ប្រជា​ពលរដ្ឋ​រស់នៅតំបន់រុនតាឯក ស្រុកបន្ទាយស្រី ​ខេត្តសៀមរាប បានទទួល​ប្រាក់​បណ្ណសមធម៌ ឬបណ្ណក្រីក្រ សម្រាប់ខែមករា និង​ខែ​កុម្ភៈនេះ ពីអាជ្ញាធរ ក្រោយរដ្ឋាភិបាលខកខានមិនបានបើកឱ្យ​ពួកគាត់ និង​​មានការ​តវ៉ាពីពលរដ្ឋ​។

កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ ពលរដ្ឋជិត ៤០០នាក់ បាន​នាំគ្នាផ្ទុះកា​​រ​​ត​វ៉ា​នៅ​មុខ​​សាលា​ខេត្ដ​​សៀម​រាប និងមុខសាលាឃុំរុនតាឯក ដើម្បីស្នើឱ្យអាជ្ញាធរជួយដោះស្រាយ​លើ​បញ្ហា​បណ្ណ​សមធម៌ ដែលរដ្ឋាភិបាលបានផ្ដល់រយៈពេល១០ឆ្នាំ​ នូវទឹកប្រាក់​ក្នុងមួយ​គ្រួសារ​ប្រមាណ ៤០ម៉ឺនរៀល ទៅជាង ៥០ម៉ឺនរៀលទៅតាមសមាជិកគ្រួសារ ប៉ុន្តែ​​​ពួកគាត់បាន​ទទួល​​ត្រឹមតែជាង ១០ម៉ឺនរៀលក្នុងមួយគ្រួសារ​ទៅវិញ។

​លោក ម៉ត រស់ អះអាងថា​ជាប្រជា​ពលរដ្ឋរស់តំបន់រុនតាឯក បាន​ឱ្យដឹងថា គ្រួសាររបស់លោក​បានទទួល​​​​ប្រាក់ឧបត្ថម្ភ​តាមរយៈបណ្ណ​សមធម៌​សម្រាប់​​ខែកុម្ភៈនេះពីអាជ្ញាធរហើយ​​ ប៉ុន្តែ​លុយដែល​បាន​បាត់​កាលពីខែមករានោះ លោកនៅ​មិនទាន់បាននោះទេ។

លោកថ្លែងថា៖ «ខ្ញុំជាប្រជាពលរដ្ឋរស់នៅរុនតាឯកដែរ គាត់បានបញ្ចូលឱ្យវិញ មានចិត្តសប្បាយចិត្ត ត្រេកអរ ពីព្រោះថា​នៅតំបន់រុនតាឯកហ្នឹង វាកង្វះខាតលុយហូបចុក ព្រោះយើងរកណេះរកណោះប៉ុន្មាន ហើយជំពាក់លុយធនាគារផង […]សុំឱ្យតែរដ្ឋាភិបាលបំពេញប្រាក់ដែលធ្លាប់បានហ្នឹងមកវិញ សុំតែប៉ុណ្ណឹងបានហើយ»។

ប្រជាពលរដ្ឋរស់នៅតំបន់រុនតាឯកម្នាក់ទៀត លោក នួន ណំ បានឱ្យដឹងដែរថា គ្រួសារ​របស់​​លោក បានបើកប្រាក់បណ្ណសមធម៌​សម្រាប់ខែមករា និងខែកុម្ភៈ បាន​​គ្រប់ចំនួនវិញហើយ​។ លោកបង្ហាញការ​​ត្រេក​អរដែលរដ្ឋាភិ​បាល​បានបើកប្រាក់​គ្រប់​ចំនួន​មក​វិញ តែគាត់ព្រួយបារម្ភខ្លាចមានការកាត់ប្រាក់ទៅថ្ងៃខាងមុខទៀត។

លោកថ្លែងថា៖ «បើកបានគ្រប់វិញហើយ សប្បាយចិត្តដែលបងលុយពេញមកវិញ ​[…] ខ្ញុំព្រួយបារម្ភខ្លាចថ្ងៃក្រោយ​អាចនឹងមានរឿងអញ្ចឹងទៀត ព្រោះម្តាយខ្ញុំគាត់មិនដឹងរកអ្វីទេ គាត់នៅផ្ទះ គាត់ចាស់ហើយ ខ្ញុំស៊ីឈ្នួលគេ ធ្វើចម្ការគេ»។

ចំណែក អ្នកស្រី អេង សាវង្ស ប្រជាពលរដ្ឋនៅតំបន់រុនតាឯកដែរនោះ ក៏បាន​បញ្ជាក់​ដែរ​​ថា គ្រួសាររបស់គាត់ ទទួលបាន​លុយបណ្ណសមធម៌ដែលបានបាត់កាលពីខែមករា និងសម្រាប់​ខែ​កុម្ភៈ​នេះ ពីអាជ្ញាធរ​គ្រប់ចំនួនហើយ​។

អ្នកស្រីថា៖ «មានអារម្មណ៍រំភើបណាស់ បានលុយមកវិញ ជួយរំដោះបានមួយគ្រាៗ ថ្លៃអង្គការផង ថ្លៃកូនរៀនផងហើយបង់អីចឹងណា»។

