លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គ្រោងដាក់ចេញនូវវិធានការអាទិភាពចំនួន៨ ដើម្បីលើកកម្ពស់ស្រី្ត និងកុមារី ក៏ដូចជាសិទ្ធិចូលរួមដោយស្មើភាពជាមួយនឹងបុរស ស្របពេលទិវាសិទ្ធិនាទីអន្តរជាតិខិតចូលមកដល់។
តាមរយៈវីដេអូប្រមាណជិត២០នាទីលើទំព័រហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី០៧ ខែមីនានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងនូវវិធានការជាអាទិភាពទាំង៨ ដែលរដ្ឋាភិបាលគ្រោងដាក់ចេញ ក្នុងនោះមានដូចជា គោលនយោបាយជាតិស្តីពីសមភាពយេនឌ័រ ដើម្បីពង្រឹងនិងពង្រីកវិសាលភាពក្នុងការបញ្ជ្រាបយេនឌ័រ និងបង្កើនភាពអង្គអាចដល់ស្រ្តីនិងក្មេងស្រី ការគាំទ្រដល់សហគ្រិនស្ត្រី ពង្រឹងពង្រីកប្រព័ន្ធគាំពារសង្គម ព្រមទាំងការដោះស្រាយគម្លាតយេនឌ័រក្នុងវិស័យឌីជីថល។
លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកក៏នឹងយកចិត្តទុកដាក់និងជំរុញដល់គ្រប់ដៃគូពាក់ព័ន្ធក្នុងការលើកកម្ពស់កម្មវិធីតុល្យភាពជីវិតគ្រួសារនិងការងារ ដើម្បីកាត់បន្ថយការងារស្រ្តី និងក្មេងស្រី បន្តលើកកម្ពស់សីលធម៌សង្គមតម្លៃស្រ្តី និងសខុដុមរមនានៅក្នុងគ្រួសារ។
លោកបានបន្ថែមថា រដ្ឋាភិបាលក៏នឹងដាក់ចេញនូវវិធានការភាពជាអ្នកដឹកនាំរបស់ស្ត្រីនិងក្មេងស្រី និងពិនិត្យលទ្ធភាពនិងវិធានការគោលនយោបាយសមស្របដែលអនុញ្ញាតឱ្យស្រ្តីជាអភិបាលរងនៃគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌផងដែរ។
ប្រធានសមាគមសហគ្រិនស្ដ្រី និងជាអគ្គនាយិការក្រុមហ៊ុននំស្រួយលីលី អ្នកស្រី កែវមុំ សាទរចំពោះការសម្រេចរបស់រដ្ឋាភិបាល ដោយថានឹងអាចជំរុញការចូលរួមរបស់ស្ត្រីនៅក្នុងសង្គម។
អ្នកស្រីថា៖ «យើងពិតជាសប្បាយរីករាយមែនទែន ដែលរាជរដ្ឋាភិបាលតែងតែគិតគូរស្ត្រី ហើយជាពិសេសនេះ គឺនៅក្នុងឆ្នាំ២០២៤ ក៏ជាយុគស្ត្រីផងដែរ អ៊ីចឹងគោលការណ៍របស់រាជរដ្ឋាភិបាលចេញមក គឺល្អខ្លាំងមែនទែនក្នុងការជួយជំរុញ និងលើកទឹកចិត្តដល់ស្ត្រីឱ្យចូលរួមនៅក្នុងសង្គមឱ្យបានកាន់តែច្រើនផងដែរ»។
