ជាទូទៅ និស្សិតសាកលវិទ្យាល័យកម្ពុជាដែលជិតបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ការសម្រេចចិត្តដ៏សំខាន់មួយបានកើតឡើងរវាងការប្រឡងចេញ និងការសរសេរសារណាដើម្បីបញ្ចប់ការសិក្សា។ ជម្រើសទាំងពីរនេះបង្ហាញពីឱកាស និងបញ្ហាប្រឈមរៀងៗខ្លួន។
Newsroom Cambodia នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានសម្ភាសនិស្សិតដែលកំពុងសិក្សា និងបានបញ្ចប់ការសិក្សាចំនួន៦រូប អំពីការយល់ឃើញរបស់ពួកគេទាក់ទងទៅនឹងជម្រើសទាំងពីរនេះ៖
លោក សកល អាយុ២៤ឆ្នាំ ជានិស្សិតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្តលើកឡើងថា ការសរសេរសារណាមានសារសំខាន់ណាស់ ពិសេសនៅក្នុងវិស័យការងារដែលទាក់ទងទៅនឹងការសរសេរ លើសពីនេះទៅទៀតសម្រាប់អ្នកមានបំណងបន្តសិក្សាថ្នាក់អនុបណ្ឌិត។
លោកបានប្រាប់ថា៖ «កាលពីអតីតកាលនៅក្នុងការរៀននោះ ខ្ញុំបានប្រលងចេញទេ ប៉ុន្តែដោយសារបច្ចុប្បន្នខ្ញុំបម្រើការងារនៅក្នុងអង្គការអន្តរជាតិមួយតួនាទីជា Grant Officer អ៊ីចឹងយើងធ្វើការសរសេរច្រើនដើម្បីយកកញ្ចប់ថវិការមកអភិវឌ្ឍន៍នៅស្រុកយើង ខ្ញុំយល់ថាយុវជនគួរតែជ្រើសយកការសរសេរសារណា ដោយសារតែធ្វើឱ្យយុវជនមានការស្រាវជ្រាវច្រើន ជាជាងដែលយើងធ្វើការប្រឡងចេញ ដោយការប្រឡងហ្នឹងគ្រាន់តែជាការធ្វើតែសលើមុខវិជ្ជាមូលដ្ឋានដែលយើងរៀន៤ ឆ្នាំនោះទេ»។
លោក សកល និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យបញ្ញាសាស្រ្ត។ (រូបភាព៖ ណឺ មិនា)
លោកបានបន្តថា៖ «បើយុវជនមានបំណងបន្តការសិក្សាថ្នាក់អនុបណ្ឌិតទៀតសោត ខ្ញុំជឿជាក់ថាបើសិនជាគាត់អត់បានធ្វើរបាយការណ៍ស្រាវជ្រាវនិក្ខេបបទថ្នាក់បរិញ្ញាបត្រទេ គាត់នឹងមានភាពប្រឈមច្រើន»។
លោក គឹម តៃសាង អាយុ២៣ឆ្នាំ ជានិសិ្សតដែលបានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុនបានប្រាប់ពីភាពខុសប្លែកគ្នារវាងការសរសេរសារ និងការប្រលងចេញ រួមទាំងការយល់ឃើញរបស់លោកទៅលើការសរសេរសារណា។
លោកថា៖ «ផ្អែកលើបទពិសោធផ្ទាល់របស់ខ្ញុំ កាលខ្ញុំបញ្ចប់ហ្នឹងគឺខ្ញុំប្រលង [ចេញ] តែបើជាយោបល់របស់ខ្ញុំ ការសរសេរសារណាក៏ជារឿងល្អដែរដោយសារពួកគាត់បានស្រាវជ្រាវបន្ថែមហើយបានឡើងធ្វើ Presentation (បទបង្ហាញ) ជាមួយលោកគ្រូអ្នកគ្រូដែលគាត់ចាំមើល តែមិនមែនមានន័យថាការប្រលងចេញហ្នឹងយើងអត់បានការស្រាវជ្រាវនោះទេ តែដូចយើងដឹងស្រាប់ហើយ ជាទូទៅយើងប្រលងច្រើនទាំងMid Term(ពាក់កណ្ដាលឆមាស) ទាំងFinal(បញ្ចប់) ហើយនៅមានប្រលងសងទៀត អ៊ីចឹងយើងធ្វើការប្រលងច្រើន ប៉ុន្តែការធ្វើសារណាគឺតែម្តងហើយវាទាមទារឲ្យយើងស្រាវជ្រាវច្រើន»។
