បច្ចុប្បន្ននេះទោះបីជាមានសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលស្ដីពី​ផល​ប៉ះពាល់​បណ្ដាល​មក​ពី​ការប្រើប្រាស់​បារីអេឡិចត្រូនិច ផលិតផលស៊ីហ្សា និងផលិតផល អេចឈ៍ ធី ភី យ៉ាងណាក្ដី យើង​សង្កេត​ឃើញ​ថា​នៅ​តែមានការ​ប្រើប្រាស់ ជាពិសេសនៅក្នុងស្រទាប់យុវជនមួយចំនួន ដែល​បារី​អេឡិច​ត្រូនិចមានឈ្មោះជាច្រើនដូចជា E-cigs, Mods, Vape pens, Vapes ជាទូទៅគេហៅថា Vaping។ នេះបើតាម​ក្រសួង​សុខាភិបាល។​

Newsroom Cambodia បាន​​សម្ភាសន៍ប្រជាពលរដ្ឋចំនួន​៧នាក់​​ដែល​រស់នៅ​ក្នុង​រាជ​ធានី​​ភ្នំពេញ ជុំវិញការយល់ឃើញចំពោះការប្រើប្រាស់បារីអេឡិចត្រូនិច៖

លោក លីណា  ជាអ្នកបកប្រែភាសាចិន​យល់​ថា ការប្រើប្រាស់​បារី​អេឡិចត្រូនិច​ធ្វើ​ឱ្យ​ខូច​សុខភាព ធ្វើឲ្យ​អ្នកប្រើប្រាស់ប្រឈមមុខជាមួយជំងឺផ្សេងៗ និង​​អាច​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​របស់​ពួកគេ។​

លោកបន្ថែម​ថា៖​ «នេះបើតាមការយល់ដឹងរបស់ខ្ញុំ វាធ្វើឲ្យប៉ះពាល់ដល់សួត​ ក៏ដូចជាប៉ះពាល់ដល់ខួរក្បាល​ ឬក៏ធ្មេញ​​ បាត់បង់ការចងចាំជាដើម» ។

លោក លីណា  ជាអ្នកបកប្រែភាសាចិន (រូបភាព៖ ឃីម សុគន្ធី)

ចំណែក​កញ្ញា លក្ខិណា អាយុ១៨ឆ្នាំ ជានិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ​ បាន​លើក​ឡើង​ថា កញ្ញាសង្កេតឃើញមាន ការប្រើប្រាស់បារីអេឡិចត្រូនិចច្រើនក្នុងពេលបច្ចុប្បន្ននេះ ដែល​ផ្ដល់​ផល​ប៉ះពាល់​យ៉ាងខ្លាំង​ដល់សុខភាព។

កញ្ញាបានលើកឡើងថា៖ «ឥឡូវនៅក្នុងសង្គមយើងសព្វថ្ងៃនាពេលបច្ចុប្បន្ននឹងគឺ យុវជន​ភាគច្រើន​ប្រើ​នូវ​បារី​អេឡិច​ត្រូនិច ខ្ញុំ​គិតថាវាអត់​ផ្ដល់​ផលប្រយោជន៍​អី​ដល់​យើង​ទេ ពីព្រោះ​វា​ជាគ្រឿង​ដែល​មាន​សារធាតុ​គីមី​ច្រើន​នៅក្នុងហ្នឹង ហើយវាផ្ដល់ផលប៉ះពាល់ដល់សុខភាពយើងច្រើន»។

​កញ្ញា លក្ខិណា ជានិស្សិតនៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ។ (រូបភាព៖ ឈួន ចាន់រស្មី)

អ្នកស្រី រដ្ឋា មានអាយុ៣០ឆ្នាំ មុខរបរជាអ្នកលក់ទឹកអំពៅ និយាយ​ថា គាត់​ឃើញ​មាន​ការផ្សព្វផ្សាយ​ពី​ផល​ប៉ះពាល់​របស់​បារី​អេឡិច​ត្រូនិច ប៉ុន្តែនៅតែមានអ្នកបន្តប្រើប្រាស់ ហើយភាគច្រើនគាត់ប្រើប្រាស់តាមគ្នា។

