បច្ចុប្បន្ននេះទោះបីជាមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពីផលប៉ះពាល់បណ្ដាលមកពីការប្រើប្រាស់បារីអេឡិចត្រូនិច ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី យ៉ាងណាក្ដី យើងសង្កេតឃើញថានៅតែមានការប្រើប្រាស់ ជាពិសេសនៅក្នុងស្រទាប់យុវជនមួយចំនួន ដែលបារីអេឡិចត្រូនិចមានឈ្មោះជាច្រើនដូចជា E-cigs, Mods, Vape pens, Vapes ជាទូទៅគេហៅថា Vaping។ នេះបើតាមក្រសួងសុខាភិបាល។
Newsroom Cambodia បានសម្ភាសន៍ប្រជាពលរដ្ឋចំនួន៧នាក់ដែលរស់នៅក្នុងរាជធានីភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច៖
លោក លីណា ជាអ្នកបកប្រែភាសាចិនយល់ថា ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យខូចសុខភាព ធ្វើឲ្យអ្នកប្រើប្រាស់ប្រឈមមុខជាមួយជំងឺផ្សេងៗ និងអាចប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសាររបស់ពួកគេ។
លោកបន្ថែមថា៖ «នេះបើតាមការយល់ដឹងរបស់ខ្ញុំ វាធ្វើឲ្យប៉ះពាល់ដល់សួត ក៏ដូចជាប៉ះពាល់ដល់ខួរក្បាល ឬក៏ធ្មេញ បាត់បង់ការចងចាំជាដើម» ។
លោក លីណា ជាអ្នកបកប្រែភាសាចិន (រូបភាព៖ ឃីម សុគន្ធី)
ចំណែកកញ្ញា លក្ខិណា អាយុ១៨ឆ្នាំ ជានិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ បានលើកឡើងថា កញ្ញាសង្កេតឃើញមាន ការប្រើប្រាស់បារីអេឡិចត្រូនិចច្រើនក្នុងពេលបច្ចុប្បន្ននេះ ដែលផ្ដល់ផលប៉ះពាល់យ៉ាងខ្លាំងដល់សុខភាព។
កញ្ញាបានលើកឡើងថា៖ «ឥឡូវនៅក្នុងសង្គមយើងសព្វថ្ងៃនាពេលបច្ចុប្បន្ននឹងគឺ យុវជនភាគច្រើនប្រើនូវបារីអេឡិចត្រូនិច ខ្ញុំគិតថាវាអត់ផ្ដល់ផលប្រយោជន៍អីដល់យើងទេ ពីព្រោះវាជាគ្រឿងដែលមានសារធាតុគីមីច្រើននៅក្នុងហ្នឹង ហើយវាផ្ដល់ផលប៉ះពាល់ដល់សុខភាពយើងច្រើន»។
កញ្ញា លក្ខិណា ជានិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ (រូបភាព៖ ឈួន ចាន់រស្មី)
អ្នកស្រី រដ្ឋា មានអាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់ទឹកអំពៅ និយាយថា គាត់ឃើញមានការផ្សព្វផ្សាយពីផលប៉ះពាល់របស់បារីអេឡិចត្រូនិច ប៉ុន្តែនៅតែមានអ្នកបន្តប្រើប្រាស់ ហើយភាគច្រើនគាត់ប្រើប្រាស់តាមគ្នា។
អ្នកស្រីបន្ថែមទៀតថា៖ «បងចង់ផ្ដាំទៅក្មេងៗដែលគាត់ជក់គ្រឿងអស់ហ្នឹង បើគាត់ផ្អាកបានគាត់ផ្អាកទៅ វាអត់ល្អដល់សុខភាពយើងទេ វាប៉ះពាល់សុខភាព។ បងសូមផ្ដាំទៅក្មេងៗទាំងអស់សូមកុំឱ្យគាត់ជក់អាហ្នឹងទៀត»។
អ្នកស្រី រដ្ឋា អ្នកលក់ទឹកអំពៅ។ (រូបភាព៖ ឈួន ចាន់រស្មី)
អ្នកស្រី កៅ មុំ អាយុ៥៦ ពលរដ្ឋរស់នៅរាជធានីភ្នំពេញបានលើកឡើងថា ការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យប៉ះពាល់ដល់ខួរក្បាល និងសង្គមជាតិ។
អ្នកស្រីសំណូមពរបន្ថែមថា៖ «ខ្ញុំសូមសំណូមពរដល់កូនក្មួយ សូមកុំឲ្យប្រើបារីអេឡិចត្រូនិច សូម្បីតែបារីក៏ដោយក៏កុំឱ្យប្រើ ព្រោះរបស់ទាំងអស់ហ្នឹងវាមានជាតិពុលច្រើនណាស់ រាប់រយរាប់ពាន់ វាមិនមែនតិចតួចទេ វាខូចសុខភាព ត្រូវចេះស្រលាញ់សុខភាព កុំនាំគ្នាប្រើ សូមកំចាត់របស់អញ្ចឹងៗចោលទៅសូមកុំយកចិត្តទុកដាក់ជាមួយរបស់អ៊ីចឹង»។
