អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។
អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយ លោក លីបញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ ( GICHD ) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរមីន។
ក្នុងឱកាសនៃការចុះអនុស្សារណៈនេះ លោក លី ធុជ អនុប្រធានទី១នៃអាជ្ញាធរមីន បានកោតសរសើរចំពោះនាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ (GICHD Stefano Toscano) និងសហការី ដែលបានរួមចំណែកក្នុងសកម្មភាពមីនសកល និងជួយសង្រ្គោះអាយុជីវិតបានយ៉ាងច្រើននៅតាមបណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយគ្មានការរើសអើង។
លោកបន្តថា ចាប់តាំងពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៣ កម្ពុជាបានរំដោះផ្ទៃដីមានមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាមចំនួន ៣ ០២៤គីឡូម៉ែត្រក្រឡា ក្នុងនោះរួមទាំងតំបន់មានគ្រាប់បែកចង្កោម។
ជាមួយគ្នានេះដែរ លោក លី ធុជ លើកឡើងថា ការសសហការណ៍រវាងអាជ្ញាធរមីន និង GICHD នឹងអាចធ្វើឱ្យកម្ពុជាឈប់រងគ្រោះដោយសារគ្រាប់មីន។
លោកថ្លែងថា៖ «អាជ្ញាធរមីន និង GICHD នឹងបោះជំហានទៅមុខយ៉ាងសំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជារួចផុតពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យសហគមន៍ទាំងអស់មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងវិបុលភាព។ ជាមួយគ្នានោះ ការប្តេជ្ញាចិត្តនេះ គឺជាកិច្ចការរួមគ្នាឈានឆ្ពោះទៅរកអនាគតមួយដែលពិភពលោកគ្មានការគំរាមពីគ្រាប់មីន»។
បច្ចប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីមានមីនចំនួន ៥៣៣ គីឡូម៉ែត្រក្រឡា និង ១.៣២១ គីឡូម៉ែត្រក្រឡា នៃសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលត្រូវបន្តដោះស្រាយ។
លោក ឈុន បូរ៉ា នាយកប្រតិបត្តិអង្គការដោះមីនកម្ពុជា សាទរចំពោះការចុះអនុស្សារណៈនេះ។ លោកថា កិច្ចការងារនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដែលមិនទាន់យល់អំពីគ្រឿងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះ។
លោកថ្លែងថា៖ «កិច្ចការនេះគឺបានផ្តល់ច្រើន បើយើងផ្សព្វផ្សាយឱ្យទូលំទូលាយទៅ នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលគាត់មិនទាន់បានជ្រាបអំពីព័ត៌មានគ្រោះថ្នាក់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា»។
លោកមើលឃើញថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា នៅមិនទាន់អស់នៅឡើយទេ ជាពិសេសនៅតំបន់ដាច់ស្រយាល។
អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកមិនទាន់ផ្ទុះ (UXO) បានឆក់យកជីវិតមនុស្សចំនួន ១៩ ៨១៨នាក់ ខណៈដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ឬធ្វើឱ្យមនុស្សចំនួន ៤៥ ១៨៧នាក់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។
គិតត្រឹមឆ្នាំ២០២៣ មានខេត្តនិងរាជធានី ចំនួន១៤ ត្រូវបានប្រកាសថាអស់មីន ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ កំពត និងកំពង់ស្ពឺ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ២០២៤ នេះ គឺជាឆ្នាំដែលកម្ពុជាត្រូវបានជ្រើសតាំងពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាន និងជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោកមួយដែលគ្មានមីន។ ក្នុងកិច្ចប្រជុំនោះ នឹងត្រូវមានការអនុម័តផែនការសកម្មភាពសៀមរាប-អង្គរ ៥ឆ្នាំ និងសេចក្តីប្រកាសនយោបាយសៀមរាប-អង្គរ ដែលរដ្ឋភាគី និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។ ភាពជោគជ័យ នៃអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ ក៏មានការរួមចំណែកឥតឈប់ឈរពីមជ្ឈមណ្ឌល GICHD ក្នុងការពង្រឹងការអនុវត្តមាត្រា ៥នៃអនុសញ្ញាស្តីពីការបោសសម្អាតមីនផងដែរ៕