អ្នកស្រីបន្ថែមទៀតថា៖ «បងចង់ផ្ដាំទៅក្មេងៗដែលគាត់ជក់គ្រឿងអស់ហ្នឹង បើគាត់ផ្អាក​បាន​គាត់​ផ្អាកទៅ វា​អត់​ល្អដ​ល់​សុខភាព​យើង​ទេ វាប៉ះពាល់សុខភាព។ បង​សូម​ផ្ដាំ​ទៅ​ក្មេងៗ​ទាំងអស់​សូម​កុំ​ឱ្យ​គាត់​ជក់​អាហ្នឹង​ទៀត»។

អ្នកស្រី រដ្ឋា អ្នកលក់ទឹកអំពៅ។ (រូបភាព៖ ឈួន ចាន់រស្មី)

អ្នកស្រី កៅ មុំ អាយុ៥៦ ពលរដ្ឋ​រស់នៅ​រាជធានីភ្នំពេញ​បានលើកឡើងថា ការប្រើប្រាស់​បារី​អេឡិច​ត្រូនិច​ធ្វើ​ឱ្យ​​ប៉ះពាល់​ដល់ខួរក្បាល និង​សង្គមជាតិ។

អ្នកស្រីសំណូមពរបន្ថែមថា៖ ​«ខ្ញុំសូមសំណូមពរដល់កូនក្មួយ សូមកុំឲ្យប្រើ​បារីអេឡិច​ត្រូនិច សូម្បី​តែ​បារី​ក៏ដោយ​ក៏​កុំឱ្យប្រើ ព្រោះរបស់​ទាំងអស់​ហ្នឹង​វា​មាន​ជាតិ​ពុល​ច្រើន​ណាស់ រាប់​រយ​រាប់​ពាន់ វា​មិនមែន​តិច​តួច​ទេ វាខូចសុខភាព ត្រូវចេះស្រលាញ់សុខភាព កុំនាំគ្នាប្រើ សូមកំចាត់របស់អញ្ចឹងៗ​ចោលទៅសូម​កុំ​យក​ចិត្ត​ទុក​ដាក់​ជាមួយ​របស់អ៊ីចឹង»។    

អ្នកស្រី កៅ មុំ ពលរដ្ឋ​រស់នៅ​រាជធានីភ្នំពេញ​។ (រូបភាព៖ ឃីម សុគន្ធី)

កញ្ញា ថុល ធីតាមុនី មុខរបរ ជានិស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជំនាញទំនាក់ទំនងអន្តរជាតិ រស់នៅរាជធានី​​ភ្នំពេញយល់ឃើញថា បារីអេឡិចត្រូនិច​ដោយប៉ះពាល់​ពេលវេលានៃការសិក្សារៀនសូត្រ និង​ពេលវេលាជាមួយគ្រួសារ។

កញ្ញា​បន្ថែម​ថា៖ «បារីអេឡិចត្រូនិចវាបានប៉ះពាល់ដល់គ្រួសារគាត់ និង​ការចំណាយ​ថវិការ​គ្រួសារ​យកទៅ​ទិញ​មក​ប្រើប្រាស់»។

កញ្ញាបន្តទៀតថា៖ «ចំពោះសង្គមធ្វើឱ្យគ្មាន​សណ្ដាប់ធ្នាប់សង្គម ដូចជាការប្រើប្រាស់បារីអេឡិចត្រូនិចនៅតាមទីសាធារណៈ​ធ្វើឱ្យសង្គមមិនសូវល្អ»។

កញ្ញា ថុល ធីតាមុនី និស្សិតនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

លោក កោ ពិសិដ្ឋ ជានិស្សិតច្បាប់រស់នៅខណ្ឌសែនសុខ រាជធានីភ្នំពេញយល់ថា ចំពោះការប្រើប្រាស់​បារីអេឡិចត្រូនិច ដែលគេហៅថាវេប ឬយ៉ូស គឺមានផលប៉ះពាល់យ៉ាងខ្លាំងទៅដល់មនុស្សយើង ដោយ​បារី​ប្រភេទនេះមានផលប៉ះពាល់ធ្ងន់ធ្ងរជាងបារីទូទៅ​។

