ពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់ រងរបួសធ្ងន់ និងស្រាល ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍មួយពេលធ្វើដំណើរពីកន្លែងស្នាក់នៅ ឆ្ពោះទៅកន្លែងធ្វើការក្នុងស្រុកណាឌី ខេត្តប្រាជីនបុរី ប្រទេសថៃ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ការិយាល័យអ្នកនាំពាក្យនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចេញកាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ បញ្ជាក់ថា ស្ថានអគ្គកុងស៊ុលកម្ពុជានៅខេត្តស្រះកែវបានទទួលព័ត៌មានពីអាជ្ញាធរថៃក្នុងស្រុកណាឌី ខេត្តប្រាជីបុរី ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ មានពលករខ្មែរចំនួន២០នាក់ និងកុមារចំនួន៥នាក់បានជួបគ្រោះថ្នាក់ចរាចរណ៍ពេលធ្វើដំណើរពីកន្លែងស្នាក់នៅក្នុងភូមិខ្លងម៉ាហ្វៃ ឆ្ពោះទៅកន្លែងធ្វើការក្នុងស្រុកណាឌី ខេត្តប្រាជីនបុរី។
សេចក្តីប្រកាសព័ត៌មានដដែលបន្ថែមថា៖ «គ្រោះថ្នាក់នេះបានបណ្តាលឱ្យពលករខ្មែររបួសធ្ងន់ចំនួន២នាក់ និងស្រាលចំនួន២៣នាក់។ ក្រោយពេលកើតហេតុ ពលករខ្មែរចំនួន២នាក់ដែលរងរបួសធ្ងន់ត្រូវបានរថយន្តសង្គ្រោះបន្ទាន់បញ្ជូនទៅមន្ទីរពេទ្យស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ចំណែកអ្នករងរបួសស្រាល ក្រោយពីបានសង្គ្រោះបឋមរួចហើយ ត្រូវបានថៅកែទទួលយកទៅកន្លែងស្នាក់នៅវិញ»។
បើតាមស្ថានអគ្គកុងស៊ុល រាល់ការចំណាយផ្សេងៗក្នុងការព្យាបាលរបួសត្រូវបានថៅកែថៃទទួលបន្ទុកទាំងអស់៕