តំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ និងប្រើប្រាស់ទឹកដោយសន្សំសំចៃ ខណៈការព្យាករអាកាសធាតុបង្ហាញថា រដូវប្រាំងនៅកម្ពុជា អាចនឹងបន្តអូសបន្លាយពេលយូរ ជាមួយនឹងការប្រឈមនឹងចរន្តកំដៅអែលនីណូ។
តាមរយៈសារជាសំឡេងនៅក្នុងបណ្តាញសង្គម Telegram កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បានលើកឡើងថា បាតុភូតកម្តៅអែលនីណូ នឹងជះឥទ្ធិពលដល់កម្ពុជា ដែលបណ្តាលឱ្យរដូវប្រាំងអាចមានរយៈពេលយូរ។ ករណីនេះ លោកបានអំពាវនាវឱ្យប្រជាកសិកររៀបចំផែនការប្រើប្រាស់ទឹក ដោយមានការសន្សំសំចៃខ្ពស់ និងស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ និងត្រៀមខ្លួននៅក្នុងការអន្តរាគមន៍នៅក្នុងករណីចាំបាច់ទៅដល់ប្រជាកសិករ។
លោកថ្លែងថា៖ «ឧបទ្ទេវហេតុអ៊ែលនីញ៉ូ និងអាចមានលទ្ធផលជះឥទ្ធិពលនៅក្នុងតំបន់ ហើយក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យភ្លៀងកក់ខែ និងរដូវវស្សានឹងខកខានមកដល់»។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយម ស្តីពី ការព្យាករអាកាសធាតុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជានឹងកើនឡើងកម្ដៅ ដោយសាររងបាតុភូតសកលអែលនីណូ(EI Nino)ខ្ពស់ជាង ៧០ភាគរយ ចាប់ពីខែមីនាដល់ខែមេសា ហើយចាប់ពីខែឧសភា ទៅបាតុភូតនេះនឹងថយចុះ២០ភាគរយ។
បាតុភូត EI Nino គឺធ្វើឱ្យខ្យល់ក្តៅ ទឹកក្តៅ បង្កឱ្យមានមហន្តរាយធម្មជាតិ និងផលវិបាកអាកាសធាតុខ្លាំង ដូចជា បានបង្កើនកម្តៅនៃភពផែនដី និងធ្វើឱ្យមានការប្រែបួលអាកាសធាតុខ្លាំងនៅតាមតំបន់ជាច្រើនមិនចំពោះតែកម្ពុជា។ ផលវិបាកនៃបាតុភូតអែលនីណូ នឹងធ្វើឱ្យមានភ្លៀងព្យុះកំណាច រាំងស្ងួតចម្លែក ប្តូររដូវ ប្តូរទម្លាប់អាកាសធាតុ ខណៈកន្លែងខ្លះអាចមានភ្លៀងធ្លាក់ច្រើនជ្រុល និងកន្លែងខ្លះទៀត កាន់តែរាំងស្ងួតខ្លាំង។
បើតាមក្រសួងធនធានទឹក និងឧតុនិយម នៅរដូវប្រាំងឆ្នាំ២០២៤នេះ សីតុណ្ហភាពនៅទូទាំងប្រទេសកម្ពុជា នឹងកើនឡើងខ្ពស់ជាងមធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅ ហើយស្ងួត ហើយបរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើងច្រើន។
ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូនដំណឹងដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងប្រជាពលរដ្ឋចូលរួមសហការប្រើប្រាស់ទឹកដោយសន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេសបណ្តាជនបទដែលនៅឆ្ងាយពីប្រភពទឹក។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរខេត្តបាននិងកំពុងអនុវត្តតាមការណែនាំនេះ ដោយមានការរៀបចំជាយន្តការក្នុងការដោះស្រាយ និងជួយអន្តរាគមន៍ទៅប្រជាពលរដ្ឋ ដែលជួបបញ្ហាប្រឈម។
លោកថ្លែងថា៖ «មិនមែនតែយើងទេ កំពង់ស្ពឺប្រៀបបានជាធុងអាគុយនៃទឹក យើងត្រូវប្រើប្រាស់ទឹកដោយប្រយ័ត្នប្រយែង […] សម្រាប់អាជ្ញាធរយើង គឺយើងមានយន្តការទាក់ទងនឹងគ្រោះមហន្តរាយនានា មានទាំងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយក៏មានយន្តការរបស់កាកបាទក្រហម» ។
លោកបន្តថា៖ «សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ […] ដោយសារតែការបម្រែបម្រួលអាកាសធាតុធ្វើឱ្យអូសបន្លាយនៃការរាំងស្ងួត ហើយការប្រើប្រាស់ទឹកប្រសិនបើយើងមិនប្រុងប្រយ័ត្ន នឹងធ្វើឱ្យជួបហានិភ័យផ្សេងៗ»។
ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គឹមអេង មានប្រសាសន៍ថា ការរក្សាបឹងឱ្យបានជ្រៅដើម្បីរក្សាទឹកទុក គឺជាផ្នែកមួយជួយដល់ប្រជាពលរដ្ឋដែលខ្វះទឹកប្រើប្រាស់។ លោកបន្តថា រដ្ឋាភិបាលត្រូវតែគិតគូរនៅក្នុងការដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នេះ។ លោកថ្លែងថា៖ «អ្វីដែលរដ្ឋាភិបាលធ្វើនោះ គឺត្រូវតែគិតគូរអំពីគម្រោងថវិការយៈពេលខ្លី ដើម្បីដោះស្រាយបញ្ហានេះ ប្រសិនរដូវប្រាំងមានការបន្តវែង រដ្ឋាភិបាលគួរតែគិតគូរអំពីទឹកសម្រាប់ប្រជាពលរដ្ឋដែលជារឿងចាំបាច់ តែវាក្តៅ វាស្ងួត យើងត្រូវការទឹក»៕