លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត គ្រោងដាក់ចេញនូវវិធានការអាទិភាពចំនួន៨ ដើម្បីលើកកម្ពស់​ស្រី្ត និងកុមារី ក៏ដូចជាសិទ្ធិចូលរួមដោយស្មើភាពជាមួយនឹងបុរស ស្រប​ពេល​ទិវាសិទ្ធិនាទីអន្តរជាតិ​ខិត​ចូល​មក​ដល់​។

តាមរយៈវីដេអូប្រមាណជិត២០នាទីលើទំព័រហ្វេសប៊ុក​ផ្លូវការ នៅថ្ងៃទី០៧ ខែមីនានេះ​​ លោក​នាយក​រដ្ឋមន្រ្តី ​ហ៊ុន ម៉ាណែត បាន​លើកឡើងនូវ​វិធានការ​ជាអាទិភាព​ទាំង៨ ដែលរដ្ឋាភិបាល​គ្រោង​ដាក់ចេញ ក្នុងនោះមាន​ដូចជា​​ ​គោល​នយោបាយ​ជាតិ​ស្តី​ពី​សមភាព​​យេនឌ័រ​ ​ដើម្បី​ពង្រឹង​និង​ពង្រីក​វិសាលភាព​ក្នុង​ការ​បញ្ជ្រាប​​​យេនឌ័រ ​និង​បង្កើន​ភាព​អង្គអាច​ដល់​ស្រ្តី​និង​ក្មេង​ស្រី​ ការគាំទ្រ​ដល់​សហគ្រិន​ស្ត្រី​ ពង្រឹង​ពង្រីក​ប្រព័ន្ធ​គាំពារ​សង្គម ព្រមទាំងការ​ដោះស្រាយ​គម្លាត​យេនឌ័រ​ក្នុង​វិស័យ​ឌីជីថល។

លោកនាយករដ្ឋមន្ត្រី បានបន្តថា លោកក៏នឹង​យក​ចិត្ត​ទុកដាក់​និង​ជំរុញ​ដល់​គ្រប់​ដៃគូ​ពាក់ព័ន្ធ​ក្នុង​ការ​លើក​កម្ពស់​កម្មវិធី​តុល្យភាព​ជីវិត​គ្រួសារ​និង​ការងារ ​ដើម្បី​កាត់​បន្ថយ​ការងារ​ស្រ្តី ​និង​ក្មេងស្រី ​បន្ត​លើក​​កម្ពស់​សីលធម៌​សង្គម​តម្លៃ​ស្រ្តី​ និង​សខុដុម​រមនា​នៅ​ក្នុង​គ្រួសារ។

លោក​បាន​​បន្ថែម​ថា​ ​រដ្ឋាភិបាលក៏​​នឹង​ដាក់​ចេញ​នូវ​វិធានការ​ភាព​ជា​អ្នក​ដឹកនាំ​របស់​ស្ត្រី​និង​ក្មេង​ស្រី ​និង​ពិនិត្យ​លទ្ធភាព​និង​វិធានការ​គោលនយោបាយ​សមស្រប​ដែល​អនុញ្ញាត​ឱ្យ​​ស្រ្តី​ជា​អភិបាលរង​​នៃ​គណៈ​អភិបាល​​រាជធា​នី​​ ខេត្ត ​ក្រុង ស្រុក​ ​​​ខណ្ឌ​​ផង​ដែរ។​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

ប្រធានសមាគម​សហគ្រិនស្ដ្រី និងជាអគ្គនាយិការក្រុមហ៊ុននំស្រួយលីលី អ្នកស្រី កែវមុំ សាទរ​ចំពោះ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ ដោយ​ថានឹងអាចជំរុញការចូលរួមរបស់ស្ត្រីនៅក្នុង​សង្គម។​

អ្នកស្រីថា៖ «យើងពិត​ជាសប្បាយ​​រីករាយមែនទែន ដែលរាជរដ្ឋាភិបាលតែងតែគិតគូរស្ត្រី ហើយ​​ជា​ពិសេស​​នេះ ​គឺ​នៅ​ក្នុង​ឆ្នាំ២០២៤ ​ក៏​ជា​យុគស្ត្រីផងដែរ អ៊ីចឹង​គោលការណ៍​របស់​រាជ​រដ្ឋាភិបាល​ចេញ​មក​ គឺ​ល្អ​​ខ្លាំង​មែនទែន​​ក្នុង​ការ​ជួយជំរុញ ​​និង​លើក​ទឹក​ចិត្ត​ដល់​ស្ត្រី​ឱ្យ​ចូល​រួម​នៅ​ក្នុង​សង្គម​​ឱ្យ​បាន​កាន់​តែ​ច្រើន​ផង​ដែរ»។