អ្នកស្រី កែវ មុំ បានបន្តថា អ្នកស្រីចង់ឱ្យមានការផ្សព្វផ្សាយពីគោលនយោបាយនានា អំពីស្ដ្រីឱ្យបានទូលំទូលាយ ដើម្បីផ្ដល់ឱកាសកាន់តែច្រើនដល់ស្ត្រី និងស្នើដល់រដ្ឋាភិបាលជួយសម្រួលដល់ការផ្ដល់ឥណទានដល់សហគ្រិនស្រ្តី ក៏ដូចជាបន្ទាបអត្រាការប្រាក់ និងរយៈពេលនៃការផ្ដល់កម្ចីផងដែរ។
អ្នកស្រីថា៖ «យើងសង្កេតឃើញថា នៅពេលដែលស្ត្រីមានហិរញ្ញវត្ថុគ្រប់គ្រាន់ក្នុងការពង្រីកអាជីវកម្ម គឺអាចចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិយើងផងដែរ ពីព្រោះនៅក្នុងប្រទេសកម្ពុជាតាមការសិក្សាស្រាវជ្រាវចំពោះសហគ្រិនស្ត្រី គឺមានរហូតដល់ជាង៦០ភាគរយ យើងឃើញថាចំនួននេះគឺពិតជាច្រើនមែន»។
សកម្មជនក្រុមចលនាមាតាធម្មជាតិ កញ្ញា មាន លីសា យល់ថា វិធានការដែលរាជរដ្ឋាភិបាលគ្រោងនឹងដាក់ចេញនេះ អាចនឹងមិនមានប្រសិទ្ធិភាព ប្រសិនជាគ្មានការអនុវត្ត។ តែយ៉ាងណា កញ្ញាចង់ឱ្យមានប្រព័ន្ធអប់រំដែលមានសមភាពរវាងអ្នកទីក្រុង និងអ្នកនៅជនបទ ដើម្បីឱ្យមានភាពជាអ្នកដឹកនាំក្នុងចំណោមស្ត្រីនិងក្មេងស្រី។
កញ្ញាថា៖ «ដើម្បីឱ្យស្ត្រីនិងក្មេងស្រី ក្លាយជាអ្នកដឹងនាំបាន គឺត្រូវតែគាត់ទទួលបានការអប់រំជាមុនសិន ចឹងការទទួលបានការអប់រំហ្នឹង ត្រូវមើលពីមូលដ្ឋានមែនទែន ក្មេងស្រីនៅតាមជនបទឬក្មេងស្រីនៅតាមទីដាច់ស្រយាលនានាទូទាំងប្រទេសហ្នឹង ឱ្យគាត់ទទួលបានការអប់រំដូចនៅទីក្រុងដែរ គឺផ្តល់នូវសមភាពឱ្យគ្នា ផ្តល់ឱ្យគាត់ទទួលបានសិទ្ធិនៃការទទួលបានការអប់រំស្មើភាពគ្នា ពេលគាត់មានចំណេះដឹង មានការអប់រំ គាត់នឹងក្លាយទៅជាអ្នកដឹកនាំ ក៏ដូចជាស្វែងរកចំណេះដឹងបន្ថែម ដើម្បីក្លាយជាអ្នកដឹកនាំល្អសម្រាប់ប្រទេសហើយ»។
កញ្ញាបន្ថែមថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី អាចរីកចម្រើនបាន លុះត្រាតែរដ្ឋាភិបាលលុបបំបាត់អំពើពុករលួយ នោះទើបស្ត្រីមានភាពក្លាហានក្នុងការនិយាយពីភាពអសកម្មរបស់រដ្ឋាភិបាល។