អ្នកស្រីបន្ថែម​ថា៖ «ព្រួយបារម្ភដែរ ខ្លាចបាត់ទៅ បើធ្វើតាមគោលការណ៍សន្យាសម្តេចមុន[លោក ហ៊ុន សែន​]ថាឱ្យដប់ឆ្នាំ ត្រេកអរ […] ខ្ញុំសំណូមពរឱ្យពាក្យដែលសម្តេចថាឱ្យដប់ឆ្នាំសូមបន្តឱ្យពួកខ្ញុំបាន១០ឆ្នាំទៀតមក កុំឱ្យកាត់ចេញ សូមត្រឹមដប់ឆ្នាំដែលសម្តេចសន្យាឱ្យពួកខ្ញុំ កុំឱ្យមានការផ្លាស់ប្តូរអីសុំតេប៉ុណ្នឹងទេ»។

នាយករដ្ឋបាលសាលាខេត្តសៀមរាប លោក លី វណ្ណៈ មានប្រសាសន៍ថា អាជ្ញាធរបាន​ចាប់​​​ផ្តើម​បើក​​ប្រាក់សមធម៌របស់ប្រជាពលរដ្ឋនៅ​រុនតាឯក ពីថ្ងៃទី០៥ ដល់ថ្ងៃទី៩ ខែមីនា ហើយគិត​មកដល់​ថ្ងៃទី០៧ ខែមីនានេះ គឺបានបើកប្រាក់គ្រប់ចំនួនជូនពលដ្ឋ​ហើយ។

លោក​ថា៖ « បើបងប្អូនមានចម្ងល់អាចសួរទៅមន្ត្រី​ជំនាញ ដែលចុះទៅផ្សព្វផ្សាយនៅរុនតាឯកនោះ ដោយ​ពួកគាត់ នឹង​ពន្យល់អំពីមូលហេតុ ព្រោះការព្រួយបារម្ភរបស់ពួកគាត់ ក៏ជាការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលដែរ[…] បើខ្វះពិតប្រាកដមែនមន្ទីរយើងមាន យក​ឯកសារទៅសួរនាំ​នៅកន្លែងមន្ទីរអង្គភាព តែគួរតែបានទាំងអស់ មិនគួរខ្វះម្នាក់ឬ២នាក់​ទេ ព្រោះនេះ​ជាប្រព័ន្ធក្នុងការបើកប្រាក់»។

អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្សរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត សាទរចំពោះការគិតគូរឡើងវិ​ញ​របស់រដ្ឋាភិបាល ដែលបានផ្តល់ប្រាក់ឱ្យប្រជាពលរដ្ឋនៅរុនតាឯក។

លោកថ្លែងថា៖ «សប្បាយចិត្តឃើញថា រដ្ឋាភិបាលនិងអាជ្ញាធរបានគិតគូរដល់ប្រជាពលរដ្ឋឡើងវិញ កម្រមានណាស់ ទើបតែឃើញពេលនេះ ឃើញមានរាជរដ្ឋាភិបាលលោកគិតគូរ […] តែវានៅតែនៅខ្លះ ខ្ញុំក៏លឺអីចឹងដែរ ថាគាត់​មិន​ទាន់​បាន​គ្រប់​ចំនួន អីចឹងទៅ ហើយគាត់បានទៅសួរតាមឋានានុក្រម​ ថាតើលុយនេះបានត្រឡប់មកវិញ ហើយទើ​ត្រឹម​ណា» ។

លោកសង្ឃឹម​ថា រដ្ឋាភិបាលនឹងបន្តផ្តល់ប្រាក់សមធម៌គ្រប់​ចំនួន​ដល់ប្រជាពលរដ្ឋ នៅ​តំបន់រុនតាឯកនេះ រហូតដល់១០ឆ្នាំ ដោយមិនមានការកែប្រែ។

កាលពីខែសីហា ឆ្នាំ២០២២ ប្រជាពលរដ្ឋប្រមាណជិត ១ម៉ឺនគ្រួសារ ដែលរស់នៅជុំវិញតំបន់ឧទ្យាន​​​អង្គរ ត្រូវបានជូនដំណឹងឱ្យរុះរើចេញ ហើយផ្លាស់ទៅកាន់ទីតាំងថ្មី នៅ​​​តំបន់រុនតាឯក ដែល​មាន​ចម្ងាយជាង ២០គីឡូម៉ែត្រ។ ក្រោយការ​ផ្លាស់ទីលំនៅនេះ រដ្ឋាភិបាល​បាន​សម្រេចផ្តល់​ប្រាក់ឧបត្ថម្ភតាមរយៈបណ្ណសមធម៌នេះ ដល់ប្រជាពលរដ្ឋ ក្នុងនោះ​អតីតនាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន បាន​​អះអាងថា ប័ណ្ណសមធម៌​ដែលរដ្ឋាភិបាល​ចែក​ជូន​ពលរដ្ឋ​ដែលស្ម័គ្រចិត្តទៅរស់នៅឃុំរុនតាឯក គឺមានសុពលភាពរយៈពេល ១០​ឆ្នាំ ដោយចាប់​ផ្តើមអនុវត្តពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ តទៅ៕