អ្នកស្រី កែវ មុំ បានបន្តថា អ្នកស្រីចង់ឱ្យមានការផ្សព្វផ្សាយពីគោលនយោបាយនានា អំពីស្ដ្រីឱ្យបាន​ទូលំ​ទូលាយ ដើម្បីផ្ដល់​ឱកាស​​កាន់​​តែ​​ច្រើន​​ដ​ល់​​ស្ត្រី និង​ស្នើ​ដល់​រដ្ឋាភិបាល​ជួយ​​សម្រួល​ដល់​ការ​ផ្ដល់​ឥណ​ទាន​ដល់​សហគ្រិនស្រ្តី ក៏ដូចជាបន្ទាបអត្រាការប្រាក់ និងរយៈ​ពេលនៃការផ្ដល់កម្ចីផងដែរ។

អ្នកស្រីថា៖ «យើងសង្កេតឃើញថា នៅ​ពេល​ដែល​ស្ត្រីមាន​ហិរញ្ញ​វត្ថុគ្រប់គ្រាន់​ក្នុងការពង្រីក​អាជីវកម្ម​ គឺ​អាច​​ចូល​រួម​ចំណែកក្នុងការអភិវឌ្ឍ​សេដ្ឋកិច្ច​គ្រួសារ និងសេដ្ឋកិច្ចជាតិយើងផង​ដែរ ពីព្រោះនៅ​ក្នុង​ប្រទេស​កម្ពុជា​តាម​ការ​សិក្សា​ស្រាវ​ជ្រាវ​ចំពោះ​សហគ្រិនស្ត្រី គឺមានរហូតដល់​ជាង​៦០​ភាគ​រយ​ យើង​ឃើញ​ថាចំនួន​នេះគឺ​ពិត​ជាច្រើនមែន»។

សកម្មជនក្រុមចលនាមាតាធម្មជាតិ កញ្ញា មាន លីសា យល់ថា វិធានការ​ដែល​រាជ​រដ្ឋាភិបាល​គ្រោង​នឹង​ដាក់ចេញនេះ អាចនឹងមិនមាន​​ប្រសិទ្ធិភាព​ ប្រសិនជាគ្មានការអនុវត្ត។ តែយ៉ាងណា កញ្ញា​ចង់​ឱ្យ​មាន​ប្រព័ន្ធ​អប់រំ​ដែល​មាន​សមភាព​រវាង​អ្នកទីក្រុង និងអ្នកនៅជនបទ ដើម្បី​ឱ្យមាន​ភាព​ជា​អ្នក​ដឹក​នាំ​ក្នុង​ចំណោម​ស្ត្រីនិ​ង​ក្មេង​ស្រី។

កញ្ញាថា៖ «ដើម្បីឱ្យ​ស្ត្រី​និងក្មេងស្រី ក្លាយជាអ្នកដឹងនាំបាន គឺត្រូវតែគាត់​ទទួលបានការអប់រំ​ជាមុនសិន ចឹង​ការ​ទទួលបានការអប់រំហ្នឹង ត្រូវមើលពីមូលដ្ឋានមែនទែន ​ក្មេង​ស្រី​នៅ​តាម​ជនបទ​ឬ​ក្មេងស្រី​នៅ​តាម​ទី​ដាច់​ស្រយាល​នានា​ទូទាំង​ប្រទេស​ហ្នឹង ឱ្យ​​​គាត់​​ទទួល​​បាន​ការ​អប់រំ​ដូច​នៅ​ទីក្រុង​ដែរ ​គឺ​ផ្តល់​នូវ​សមភាព​ឱ្យ​​គ្នា​​ ផ្តល់​ឱ្យ​​គាត់​ទទួល​បាន​សិទ្ធិ​នៃ​ការ​ទទួល​បាន​ការ​អប់រំ​ស្មើភាព​គ្នា ​ពេល​គាត់​មាន​ចំណេះដឹង​ មាន​​ការ​អប់រំ ​គាត់​នឹង​ក្លាយ​ទៅ​ជា​អ្នក​ដឹក​នាំ​ ក៏​ដូចជា​ស្វែងរក​ចំណេះដឹង​បន្ថែម ​ដើម្បី​ក្លាយ​ជា​អ្នក​ដឹកនាំ​ល្អ​សម្រាប់​ប្រទេស​ហើយ​»។

កញ្ញាបន្ថែមថា ភាពជាអ្នកដឹកនាំរបស់ស្ត្រី អាចរីកចម្រើនបាន លុះត្រាតែរដ្ឋាភិបាល​លុបបំបាត់អំពើពុក​រលួយ​ នោះ​ទើបស្ត្រីមានភាពក្លាហានក្នុងការនិយាយពីភាពអសកម្មរបស់រដ្ឋាភិបាល។

