ប្រជាពលរដ្ឋរស់នៅស្រុកគូលែន ខេត្តព្រះវិហារ អំពាវនាវឱ្យអាជ្ញាធរដោះលែងសមាជិកគ្រួសារ និងពលរដ្ឋផ្សេងទៀត ដែលអាជ្ញាធរបានចាប់ខ្លួន នៅពេលប៉ះទង្គិចគ្នាដោយហិង្សា ក្នុងរឿងជម្លោះដីធ្លី។
បើយោងតាមអត្ថបទដែលចេញផ្សាយដោយអង្គការសិទ្ធិមនុស្សលីកាដូ បានឱ្យដឹងថា កាលពីថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កងកម្លាំងប្រដាប់អាវុធមួយក្រុម ដែលរួមមានកងរាជអាវុធហត្ថ និងមន្ត្រីនគរបាលជាច្រើននាក់ រួមជាមួយនឹងមន្ត្រីរដ្ឋបាលព្រៃឈើមួយចំនួន បានប្រមូលផ្តុំគ្នា ដើម្បីការពារដីធ្លីដែលកំពុងមានជម្លោះនៅក្នុងខេត្តព្រះវិហារ ដោយមានការបាញ់គ្រាប់ និងចាប់ខ្លួនពលរដ្ឋមួយចំនួនទៅកាន់ក្រុងព្រះវិហារ ហើយក៏ពុំទាន់ដឹងពីទីតាំងជាក់លាក់នៃការឃុំខ្លួននោះនៅឡើយ។
ប្រភពដដែលបន្តថា៖ «អ្នកភូមិមួយចំនួនបានរាយការណ៍ថា កងកម្លាំងប្រដាប់អាវុធចម្រុះដែលប្រដាប់ដោយកាំភ្លើងយន្ត បានចូលទៅក្នុងតំបន់ជម្លោះនោះតាំងពីមុនទៀបភ្លឺ ហើយមានគ្រឿងចក្រសម្រាប់ឈូសឆាយមួយចំនួនចូលមកជាមួយផងដែរ។ ដោយការភ័យខ្លាចថាទ្រព្យសម្បត្តិរបស់អ្នកភូមិនឹងត្រូវបានបំផ្លាញ ហើយអ្នកទាំងនោះអាចនឹងត្រូវបានកងកម្លាំងទាំងនោះបណ្តេញចេញដោយបង្ខំ អ្នកភូមិទាំងនោះបានប្រមូលផ្តុំគ្នា ទាមទារឱ្យកងកម្លាំង និងអាជ្ញាធរទាំងនោះចាកចេញពីតំបន់នោះ។ សកម្មភាពប្រឈមមុខដាក់គ្នានេះ ត្រូវបានអ្នកភូមិថតជាវីដេអូបាន ដោយឃើញមានកងកម្លាំងប្រដាប់អាវុធបាញ់គ្រាប់កាំភ្លើងពិតជាច្រើនដង និងមានការប្រើប្រាស់គ្រាប់បែកផ្សែងផងដែរ»។
អ្នកស្រី ណៃ ធួន ដែលអះអាងជាពលរដ្ឋរស់នៅឃុំស្រយ៉ង់ ស្រុកគូលែន បានឱ្យដឹងថា ជម្លោះដីធ្លីនេះ កើតមានឡើងរវាងក្រុមហ៊ុន សីលាដាម៉ិច ខូអិលធីឌី និងពលរដ្ឋជាង ២០០គ្រួសារ ដែលរស់នៅក្នុងភូមិម្រេច ភូមិស្រយ៉ង់ត្បូង និងភូមិក្តាក់ ឃុំស្រយ៉ង់។ អ្នកស្រីបន្តថា នៅថ្ងៃកើតហេតុ សមត្ថកិច្ចចម្រុះបានដាក់កម្លាំង និងគ្រឿងចក្រសម្រាប់ឈូសឆាយដីកំពុងមានជម្លោះ ហើយត្រូវបានប្រជាពលរដ្ឋរារាំង រហូតដល់មានការប៉ះទង្គិចគ្នាដោយហិង្សា។
