ក្រុមកម្មករ​​និយោជិត​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ស្នើក្រសួង​ការ​ងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជួយអន្តរាគមន៍ដោះស្រាយវិវាទការងារ ដោយពួកគេ​​ថាអ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​ណា​ហ្គា​វើលដ៍ បន្តធ្វើទុកបុកម្នេញ និងយាយី​លើ​សមាជិក​សហជីព​ដែល​កំពុង​បម្រើការ​ងារ​នៅ​ក្នុង​ក្រុម​ហ៊ុន។ 

ការទទូចនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ​ដោយក្រុមកម្មករនិយោជិតបាននាំគ្នាទៅ​ដាក់​លិខិតចំហរទៅកាន់ក្រសួងការងារ ដើម្បីទាមទារឱ្យ​មានចំណាត់ការជាក់លាក់ទៅលើវិវាទការ​ងារ​ដែលអូសបន្លាយអស់រាប់ឆ្នាំ និងថ្មីៗនេះ មានការដាក់សម្ពាធបន្ថែមទៅលើបុគ្គលិកដែលកំពុងបម្រើ​ការ​នៅ​ក្នុង​​ក្រុម​ហ៊ុនណាហ្គាវើលដ៍ផ្ទាល់។ 

កញ្ញា ឈឹម សុខន អនុប្រធានសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៍ ដែលកំពុងបន្តធ្វើកូដកម្មមកដល់បច្ចុប្បន្ន​​ បានឱ្យដឹងថា​ ការដាក់លិខិតនេះ ធ្វើឡើងក្នុង​គោលបំណង​ធំគឺ​​ចង់បញ្ចប់វិវាទដើម្បីឱ្យ​​ពួកគេអាចចូលធ្វើការវិញបាន និងប​ញ្ឈប់នូវទង្វើបៀតបៀន យាយីទៅកាន់បុគ្គលិកដែលកំពុងបម្រើការងារ។ ក្រៅពីនោះ កញ្ញា​ថា សេដ្ឋកិច្ចក្រុមកម្មករនិយោជិតដែលកំពុងតវ៉ា​នេះ ក៏​មិនមានភាពសមប្រកបដែរ​ដោយ​ហេតុ​ថា​វិវាទ​​​នេះ​​អូសបន្លាយយូរពេក មិនមានដំណោះ​ស្រាយសមស្របដែលអាចទទួលយកបាន ហើយពួកគេក៏គ្មានចំណូល។ 

កញ្ញាថា៖ «ចង់ឱ្យ​​ដោះស្រាយវិវាទ បញ្ចប់វិវាទឱ្យ​ពួកខ្ញុំបានចូលធ្វើការវិញ ថ្នាក់ដឹកនាំ ប្រតិភូបុគ្គលិក សកម្មជន និងសមាជិកសហជីពដែលនៅសេសសល់មិនព្រមទៅបញ្ចប់កិច្ចសន្យាហ្នឹងឱ្យ​​ក្រសួងការងារជួយអន្តរាគមន៍ឱ្យ​ក្រុមហ៊ុនយកពួកខ្ញុំចូលធ្វើការវិញទៅ ហើយដោះស្រាយដោយមានយុត្តិធម៌ កុំលម្អៀង […] ភាគីក្រុមហ៊ុនគេជាអ្នកមានស្រាប់ហើយ គេមានទាំងអំណាច គេមានទាំងលុយ យើងស្នើឱ្យ​រដ្ឋមន្ត្រីក្រសួងការងារ​ គាត់យល់ យើងវិវាទ៣ឆ្នាំហើយ សេដ្ឋកិច្ចពួកយើងក៏ពិបាកខ្លាំងដែរ។ ​ ភាគីយើង កម្មករយើង អត់មានអីទៅតតាំងជាមួយគេទេ យើងមានតែការតស៊ូ អត់ធ្មត់ សុំឱ្យ​រដ្ឋមន្ត្រីក្រសួងការងារជួយពន្លឿននៅក្នុងកាតដោះស្រាយ និងប្រកាន់ភាពជាកណ្តាល»។ 

កញ្ញា ឈឹម សុខន បានបន្ថែមថា៖ «ខាងប្រជាពលរដ្ឋ យើងនឹងនៅតែផ្តល់ការទុកចិត្តទៅលើក្រសួង យើងនៅតែទទូចអង្វរ ធ្វើម៉េចឱ្យ​គាត់ដោះស្រាយផ្អែកតាមផ្លូវច្បាប់ បើទោះបីជាយើងមើលឃើញថាវាមានភាពលម្អៀងយ៉ាងណាក៏ដោយ ក្រែងល៏គាត់គិតថាពួកយើងជាបក្សប្រឆាំង យើងនៅតែរក្សាថាវិវាទនេះ​ មិនមានពាក់ព័ន្ធនឹងនិន្នាការនយោបាយមួយណានោះទេ »។ 

