ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ បានណែនាំឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ ជួយសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ ប្រកបដោយប្រសិទ្ធភាព ជូនប្រជាពលរដ្ឋ ខណៈការណែនាំនេះ សង្គមស៊ីវិលមើលឃើញថា នឹងអាចជួយកាត់បន្ថយបញ្ហាដីធ្លី។
រដ្ឋមន្ដ្រីនៃក្រសួងមហាផ្ទៃ លោក ស សុខា បានបញ្ជាក់តាមរយៈលិខិតចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ ថា កន្លងមក ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅតាមបណ្តារាជធានី ខេត្ត ដែលមានប្រធានការិយាល័យរៀបចំដែនដីនគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារចុះបញ្ជី បាននិងកំពុងអនុវត្តកម្មវិធីអនុវិស័យ រដ្ឋបាលដីធ្លី ក្នុងគោលបំណងធ្វើការចុះបញ្ជីកម្មសិទ្ធិ និងសិទ្ធិផ្សេងៗទៀត លើអចលនវត្ថុឱ្យបានច្បាស់លាស់ និងជាផ្លូវការ ដើម្បីទប់ស្កាត់ និងដោះស្រាយវិវាទដីធ្លី សំដៅពង្រឹងសុវត្ថិភាពនៃការកាន់កាប់ដីធ្លី និងបង្កើនភាពជឿជាក់ លើប្រព័ន្ធចុះបញ្ជីដីធ្លី។
លោកបន្ថែមថា៖ «ស្នើឱ្យរដ្ឋបាល រាជធានី ខេត្ត ធ្វើការណែនាំដល់រដ្ឋបាលក្រុង ស្រុក ខណ្ឌ ដើម្បីសម្របសម្រួល និងគាំទ្រក្នុងការអនុវត្តការចុះបញ្ជី ដីធ្លីមានលក្ខណៈជាប្រព័ន្ធរបស់ក្រុមការងារចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ដែលមានប្រធានការិយាល័យរៀបចំ ដែនដី នគរូបនីយកម្ម សំណង់ និងភូមិបាលក្រុង ស្រុក ខណ្ឌ ជាប្រធានក្រុមការងារដឹកនាំការងារចុះបញ្ជីដីធ្លីនេះ»។
អភិបាលរងខេត្តឧត្តរមានជ័យ លោក ឌី រ៉ាដូ មានប្រសាសន៍ថា រដ្ឋបាលខេត្តនឹងពន្លឿនការចុះបញ្ជីដីធ្លីជូនពលរដ្ឋឱ្យបានលឿនជាងផែនការកំណត់។
លោកថា៖ «យើងអនុវត្តស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល ជាពិសេសក្រសួងដែនដី ហើយឆន្ទៈរបស់ខេត្តជាពិសេសឯកឧត្តមអភិបាលខេត្ត គឺលោកបានជំរុញជំនាញធ្វើម៉េចឱ្យបានលឿនជូនដល់ប្រជាពលរដ្ឋ[…]ផែនការ គឺយើងបញ្ចប់ឆ្នាំ២០១៧ ប៉ុន្តែឯកឧត្តមអភិបាលខេត្តលោកមានឆន្ទៈឱ្យជំនាញធ្វើម៉េចដុតដៃដុតជើងធ្វើម៉េចឱ្យបានបញ្ចប់ឱ្យបានត្រឹមឆ្នាំ២០២៥»។
លោកបន្តថា បច្ចុប្បន្ននៅក្នុង ៥ក្រុងស្រុក កំពុងដំណើរការការចុះបញ្ជីរដីធ្លីហើយ ដែលការចុះបញ្ជីរនេះ នឹងផ្ដល់អត្ថប្រយោជន៍ដល់ពលរដ្ឋដោយផ្ដល់ប័ណ្ណកម្មសិទ្ធិដល់ពួកគេ ដែលអាចចៀសវាងទំនាស់ផ្សេងៗ។
Newsroom Cambodia ពុំអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពីអ្នកនាំពាក្យក្រសួងរៀបចំដែនដី លោក សេង ឡូត បានទេ នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤។
តែយ៉ាងណា ក្នុងកិច្ចប្រជុំគណៈកម្មការសុរិយោដី និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក សាយ សំអាល់ បានថ្លែងថា ការចុះបញ្ជីដីធ្លី គឺជាកិច្ចការប្រវត្តិសាស្ត្រមួយក្នុងការបន្តធ្វើកំណែទម្រង់ដីធ្លីរបស់កម្ពុជា បង្កើតបរិយាកាសគ្មានវិវាទ ក្នុងគោលដៅគ្រប់គ្រង និងអភិវឌ្ឍវិស័យដីធ្លី ឱ្យបានត្រឹមត្រូវ និងកាន់តែមានប្រសិទ្ធភាព។
