ក្រុមកម្មករនិយោជិតសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដោយពួកគេថាអ្នកគ្រប់គ្រងក្រុមហ៊ុនណាហ្គាវើលដ៍ បន្តធ្វើទុកបុកម្នេញ និងយាយីលើសមាជិកសហជីពដែលកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុន។
ការទទូចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះដោយក្រុមកម្មករនិយោជិតបាននាំគ្នាទៅដាក់លិខិតចំហរទៅកាន់ក្រសួងការងារ ដើម្បីទាមទារឱ្យមានចំណាត់ការជាក់លាក់ទៅលើវិវាទការងារដែលអូសបន្លាយអស់រាប់ឆ្នាំ និងថ្មីៗនេះ មានការដាក់សម្ពាធបន្ថែមទៅលើបុគ្គលិកដែលកំពុងបម្រើការនៅក្នុងក្រុមហ៊ុនណាហ្គាវើលដ៍ផ្ទាល់។
កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងបន្តធ្វើកូដកម្មមកដល់បច្ចុប្បន្ន បានឱ្យដឹងថា ការដាក់លិខិតនេះ ធ្វើឡើងក្នុងគោលបំណងធំគឺចង់បញ្ចប់វិវាទដើម្បីឱ្យពួកគេអាចចូលធ្វើការវិញបាន និងបញ្ឈប់នូវទង្វើបៀតបៀន យាយីទៅកាន់បុគ្គលិកដែលកំពុងបម្រើការងារ។ ក្រៅពីនោះ កញ្ញាថា សេដ្ឋកិច្ចក្រុមកម្មករនិយោជិតដែលកំពុងតវ៉ានេះ ក៏មិនមានភាពសមប្រកបដែរដោយហេតុថាវិវាទនេះអូសបន្លាយយូរពេក មិនមានដំណោះស្រាយសមស្របដែលអាចទទួលយកបាន ហើយពួកគេក៏គ្មានចំណូល។
កញ្ញាថា៖ «ចង់ឱ្យដោះស្រាយវិវាទ បញ្ចប់វិវាទឱ្យពួកខ្ញុំបានចូលធ្វើការវិញ ថ្នាក់ដឹកនាំ ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីពដែលនៅសេសសល់មិនព្រមទៅបញ្ចប់កិច្ចសន្យាហ្នឹងឱ្យក្រសួងការងារជួយអន្តរាគមន៍ឱ្យក្រុមហ៊ុនយកពួកខ្ញុំចូលធ្វើការវិញទៅ ហើយដោះស្រាយដោយមានយុត្តិធម៌ កុំលម្អៀង […] ភាគីក្រុមហ៊ុនគេជាអ្នកមានស្រាប់ហើយ គេមានទាំងអំណាច គេមានទាំងលុយ យើងស្នើឱ្យរដ្ឋមន្ត្រីក្រសួងការងារ គាត់យល់ យើងវិវាទ៣ឆ្នាំហើយ សេដ្ឋកិច្ចពួកយើងក៏ពិបាកខ្លាំងដែរ។ ភាគីយើង កម្មករយើង អត់មានអីទៅតតាំងជាមួយគេទេ យើងមានតែការតស៊ូ អត់ធ្មត់ សុំឱ្យរដ្ឋមន្ត្រីក្រសួងការងារជួយពន្លឿននៅក្នុងកាតដោះស្រាយ និងប្រកាន់ភាពជាកណ្តាល»។
កញ្ញា ឈឹម សុខន បានបន្ថែមថា៖ «ខាងប្រជាពលរដ្ឋ យើងនឹងនៅតែផ្តល់ការទុកចិត្តទៅលើក្រសួង យើងនៅតែទទូចអង្វរ ធ្វើម៉េចឱ្យគាត់ដោះស្រាយផ្អែកតាមផ្លូវច្បាប់ បើទោះបីជាយើងមើលឃើញថាវាមានភាពលម្អៀងយ៉ាងណាក៏ដោយ ក្រែងល៏គាត់គិតថាពួកយើងជាបក្សប្រឆាំង យើងនៅតែរក្សាថាវិវាទនេះ មិនមានពាក់ព័ន្ធនឹងនិន្នាការនយោបាយមួយណានោះទេ »។
កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី ឃ្លាំង សុបិន្ត បានលើកឡើងថា ការដាក់លិខិតនេះ ជាការឆ្លើយតបទៅនឹងការធ្វើទុក្ខបុកម្នេញ ម្ដងហើយម្ដងទៀត ពីសំណាក់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការបង្កកប្រាក់ភាគទាន និងការរើសអើងនៅកន្លែងការងារជាដើម។
អ្នកស្រីថា៖ «ក្រុមហ៊ុនយកលេសពីលិខិតដែលក្រសួងបានអនុញ្ញាត ឱ្យក្រុមហ៊ុនកាត់ប្រាក់ភាគទានពីកម្មករនិយោជិតទៅប្រើប្រាស់បណ្ដោះអាសន្ន […] នៅចុងឆ្នាំ២០២៣ហ្នឹង គេមានបង្កើតព្រឹត្តិការណ៍ថ្មីមួយដោយយកបុគ្គលិកដែលអស់លទ្ធភាពនៅក្នុងការធ្វើកូដកម្មត្រឡប់ទៅធ្វើការវិញ។ តែបុគ្គលិកចំនួន៧៣នាក់ ដែលគេបានយកត្រឡប់ទៅវិញនោះ គឺត្រូវបានគេដាក់ឱ្យនៅដោយឡែកមិនឱ្យមានទំនាក់ទំនង ពាក់ព័ន្ធជាមួយនឹងបុគ្គលិកដទៃទៀត»។
អ្នកស្រី សុបិន្ត បានចាត់ទុកការធ្វើបែបនេះ ថាជាទង្វើអសីលធម៌ និងបង្កឱ្យមានការរើសអើងនៅកន្លែងការងារ។
លើសពីនេះទៅទៀត អ្នកស្រីបានបន្ថែមថា៖ «ក្រោយពីពួកគាត់ត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែកអស់រយៈពេលជាងមួយឆ្នាំ ពួកគេត្រូបានបង្ខំឱ្យចុះហត្ថលេខាលើលិខិតរំលាយកិច្ចសន្យារបស់ពួកគាត់ចោលតែម្តង […] ក្នុងចំណោម៧៣នាក់ហ្នឹង ពួកគាត់ខ្លាច ព្រោះបើអត់ស៊ីញ៉េទេ គេអត់ឱ្យគាត់ចេញទៅផ្ទះទេ ពួកគាត់ត្រូវស៊ីញ៉េទាំងបង្ខំ»។
អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកទាំង ៧៣នាក់ដែលបានត្រឡប់ទៅធ្វើការវិញនោះ គឺមាន ៤នាក់បានបដិសេធមិនព្រមចុះហត្ថលេខា ហើយត្រូវបានក្រុមការងារគេដកកាតរបស់គាត់ទាំងបង្ខំ។
លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍ថា កន្លងមក ក្រសួងតែងតែបានខិតខំក្នុងការដោះស្រាយវិវាទនេះ រហូតឡើងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។
លោកថា៖ «កន្លងមក ក្រសួងបានប្រឹងប្រែងសម្របសម្រួលដោះស្រាយវិវាទតាមយន្តការដោះស្រាយវិវាទតាមច្បាប់ការងារ ចំនួន២លើក និងបានបញ្ជូនករណីនេះទៅក្រុមប្រឹក្សាអាជ្ញាកណ្តាល។ […] ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់រួចហើយ បងប្អូនមិនអនុវត្តតាមសេចក្តីសម្រេចរបស់អាជ្ញាកណ្តាល ចេញធ្វើការតវ៉ាជារូបភាព បាតុកម្ម និងកូដកម្ម »។