អ្នកស្រី ណៃ ធួន បានអះអាងទៀតថា ក្នុងហេតុការណ៍នោះ សមត្ថកិច្ចបានចាប់ខ្លួនពលរដ្ឋប្រមាណជាង ២០នាក់ ដែលភាគច្រើនជាកុមារ ដែលមិនអាចគេចខ្លួនបាន។
អ្នកស្រីនិយាយថា៖ «សូមថ្នាក់ដឹកនាំកំពូលៗ ឱ្យគាត់រកដំណោះស្រាយដល់ប្រជាពលរដ្ឋផង ប្រជាពលរដ្ឋរាល់ថ្ងៃ អ្វីៗក៏ត្រូវដុតឆេះអស់ សូម្បីតែស្រូវពូជ សូម្បីតែខោអាវស្លៀកពាក់ សូម្បីតែអីវ៉ាន់ដែលគ្នាលក់ តាំងពីគោយន្ត តាំងពីម៉ូតូលើកដាក់ឡានអស់ សូមឱ្យរដ្ឋាភិបាលលោកជួយដោះស្រាយដល់ពលរដ្ឋរងគ្រោះដូចជាពួកខ្ញុំ»។
លោក ចឹក វ័រ ជាពលរដ្ឋម្នាក់ទៀតរស់នៅឃុំស្រយង់ដែរនោះ បានឱ្យដឹងថា សមាជិកគ្រួសាររបស់លោកចំនួន ៣នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្នុងនោះមានកូនស្រីអាយុ ៥ឆ្នាំ កូនប្រុសអាយុ ១២ឆ្នាំ និងប្រពន្ធរបស់លោក។ លោកបន្តថា កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរបានជូនដំណឹងឱ្យពលរដ្ឋនៅតំបន់នេះ ចាកចេញពីទីតាំងដីដែលពួកគាត់កំពុងរស់នៅ និងមានជម្លោះ ដោយពុំមានការផ្តល់សំណងណាមួយឡើយ។
លោកបន្ថែមថា ដោយសារមិនមានសំណង និងដីសម្រាប់រស់នៅ និងបង្កបង្កើនផលនៅកន្លែងផ្សេងទៀត ទើបប្រជាពលរដ្ឋនៅទីនោះមិនព្រមចាកចេញ ហើយអាជ្ញាធរមានសមត្ថកិច្ច ក៏បានដាក់កម្លាំងចុះមកឈូសឆាយ រហូតដល់មានការប្រើហិង្សា និងការចាប់ខ្លួនពលរដ្ឋ នៅថ្ងៃទី០៦ ខែមីនានោះ។
លោក ចឹក វ័រ បានអំពាវនាវដល់រដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដោះលែងសមាជិកគ្រួសាររបស់លោក និងពលរដ្ឋផ្សេងទៀត ឱ្យមានសេរីភាពវិញ និងផ្តល់ដំណោះស្រាយជូនពលរដ្ឋដោយសន្តិវិធី។
លោកមានប្រសាសន៍ថា៖ «សូមជួយឱ្យបានកូនក្មេងមកវិញមកផង គ្នាប៉ុណ្ណឹងយកគ្នាទៅបង្អត់បាយឱ្យស្លាប់អស់ហើយ សួរតែចិត្តគេចិត្តយើង កូនគេកូនយើង បើកូនយើងគិតម៉េច?»។
ពលរដ្ឋម្នាក់ទៀតរស់នៅឃុំស្រយង់ ដែលសុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្ថិភាព បានឱ្យដឹងថា វិវាទដីធ្លីរវាងពលរដ្ឋ និងក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី បានកើតឡើងតាំងពីឆ្នាំ២០១២ មក ប៉ុន្តែខាងអាជ្ញាធរមិនបានដោះស្រាយជូនប្រជាពលរដ្ឋនោះទេ ហើយបែរជាមានការបង្ក្រាបទៅលើប្រជាពលរដ្ឋដោយហិង្សាថែមទៀត។