អ្នកស្រី កៅ មុំ ពលរដ្ឋរស់នៅរាជធានីភ្នំពេញ។ (រូបភាព៖ ឃីម សុគន្ធី)
កញ្ញា ថុល ធីតាមុនី មុខរបរ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញទំនាក់ទំនងអន្តរជាតិ រស់នៅរាជធានីភ្នំពេញយល់ឃើញថា បារីអេឡិចត្រូនិចដោយប៉ះពាល់ពេលវេលានៃការសិក្សារៀនសូត្រ និងពេលវេលាជាមួយគ្រួសារ។
កញ្ញាបន្ថែមថា៖ «បារីអេឡិចត្រូនិចវាបានប៉ះពាល់ដល់គ្រួសារគាត់ និងការចំណាយថវិការគ្រួសារយកទៅទិញមកប្រើប្រាស់»។
កញ្ញាបន្តទៀតថា៖ «ចំពោះសង្គមធ្វើឱ្យគ្មានសណ្ដាប់ធ្នាប់សង្គម ដូចជាការប្រើប្រាស់បារីអេឡិចត្រូនិចនៅតាមទីសាធារណៈធ្វើឱ្យសង្គមមិនសូវល្អ»។
កញ្ញា ថុល ធីតាមុនី និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។
លោក កោ ពិសិដ្ឋ ជានិស្សិតច្បាប់រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញយល់ថា ចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច ដែលគេហៅថាវេប ឬយ៉ូស គឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់មនុស្សយើង ដោយបារីប្រភេទនេះមានផលប៉ះពាល់ធ្ងន់ធ្ងរជាងបារីទូទៅ។
លោកបន្តថា៖ «អ្វីដែលខ្ញុំបានឃើញការប្រើប្រាស់បារីអេឡិចត្រូនិច មានផលប៉ះពាល់ខ្លាំង ប្រសិនបើគាត់ប្រើច្រើនធ្វើឱ្យប៉ះពាល់ដល់សួត វាក៏ជារឿងមួយដែលមិនល្អ មិនគួរយុវជនប្រើប្រាស់ឡើយ ព្រោះថាវាមានកម្រិតញៀនខ្លាំងជាងបារីទៅទៀត។ ជាតិទឹកដែលគេដាក់ចូលហ្នឹងមិនដឹងជាសារធាតុអ្វីឡើយ ដោយទឹកនោះមានក្លិនក្រអូប ប៉ុន្តែវាជាសារធាតុគីមីខ្លាំងជាងបារីទៅទៀត»។
លោកបន្តទៀតថា៖ «ទីមួយ ធ្វើឱ្យគាត់ខាតបង់ពេលវេលារៀនសូត្រ ទីពីរ ការផ្លាស់អត្តចរិក និងធ្លាក់ចុះនូវសីលធម៌នៅក្នុងការរស់នៅអាចក្លាយទៅជាក្មេងមិនល្អ និងទី៣ អាចឱ្យគាត់ហ៊ានប្រើប្រាស់អ្វីផ្សេង ដូចជាសារធាតុញៀន ឬគ្រឿងញៀនជាដើម និងអាចឱ្យពួកគាត់ដើរលើផ្លូវខុសផ្សេងៗ»។
លោក កោ ពិសិដ្ឋ និស្សិតច្បាប់។
លោក សៀវវ័ន្ត បច្ចុប្បន្នរស់នៅភូមិព្រែកឡុង ក្រុងតាខ្មៅ យល់ឃើញចំពោះការប្រើប្រាស់បារីអេឡិចត្រូនិចធ្វើឱ្យប៉ះពាល់សុខភាពខ្លាំង។
លោកបន្តថា៖ «ប្រសិនបើយុវជនចង់ប្រើប្រាស់បារីអេឡិចត្រូនិច កុំអី វាមិនល្អ វាធ្វើឱ្យញៀន ប៉ះពាល់ដល់សុខភាព សួត ថ្លើម ណាមួយនៅពេលយើងលេងកីឡាឆាប់ហត់ ដង្ហក់ និងស្រេកទឹកខ្លាំង។ សូមផ្ដាំទៅយុវជនជំនាន់ក្រោយកុំប្រើប្រាស់បារីអេឡិចត្រូនិច វាមិនល្អដល់សុខភាព និងសង្គមឡើយ»។
លោក សៀវវ័ន្ត ពលរដ្ឋរស់នៅភូមិព្រែកឡុង ក្រុងតាខ្មៅ។
គួរបញ្ជាក់ថា បារីអេឡិចត្រូនិចបារីបង្កផលប៉ះពាល់លើសុខភាព ធ្វើឱ្យញៀនខ្លាំង មានគ្រោះថ្នាក់ដល់គភ៌ ការលូតលាស់ខួរក្បាល ប្រឈមមុខនឹងជំងឺមហារីកសួត ការលូតលាស់ ខួរក្បាល ធ្វើឱ្យថយចុះនៃការផ្ចង់អារម្មណ៍លើការរៀនសូត្រ ការគ្រប់គ្រងកំហឹង ការប្រែប្រួលផ្លូវចិត្ត ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង និងសន្ទុះចិត្តចង់ប្រើបារីអេឡិចត្រូនិច។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល៕