កូដករណាហ្គាវើលដ៍ម្នាក់ទៀត អ្នកស្រី ឃ្លាំង សុបិន្ត បានលើកឡើង​ថា ការដាក់លិខិតនេះ ជា​ការឆ្លើយ​តប​ទៅនឹ​ង​ការ​ធ្វើទុក្ខបុកម្នេញ ម្ដងហើយម្ដងទៀត ពីសំណាក់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការបង្កកប្រាក់​ភាគ​ទាន និង​ការរើសអើងនៅកន្លែងការងារជាដើម។ 

អ្នកស្រីថា៖ «ក្រុមហ៊ុនយក​លេសពីលិខិតដែលក្រសួងបានអនុញ្ញាត ឱ្យក្រុមហ៊ុនកាត់ប្រាក់ភាគទានពីកម្មករនិយោជិតទៅប្រើប្រាស់បណ្ដោះអាសន្ន […] នៅចុងឆ្នាំ២០២៣ហ្នឹង គេមានបង្កើតព្រឹត្តិការណ៍ថ្មីមួយដោយយកបុគ្គលិកដែលអស់លទ្ធភាពនៅក្នុងការធ្វើកូដកម្មត្រឡប់ទៅធ្វើការវិញ។ តែបុគ្គលិកចំនួន៧៣នាក់ ដែលគេបានយកត្រឡប់ទៅវិញនោះ គឺត្រូវបានគេដាក់ឱ្យ​​នៅដោយឡែកមិនឱ្យ​មានទំនាក់ទំនង ពាក់ព័ន្ធជាមួយនឹងបុគ្គលិកដទៃទៀត» 

អ្នក​ស្រី សុបិន្ត បានចាត់ទុកការធ្វើបែបនេះ ថាជាទង្វើអសីលធម៌ និងបង្កឱ្យ​មានការរើសអើងនៅកន្លែង​ការ​ងារ។ 

លើសពីនេះទៅទៀត អ្នកស្រីបានបន្ថែមថា៖ «ក្រោយពីពួកគាត់ត្រូវបានគេដាក់ឱ្យ​នៅដាច់ដោយឡែកអស់រយៈពេលជាងមួយឆ្នាំ ពួកគេត្រូបានបង្ខំឱ្យ​ចុះហត្ថលេខាលើលិខិតរំលាយកិច្ចសន្យារបស់ពួកគាត់ចោលតែម្តង […] ក្នុងចំណោម៧៣នាក់ហ្នឹង ពួកគាត់ខ្លា ព្រោះបើអត់ស៊ីញ៉េទេ គេអត់ឱ្យ​​គាត់ចេញទៅផ្ទះទេ ពួកគាត់ត្រូវស៊ីញ៉េទាំងបង្ខំ»។ 

អ្នកស្រីបញ្ជាក់ថា ក្នុងចំណោមបុគ្គលិកទាំង ៧៣​នាក់ដែលបានត្រឡប់ទៅធ្វើការវិញនោះ គឺមាន​ ៤នាក់​បាន​បដិសេធមិនព្រមចុះហត្ថលេខា ហើយត្រូវបានក្រុមការងារគេដកកាតរបស់គាត់ទាំងបង្ខំ។ 

លោក កត្តា អ៊ន អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ មានប្រសាសន៍​ថា កន្លងមក ក្រសួង​តែងតែបានខិតខំក្នុងការដោះស្រាយវិវាទនេះ រហូតឡើងទៅដល់ក្រុមប្រឹក្សាអាជ្ញាកណ្តាល។

លោកថា៖ «កន្លងមក ក្រសួងបានប្រឹងប្រែងសម្របសម្រួលដោះស្រាយវិវាទតាមយន្តការដោះស្រាយវិវាទតាមច្បាប់ការងារ ចំនួន២លើក និងបានបញ្ជូនករណីនេះទៅករុមប្រឹក្សាអាជ្ញាកណ្តាល។ […] ក្រុមប្រឹក្សាអាជ្ញាកណ្តាល បានចេញសេចក្តីបង្គាប់រួចហើយ បងប្អូនមិនអនុវត្តតាមសេចក្តីសម្រេចរបស់អជ្ញាកណ្តាល ចេញធ្វើការតវ៉ា​ជារូបភាព បាតុកម្ម និងកូដកម្ម »

