អង្គការសង្គមស៊ីវិល និងពលរដ្ឋប្រមាណជា៥០០នាក់ ជួបជុំគ្នានៅទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី៨ ខែមិនា ដើម្បីរំឮកទិវាអន្តរជាតិនារី ដោយមានការទាមទារឱ្យរដ្ឋាភិបាលអាណត្តិថ្មីគោរពសិទ្ធិស្រ្តី និងដោះលែងសកម្មជនទាំងអស់ដែលកំពុងជាប់ឃុំនៅពន្ធធនាគារ។
ការប្រារព្ធទិវាអន្តរជាតិនារី លើកទី១១៣ នៅទីលានប្រជាធិបតេយ្យ នាព្រឹកថ្ងៃទី៨ ខែមិនាឆ្នាំ២០២៤ ធ្វើឡើងក្រោមប្រធានបទ «ធានាសិទ្ធិសេរីភាពស្ត្រី និងក្មេងស្រីដើម្បីស្ថិរភាពសេដ្ឋកិច្ច និងយុត្តិធម៌សង្គម»។ ក្រុមតំណាងអង្គការដែលធ្វើការផ្នែកផ្សេងៗគ្នា បានលើកឡើងពីបញ្ហាប្រឈមក្នុងវិស័យរបស់ពួកគេ ពាក់ព័ន្ធនឹងសិទ្ធិមនុស្ស សិទ្ធិការងារ និងការចោទប្រកាន់ និងចាប់ខ្លួនសកម្មជនផ្សេងៗ។
លោកស្រី យ៉ាង សុភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជាថ្លែងក្នុងកម្មវិធីនោះថា ការប្រារព្ធទិវានារីអន្តរជាតិនេះឡើងដើម្បីអបអរទិវានេះដោយទទួលបាននូវការខិតខំប្រឹងប្រែងពីវីរៈភាពស្រី្ដ ពង្រឹងសាមគ្គីភាពរវាងអង្គការសង្គមស៊ីវិល សហគមសហជីព និងកិច្ចសហប្រតិបត្តិការរវាងក្រសួងពាក់ព័ន្ធដៃគូក្នុងការធានាបាននូវសិទ្ធិរបស់ស្រ្តី ក្មេងស្រី ដើម្បីស្ថិរភាពសង្គម និងសង្គមយុត្តិធម៌ និងដើម្បីបើកឱកាសឱ្យមានការចូលរួមជាសាធារណៈក្នុងការលើកកម្ពស់តម្រូវការឆ្លើយតបសមភាពយេនឌ័រឱ្យមានប្រសិទ្ធភាព។
លោកស្រីបន្ថែមទៀតថា៖ «ពួកយើងសង្ឃឹមថា មានដំណោះស្រាយទាំងអស់នឹងចំនួន៣ចំណុច ទី១ ភាគីពាក់ព័ន្ធសាធារណៈជនកម្មករនិយោជិតបានស្វែងយល់អំពីបញ្ហាប្រឈមរបស់ស្ដ្រី ក្មេងស្រី ជាពិសេសអ្នកការពារសិទ្ធិមនុស្ស។ ទី២ ភាគីពាក់ព័ន្ធ សាធារណៈជន កម្មករនិយោជិតមានឱកាសក្នុងការជួបជុំបណ្ដាញដែលបានលើកឡើងអំពីបញ្ហាប្រឈមដែលប្រទះសព្វថ្ងៃ និងអនុវត្តសិទ្ធិសេរីភាព រួមទាំងតម្រូវការ និងអនុសាសន៍សំខាន់ៗចំនួន១៦ចំណុច។ ទី៣ បញ្ហាដែលបានលើកឡើងនៅទិវានេះ ត្រូវបានពិចារណា ឬត្រូវបានដោះស្រាយ និងបង្កើតឱ្យមានគោលនយោបាយឱ្យមានការចូលរួមនូវការអនុវត្តជាពិសេសសំណាក់រាជរដ្ឋាភិបាល»។
កញ្ញា មាន លីសា សមាជិកចលនាមាតាធម្មជាតិ បានលើកពីចំណាប់អារម្មណ៍ក្នុងទិវានារីអន្តរជាតិថា ស្រ្ដីត្រូវបានគេដាក់សម្ពាធគ្រប់បែបយ៉ាង ប៉ុន្ដែស្រ្ដីនៅតែក្រោកឈរជំនះទាមទារពីការរើសអើង ស្រ្ដីទាមទារឱ្យមានការគោរពសិទ្ធិមនុស្សជាពិសេសស្ដ្រីត្រូវបានលើកទឹកចិត្តឱ្យចូលរួមគ្រប់សកម្មភាពដែលបម្រើប្រយោជន៍ដល់សង្គម និងប្រទេសជាតិ ពិសេសកូនចៅជំនាន់ក្រោយ។
កញ្ញាបញ្ជាក់ថា៖ «សកម្មភាពតស៊ូមតិមិនមែនជាបទឧក្រិដ្ឋទេ»។
ក្នុងការប្រារព្ធទិវានារីអន្តរជាតិនោះ គេឃើញមានខាងតំណាងស្ថានទូត និងអង្គការជាតិ និងអន្តរជាតិជាច្រើនបានចូលរួមផងដែរ។
កញ្ញា សំ សីម៉ា និង កញ្ញា វ៉ាយ ឡាង ជាយុវជនស្ម័គ្រចិត្តនៅអង្គការកម្មវិធីអភិវឌ្ឍធនធានយុវជន (YRDP) បានថ្លែងពីតម្រូវការទាំង១៦ចំណុចស្ដីពីសិទ្ធិសេរីភាពរបស់ស្ដ្រី និងជំរុញឱ្យរដ្ឋាភិបាលពន្លឿនការទប់ស្កាត់អំពើហិង្សាក្នុងគ្រួសារ ការផ្ដល់សេវាគាំពារសង្គមដល់ស្រី្ដមានផ្ទៃពោះ កុមារ និងស្ដ្រីមានពិការភាព ពង្រឹងគុណភាពអប់រំនៅសាលារដ្ឋ និងផ្ដល់អាហាររូបករណ៍ថ្នាក់ឧត្តមសិក្សា។
កាលពីថ្ងៃទី៧ ខែមីនា ឆ្នាំ២០២៤ មុនមួយថ្ងៃនៃទិវានារីអន្តរជាតិ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានថ្លែងក្នុងវីដេអូមួយថា វត្តមានស្ត្រីកម្ពុជាពិតជាសំខាន់ក្នុងការជួយសម្រួលជីវភាពគ្រួសារ និងកំណើនសេដ្ឋកិច្ចសង្គម។ លោកបន្តថា រដ្ឋាភិបាលកម្ពុជាបាននឹងកំពុងរៀបចំដាក់ចេញនូវគោលនយោបាយជាតិស្ដីពីសមភាពយេនឌ័រ គោលនយោបាយគាំទ្រដល់សហគ្រិនស្រ្ដី គោលនយោបាយត្រួតពិនិត្យបន្ថែមទៅលើប្រព័ន្ធគាំពារសង្គម គោលនយោបាយដោះស្រាយបញ្ហាគម្លាតយេនឌ័រលើវិស័យឌីជីថល និងលើកកម្ពស់ស្រ្ដីក្នុងវិស័យផ្សេងៗនិងក្នុងគ្រួសារផងដែរ៕