ខណៈសេរី ត្រឹមត្រូវមួយរយភាគរយ តែបង្ហាញថា អ្នកប្រជាធិបតេយ្យនៅមានកម្លាំងក្នុងការធ្វើដំណើរទៅមុខ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។
អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី សុំមិនធ្វើអត្ថាធិប្បាយជុំវិញលទ្ធផលបោះឆ្នោត ដោយគ្រាន់តែថា គណបក្សនេះ អរគុណដល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបោះឆ្នោតជូនគណបក្សកម្លាំងជាតិ។
លោកថ្លែងថា៖ «ការបោះឆ្នោតអសកលកន្លងមក វាមិនមានលក្ខណៈសេរី និងទូលំទូលាយនោះទេ […] សម្រាប់គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍មួយរួចទៅហើយ គឺយើងអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានបោះឆ្នោតជូនគណបក្សកម្លាំងជាតិ»។
ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសទទួលស្គាល់លទ្ធផលនេះដែរ ដោយថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅប្រកបដោយបរិយាកាសនយោបាយល្អប្រសើរដែលអាចទទួលយកបាន។
នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា(និកហ្វិក) លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតអសកលនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន។
លោកថ្លែងថា៖ «ខ្ញុំមើលទៅដូចមិនមានអ្វីប្លែកទេ វាដំណើរការរលូន ព្រោះការបោះឆ្នោតជាអសកល»។
ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ប្រព្រឹត្តទៅ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤។ ការបោះឆ្នោតនេះ គឺជាការបោះឆ្នោតអសកល ដែលធ្វើឡើងរយៈពេល ៦ឆ្នាំម្តង។ អ្នកបោះឆ្នោត និងអង្គបោះឆ្នោត គឺតំណាងរាស្ត្រក្នុងតំណែងដែលជាប់ឆ្នោតឆ្នាំ២០២៣ ដែលមានចំនួនសរុប ១២៥ នាក់ និងសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ទាំងអស់ក្នុងតំណែង ដែលជាប់ឆ្នោតឆ្នាំ២០២២ សរុបចំនួន ១១ ៦២២ នាក់ ដូច្នេះអង្គបោះឆ្នោតសរុបមានចំនួន ១១ ៧៤៧ នាក់ បោះឆ្នោតក្នុងក្របខណ្ឌនៃភូមិភាគនីមួយៗ ដែលមណ្ឌលបោះឆ្នោតចំនួន ៨ភូមិភាគ។
ការបោះឆ្នោតអសកលនេះ នឹងជ្រើសរើសសមាជិកព្រឹទ្ធសភាចំនួន ៦២រូប ដោយសមាជិកចំនួន ៥៨ រូបត្រូវជ្រើសតាំងដោយការបោះឆ្នោតអសកល និងជាសម្ងាត់ តាមរយៈអង្គបោះឆ្នោត ហើយសមាជិកចំនួន ២រូប ត្រូវចាត់តាំងដោយព្រះមហាក្សត្រ និង ២រូបទៀត ត្រូវជ្រើសតាំងដោយរដ្ឋសភា តាមមតិភាគច្រើន។ នេះបើយោងតាមបទបញ្ជា និងនីតិវិធី សម្រាប់ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា ដែលបោះពុម្ពផ្សាយឆ្នាំ២០២៣ ដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៕