យុវជន គឺជាកម្លាំងចលករក្នុងការអភិវឌ្ឍជាតិ ដូចនេះយុវជនមានតួនាទីយ៉ាងសំខាន់ក្នុងការដឹងឮនូវរឿងរ៉ាវ ហេតុការណ៍ ព្រឹត្តិការណ៍ដែលកើតមានក្នុងសង្គម ដើម្បីយល់ដឹងពីចំណុចល្អ និងចំណុចខ្វះខាតរបស់សង្គម យុវជនអាចទទួលបានដំណឹងទាំងនោះតាមរយៈការអាន និងស្ដាប់ព័ត៌មាន។ ហើយបច្ចុប្បន្នព័ត៌មានត្រូវបានផ្សព្វផ្សាយជាច្រើនទម្រង់ដូចជា កាសែត ទស្សនាវត្ដី វិទ្យុ ទូរទស្សន៍ និងបណ្ដាញសង្គមនានា ដែលផ្ដល់លក្ខណៈ ងាយស្រួល និងរហ័សជាងមុន។
កាលពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២៤ Newsroom Cambodia បានសម្ភាសនិស្សិតចំនួន៦នាក់ មកពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ អំពីទស្សនៈរបស់ពួកគេលើការអានព័ត៌មាន៖
កញ្ញា សុភាព ហារីណា ជានិសិ្សតឆ្នាំទី៤នៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍បានលើកឡើងថា បច្ចុប្បន្នយុវជនមិនសូវមើលព័ត៌មាននោះទេ ដោយពួកគាត់និយមមើលមាតិកាបែបកម្សាន្តច្រើនជាង។
កញ្ញាបាននិយាយថា៖ «សម្រាប់បង បងគិតថាយុវជននៅប្រទេសកម្ពុជាយើងអត់សូវសកម្មជាមួយនឹងការអាន ឬមើលព័ត៌មានប៉ុន្មានទេ តាមអ្វីដែលបងឮពួកគាត់ អាហ្នឹងជាគំនិតរបស់បង។ បងគិតថាពួកគាត់ចូលចិត្តបែបកម្សាន្តបែបអីដែលសប្បាយៗច្រើន ហើយចំណែកមើលព័ត៌មានដែលទាក់ទងជាមួយសកម្មភាពសង្គមគាត់ក៏អត់សូវមើលខ្លាំងទេ»។
កញ្ញា សុភាព ហារីណា សិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (រូបភាព៖ តាំង ប៉ហ្គិច)
កញ្ញា ហារីណា បន្ថែមថា ការអានព័ត៌មានផ្ដល់នូវគំនិតថ្មីៗក្នុងការជជែកគ្នា និងអាចចូលរួមដោះស្រាយបញ្ហាសង្គម។
កញ្ញាបន្ថែមថា៖ «ការអានព័ត៌មានហ្នឹងវាក៏ល្អដែរ នៅពេលដែលយើងនិយាយគ្នាយើងអាចផ្លាស់ប្ដូរគំនិតផ្សេងៗ ហើយវាជួយដល់ការបញ្ចេញមតិរបស់ពួកយើងអាចជាយុវជនអីអាចជួយដល់សង្គមដែរ អាចដោះស្រាយបញ្ហាអីផ្សេងៗ អីចឹងបងគិតថាវាល្អ»។
កញ្ញា ស្រីភួង អាយុ២០ឆ្នាំ សិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ នៅវិទ្យាស្ថានគោលនយោបាយសាធារណៈបានលើកឡើងថា កញ្ញាត្រូវតាមដានព័ត៌មានរាល់ថ្ងៃដើម្បីសង្ខេបឱ្យគ្រូ ហើយកញ្ញាសង្កេតឃើញថាបច្ចុប្បន្នយុវជនមិនសូវខ្វល់ខ្វាយរឿងសេដ្ឋកិច្ច នយោបាយ ក្នុងនិងក្រៅប្រទេសនោះទេ។
