អាជ្ញាធរមីន និងមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ បានចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា។

អនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការគ្រប់គ្រងហានិភ័យសំណល់ជាតិផ្ទុះពីសង្រ្គាមនៅកម្ពុជា ត្រូវបានចុះហត្ថលេខាដោយ លោក លីបញ្ញារិទ្ធិ៍ អគ្គលេខាធិការអាជ្ញាធរមីន និង លោក Stefano Toscano ឯកអគ្គរដ្ឋទូត និងជានាយកនៃមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ ( GICHD ) កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ នៅទីក្រុងហ្សឺណែវ ប្រទេស​ស្វីស។ នេះបើតាមទំព័រហ្វេសប៊ុកផ្លូវការរបស់អាជ្ញាធរមីន។

ក្នុង​ឱកាស​នៃការ​ចុះ​អនុស្សារណៈ​នេះ លោក លី ធុជ អនុប្រធានទី១​​នៃអាជ្ញាធរ​មីន បាន​​កោតសរ​សើរ​ចំពោះនាយកមជ្ឈមណ្ឌលអន្តរជាតិហ្សឺណែវ (GICHD Stefano Toscano) និង​សហការី ដែល​បាន​រួម​ចំណែក​ក្នុង​សកម្មភាព​មីន​សកល និង​ជួយសង្រ្គោះអាយុជីវិត​បាន​យ៉ាង​ច្រើន​នៅតាម​បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្រ្គាម ដោយគ្មានការរើសអើង។

លោកបន្ត​ថា ចាប់តាំ​ង​ពី​ឆ្នាំ​១៩៩២ ដល់​ឆ្នាំ​២០២៣ កម្ពុជា​បាន​រំដោះ​ផ្ទៃ​ដី​មាន​មីន និង​សំណល់ជាតិ​ផ្ទុះពីសង្រ្គាម​ចំនួន ៣ ០២៤គីឡូម៉ែត្រ​ក្រឡា ក្នុង​នោះ​រួម​ទាំង​តំប​ន់មានគ្រាប់បែកចង្កោម។

ជាមួយគ្នានេះដែរ លោក លី ធុជ លើកឡើងថា ការសសហការណ៍រវាងអាជ្ញាធរមីន និង GICHD នឹងអាចធ្វើឱ្យកម្ពុជាឈប់រងគ្រោះដោយសារគ្រាប់មីន។

លោកថ្លែងថា៖ «អាជ្ញាធរមីន និង GICHD នឹងបោះជំហានទៅមុខយ៉ាងសំខាន់ឆ្ពោះទៅរកប្រទេសកម្ពុជារួចផុតពីការគំរាមដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម និងធ្វើឱ្យសហគមន៍ទាំងអស់មានការរីកចម្រើនប្រកបដោយសុវត្ថិភាព និងវិបុលភាព។ ជាមួយគ្នានោះ ការប្តេជ្ញាចិត្តនេះ គឺជាកិច្ចការរួមគ្នាឈានឆ្ពោះទៅរកអនាគតមួយដែលពិភពលោកគ្មានការគំរាមពីគ្រាប់មីន​»។

បច្ចប្បន្ននេះ កម្ពុជា នៅសល់ផ្ទៃដីមានមីនចំនួន ៥៣៣ គីឡូម៉ែត្រក្រឡា និង ១.៣២១ គីឡូម៉ែត្រក្រឡា នៃសំណល់ជាតិផ្ទុះពីសង្គ្រាម រួមទាំងគ្រាប់បែកចង្កោម ដែលត្រូវបន្តដោះស្រាយ។

លោក ឈុន បូរ៉ា នាយកប្រតិបត្តិ​អង្គ​ការ​ដោះមីន​កម្ពុជា​ សាទរចំពោះការចុះអនុស្សារណៈនេះ។ លោកថា កិច្ចការងារនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋដែលមិនទាន់យល់អំពីគ្រឿងយុទ្ធភណ្ឌដែលមិនទាន់ផ្ទុះ។

លោកថ្លែងថា៖ «កិច្ចការនេះគឺបានផ្តល់ច្រើន បើយើងផ្សព្វផ្សាយឱ្យទូលំទូលាយទៅ នឹងកាត់បន្ថយអត្រាគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដែលគាត់មិនទាន់បានជ្រាបអំពីព័ត៌មានគ្រោះថ្នាក់ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា»។

លោកមើលឃើញថា គ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ​នៅកម្ពុជា​ នៅ​មិនទាន់អស់នៅឡើយទេ ជាពិសេសនៅតំបន់ដាច់ស្រយាល។​

អាជ្ញាធរកម្ពុជាគ្រប់គ្រងសក​ម្មភាពកំចាត់មីន និងសង្រ្គោះជនពិការដោយសារមីន បានឱ្យដឹងថា ចាប់តាំងពីឆ្នាំ១៩៧៩ ដល់ឆ្នាំ២០២៣ គ្រាប់មីន គ្រាប់បែកចង្កោម និងគ្រាប់បែកមិនទាន់ផ្ទុះ (UXO) បាន​ឆក់​យក​ជីវិត​មនុស្សចំនួន ១៩ ៨១៨នាក់ ខណៈដែលបានរងរបួសយ៉ាងធ្ងន់ធ្ងរ ឬធ្វើឱ្យមនុស្សចំនួន ៤៥ ១៨៧នាក់ផ្សេងទៀត នៅក្នុងប្រទេសកម្ពុជា។

គិតត្រឹមឆ្នាំ២០២៣ មានខេត្តនិងរាជធានី ចំនួន១៤ ត្រូវបានប្រកាសថាអស់មីន ក្នុងនោះរួមមាន រាជធានីភ្នំពេញ ខេត្តមណ្ឌលគិរី ស្ទឹងត្រែង កែប ព្រៃវែង ព្រះសីហនុ ត្បូងឃ្មុំ កំពង់ចាម ស្វាយរៀង កំពង់ឆ្នាំង កណ្តាល តាកែវ កំពត និងកំពង់ស្ពឺ។ គួរបញ្ជាក់ថា នៅក្នុងឆ្នាំ​​២០២៤ នេះ គឺជាឆ្នាំដែលកម្ពុជាត្រូវបានជ្រើសតាំងពីរដ្ឋភាគីចំនួន ១៦៤ នៃអនុសញ្ញាអូតាវ៉ា ឱ្យធ្វើជាប្រធាន និង​ជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពី ពិភពលោក​មួយ​ដែល​គ្មាន​មីន។ ក្នុងកិច្ចប្រជុំនោះ នឹង​ត្រូវ​មាន​ការអនុម័តផែនការសកម្មភាពសៀមរាប-អង្គរ ៥ឆ្នាំ និងសេចក្តីប្រកាសនយោបាយសៀមរាប-អង្គរ ដែលរដ្ឋភាគី និងស្ថាប័នពាក់ព័ន្ធយកទៅអនុវត្តន៍។ ភាពជោគជ័យ នៃអនុសញ្ញាអូតាវ៉ារយៈពេល ២៥ឆ្នាំ ក៏មានការរួមចំណែកឥតឈប់ឈរពីមជ្ឈមណ្ឌល GICHD ក្នុងការពង្រឹងការអនុវត្តមាត្រា ៥នៃអនុសញ្ញាស្តីពីការបោសសម្អាតមីនផងដែរ៕