គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោត​ជ្រើស​តាំងសមាជិក​ព្រឹទ្ធសភា ក្នុងនោះគណបក្សប្រជាជនកម្ពុជាទទួលបានសំឡេងឆ្នោត​ច្រើន​លើសលុប​ជាងគេ ដោយទទួលបាន​ជាង ៥០អសនៈ ខណៈគណបក្សឆន្ទៈខ្មែរទទួលបាន ៣អសនៈ។

ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥នេះ មានគណបក្សនយោបាយ​ចំនួន៤ បានចូលរួមក្នុងការប្រកួតប្រជែង ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សឆន្ទៈខ្មែរ គណបក្សហ៊្វុនស៊ីនប៉ិច និងគណបក្សកម្លាំងជាតិ។​

យោងតាមការ​ប្រកាសលទ្ធផលផ្លូវការនៃការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤នេះ គ.ជ.ប បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបាន ៥៥​អាសនៈ និង​គណបក្សឆន្ទៈខ្មែរទទួលបាន ៣អាសនៈ ខណៈ​គណបក្សហ៊្វុន​​ស៊ិន​ប៉ិច និងគណបក្សកម្លាំងជាតិ មិនទទួលបានអាសនៈនោះទេ។

គណបក្សប្រជាជនកម្ពុជា ដែលទទួលបានជោគជ័យ ហើយគ្រប់គ្រងអាសនៈស្ទើរតែទាំងស្រុងនៅក្នុងព្រឹទ្ធសភា បានចេញសេចក្តីថ្លែងការណ៍មួយនៅថ្ងៃនេះ ដោយ​បង្ហាញពីការទទួល​​យក​នូវ​លទ្ធផលផ្លូវការនៃការបោះឆ្នោតនេះ។  

សេចក្តីថ្លែងការណ៍ដដែល បន្តថា​ គណបក្សប្រជាជនកម្ពុជា ប្តេជ្ញាយ៉ាងមុតមាំក្នុងការ​បន្តនូវ​បេសកកម្ម​ជាប្រវត្តិសាស្ត្ររបស់​​ព្រឹទ្ធសភា នីតិកាលទី៥ ក្នុងស្មារតីគោរពយ៉ាងម៉ឺងម៉ាត់តាមរដ្ឋធម្ម​នុញ្ញនៃ​ព្រះរាជាណាចក្រកម្ពុជា ដើម្បីបំពេញរាល់មុខងាររបស់ព្រឹទ្ធសភា ប្រកបដោយប្រសិទ្ធភាព ក្នុងនោះមាន​មុខងារនីតិកម្ម មុខងារតំណាង មុខងារតាមដានការអនុវត្តច្បាប់ មុខងារសហប្រតិបត្តិការអន្តរជាតិ និងមុខងារអភិវឌ្ឍន៍ស្ថាប័ន ព្រមទាំងពង្រឹងការផ្សារភ្ជាប់រវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ឱ្យបានកាន់តែប្រសើរឡើងថែមទៀត។​

គេហទំព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា​ លោក ឈឹម ផលវរុណ ដែរ ប៉ុន្តែលោកបដិសេធនៅក្នុងការឆ្លើយតប។

អ្នកនាំពាក្យគណបក្សឆន្ទៈខ្មែរ លោក គីម សួរភិរិទ្ធិ មានប្រសាសន៍​ថា គណបក្សឆន្ទៈខ្មែរ ទទួលយក​លទ្ធផលនៃការបោះឆ្នោត​ ដែល គ.ជ.ប បាន​ប្រកាសនេះ។

លោកថា៖ «គណបក្សឆន្ទៈខ្មែរ ទទួលបានអាសនៈ ៣ដែរ មានន័យថា អង្គបោះឆ្នោតដែលបោះឱ្យគណបក្ស​ឆន្ទៈខ្មែរ សុទ្ធសឹងតែជាមនុស្សដែលស្មោះត្រង់ ព្រោះគណបក្សឆន្ទៈខ្មែរ ទទួលបេសកម្មបន្តពីគណបក្សភ្លើងទៀន​ឱ្យដាក់បញ្ជីជាផ្លូវការ អញ្ចឹង​នេះ​ជាមោទនភាពថ្មី ត្បិតតែការបោះឆ្នោតមិនទាន់ប្រព្រឹត្តទៅបានក្នុងលក្ខណៈសេរី ត្រឹមត្រូវ​មួយរយ​ភាគ​រយ តែបង្ហាញថា អ្នកប្រជាធិបតេយ្យនៅមានកម្លាំងក្នុងការធ្វើដំណើរទៅមុខ ដើម្បីស្តារលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា»។