លោកថា៖ «ហេតុការណ៍ម្សិលមិញ[ថ្ងៃទី០៦ ខែមីនា]មានអ្នករបួសធ្ងន់ម្នាក់ ហូរឈាមមិនបាត់សោះ មិនដឹងជាយ៉ាងណាទេ ព្រោះត្រូវបានចាប់ទៅ ចោលកូនតូចៗនៅចំការ និងម្នាក់ទៀតជាស្រ្តីមានកូន១ខួប ក៏ចាប់ទៅដែរ កូនទុកនៅយាយអ្នកមើល»។
ករណីនេះ លោកបានអំពាវនាវដល់ប្រមុខរដ្ឋាភិបាល ជួយអន្តរាគមន៍ដោះស្រាយវិវាទដីធ្លីនេះ និងស្នើឱ្យមានការដោះលែងប្រជាពលរដ្ឋដែលបានចាប់ខ្លួននោះមកវិញ។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយជុំវិញករណីនេះពី ស្នងការនគរបាលខេត្តព្រះវិហារ លោក សួស សុខដារ៉ា និងអភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី ព្រមទាំងលោក សាមិត្ត វិរៈ តំណាងក្រុមហ៊ុនសីលាដាម៉ិច ខូអិលធីឌី បានទេ។
ប៉ុន្តែបើតាម អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី ដែលបានធ្វើសន្និសីទសារព័ត៌មាន កាលពីថ្ងៃទី៧ ខែមីនា បានឱ្យដឹងថា ដីដែលមានជម្លោះនោះមិនមែនជាដីរបស់ក្រុមហ៊ុនទេ តែជាដីរបស់រដ្ឋដែលធ្វើសម្បទានសេដ្ឋកិច្ចទៅឱ្យក្រុមហ៊ុនដើម្បីធ្វើការវិនិយោគ។
លោកបន្តថា មុននឹងឈានដល់ការអនុវត្តវិធានការដើម្បីថែរក្សាការពារដីរដ្ឋនេះ អាជ្ញាធរខេត្តក៏ធ្លាប់បានកោះហៅប្រជាពលរដ្ឋ ទៅប្រជុំ អប់រំ ណែនាំ និងដោះស្រាយតាមនីតិវិធីជាច្រើនដង ព្រមទាំងបានជូនដំណឹងឱ្យរុះរើចេញពីដីនោះដោយសន្តិវិធីដែរ ប៉ុន្តែប្រជាពលរដ្ឋមិនចាកចេញ។
លោកថ្លែងថា៖ «មុននឹងចាត់វិធានការរក្សាការពារដីរដ្ឋនេះ យើងទុកឱកាសឱ្យគាត់ ១០ថ្ងៃទៀត ដោយយើងធ្វើជាសារសំឡេងចាក់ផ្សាយជូនបងប្អូនប្រជាពលរដ្ឋទាំងអស់ ឱ្យចាកចេញពីដីរដ្ឋដែលបានចុះបញ្ជីរួចហើយនេះ»។
អភិបាលរងខេត្តរូបនេះ បញ្ជាក់បន្ថែមថា ក្នុងហេតុការណ៍នោះ ប្រជាពលរដ្ឋបានប្រើប្រាស់ហិង្សា ទៅលើអាជ្ញាធរមុន ទើបអាជ្ញាធរប្រើសិទ្ធិការពារខ្លួន។
លោកបន្តថា៖ «ពួកគាត់ហាប់បីដូចជាចង់យកតំបន់នោះ ជាតំបន់អាណានិគម ព្រោះយើងធ្លាប់ធ្វើការបង្ក្រាបពួកគាត់ពីរដងរួចមកហើយ […] យើងមិនមែនចេះតែទៅដល់ភ្លាមធ្វើភ្លាមនោះទេ។ ក្រុមជនអាណាធិបតេយ្យ លោកមានប្រដាប់ប្រដាតាំងពីកាំបិត ពូថៅ ខ្វាវ រហូតដល់ប្រើប្រាស់ជំពាមកៅស៊ូបាញ់មកសមត្ថកិច្ចរបស់យើង ប៉ុន្តែដោយសារការអត់ធ្មត់យើងសុំឱ្យគាត់ចាកចេញទុករយៈពេលពីរម៉ោងទៀត មុននឹងយើងអនុវត្ត មុននឹងយើងប្រើប្រាស់គ្រាប់បែកផ្សែង ដើម្បីបំបែកពួកគាត់ អីចឹងហើយសមត្ថកិច្ចសុំប្រើសិទ្ធិការពារខ្លូន»។
