អគ្គស្នងការដ្ឋាននគរបាលជាតិអំពាវនាវឱ្យប្រុងប្រយ័ត្នក្នុងករណីមានសារ (SMS) ស្នើសុំព័ត៌មានផ្ទាល់ខ្លួន ដែលអាចប្រឈមនឹងការទាញយកព័ត៌មានដើម្បីចូលទៅគណនីធនាគារ។
សេចក្តីអំពាវនាវសី្តពីករណីប្រុងប្រយ័ត្នចំពោះសារ (SMS) ចេញដោយអគ្គស្នងការដ្ឋាននគរ បាលជាតិ នៅថ្ងៃទី៥ ខែមីនា បញ្ជាក់ថា សាធារណជនទាំងអស់ត្រូវប្រុងប្រយ័ត្នចំពោះសារ (SMS) ស្នើសុំព័ត៌មានផ្ទាល់ខ្លួនដើម្បីចូលគណនីធនាគារ ការស្នើសុំលេខអត្តសញ្ញាណ ឬការបញ្ជាក់នូវព័ត៌មានគណនីធនាគារ។
អគ្គស្នងការដ្ឋាននគរបាលជាតិព្រមានថា៖ «សូមកុំចុចទៅលើតំណភ្ជាប់ (Link) ដែលទទួលបាននោះ ឬកុំឆ្លើយតប និងផ្ដល់នូវព័ត៌មានផ្ទាល់ខ្លួន ឬព័ត៌មានគណនីជាដាច់ខាត»។
អគ្គស្នងការដ្ឋាននគរបាលជាតិបន្ថែមថា បើមានការមន្ទិលសង្ស័យសូមទំនាក់ទំនងទៅកាន់គ្រឹះស្ថានហិរញ្ញវត្ថុរបស់ខ្លួនដើម្បីបញ្ជាក់ឱ្យបានច្បាស់លាស់ មុនចុចទៅលើតំណភ្ជាប់៕