កញ្ញាថា៖ «វាពន្លេចចេញភាពជាអ្នកដឹកនាំស្រ្តីនៅក្នុងសង្គម វាធ្វើទៅបាន លុះត្រាតែរដ្ឋាភិបាល លុះត្រាតែប្រព័ន្ធច្បាប់ក្នុងស្រុកខ្មែរ មិនពុករលួយ លុះត្រាប្រព័ន្ធច្បាប់ក្នុងស្រុកខ្មែរផ្តល់ឱ្យស្រ្តីទាំងអស់ហ្នឹង មិនថាសកម្មជនមិនថាគាត់ជានរណាទេ នៅពេលដែលគាត់និយាយពីការអសមត្ថភាពរបស់រដ្ឋ ឬក៏និយាយបញ្ចេញមតិទៅលើបញ្ហាណាមួយដែលគាត់ជួបប្រទះនៅក្នុងលក្ខខណ្ឌកាលៈទេសៈនៃជីវិតរបស់គាត់ទៅដល់សង្គម[…]បើសិនជាគាត់និយាយបញ្ហាគាត់ទៅនិយាយពីបញ្ហាសង្គម ឬបញ្ហានានាទៅ ត្រូវបានរឹតត្បិត ត្រូវបានគាបសង្កត់ដោយប្រព័ន្ធច្បាប់ហ្នឹង នឹងមិនអាចមានស្រ្តីណានៅក្នុងប្រទេសកម្ពុជា ហ៊ាននិយាយទេ ព្រោះនិយាយមួយធ្វើការគាបសង្កត់មួយបំបិទសិទ្ធិមួយ»។
អគ្គលេខាធិការនៃគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញាលុបបំបាត់រាល់ទម្រង់នៃការរើសអើងលើស្ត្រីភេទ (អង្គការ NGO-CEDAW) អ្នកស្រី ជឹម ចាន់នាង គាំទ្រចំពោះ ការដាក់ចេញវិធានការទាំងនេះ ព្រោះស្ត្រី និងកុមារីនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាជាច្រើន។
អ្នកស្រីថ្លែងថា៖ «ខ្ញុំសាទររាល់ចំណាត់ការនានាដែលដាក់ចេញដោយរាជរដ្ឋាភិបាលក្នុងការលើកកម្ពស់ស្ថានភាពស្រ្តីនិងក្មេងស្រី ដោយសារតែពួកគាត់កំពុងបន្តប្រឈមនូវបញ្ហាជាច្រើនក្នុងការចូលរួមគ្រប់វិស័យក្នុងសង្គម ក៏ដូចជាការរស់នៅប្រចាំថ្ងៃ»។
ក៏ប៉ុន្តែ អ្នកស្រី ជឹម ចាន់នាង បារម្ភថា នឹងមិនមានការពិភាក្សាគ្រប់ជ្រុងជ្រោយដែលធ្វើឱ្យវិធានការទាំងនោះអនុវត្តមិនចំគោលដៅ។
អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែខ្ញុំព្រួយបារម្ភបើការដាក់ចេញចំណាត់ការទាំងនេះ មិនបានធ្វើការសិក្សាហ្មត់ចត់ ពីអាទិភាព និងភាពចាំបាច់នានា ដោយមានការពិគ្រោះយោបល់ទូលំទូលាយជាមួយភាគីពាក់ព័ន្ធ រួមទាំងអង្គការសង្គមស៊ីវិលនោះទេ នោះចំណាត់ការមួយចំនួន វាអាចនឹងមិនឆ្លើយតបទៅតាមភាពចាំបាច់ចំពោះស្រី្ត និងក្មេងស្រី និងកាតព្វកិច្ចរបស់រដ្ឋចំពោះសន្ធិសញ្ញា និងអនុសញ្ញាអន្តរជាតិនានាដែលរាជរដ្ឋាភិបាលបានចុះសច្ចាប័ននោះឡើយ»។
បើយោងតាមអង្គការ UNDP កម្ពុជាមានវឌ្ឍនភាពគួរឱ្យកត់សម្គាល់ក្នុងការលើកកម្ពស់សមភាពយេនឌ័រ ដោយផ្អែកលើភាគរយស្រ្តីក្នុងសភា ការអប់រំកម្លាំងពលកម្ម ក៏ដូចជាអត្រាមរណភាពមាតា។ គម្លាតយេនឌ័របានធ្លាក់ចុះពី ០.៦៧៩ ក្នុង ឆ្នាំ១៩៩០ មកត្រឹម ០.៤៦១ នៅឆ្នាំ២០២៣៕