នាយកទទួលបន្ទុកកិច្ចការទូទៅ នៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មានប្រសាសន៍ថា នេះជាករណីទី១ នៅក្នុងឆ្នាំ២០២៤ និងជាករណីដំបូង នៅក្នុងរាជរដ្ឋាភិបាលអាណត្តិថ្មី ដែលមានការប្រើប្រាស់អាវុធ ឬផ្ទុះអាវុធក្នុងករណីជម្លោះដីធ្លី នៅស្រុកគូលែន ខេត្តព្រះវិហារនេះ។
ករណីនេះ លោកស្នើដល់អាជ្ញាធរ និងប្រជាពលរដ្ឋ គួរមានការជជែកពិភាក្សា និងរកវិធីសាស្ត្រណាមួយក្នុងការដោះស្រាយ ជាជាងការប្រើប្រាស់អំពើហិង្សា ឬជៀសវាងការប្រើប្រាស់អាវុធពីសំណាក់សមត្ថកិច្ចទៅលើប្រជាពលរដ្ឋ ទោះពីក្នុងស្ថានការណ៍ណាក៏ដោយ។
លោកថ្លែងថា៖ «នៅក្នុងយុគសម័យនេះហើយ មិនគួរមានការផ្ទុះអាវុធក្នុងករណីទំនាស់ដីធ្លីទេ ប្រសិនបើពិនិត្យមើលទៅស្ថានភាព ឬស្ថានការអនុវត្តរបស់កងកំលាំង អាចឈានដល់មានការផ្ទុះអាវុធ អ្នកដឹកនាំក្រុមការងារកងកំលាំងអនុវត្ត ឬអាជ្ញាធរពាក់ព័ន្ធគួរពិចារណាក្នុងការដកឃ្លា ដើម្បីរកដំណោះស្រាយ ឬយុទ្ធសាស្រ្តដោះស្រាយដោយសន្តិវិធី ដើម្បីបញ្ចៀសអំពើហិង្សា ឬការផ្ទុះអាវុធ ដែលនាំឱ្យមានការចោទប្រកាន់ពីការរំលោភសិទ្ធិមនុស្ស និងបង្កព្យសន:កម្មធន់ធ្ងរ»។
លោកអំ សំអាត បន្ថែមថា៖ «យើងជាអង្គការសង្គមស៊ីវិល មិនគាំទ្រលើអំពើហិង្សាជាដាច់ខាត ទោះកើតចេញពីភាគីណាក៏ដោយ តែសុំឱ្យភាគីអាជ្ញាធរមានភាពអត់ធ្មត់ និងរកមធ្យោបាយ និងយុទ្ធសាស្រ្តដោះស្រាយដោយបញ្ចៀសអំពើហិង្សា […] អំពើហិង្សាមិនមែនជាដំណោះស្រាយ ហើយបង្កផលលំបាកសម្រាប់ភាគីទាំងសងខាង ជាពិសេសប្រជាពលរដ្ឋនឹងត្រូវរងគ្រោះ ហើយត្រូវចាប់ខ្លួនបន្ថែមទៀត»។
គួរបញ្ជាក់ថា ក្រុមហ៊ុនសិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាលនៅឆ្នាំ២០០៩ លើផ្ទៃដីប្រមាណ ៩ ០០០ហិកតា ក្រោមហេតុផលធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ដែលបណ្តាលឱ្យប៉ះពាល់ដីប្រជាពលរដ្ឋ នៅតំបន់នោះជិត ១ ០០០គ្រួសារ៕