កញ្ញាថា៖ «វាពន្លេចចេញភាពជាអ្នកដឹកនាំស្រ្តីនៅក្នុងសង្គម វាធ្វើទៅបាន លុះត្រាតែរដ្ឋាភិបាល លុះ​ត្រា​តែ​​ប្រព័ន្ធ​ច្បាប់​ក្នុងស្រុកខ្មែរ មិនពុករលួយ លុះត្រាប្រព័ន្ធច្បាប់ក្នុងស្រុកខ្មែរផ្តល់ឱ្យ​ស្រ្តីទាំងអស់ហ្នឹង​ មិន​ថា​សកម្មជន​មិនថា​គាត់ជា​នរណាទេ នៅពេល​ដែល​គាត់​និយាយ​ពី​ការ​អសមត្ថភាព​របស់រដ្ឋ ឬ​ក៏​និយាយ​​បញ្ចេញមតិ​ទៅលើបញ្ហាណាមួយ​ដែលគាត់ជួបប្រទះ​នៅក្នុង​លក្ខខណ្ឌ​កាលៈទេសៈ​នៃជីវិត​របស់គាត់​​ទៅ​ដល់​សង្គម[…]​បើសិនជាគាត់​និយាយ​បញ្ហា​គាត់​ទៅ​និយាយ​ពីបញ្ហាសង្គម ឬបញ្ហានានាទៅ ត្រូវបាន​រឹត​ត្បិត​ ត្រូវ​បាន​គាប​សង្កត់​ដោយ​ប្រព័ន្ធ​ច្បាប់​ហ្នឹង​ នឹង​មិន​អាច​មាន​ស្រ្តីណា​នៅ​ក្នុង​ប្រទេស​កម្ពុជា ហ៊ាន​និយាយ​​ទេ ព្រោះនិយាយ​មួយ​ធ្វើការ​គាប​សង្កត់មួ​យ​បំបិទសិទ្ធិមួយ»។

អគ្គលេខាធិការនៃគណៈកម្មាធិការនៃអង្គការមិនមែនរដ្ឋាភិបាលកម្ពុជា ដើម្បីអនុសញ្ញា​លុបបំបាត់​រាល់​ទម្រង់​នៃ​ការ​រើស​អើង​លើ​ស្ត្រីភេទ (អង្គការ NGO-CEDAW) អ្នកស្រី ជឹម ចាន់នាង គាំទ្រ​ចំពោះ ការដាក់​ចេញ​វិធាន​ការ​ទាំងនេះ ព្រោះស្ត្រី និង​កុមារីនៅកម្ពុជា កំពុងប្រឈមនឹងបញ្ហាជាច្រើន។

អ្នកស្រីថ្លែងថា៖ «ខ្ញុំ​​សាទរ​រាល់​ចំណាត់​ការ​នានា​​ដែល​ដាក់​ចេញ​ដោយ​រាជ​រដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ស្ថានភាព​ស្រ្តី​និង​ក្មេងស្រី​ ដោយសារ​តែ​ពួកគាត់​កំពុង​បន្ត​ប្រឈម​នូវ​បញ្ហា​ជា​ច្រើន​ក្នុង​ការ​ចូល​រួម​គ្រប់​វិស័យ​​ក្នុង​សង្គម​ ក៏​ដូចជា​ការ​រស់​នៅ​ប្រចាំ​ថ្ងៃ»។

ក៏ប៉ុន្តែ អ្នកស្រី ជឹម ចាន់នាង បារម្ភថា​ នឹងមិនមាន​ការ​ពិភាក្សា​គ្រប់​ជ្រុង​ជ្រោយ​ដែល​ធ្វើឱ្យវិធានការ​ទាំង​នោះអ​នុវត្ត​មិនចំគោលដៅ។

អ្នកស្រីបន្ថែមថា៖ «ប៉ុន្តែ​ខ្ញុំ​​ព្រួយ​បារម្ភ​បើ​ការ​ដាក់​ចេញ​ចំណាត់​ការ​ទាំង​នេះ ​មិន​បាន​ធ្វើ​ការ​សិក្សា​ហ្មត់ចត់​ ពី​អាទិ​ភាព ​និង​ភាព​ចាំ​បាច់​នានា ​ដោយ​មាន​ការ​ពិគ្រោះ​យោបល់​ទូលំ​ទូលាយ​ជាមួយ​ភាគីពាក់ព័ន្ធ​ រួម​ទាំង​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ ​នោះ​ចំណាត់​ការ​មួយ​ចំនួន​ វា​អាច​នឹង​មិន​ឆ្លើយ​តប​ទៅតាម​ភាព​ចាំបាច់​ចំពោះ​ស្រី្ត និង​ក្មេង​ស្រី​ និង​កាតព្វកិច្ច​របស់​រដ្ឋ​ចំពោះសន្ធិ​សញ្ញា និងអនុសញ្ញា​អន្តរជាតិ​នានា​ដែល​រាជរដ្ឋាភិបាល​បាន​ចុះសច្ចាប័ន​នោះឡើយ»។

បើយោងតាមអង្គការ UNDP  កម្ពុជា​មានវឌ្ឍនភាព​គួរឱ្យ​កត់សម្គាល់​ក្នុងការ​លើក​កម្ពស់​សមភាព​យេនឌ័រ ដោយផ្អែក​លើ​ភាគរយ​ស្រ្តីក្នុង​សភា ការអប់រំកម្លាំងពលកម្ម ក៏ដូចជាអត្រាមរណភាពមាតា។ គម្លាត​យេន​ឌ័រ​បាន​ធ្លាក់​ចុះ​ពី ០.៦៧៩ ក្នុង ឆ្នាំ១៩៩០ មកត្រឹម ០.៤៦១ នៅឆ្នាំ២០២៣៕