ពលករ​ខ្មែរ​ចំនួន​២០នាក់​ និងកុមារ​ចំនួន​៥នាក់ រង​របួស​ធ្ងន់ និង​ស្រាល ក្នុង​ករណី​​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​​ពេល​ធ្វើ​ដំណើរ​ពី​កន្លែង​ស្នាក់​នៅ​ ឆ្ពោះ​​ទៅ​​កន្លែង​ធ្វើ​​ការ​ក្នុង​ស្រុក​ណាឌី ខេត្ត​ប្រា​ជី​នបុរី ប្រទេស​ថៃ​។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន​របស់ក្រសួងការបរទេស​កម្ពុជា។

ក្នុង​សេចក្តីប្រកាសព័ត៌មាន​របស់​ការិ​យាល័យ​អ្នក​នាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិ​ការអន្តរជាតិ ចេញ​កាល​ពី​ថ្ងៃ​ទី​០​៦​​ ខែ​មីនា​ ឆ្នាំ​២០២៤ បញ្ជាក់ថា ស្ថាន​អគ្គកុង​ស៊ុល​កម្ពុជា​នៅ​ខេត្ត​ស្រះ​កែវ​បាន​ទទួល​ព័ត៌មាន​ពី​អាជ្ញា​ធរ​​​​ថៃ​​ក្នុង​ស្រុក​ណា​ឌី​ ខេត្ត​ប្រា​ជី​បុរី ថា ​កាល​ពី​ថ្ងៃ​ទី​៣​ ខែ​មីនា​ ឆ្នាំ​២០២៤​ មាន​ពលករ​ខ្មែរ​ចំនួន​២០នាក់​ និងកុមារ​ចំនួន​៥នាក់​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ពេល​ធ្វើ​ដំណើរ​ពី​កន្លែង​ស្នាក់​នៅ​ក្នុង​ភូមិ​ខ្លង​ម៉ា​ហ្វៃ​ ឆ្ពោះ​​ទៅ​​កន្លែង​ធ្វើ​​ការ​ក្នុង​ស្រុក​ណាឌី ខេត្ត​ប្រា​ជី​នបុរី។

សេចក្តី​​ប្រកាស​ព័ត៌មាន​ដដែល​​​បន្ថែម​​ថា​៖ «គ្រោះ​ថ្នាក់​​នេះ​​បាន​បណ្តាល​ឱ្យ​ពលករ​ខ្មែរ​​​របួស​ធ្ងន់​ចំនួន​​២​នាក់​​ និងស្រាលចំនួន​២៣នាក់។ ក្រោយពេលកើតហេតុ​ ពលករខ្មែរចំនួន​២នាក់​ដែល​រងរបួស​ធ្ងន់​ត្រូវ​បាន​រថយន្ត​សង្គ្រោះបន្ទាន់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​ស្រុកកាប៊ិនបុរី ខេត្តប្រាជីនបុរី។ ​ចំណែក​អ្នក​រងរបួស​ស្រាល ក្រោយពីបាន​សង្គ្រោះបឋមរួច​ហើយ ត្រូវបាន​ថៅកែទទួល​យកទៅកន្លែង​ស្នាក់នៅវិញ»។

បើតាម​ស្ថាន​អគ្គកុងស៊ុល រាល់​ការ​ចំណាយ​ផ្សេង​ៗ​ក្នុង​ការ​ព្យាបាល​របួស​ត្រូវបាន​ថៅ​កែ​ថៃ​ទទួល​​បន្ទុក​ទាំង​អស់​៕​