កញ្ញា ស្រីភួង និស្សិតទំនាក់ទំនងអន្តរជាតិ (រូបភាព៖ តាំង ប៉ហ្គិច)
កញ្ញាបានបញ្ជាក់ថា៖ «បើតាមគំនិតរបស់ខ្ញុំ សម្រាប់ខ្ញុំជាសិស្សIR (ទំនាក់ទំនងអន្តរជាតិ) អីចឹង គឺខ្ញុំត្រូវតាមដានព័ត៌មានជារៀងរាល់ថ្ងៃដើម្បី summery (សង្ខេប) ឱ្យគ្រូអីចឹងទៅ ហើយសម្រាប់ការយល់ដឹងរបស់ខ្ញុំលើយុវជនក្នុងសង្គមឥឡូវនឹងគឺភាគច្រើនគាត់អត់សូវរវីរវល់ ជាមួយ រឿង នយោបាយ ឬ ក៏រឿង economic (សេដ្ឋកិច្ច) ឬក៏រឿងអ្វីៗដែលនៅក្នុងប្រទេស ឬក៏ក្រៅប្រទេសនោះទេ អីចឹងអាចនិយាយបានថា ពួកគាត់អាចនៅមានកម្រិតនៅឡើយក្នុងការតាមដានព័ត៌មាន»។
ព្រះអង្គ ជឹម ឆៃលន់ ជានិសិ្សតឆ្នាំទីមួយនៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញមានសង្ឃដីកាថា យុវជនមិនសូវយល់ពីតម្លៃ និងតាមដានព័ត៌មាននោះទេ ដោយឡែកពួកគេចាប់អារម្មណ៍លើរឿងផ្ទាល់ខ្លួនរបស់អ្នកដទៃជាង។
ព្រះអង្គមានសង្ឃដីកាថា៖ «អាត្មាយល់ឃើញថា ភាគតិចដែលគាត់មានគំនិតក្នុងការតាមដានព័ត៌មាន គាត់ដូចជាមិនយល់តម្លៃអំពីសារព័ត៌មានយ៉ាងម៉េចទេ ភាគច្រើនគាត់បែរជាចាប់អារម្មណ៍រឿងផ្ទាល់ខ្លួនរបស់អ្នកដទៃវិញ។ ឧទាហរណ៍ថានរណាម្នាក់ឈ្លោះគ្នានៅក្នុងបណ្ដាញសង្គមអីចឹងទៅ គាត់បែជាទៅតាមដានរឿងអីចឹងវិញគាត់មិនសូវជាចាប់អារម្មណ៍ទៅលើស្ថានភាពសារព័ត៌មាន»។
ព្រះអង្គ ជិន ឆៃលន់ សិក្សានៅដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយនិងសារគមនាគមន៍ (រូបភាព៖ តាំង ប៉ហ្គិច)
ព្រះអង្គបន្តថា៖ «ការអានព័ត៌មាន វាពិតជាមានប្រយោជន៍ ព្រោះថាសង្គមមួយអាចរីកចម្រើនទៅបានគឺចាំបាច់ណាស់យុវជនគឺត្រូវតែមានព័ត៌មាននៅក្នុងដៃ អាចយល់ដឹងពីស្ថានភាពស្រុកទេសថាការអភិវឌ្ឍនឹងវាបែបម៉េច ហើយតើមានស្ថានភាពបែបម៉េច មានការរីកចម្រើនបែបម៉េច មានការខ្វះខាតបែបម៉េច រឿងទាំងអស់នឹងគឺស្ថិតនៅក្នុងព័ត៌មាន អីចឹងយុវជនចាំបាច់ណាស់នៅក្នុងការអានព័ត៌មាន ត្រូវការដឹងអំពីស្ថានភាពនៃការអភិវឌ្ឍស្រុកទេស។»
