តំណាងរាស្ត្រ​មណ្ឌលកំពង់ស្ពឺ ណែនាំដល់អាជ្ញាធរខេត្ត និងប្រជាពលរដ្ឋ បង្កើនការយកចិត្ត​ទុកដាក់ និងប្រើ​ប្រាស់ទឹកដោយសន្សំសំចៃ ខណៈការព្យាករ​អាកាសធាតុបង្ហាញថា រដូវប្រាំង​នៅកម្ពុជា អាចនឹងបន្តអូសបន្លាយពេលយូរ ជាមួយនឹងការប្រឈមនឹងចរន្ត​កំដៅអែលនីណូ។

តាមរយៈសារជាសំឡេង​នៅក្នុងបណ្តាញសង្គម​ Telegram កាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ​២០២៤ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ បាន​លើកឡើង​ថា បាតុភូតកម្តៅ​​អែលនីណូ នឹងជះឥទ្ធិពលដល់កម្ពុជា ដែលបណ្តាលឱ្យរដូវប្រាំងអាចមានរយៈពេលយូរ។ ករណីនេះ លោកបានអំពាវនាវ​ឱ្យ​ប្រជាកសិករ​រៀបចំ​ផែនការ​ប្រើប្រាស់​ទឹក​ ដោយមានការសន្សំសំចៃខ្ពស់ និង​ស្នើឱ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់យកចិត្តទុកដាក់ និងត្រៀមខ្លួន​នៅក្នុង​ការអន្តរាគមន៍នៅក្នុងករណីចាំបាច់ទៅដល់ប្រជាកសិករ។

លោក​ថ្លែង​ថា៖ «ឧបទ្ទេវហេតុអ៊ែលនីញ៉ូ និងអាចមានលទ្ធផលជះឥទ្ធិពលនៅក្នុងតំបន់ ហើយក្នុងនោះក៏មានព្រះរាជាណាចក្រកម្ពុជា ដែលធ្វើឱ្យភ្លៀងកក់ខែ និងរដូវវស្សានឹងខកខានមកដល់»។

យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក​ និង​ឧតុនិយម ស្តីពី ការព្យាករអាកាសធាតុ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ បានបង្ហាញថា កម្ពុជានឹងកើន​ឡើង​កម្ដៅ​ ដោយសារ​​រង​បាតុ​​ភូតសកល​អែលនីណូ(EI Nino​)ខ្ពស់​ជាង ​៧០​ភាគ​រយ ចាប់​​​ពី​ខែ​មីនា​ដល់​ខែ​មេសា ហើយ​​ចាប់​ពីខែ​ឧសភា ​ទៅ​​បាតុភូតនេះ​នឹង​ថយ​ចុះ​២០​ភាគរយ។

បាតុភូត EI Nino គឺធ្វើឱ្យខ្យល់​ក្តៅ​ ទឹក​​ក្តៅ ​បង្ក​ឱ្យ​មាន​មហន្តរា​យ​ធម្មជាតិ​ និងផលវិបាក​អាកាសធាតុ​ខ្លាំង​ ដូច​ជា ​បាន​​បង្កើន​​កម្តៅ​​នៃ​​ភព​​ផែន​​ដី និង​​ធ្វើ​ឱ្យ​មាន​កា​រប្រែបួល​អាកាសធាតុ​ខ្លាំង​​នៅ​តាម​​តំបន់​​ជាច្រើន​មិន​ចំពោះ​តែ​កម្ពុជា​។ ផលវិបាក​នៃ​បាតុភូត​អែលនីណូ នឹង​ធ្វើ​ឱ្យ​មាន​​​ភ្លៀងព្យុះកំណាច រាំងស្ងួត​ចម្លែក ប្តូរ​​រដូវ ប្តូរ​ទម្លាប់​អាកាសធាតុ ខណៈ​កន្លែង​ខ្លះ​អាច​​មាន​ភ្លៀងធ្លាក់​​ច្រើនជ្រុល​ និង​កន្លែងខ្លះទៀត ​​កាន់​តែ​​​រាំងស្ងួតខ្លាំង។