លោកបន្តថា៖ «អ្វីដែលខ្ញុំបានឃើញ​ការប្រើប្រាស់បារីអេឡិចត្រូនិច មានផលប៉ះពាល់ខ្លាំង ប្រសិនបើ​គាត់​ប្រើ​ច្រើនធ្វើឱ្យ​ប៉ះពាល់ដល់សួត វាក៏ជារឿងមួយដែលមិនល្អ មិនគួរយុវជនប្រើប្រាស់ឡើយ ព្រោះ​ថា​វា​មាន​កម្រិត​ញៀន​ខ្លាំងជាងបារីទៅទៀត។ ជាតិទឹកដែលគេដាក់ចូលហ្នឹងមិនដឹងជាសារធាតុអ្វីឡើយ ដោយ​ទឹក​នោះមា​នក្លិ​នក្រអូប ប៉ុន្តែ​វាជាសារធាតុគីមីខ្លាំងជាងបារីទៅទៀត»។

លោកបន្តទៀតថា៖ «ទីមួយ ធ្វើឱ្យគាត់ខាតបង់ពេលវេលារៀនសូត្រ ទីពីរ ការផ្លាស់អត្តចរិក និង​ធ្លាក់​ចុះ​នូវ​សីលធម៌​នៅ​ក្នុងការរស់នៅ​អាចក្លាយទៅជាក្មេងមិនល្អ និងទី៣ អាចឱ្យគាត់ហ៊ានប្រើប្រាស់អ្វីផ្សេង ដូចជា​សារធាតុញៀន ឬគ្រឿងញៀនជាដើម និងអាចឱ្យពួកគាត់ដើរលើ​ផ្លូវខុសផ្សេងៗ»។

លោក កោ ពិសិដ្ឋ និស្សិតច្បាប់។

លោក សៀវ​វ័ន្ត បច្ចុប្បន្នរស់នៅភូមិព្រែកឡុង ក្រុងតាខ្មៅ យល់ឃើញចំពោះការប្រើប្រាស់បារីអេឡិច​ត្រូនិចធ្វើ​ឱ្យ​ប៉ះពាល់​សុខភាព​ខ្លាំង។​

លោកបន្តថា៖ «ប្រសិនបើយុវជនចង់ប្រើប្រាស់បារីអេឡិចត្រូនិច កុំអី វាមិនល្អ វាធ្វើឱ្យញៀន ប៉ះពាល់​ដល់សុខភាព សួត ថ្លើម ណាមួយនៅពេលយើងលេងកីឡាឆាប់ហត់ ដង្ហក់ និងស្រេកទឹកខ្លាំង។ សូម​ផ្ដាំ​ទៅ​យុវជនជំនាន់ក្រោយកុំប្រើប្រាស់បារីអេឡិចត្រូនិច វាមិនល្អដល់សុខភាព និងសង្គមឡើយ»។

លោក សៀវ​វ័ន្ត ពលរដ្ឋរស់នៅភូមិព្រែកឡុង ក្រុងតាខ្មៅ។

គួរបញ្ជាក់​ថា​ បារី​អេឡិច​ត្រូនិច​បារី​បង្កផល​ប៉ះពាល់​លើ​សុខភាព ធ្វើឱ្យញៀន​ខ្លាំង មាន​គ្រោះថ្នាក់​ដល់​គភ៌ ការលូតលាស់ខួរក្បាល ប្រឈមមុខនឹងជំងឺមហារីកសួត ការលូតលាស់ ខួរក្បាល ធ្វើ​ឱ្យ​​ថយ​ចុះ​នៃ​ការ​ផ្ចង់អារម្មណ៍​លើ​ការរៀនសូត្រ ការគ្រប់គ្រងកំហឹង ការប្រែប្រួលផ្លូវចិត្ត ភាពមួរម៉ៅ រសាប់រសល់ ថប់បារម្ភ ឬអស់សង្ឃឹម វិបត្តិនៃការគេង និងសន្ទុះចិត្តចង់ប្រើបារីអេឡិចត្រូនិច​។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់​ក្រសួង​សុខាភិបាល៕​