អាជ្ញាធរប្រទេសចិន បានជួយសង្គ្រោះយុវតីខ្មែរម្នាក់ ពីការបង្ខាំងទុកក្នុងបន្ទប់​នៅខេត្តលីសួយជីងធាន ប្រទេសចិន​ ក្រោយពីក្មេងស្រីរងគ្រោះ បានបង្ហោះវីដេអូស្នើសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ​មានសមត្ថកិច្ច​។

កាលពីថ្ងៃទី១០ ខែមីនា ឆ្នាំ​២០២៤ ​រដ្ឋបាល​ខេត្តត្បូងឃ្មុំ បានចេញសេចក្តីប្រកាសព័ត៌មាន​មួយ ដោយ​បញ្ជាក់ថា យុវតី​រងគ្រោះមាន​ឈ្មោះ រុំ ភិផា កើតនៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០០៥ បានចេញពីផ្ទះទៅធ្វើការនៅ​រោងចក្រកាត់ដេរមួយនៅរាជធានីភ្នំពេញ និង​បាន​បាត់ដំណឹងក្រោយធ្វើការបានប្រមាណ ៥ទៅ​៦ខែ ប៉ុន្តែគ្រួសារជនរងគ្រោះមិនបានប្ដឹង​សមត្ថកិច្ច​ឡើយ ដោយ​គិតស្មានថា យុវតីរូបនេះ ខឹងសមាជិកក្នុងគ្រួសារ​ហើយ​មិនផ្តល់ដំណឹង។ លុះដល់ល្ងាចថ្ងៃទី៩ ខែ​មីនា ឆ្នាំ២០២៤ ទើបគ្រួសារជនរងគ្រោះ បានឱ្យ​ដឹងថា រុំ ភិផា ត្រូវបានជួញដូរនៅប្រទេស​ចិន​ ក្រោយពីនាងបាន​បង្ហោះ​វីដេអូ​សុំការជួយសង្គ្រោះ។

ពាក់ព័ន្ធនឹងករណីនេះ អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុខៈ មានប្រសាសន៍ប្រាប់ Newsroom Cambodia នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ​ថា ក្រោយ​ទទួលបានព័ត៌មាននេះ អគ្គកុងស៊ុល​កម្ពុជា​ប្រចាំនៅប្រទេស​ចិន​ បាន​ទាក់ទងនិង​សហការជាមួយ​អាជ្ញាធរ​ចិន ដោយពេលនេះ​អាជ្ញាធរប្រទេសចិន បានទៅសង្គ្រោះយុវតី​ខ្មែររូបនោះ​ នៅកន្លែង​បង្ខាំង​ហើយ កាល​ពីល្ងាចថ្ងៃទី​១០ ខែ​មីនា។

លោកមានប្រសាសន៍ថា៖ ‍«អគ្គកុងស៊ុលរបស់កម្ពុជាយើង​ប្រចាំនៅប្រទេសចិនហ្នឹង បានធ្វើការយ៉ាងដុតដៃដុតជើង​សហការជាមួយនឹ​ងសមត្ថកិច្ចអាជ្ញាធររបស់ចិន រហូតមកដល់ស្មាល្ងាច គឺថាសមត្ថកិច្ចអាជ្ញាធរចិនបានចូលទៅដល់ទីតាំងកន្លែងដែលបង្ខាំងប្អូនស្រីនោះហើយ បានយកប្អូនស្រីនោះមកកាន់ការិយាល័យដោយសុវត្ថិភាពហើយ»។

លោក​​​បន្តថា ក្រោយពីជួយ​​សង្គ្រោះ អាជ្ញាធរចិន​ កំពុងបន្តនីតិវិធីស៊ើប​អង្កេត និងរៀបចំឱ្យយុវតី​​រងគ្រោះត្រឡប់មកប្រទេសកំណើតវិញ។

អ្នកនាំពាក្យរូបនេះគូសបញ្ជាក់ថា៖ ‌«បច្ចុប្បន្នគឺកំពុងធ្វើកិច្ចការងារជាមួយនឹងស្ថានទូតកម្ពុជា ក៏ដូចជាអគ្គកុង​ស៊ុល​​កម្ពុជា​នៅប្រទេសចិនហ្នឹង ដើម្បីបន្តនីតិវិធីស៊ើបអង្កេតបន្ថែម និងចាត់ចែងជូនប្អូនស្រីនាង​មក​កាន់​ព្រះរាជាណាចក្រកម្ពុជា។ យើងអាចនិយាយបានថា មកដល់ពេលនេះ គឺប្អូនស្រីមានសុវត្ថិភាព១០០ភាគរយ»។