លោកបន្តថា រាជរដ្ឋាភិបាលនឹងបញ្ចប់ការប៉ុនប៉ងធ្វើបដិវត្តន៍ដីធ្លីនៅកម្ពុជាតាមរយៈការប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ដើម្បីវាស់វែង និងចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។ នេះបើតាមគេហទំព័ររបស់ក្រសួងរៀបចំដែនដី ដែលស្រង់ប្រសាសន៍របស់លោករដ្ឋមន្ត្រី។
លោក សាយ សំអាល់ បន្ថែមថា បញ្ហាទំនាស់ដីធ្លីបានថយចុះច្រើន ដោយសារផ្នែកច្បាប់មានការរីកចម្រើន ការយល់ដឹងរបស់ប្រជាពលរដ្ឋមានភាពប្រសើរជាងមុន និងដោយសារការចូលរួមចំណែកយ៉ាងសកម្មពីអាជ្ញាធរមូលដ្ឋាន។
ប្រភពដដែល បន្តថា ក្នុងរយៈពេល ៣ខែចុងក្រោយនេះ ក្រសួងបានបន្តប្រើប្រាស់កម្លាំងសរុបទូទាំងប្រទេស ព្រមទាំងបំពាក់សម្ភារៈបន្ថែមនៅតាមមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត ដើម្បីសម្រេចកិច្ចការវាស់វែងដីធ្លីប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ហើយអ្វីដែលរាជរដ្ឋាភិបាលបាននិងកំពុងអនុវត្តនាពេលនេះ គឺសំដៅបញ្ចប់ការចុះបញ្ជីដីធ្លីឱ្យបានមុនឆ្នាំ២០២៩ ដែលជាគម្រប់ខួបលើកទី៤០ នៃការចេញបណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋ។
ប្រធានកម្មវិធីតស៊ូមតិ និងប្រព័ន្ធផ្សព្វផ្សាយនៃអង្គការសមាគមធាងត្នោត លោក ឃុន តុលា សាទរចំពោះអ្វីដែលក្រសួងមហាផ្ទៃ ជំរុញឱ្យអាជ្ញាធរថ្នាក់ក្រោមជាតិ ធ្វើការចុះបញ្ជីដីជាលក្ខណៈប្រព័ន្ធសម្រាប់សហគមន៍ប្រជាពលរដ្ឋទូទៅ ព្រោះបញ្ហាដីធ្លីនេះ កើតឡើងយូរណាស់មកហើយ ម្យ៉ាងប្រជាពលរដ្ឋមួយចំនួន ក៏បានរងផលប៉ះពាល់ ពីការរំលោភបំពានដីធ្លីផងដែរ។
លោកថា៖ «ខ្ញុំមានសុទិដ្ឋិនិយមថា ប្រសិនបើមានការយកចិត្តទុកដាក់ បានប្រសើរហើយសរាចរ ក៏ដូចជាសេចក្ដីណែនាំមួយនេះ មានភាពប្រសិទ្ធភាព ខ្ញុំគិតថា នឹងអាចដោះស្រាយបាន ហើយក៏អាចមានភាពប្រសើរឡើងដែរ ពីព្រោះមែនទែនទៅរដ្ឋាភិបាលប្រហែលជាគាត់យល់ច្បាស់ថា បញ្ហាជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជាហ្នឹង កើតឡើងក៏ដោយសារប្រជាពលខ្មែរយើងមួយចំនួនហ្នឹង ក៏អត់ទាន់មានបញ្ជីស្នាម ជាពិសេសគឺប្លង់ដី ប្លង់កម្មសិទ្ធិហ្នឹង អញ្ចឹងប្រសិនបើរដ្ឋពន្លឿនការចុះបញ្ជីដីធ្លីជាប្រព័ន្ធកាន់តែឆាប់ បញ្ចប់ការងារមួយនេះ ខ្ញុំគិតថា ជម្លោះដីធ្លីនៅក្នុងប្រទេសកម្ពុជានឹងអាចកាត់បន្ថយបាន»។
លោកក៏បានសំណូមពរដល់ក្រសួងពាក់ព័ន្ធ និងអាជ្ញាធរថ្នាក់ក្រោមជាតិ គួរតែគិតគូរដល់សហគមន៍ដែលមិនទាន់មានប្លង់កម្មសិទ្ធិ ឬមិនទាន់មានសុវត្ថិភាពដីធ្លីផងដែរ ដោយមិនគួរផាត់ពួកគាត់ចេញនោះទេ។ បើតាមរបាយការណ៍របស់ក្រសួងរៀបចំដែនដី មកទល់ពេលនេះ ក្រសួងបានប្រគល់បណ្ណកម្មសិទ្ធិដីធ្លីប្រមាណ ៥ លានបណ្ណ ជូនប្រជាពលរដ្ឋរួចហើយ ហើយនៅមានប្រមាណ ២ លានបណ្ណ ដែលកំពុងតែចែកជូនប្រជាពលរដ្ឋជារៀងរាល់ថ្ងៃ។ នៅទូទាំងប្រទេស នៅសល់ប្រមាណជា ៥ លានក្បាលដីទៀតដែលត្រូវវាស់វែង និងចុះបញ្ជីឱ្យបានចប់សព្វគ្រប់៕