លោកបន្ថែមថា៖ «ជុំវិញករណីនេះ គណៈកម្មការ[ដោះស្រាយកូដកម្ម និងបាតុកម្មគ្រប់មុខសញ្ញា]នេះ បានសម្របសម្រួល ២៧លើក តែភាគីមិនសះជា។ [..] តាមនីតិវិធីដោះស្រាយវិវាទការងារតាមច្បាប់ការងារ ក្រសួងបានប្រឹងប្រែងដោះស្រាយករណីនេះ។ ករណីនេះតាមច្បាប់ផុតសមត្ថកិច្ចក្រសួងការងារហើយ ភាគីអាចប្តឹងទៅតុលាការ »

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍​ថាការដែល​ក្រុមហ៊ុនដាក់ឱ្យ​​ក្រុម​កម្មករ​ដែល​ត្រឡប់​ចូល​ទៅធ្វើការវិញឱ្យ​​នៅដាច់ដោយឡែក គឺជាអំពើ​ទណ្ឌកម្ម​នៅក្នុងកន្លែងការងារ។ 

លោកបន្តថា នៅក្នុងច្បាប់ស្តីពីការធ្វើកូដកម្មដោយសន្តិវិធី ទោះបីកម្មករធ្វើកូដកម្មក៏ដោយ ពួកគាត់មាន​សិទ្ធិនៅក្នុងការទាមទារឱ្យ​​និយោជកទទួលយក​នូវ​លក្ខខណ្ឌរបស់គាត់។

លោកថា៖​ «ជុំវិញការងារដែលពួកគេចូលធ្វើករវិញហើយមានការរើសអើង ដោយរុញគាត់ឱ្យ​​នៅមួយកន្លែង ឬដាក់ឱ្យ​​នៅដាច់ដោយឡែកអីហ្នឹង​ គឺជាទណ្ឌកម្ម។ ការធ្វើបែបនេះ វាមិនត្រឹមត្រូវទេ ធម្មតាគាត់មានសេរីភាពនៅក្នុងការទំនាក់ទំនង អ្នកគ្រប់គ្រងមិនមានសិទ្ធិនៅក្នុងការដាក់នរណាឱ្យ​​នៅដាច់ពីអ្នកដទៃទេ។ […] និយោជក ក្រោយពីផ្សះផ្សា ឬសម្របសម្រួលចប់ហើយ មិនត្រូវមានការរើសអើង គុំគួន ឬក៏ធ្វើទុក្ខបុកម្នេញទេ​​ ចឹងការធ្វើបែបហ្នឹងខ្ញុំគិតថាជាការគុំគួន ហើយវាមិនត្រឹមត្រូវទេ »

លោកបន្ថែមថា៖ «កម្មករនិងតំណាងសហជីពបានធ្វើតាមនីតិវិធីត្រឹមត្រូវហើយ ដោយពួកគេបានប្រើវិធីសាស្ត្រស្នើទៅដល់អាជ្ញាធររដ្ឋ ជាពិសេសក្រសួងការងារ។ […] នេះជាកាសល្អសម្រាប់រាជរដ្ឋាភិបាលដែលមិនចង់ឃើញការតវ៉ា គួរតែយកកាសនេះនៅក្នុងការជជែក ដោះស្រាយជាមួយគ្នា»

គួរបញ្ជាក់ថា ក្រុម​កូដករ​សហជីព​ក្រុមហ៊ុន​ណាហ្គាវើលដ៍ បាន​ធ្វើ​កូដកម្មអស់​រយៈពេល​ជាង ២​ឆ្នាំ​មក​ហើយ ពាក់ព័ន្ធ​នឹង​វិវាទ​ការងារ​ដែលពួកគេចោទ​ក្រុម​ហ៊ុនថា​ បាន​បញ្ឈប់​បុគ្គលិក​ជាង​ ១ ០០០​​នាក់ និង​​ការ​​មិន​​ទូទាត់​​សំណង​​សម​ស្រប​តាម​ច្បាប់​ការងារ។ ក្រុម​កូដករ​​តែង​​ប្រមូល​ផ្តុំ​តវ៉ា​នៅ​ខាង​មុខ​ក្រុមហ៊ុន​កាស៊ីណូ​ណាហ្គាវើលដ៍​​ស្ទើ​រ​រៀង​រាល់​ថ្ងៃ​ ដោយ​ថ្ងៃ​ខ្លះ​មាន​​ការ​តុបតែង​ខ្លួន​ និង​អំពាវនាវ​ប្លែកៗ​ ទៅ​តាមពេល​វេលា​ និង​ព្រឹត្តិការណ៍ផ្សេងៗ៕