អាជ្ញាធរប្រទេសចិន បានជួយសង្គ្រោះយុវតីខ្មែរម្នាក់ ពីការបង្ខាំងទុកក្នុងបន្ទប់នៅខេត្តលីសួយជីងធាន ប្រទេសចិន ក្រោយពីក្មេងស្រីរងគ្រោះ បានបង្ហោះវីដេអូស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរមានសមត្ថកិច្ច។
កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៤ រដ្ឋបាលខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបញ្ជាក់ថា យុវតីរងគ្រោះមានឈ្មោះ រុំ ភិផា កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ បានចេញពីផ្ទះទៅធ្វើការនៅរោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ និងបានបាត់ដំណឹងក្រោយធ្វើការបានប្រមាណ ៥ទៅ៦ខែ ប៉ុន្តែគ្រួសារជនរងគ្រោះមិនបានប្ដឹងសមត្ថកិច្ចឡើយ ដោយគិតស្មានថា យុវតីរូបនេះ ខឹងសមាជិកក្នុងគ្រួសារហើយមិនផ្តល់ដំណឹង។ លុះដល់ល្ងាចថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ទើបគ្រួសារជនរងគ្រោះ បានឱ្យដឹងថា រុំ ភិផា ត្រូវបានជួញដូរនៅប្រទេសចិន ក្រោយពីនាងបានបង្ហោះវីដេអូសុំការជួយសង្គ្រោះ។
ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ប្រាប់ Newsroom Cambodia នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះថា ក្រោយទទួលបានព័ត៌មាននេះ អគ្គកុងស៊ុលកម្ពុជាប្រចាំនៅប្រទេសចិន បានទាក់ទងនិងសហការជាមួយអាជ្ញាធរចិន ដោយពេលនេះអាជ្ញាធរប្រទេសចិន បានទៅសង្គ្រោះយុវតីខ្មែររូបនោះ នៅកន្លែងបង្ខាំងហើយ កាលពីល្ងាចថ្ងៃទី១០ ខែមីនា។
លោកមានប្រសាសន៍ថា៖ «អគ្គកុងស៊ុលរបស់កម្ពុជាយើងប្រចាំនៅប្រទេសចិនហ្នឹង បានធ្វើការយ៉ាងដុតដៃដុតជើងសហការជាមួយនឹងសមត្ថកិច្ចអាជ្ញាធររបស់ចិន រហូតមកដល់ស្មាល្ងាច គឺថាសមត្ថកិច្ចអាជ្ញាធរចិនបានចូលទៅដល់ទីតាំងកន្លែងដែលបង្ខាំងប្អូនស្រីនោះហើយ បានយកប្អូនស្រីនោះមកកាន់ការិយាល័យដោយសុវត្ថិភាពហើយ»។
លោកបន្តថា ក្រោយពីជួយសង្គ្រោះ អាជ្ញាធរចិន កំពុងបន្តនីតិវិធីស៊ើបអង្កេត និងរៀបចំឱ្យយុវតីរងគ្រោះត្រឡប់មកប្រទេសកំណើតវិញ។
អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា៖ «បច្ចុប្បន្នគឺកំពុងធ្វើកិច្ចការងារជាមួយនឹងស្ថានទូតកម្ពុជា ក៏ដូចជាអគ្គកុងស៊ុលកម្ពុជានៅប្រទេសចិនហ្នឹង ដើម្បីបន្តនីតិវិធីស៊ើបអង្កេតបន្ថែម និងចាត់ចែងជូនប្អូនស្រីនាងមកកាន់ព្រះរាជាណាចក្រកម្ពុជា។ យើងអាចនិយាយបានថា មកដល់ពេលនេះ គឺប្អូនស្រីមានសុវត្ថិភាព១០០ភាគរយ»។
ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់(CENTRAL) លោក ឌីថេ ហូយ៉ា មានប្រសាសន៍ថា ការប្រើហ្វេសប៊ុកដើម្បីសុំការជួយសង្គ្រោះអាចមានផលវិជ្ជមាននិងអវិជ្ជមាន ដោយអាចមានការធ្វើបាបដកទូរស័ព្ទជាដើម បើសិនគេចាប់បាន។ លោកថា ស្រ្តីរងគ្រោះគប្បីទាក់ទងទៅកាន់ស្ថានទូតឬស្ថានកុងស៊ុលប្រចាំនៅប្រទេសណាមួយ នៅពេលជួបបញ្ហា។
លោកបន្តថា៖ «ខ្ញុំស្នើសុំដល់ភាគីពាកព័ន្ធ ជាពិសេសរដ្ឋាភិបាល ស្ថានទូត ឬស្ថានកុងស៊ុលដែលជាសេនារីយោរបស់ក្រសួងការបរទេស ដែលធ្វើការតំណាងឱ្យរដ្ឋាភិបាលប្រទេសកម្ពុជាទាំងមូល មេត្តាធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះព័ត៌មាន ដូចជាតាមរយៈផេករបស់ស្ថានកុងស៊ុលអីជាដើម ដើម្បីឱ្យពលរដ្ឋខ្មែរដែលលោកចាញ់បោកគេ ឬមានបញ្ហានៅប្រទេសចិនហ្នឹង ឱ្យគាត់អាចទំនាក់ទំនងតាមរយៈផេកហ្វេសប៊ុក ឬមួយតាមលេខទូរស័ព្ទ Hotline របស់ស្ថានទូតជាដើម ដើម្បីសម្រួលដល់ការជួយដល់ជនរងគ្រោះខ្មែរយើងដែលលោកចាញ់បោកគេទៅប្រទេសចិន»។
លោក ហូយ៉ា ក៏បានអំពាវនាវដល់ស្ដ្រីខ្មែរ កុំឱ្យចាញ់បោកមេខ្យល់ក្រោមទម្រង់ទៅធ្វើការបានប្រាក់ខែខ្ពស់ ឬរៀបការបានប្ដីចិនជាអ្នកមានជាដើម ព្រោះការបោកបញ្ឆោតនេះ កើតមានច្រើនឆ្នាំមកហើយ។
លោកថា៖ «អំពាវនាវដល់ប្រទេសកម្ពុជារបស់យើង ជាពិសេសស្ត្រីខ្មែរមេត្តាកុំចាញ់បោកមេខ្យល់ បើទោះបីជាគេសន្យាថាទៅរកលុយបានច្រើន ឬមួយគ្រួសារចិនល្អ អ្នកមានអីក៏ដោយ គឺរូបភាពហ្នឹងគឺវាចូលចង់ពីរទស្សន៍មកហើយដែលស្ដ្រីខ្មែរចាញ់បោកគេទៅប្រទេសចិនហ្នឹង»។
គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលមានក្មេងស្រី ឬ ស្ត្រីខ្មែរបានរងគ្រោះចាញ់បោកមេខ្យល់យកទៅលក់នៅក្រៅប្រទេស ក្រោមរូបភាពទៅបម្រើការងារបានចំណូលខ្ពស់ ឬទៅរៀបការប្តីបរទេស ដោយរូបភាពបោកប្រាស់ទាំងនេះ មានដូចជា ការជួញដូរកម្លាំងពលកម្ម ឬជួញដូរមនុស្ស និងអាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ របាយការណ៍របស់នាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន បង្ហាញថា ការបង្រ្កាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទមានជាង ១៣០ករណី ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣៕