បញ្ហាកកស្ទះចរាចរណ៍ បានធ្វើប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ចគ្រួសារ និងសង្គម។ ហើយការកកស្ទះចរាចរណ៍ក៏បានបំពុលបរិស្ថាន និងធ្វើឱ្យប៉ះពាល់ដល់ផ្លូវចិត្តរបស់អ្នកធ្វើដំណើរផងដែរ។ ការកកស្ទះចរាចរណ៍ក៏បង្កឲ្យមានការជិះបំពានភ្លើងស្តុប ការជិះមិនគោរពសិទ្ធិគ្នា ខុសច្បាប់ចរាចរណ៍ បង្កឲ្យកើតមានជម្លោះជាដើម។
យោងតាមរបាយការណ៍មួយចេញផ្សាយដោយ មន្រ្តីស្រាវជ្រាវនៃនាយកដ្ឋានភូមិវិទ្យា និងនគរូបនីយកម្មនៃវិទ្យាស្ថានមនុស្សសាស្រ្តនិងវិទ្យាសាស្រ្តសង្គម បានឲ្យដឹងថា ប្រមាណជាងមួយទសវត្សចុងក្រោយមកនេះ ការធ្វើដំណើរទៅមកក្នុងទិសដៅផ្សេងៗ ក្នុងរាជធានីភ្នំពេញ តែងតែកើតមានការកកស្ទះស្ទើររាល់ថ្ងៃ ជាពិសេសក្នុងម៉ោងមមាញឹក ពេលព្រឹកចន្លោះម៉ោង៦:៣០ ដល់៨:៣០នាទីព្រឹក ពេលល្ងាចចន្លោះម៉ោង ៥:៣០ ដល់ ៨:៣០ល្ងាច។
Newsroom Cambodia បានសម្ភាសន៍ពលរដ្ឋ និងនិស្សិតចំនួន៧នាក់ អំពីការយល់ឃើញរបស់ពួកគេទាក់ទងនឹងបញ្ហាកកស្ទះចរាចរណ៍នាពេលបច្ចុប្បន្ន៖
យុវតី ដូ នីហ្សា អាយុ ១៦ឆ្នាំ រៀននៅវិទ្យាល័យច្បារអំពៅលើកឡើងថា ការកកស្ទះចរាចរណ៍ធ្វើឱ្យគាត់ទៅរៀនយឺត និងត្រូវបានគ្រូស្ដីបន្ទោស។
យុវតីបានថ្លែងថា៖ «ពេលដែរខ្ញុំជិះទៅរៀន ពេលដែលមានការស្ទះផ្លូវ អ៊ីចឹងទៅខ្ញុំទៅរៀនយឺត ហើយត្រូវគ្រូស្ដីឱ្យ ត្រូវគ្រូឱ្យឈរ អ៊ីចឹងទេគ្រូឱ្យចេញពីថ្នាក់ដោយសារខ្ញុំមកយឺត»។
យុវតី ដូ នីហ្សា រៀននៅវិទ្យាល័យច្បារអំពៅ។ (រូបថត៖ ណឺ មិនា)
លោក សន ណារ៉ូ អាយុ២៣ឆ្នាំ អ្នកធ្វើទីផ្សារ នៅឃុំរកាកោះ បានលើកឡើងថា បញ្ហាកកស្ទះនេះបានធ្វើឱ្យលោកខកខានការប្រជុំ។
លោកបានថ្លែងថា៖ «បញ្ហាកកស្ទះចរាចរណ៍បង្កផលលំបាកដូចជា ទីមួយយើងត្រូវធ្វើដំណើរទៅធ្វើការ ឬក៏ទៅកន្លែងណាមួយអ៊ីចឹងមានការស្ទះខក មានកិច្ចប្រជុំអ៊ីចឹងទៅ យើងទៅធ្វើឱ្យយឺតម៉ោងយើងប្រជុំ»។
លោក សន ណារ៉ូ អ្នកធ្វើទីផ្សារ។ (រូបភាព៖ ជា ម៉ារ៉ា)
កញ្ញា មួយឃៀង អាយុ២៣ឆ្នាំ ជានិស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា បានលើកឡើងថា ពេលកកស្ទះម្ដងៗ មានអ្នកស៊ីផ្លេឱ្យកញ្ញាទៅទាំងដែលភ្លើងស្តុបនៅក្រហមនៅឡើយ។
កញ្ញាបានថ្លែងថា៖ «យើងអ្នកនៅខាងមុខ ពេលដែលភ្លើងស្តុបក្រហមយើងត្រូវឈប់ទាំងអស់គ្នា ហើយដល់ពេលដែលភ្លើងមិនទាន់បានលោតពណ៌ខៀវផង គាត់ចាប់ផ្ដើមស៊ីផ្លេឱ្យយើងជ្រុលទៅខាងមុខ ឱ្យយើងទៅឱ្យលឿនទៅ»។
កញ្ញា មួយឃៀង និស្សិតរៀននៅវិទ្យាស្ថានវ៉ាន់ដា
កញ្ញា ឈួន សុមេតា អាយុ២៣ឆ្នាំ បច្ចុប្បន្នរស់នៅសង្កាត់ទួលពង្រ ជានិស្សិតរៀននៅសាកលវិទ្យាល័យន័រតុន ឆ្នាំទី២ បានលើកឡើងថា ពីផ្ទះទៅសាលាឆ្ងាយខ្លាំង បើសិនជាកកស្ទះចរាចរណ៍ទៀតធ្វើឱ្យយឺតម៉ោងសិក្សា ហើយថែមទាំងក្តៅទៀតផង។
កញ្ញាបន្ថែមថា៖ «មុនទៅសាលាត្រូវប្រើរយៈពេលមួយម៉ោងដើម្បីទៅដល់ ខាតពេលត្រង់ថាត្រូវការរៀបចំអីមុនទុកយូរ ខាតទាំងពេលយើងធ្វើដំណើរ ម៉ោងត្រូវចំណាយពេលយូរខ្លាំងដល់ថ្នាក់មួយម៉ោង។ បើសិនជាអត់ស្ទះវិញ ប្រើរយៈពេលតែកន្លះម៉ោងគឺធម្មតា តែបើស្ទះពេលថ្ងៃអាចក្តៅ ពេលព្រឹកក៏ក្តៅដែរ ដោយសារម៉ាស៊ីន ឡាន ម៉ូតូ»។
កញ្ញា កែវ ពីប៉េះ គ្រូបង្រៀនតាមផ្ទះបានលើកឡើងថា៖ «ពេលកកស្ទះគឺខាតពេលវេលា ទាក់ទងនឹងហានិភ័យផ្សេងៗដែលយើងមើលមិនឃើញ ហើយមួយទៀតគឺក្តៅ»។
កញ្ញា ទឹម សុផង់ អាយុ២៤ឆ្នាំ សព្វថ្ងៃជាគ្រូបង្រៀននៅសាលាឯកជនមួយ និងកំពុងរៀននៅសាកលវិទ្យាល័យបញ្ញាសាស្រ្តបានឲ្យដឹងថា កញ្ញាបានជួបបញ្ហាការកកស្ទះចរាចរណ៍ដែលបង្កផលលំបាកទៅលើអារម្មណ៍គាត់ជាខ្លាំង។
កញ្ញាបានថ្លែងថា៖ «សម្រាប់ខ្ញុំផ្ទាល់ពេលដែលស្ទះចរាចរណ៍ធ្វើឲ្យខ្ញុំមានអារម្មណ៍រាងស្ត្រេស អត់សូវសប្បាយចិត្ត យើងត្រូវរង់ចាំពេលវេលាយូរ។ ណាមួយទៀតពេលដែលយើងទៅសាលារៀន យើងទៅរៀនអត់ទាន់ពេលនៅពេលដែលស្ទះចរាចរណ៍ ហើយពាក់ព័ន្ធនឹងសុខភាពយើងដែរ ពេលស្ទះអ៊ីចឹងធ្វើឱ្យយើងស្រូបផ្សែងពីឡានផ្សេងៗ ហើយបើមានអ្នកជំងឺតាមឡានពេទ្យគឺគាត់ពិបាកក្នុងការទៅមន្ទីរពេទ្យបានលឿន»។
កញ្ញា ទឹម សុផង់ គ្រូបង្រៀននៅសាលាឯកជន។ (រូបភាព៖ សៀក រ៉ាមេឃ)
កញ្ញា ផែវ យឿន អាយុ២៤ឆ្នាំ ជានិស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញបានលើកឡើងថា នៅពេលដែលគាត់ចង់ធ្វើដំណើរទៅកន្លែងណាមួយគឺត្រូវចំណាយពេលវេលាច្រើន។
កញ្ញាថ្លែងថា៖ «ពេលយើងចង់ទៅកន្លែងណាអ៊ីចឹងដែលចំណាយពេលតែ១៥នាទី គឺបានធ្វើឱ្យស្ទះរហូតទៅដល់មួយម៉ោងហើយបានធ្វើឱ្យយើងពិបាក»៕
កញ្ញា ផែវ យឿន និស្សិតសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ (រូបភាព៖ សៀក រ៉ាមេឃ)