លោកបានបន្តថា៖ «ខ្ញុំគិតថាការធ្វើសារណាគឺល្អជាង ទោះជាលំបាកបន្តិចតែវាបានផ្តល់បទពិសោធឲ្យយើងបានច្រើន»។
លោក គឹម តៃសាង និសិ្សតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យន័រតុន។ (រូបភាព៖ ណឺ មិនា)
កញ្ញា ព្រំ ន័រ អាយុ២៣ឆ្នាំ បច្ចុប្បន្ននៅភ្នំពេញ សិក្សានៅសាកលវិទ្យាល័យអាស៊ីអឺរ៉ុប បានលើកឡើងថា ការប្រលងចេញគឺល្អប្រសើរជាង ព្រោះមិនត្រូវការពេលវេលាដើម្បីស្រោជ្រាវពេកទេ។
កញ្ញាបានថ្លែងថា៖ «វាអត់សូវចំណាយពេលលើយើងច្រើន ដោយសារយើងគ្រាន់តែប្រលងចេញទៅហើយហ្មង ដល់ពេលយើងធ្វើសារណាទៅយើងត្រូវចំណាយពេលច្រើនរករបាយការណ៍រកអ៊ីចឹង» ។
កញ្ញា ព្រំ ន័រ និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប។ (រូបភាព៖ ជា ម៉ារ៉ា)
លោក សាង សែន អាយុ ២៣ឆ្នាំ ទីលំនៅបច្ចុប្បន្ននៅព្រែកលៀប សិក្សានៅសាកលវិទ្យាល័យភូមិន្ទ បានលើកឡើងថា មានសារសំខាន់ទាំងពីរ ព្រោះសម្រាប់និស្សិតណាដែរមិនចាំបាច់ចង់ស្រោវជ្រាវច្រើនគាត់អាចរើសយកការប្រលងចេញ សម្រាប់និស្សិតណាមានបំណងចង់ទៅរៀននៅក្រៅប្រទេសបន្តគាត់អាចរើសយកការធ្វើសារណា។
លោកថ្លែងថា៖ «និស្សិតដែលអាចថាគាត់ល្មម អត់ចាំបាច់ត្រូវស្រោវជ្រាវច្រើនគាត់ប្រលងចេញធម្មតាទៅ ចំណែកឯនិស្សិតដែលគាត់ត្រូវសរសេរសារណា ត្រូវត្រៀមប្រលងទៅក្រៅតទៀតគាត់សរសេរសារណាទៅមានក្រេឌីតសម្រាប់ការទៅប្រលងនៅក្រៅ»។
លោក សាង សែន និស្សិតសាកលវិទ្យាល័យភូមិន្ទ។ (រូបភាព៖ ណឺ មិនា)
កញ្ញា គីមឡាង អាយុ២១ឆ្នាំ ជានិស្សិតនៅសាលាភូមិន្ទភ្នំពេញ រៀនជំនាញអក្សរសាស្រ្តខ្មែរ ឆ្នាំទី៣ កញ្ញាបានលើកឡើងថា ការសរសេរសារណាល្អជាងការប្រឡងចេញ។
កញ្ញាបានថ្លែងថា៖ «ការសរសេរសារណាល្អច្រើន ដោយសារមានអត្តិភាពស្រាវជ្រាវបានច្រើនជាងការប្រឡងចេញ»។
កញ្ញា គីមឡាង និស្សិតនៅសាលាភូមិន្ទភ្នំពេញ។ (រូបភាព៖ ជា ម៉ារ៉ា)
កញ្ញា ស្រីណូ អាយុ២២ឆ្នាំ សព្វថ្ងៃជាបុគ្គលិកអង្គការមួយកន្លែងរស់នៅទីក្រុងភ្នំពេញ បានលើកឡើងថា ការប្រឡងចេញមានភាពងាយស្រួលជាង។
កញ្ញាបានថ្លែងថា៖ «ការប្រឡងចេញមានភាពងាយស្រួលហើយមានតែបីទៅបួនមុខវិជ្ជាដើម្បីប្រឡង ព្រោះលោកគ្រូ អ្នកគ្រូបានដាក់គម្រោងសំណួរឱ្យយើងត្រៀម មួយវិញទៀតការសរសេរសារណាក៏មានភាពងាយស្រួលដែរ ព្រោះមានពេលធ្វើការច្រើន មិនបាច់ទៅរៀននៅសាលា ដល់ពេលថ្ងៃធ្វើសារណាឡើងធ្វើតែម្តង ហើយវាម្យ៉ាងម្នាក់»៕
កញ្ញា ស្រីណូ បុគ្គលិកអង្គការ។ (រូបភាព៖ ណឺ មិនា)