បើតាម​ក្រសួង​ធនធានទឹក ​និង​ឧតុនិយម នៅរដូវប្រាំង​ឆ្នាំ២០២៤នេះ សីតុណ្ហភាព​នៅទូទាំងប្រទេស​​កម្ពុជា នឹង​កើនឡើង​ខ្ពស់ជាង​មធ្យមភាគច្រើនឆ្នាំ ដែលជាកត្តាធ្វើឱ្យអាកាសធាតុក្តៅ ហើយស្ងួត ហើយបរិមាណទឹកភ្លៀងនឹងទាបជាងមធ្យមភាគច្រើនឆ្នាំ ហើយភ្លៀងកក់ខែធ្លាក់​តិចតួច ដោយតិចជាងឆ្នាំ២០២៣ ជាមួយនឹងបាតុភូតផ្គររន្ទះ និងខ្យល់កន្ត្រាក់ដែលកើតឡើង​ច្រើន។​

ករណីនេះ ក្រសួងធនធានទឹក និងឧតុនិយម បានជូន​ដំណឹង​ដល់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរ​ដែនដី និងប្រជាពលរដ្ឋ​ចូលរួម​សហការប្រើប្រាស់ទឹក​ដោយ​សន្សំសំចៃក្នុងកម្រិតខ្ពស់ ជាពិសេស​បណ្តាជន​បទដែលនៅឆ្ងាយពីប្រភពទឹក។

អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា អាជ្ញាធរខេត្ត​បាននិងកំពុងអនុវត្ត​តាម​​ការណែនាំនេះ ដោយមានការ​រៀបចំជាយន្តការក្នុងការដោះស្រាយ និងជួយអន្តរាគមន៍ទៅ​ប្រជាពលរដ្ឋ ដែលជួបបញ្ហាប្រឈម។

លោកថ្លែងថា៖ ​«មិនមែនតែយើងទេ កំពង់ស្ពឺ​ប្រៀបបានជាធុងអាគុយនៃទឹក យើងត្រូវប្រើប្រាស់ទឹកដោយប្រយ័ត្នប្រយែង […] សម្រាប់អាជ្ញាធរយើង គឺយើងមានយន្តការទាក់ទងនឹងគ្រោះមហន្តរាយនានា មានទាំងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួតជាដើម ហើយក៏មានយន្តការរបស់កាកបាទក្រហម» ។

លោកបន្តថា៖ «សុខទុក្ខរបស់ប្រជាពលរដ្ឋ គឺជាសុខទុក្ខរបស់ថ្នាក់ដឹកនាំ […] ដោយសារតែការបម្រែបម្រួលអាកាសធាតុធ្វើឱ្យ​អូសបន្លាយនៃការរាំងស្ងួត ហើយការប្រើប្រាស់ទឹកប្រសិនបើយើងមិនប្រុងប្រយ័ត្ន នឹងធ្វើឱ្យជួបហានិភ័យផ្សេងៗ»។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍​ ​និង​សន្តិភាព លោក​ យង់ គឹមអេង មានប្រសាសន៍ថា ការរក្សាបឹងឱ្យបានជ្រៅដើម្បីរក្សាទឹកទុក គឺជាផ្នែកមួយ​ជួយដល់​ប្រជាពលរដ្ឋដែល​ខ្វះទឹកប្រើប្រាស់។ ​លោកបន្ត​ថា រដ្ឋាភិបាលត្រូវតែគិតគូរនៅក្នុងការដោះស្រាយបញ្ហាកង្វះទឹកប្រើប្រាស់នេះ។ លោកថ្លែងថា៖ «អ្វីដែលរដ្ឋាភិបាល​ធ្វើនោះ គឺត្រូវតែគិតគូរ​អំពី​គម្រោង​ថវិកា​រយៈ​ពេល​ខ្លី ដើម្បីដោះស្រាយបញ្ហានេះ​ ប្រសិន​រដូវប្រាំងមានការបន្តវែង រដ្ឋាភិបាលគួរតែគិតគូរអំពីទឹកសម្រាប់ប្រជាពលរដ្ឋដែលជារឿងចាំបាច់ តែវាក្តៅ វាស្ងួត យើងត្រូវការទឹក»៕