អ្នកនាំពាក្យគណបក្សកម្លាំងជាតិ លោក ជា មុនី សុំមិនធ្វើអត្ថាធិប្បាយជុំវិញលទ្ធផលបោះឆ្នោត ដោយ​គ្រាន់តែថា គណបក្ស​នេះ អរគុណដល់ក្រុមប្រឹក្សាឃុំសង្កាត់ដែលបានបោះឆ្នោត​ជូនគណបក្សកម្លាំងជាតិ។

លោកថ្លែងថា៖ «ការបោះឆ្នោតអសកលកន្លងមក វាមិនមានលក្ខណៈសេរី និងទូលំទូលាយនោះទេ […] សម្រាប់គណបក្សកម្លាំងជាតិ បានចេញសេចក្តីថ្លែងការណ៍មួយរួចទៅហើយ គឺយើងអរគុណចំពោះក្រុមប្រឹក្សាឃុំ សង្កាត់ដែលបានបោះឆ្នោតជូនគណបក្សកម្លាំងជាតិ»។

ចំណែក គណបក្សហ៊្វុនស៊ិនប៉ិច ក៏បានចេញសេចក្តីថ្លែងការណ៍មួយប្រកាសទទួលស្គាល់លទ្ធផល​នេះដែរ ដោយថា ការបោះឆ្នោតនេះ បានប្រព្រឹត្តទៅ​ប្រកបដោយបរិយាកាសនយោបាយ​ល្អប្រសើរដែលអាចទទួលយកបាន។

នាយកប្រតិបត្តិនៃគណៈកម្មាធិការអព្យាក្រឹត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរី និងត្រឹមត្រូវនៅកម្ពុជា ហៅកាត់ថា(និកហ្វិក) លោក សំ គន្ធាមី មានប្រសាសន៍ថា ការបោះឆ្នោតអសកលនេះ បានប្រព្រឹត្តិទៅយ៉ាងរលូន។

លោកថ្លែងថា៖ «ខ្ញុំមើលទៅដូចមិនមានអ្វីប្លែកទេ វាដំណើរការរលូន ព្រោះការបោះឆ្នោតជាអសកល»។

ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា ​នីតិ​កាល​ទី​៥ ​​ប្រព្រឹត្ត​ទៅ​ កាលពី​​ថ្ងៃ​ទី២៥​ ខែ​កុម្ភៈ ​ឆ្នាំ​២០២៤។​ ការ​បោះ​ឆ្នោត​នេះ ​គឺជា​ការ​បោះ​ឆ្នោត​អសកល​ ដែល​ធ្វើ​ឡើង​រយៈ​ពេល​ ៦​ឆ្នាំ​ម្តង​។ ​អ្នក​បោះ​ឆ្នោត ​និង​អង្គ​បោះឆ្នោត​ គឺ​តំណាង​រាស្ត្រ​ក្នុង​តំណែង​ដែល​ជាប់​ឆ្នោត​ឆ្នាំ​២០២៣​ ដែល​មាន​ចំនួន​សរុប ​១២៥ នាក់​ និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​ទាំង​អស់​ក្នុង​តំណែង​ ដែល​ជាប់​ឆ្នោត​ឆ្នាំ​២០២២ ​សរុប​ចំនួន ​១១ ៦២២ នាក់ ដូច្នេះ​អង្គ​បោះ​ឆ្នោត​សរុបមាន​​ចំនួន​ ១១ ៧៤៧​ នាក់​ ​បោះ​ឆ្នោត​ក្នុង​ក្រប​ខណ្ឌ​នៃ​ភូមិ​ភាគ​នីមួយៗ​ ដែល​មណ្ឌល​បោះ​ឆ្នោតចំនួន ​៨​ភូមិភាគ។​

ការ​បោះ​ឆ្នោត​អសកល​នេះ​ នឹង​ជ្រើស​រើស​សមាជិក​ព្រឹទ្ធ​សភា​ចំនួន ​៦២​រូប​ ដោយ​សមាជិក​ចំនួន​ ៥៨ ​រូប​ត្រូវ​ជ្រើស​តាំង​ដោយ​ការ​បោះ​ឆ្នោត​អសកល​ និង​ជា​សម្ងាត់ ​តាម​រយៈ​អង្គ​បោះឆ្នោត ​ហើយ​សមាជិក​ចំនួន​ ២​រូប ​ត្រូវ​ចាត់​តាំង​ដោយ​ព្រះ​មហា​ក្សត្រ​ និង​ ២​រូប​ទៀត ​ត្រូវ​ជ្រើស​តាំង​ដោយ​រដ្ឋ​សភា ​តាម​មតិ​ភាគ​ច្រើន។​ នេះ​បើ​យោង​តាម​បទ​បញ្ជា ​និង​នីតិវិធី​ សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធ​សភា​ ​ដែល​បោះ​ពុម្ព​ផ្សាយ​ឆ្នាំ​២០២៣ ​ដោយ​គណៈ​កម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត៕