កញ្ញា សឿន ស្រីនិច ជានិស្សិតអក្សរសាស្ត្រខ្មែរ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា កញ្ញាមិនសូវចូលចិត្តអានព័ត៌មាននោះទេ ដោយសារព័ត៌មានមួយចំនួនមិនពិត ហើយមានប្រភពមិនច្បាស់លាស់។
កញ្ញាបញ្ជាក់ថា៖ «តាមជាក់ស្ដែងចំពោះខ្ញុំផ្ទាល់ ការអានព័ត៌មាននឹងខ្ញុំអត់សូវចាប់អារម្មណ៍ក្នុងការអានព័ត៌មានប៉ុន្មានទេ ដោយសារតែពេលខ្លះប្រភពព័ត៌មានវាអត់ច្បាស់ហើយពេលខ្លះនិយាយអត់សូវពិតអីចឹងទៅវាធ្វើឱ្យខ្ញុំអត់សូវចង់អាន តែសម្រាប់បេក្ខជនដទៃខ្ញុំអត់ច្បាស់ថាគាត់ចូលចិត្តអានឬក៏អត់ចូលចិត្តអានដូចខ្ញុំអីចឹងដែរទេ តែសម្រាប់ខ្ញុំ ខ្ញុំអត់សូវចូលចិត្តអានប៉ុន្មានទេ។»
កញ្ញា សឿន ស្រីនិច និស្សិតអក្សរសាស្រ្តខ្មែរ (រូបភាព៖ តាំង ប៉ហ្គិច)
លោក ភាន់ ភ័ក្រណា អាយុ២២ឆ្នាំ ជានិស្សិតឆ្នាំទី៣ផ្នែកគណិតវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការអានព័ត៌មានអាចឱ្យយើងជួយដោះស្រាយបញ្ហាក្នុងសង្គម លុបបំបាត់អំពើពុករលួយ និងស្វែងរកយុត្តិធម៌ជូនប្រជាជន។
លោកបានបន្តថា៖ «ដូចជាក់ស្ដែងទូទៅអីចឹងនៅពេលដែលមានបញ្ហាណាមួយ ក្នុងនាមយើងជាយុវជនអីចឹងយើងគួរតែព្យាយាមជួយដោះស្រាយទៅលើពួកគាត់។ កាលណាយើងចេះជួយគ្នាទៅវិញទៅមកអីចឹងភាពដែលអយុត្តិធម៌មិនអាចកើតមានទៀតទេ ហើយធ្វើឱ្យសង្គមយើងលែងមានអំពើពុករលួយ កាលណាយុវជនដឹងច្បាស់ពីព័ត៌មានច្បាស់លាស់ប្រទេសយើងកាន់តែរីកចម្រើនថែមទៀត»។
លោក ភាន់ ភ័ក្រណា និសិ្សតគណិតវិទ្យា (រូបភាព៖ តាំង ប៉ហ្គិច)
លោក ឡេវ ពិសិដ្ឋ អាយុ១៨ឆ្នាំ ជានិស្សិតផ្នែកគីមីវិទ្យានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានលើកឡើងថា ការអានព័ត៌មានមានសារៈសំខាន់ព្រោះព្រឹត្តិការណ៍ផ្សេងៗតែងតែអាប់ដេតតាមរយៈព័ត៌មាន។
លោក ឡេវ ពិសិដ្ឋ និស្សិតគីមីវិទ្យា (រូបភាព៖ តាំង ប៉ហ្គិច)
លោកបានបន្ថែមថា៖ «ជាការពិតណាស់ ការអានព័ត៌មានគឺវាមានសារៈសំខាន់ណាស់ ព្រោះអីជាធម្មតានៅក្នុងសង្គមមួយវាតែងតែមានការផ្លាស់ប្ដូរនូវបរិបទសង្គមផ្សេងៗ ក៏ដូចជាស្ថានការណ៍អីចឹងទៅទាំងអស់នឹងគឺគេតែងតែអាប់ដេតទៅតាមព័ត៌មានដែលបង្ហោះនៅតាមឧទាហរណ៍ថាទស្សនាវត្ដី កាសែត ប្រព័ន្ធ social media(បណ្ដាញសង្គម) ជាដើម»៕