លោកបន្ថែមថា៖ «ជុំវិញករណីនេះ គណៈកម្មការ[ដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា]នេះ បានសម្របសម្រួល ២៧លើក តែភាគីមិនសះជា។ [..] តាមនីតិវិធីដោះស្រាយវិវាទការងារតាមច្បាប់ការងារ ក្រសួងបានប្រឹងប្រែងដោះស្រាយករណីនេះ។ ករណីនេះតាមច្បាប់ផុតសមត្ថកិច្ចក្រសួងការងារហើយ ភាគីអាចប្តឹងទៅតុលាការ »។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថាការដែលក្រុមហ៊ុនដាក់ឱ្យក្រុមកម្មករដែលត្រឡប់ចូលទៅធ្វើការវិញឱ្យនៅដាច់ដោយឡែក គឺជាអំពើទណ្ឌកម្មនៅក្នុងកន្លែងការងារ។
លោកបន្តថា នៅក្នុងច្បាប់ស្តីពីការធ្វើកូដកម្មដោយសន្តិវិធី ទោះបីកម្មករធ្វើកូដកម្មក៏ដោយ ពួកគាត់មានសិទ្ធិនៅក្នុងការទាមទារឱ្យនិយោជកទទួលយកនូវលក្ខខណ្ឌរបស់គាត់។
លោកថា៖ «ជុំវិញការងារដែលពួកគេចូលធ្វើការវិញហើយមានការរើសអើង ដោយរុញគាត់ឱ្យនៅមួយកន្លែង ឬដាក់ឱ្យនៅដាច់ដោយឡែកអីហ្នឹង គឺជាទណ្ឌកម្ម។ ការធ្វើបែបនេះ វាមិនត្រឹមត្រូវទេ ធម្មតាគាត់មានសេរីភាពនៅក្នុងការទំនាក់ទំនង អ្នកគ្រប់គ្រងមិនមានសិទ្ធិនៅក្នុងការដាក់នរណាឱ្យនៅដាច់ពីអ្នកដទៃទេ។ […] និយោជក ក្រោយពីផ្សះផ្សា ឬសម្របសម្រួលចប់ហើយ មិនត្រូវមានការរើសអើង គុំគួន ឬក៏ធ្វើទុក្ខបុកម្នេញទេ ចឹងការធ្វើបែបហ្នឹងខ្ញុំគិតថាជាការគុំគួន ហើយវាមិនត្រឹមត្រូវទេ »។
លោកបន្ថែមថា៖ «កម្មករនិងតំណាងសហជីពបានធ្វើតាមនីតិវិធីត្រឹមត្រូវហើយ ដោយពួកគេបានប្រើវិធីសាស្ត្រស្នើទៅដល់អាជ្ញាធររដ្ឋ ជាពិសេសក្រសួងការងារ។ […] នេះជាឱកាសល្អសម្រាប់រាជរដ្ឋាភិបាលដែលមិនចង់ឃើញការតវ៉ា គួរតែយកឱកាសនេះនៅក្នុងការជជែក ដោះស្រាយជាមួយគ្នា»។
គួរបញ្ជាក់ថា ក្រុមកូដករសហជីពក្រុមហ៊ុនណាហ្គាវើលដ៍ បានធ្វើកូដកម្មអស់រយៈពេលជាង ២ឆ្នាំមកហើយ ពាក់ព័ន្ធនឹងវិវាទការងារដែលពួកគេចោទក្រុមហ៊ុនថា បានបញ្ឈប់បុគ្គលិកជាង ១ ០០០នាក់ និងការមិនទូទាត់សំណងសមស្របតាមច្បាប់ការងារ។ ក្រុមកូដករតែងប្រមូលផ្តុំតវ៉ានៅខាងមុខក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ស្ទើររៀងរាល់ថ្ងៃ ដោយថ្ងៃខ្លះមានការតុបតែងខ្លួន និងអំពាវនាវប្លែកៗ ទៅតាមពេលវេលា និងព្រឹត្តិការណ៍ផ្សេងៗ៕