ប្រធានផ្នែកប្រឆាំងការជួញដូរមនុស្ស និងទេសន្តរប្រវេសន៍នៃអង្គការសង់ត្រាល់(CENTRAL) លោក ឌីថេ ហូយ៉ា មាន​ប្រសាសន៍​ថា ការប្រើហ្វេសប៊ុក​ដើម្បី​សុំការ​ជួយសង្គ្រោះអាចមានផលវិជ្ជមាននិងអវិជ្ជមាន ដោយអាចមានការធ្វើបាបដកទូរស័ព្ទជាដើម បើសិនគេចាប់បាន។ លោកថា ស្រ្តីរងគ្រោះគប្បីទាក់ទងទៅកាន់ស្ថានទូតឬស្ថានកុងស៊ុលប្រចាំនៅប្រទេស​ណាមួយ នៅពេលជួបបញ្ហា​។

លោកបន្តថា៖ «ខ្ញុំស្នើសុំដល់ភាគីពាកព័ន្ធ ជាពិសេសរដ្ឋាភិបាល ស្ថានទូត ឬស្ថានកុងស៊ុលដែលជាសេនារីយោរបស់ក្រសួងការបរទេស ដែលធ្វើការតំណាងឱ្យរដ្ឋាភិបាលប្រទេសកម្ពុជាទាំងមូល មេត្តាធ្វើយ៉ាងណាផ្សព្វផ្សាយឱ្យបានទូលំទូលាយចំពោះព័ត៌មាន ដូចជាតាមរយៈផេករបស់ស្ថានកុងស៊ុលអីជាដើម ដើម្បីឱ្យ​ពលរដ្ឋខ្មែរដែល​លោកចាញ់បោកគេ ឬមានបញ្ហានៅប្រទេសចិនហ្នឹង ឱ្យ​​គាត់អាចទំនាក់ទំនង​តាម​រយៈ​ផេកហ្វេស​ប៊ុក ឬមួយតាមលេខទូរស័ព្ទ Hotline របស់ស្ថានទូតជាដើម ដើម្បីសម្រួលដល់ការជួយដល់ជនរងគ្រោះខ្មែរ​យើង​ដែល​លោក​ចាញ់​បោក​គេទៅប្រទេសចិន»។

លោក ហូយ៉ា ក៏បានអំពាវនាវដល់ស្ដ្រីខ្មែរ កុំឱ្យចាញ់​បោកមេខ្យល់ក្រោម​ទម្រង់ទៅធ្វើការបានប្រាក់ខែខ្ពស់ ឬ​រៀបការ​បាន​ប្ដីចិន​ជាអ្នកមានជាដើម ព្រោះការបោកបញ្ឆោតនេះ កើតមានច្រើនឆ្នាំមកហើយ។

លោកថា៖ «អំពាវនាវដល់ប្រទេសកម្ពុជារបស់យើង ជាពិសេសស្ត្រីខ្មែរមេត្តាកុំចាញ់បោកមេខ្យល់ បើទោះបីជាគេសន្យាថាទៅរកលុយបានច្រើន ឬមួយគ្រួសារចិនល្អ អ្នកមានអីក៏ដោយ គឺរូបភាពហ្នឹងគឺវាចូលចង់ពីរទស្សន៍មកហើយដែលស្ដ្រីខ្មែរចាញ់បោកគេទៅប្រទេសចិនហ្នឹង»។

គួរបញ្ជាក់ថា នេះមិនមែនជាលើកទី១ទេដែលមានក្មេងស្រី ឬ ស្ត្រីខ្មែរបានរងគ្រោះចាញ់បោកមេខ្យល់យកទៅលក់នៅក្រៅប្រទេស ក្រោមរូបភាពទៅបម្រើការងារបានចំណូល​ខ្ពស់ ឬទៅរៀបការ​ប្តីបរទេស ដោយ​រូបភាពបោកប្រាស់ទាំងនេះ មាន​ដូចជា ការជួញដូរកម្លាំងពលកម្ម ឬជួញដូរ​មនុស្ស និង​អាពាហ៍ពិពាហ៍ផ្ទុយពីឆន្ទៈ។ របាយការណ៍របស់នាយកដ្ឋានប្រឆាំងអំពើជួញដូរមនុស្ស និងការពារអនីតិជន បង្ហាញថា ការបង្រ្កាបអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទមានជាង ១៣០ករណី ក្នុងរយៈពេល១០ខែនៃឆ្នាំ២០២៣៕