កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងប្រមាណ ៥០០នាក់ ក្នុងយុទ្ធនាការទ្រង់ទ្រាយធំ ដើម្បីទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។
អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា ក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃអាទិត្យ រវាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត និងនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារទាំង២ស្ថាប័ន បានសម្រេចដាក់ពង្រាយកម្លាំងរួមគ្នាប្រមាណ ៥០០នាក់ ដើម្បីទប់ស្កាត់បទល្មើស និងការការពារព្រៃឈើនៅក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយនៃការប្រែក្លាយកម្ពុជាឱ្យក្លាយទៅជាប្រទេសអព្យាក្រឹត្យកាបូន។
លោកមានប្រសាសន៍ថា៖ «នេះជាការប្រតិបត្តិការនៃយុទ្ធនាការបង្រ្កាបបទល្មើសធនធានធម្មជាតិដ៏សំខាន់មួយ បន្ទាប់ពីក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការការពារកន្លងមក […] យើងត្រូវលុបបំបាត់វប្បធម៌អប់រំ ចុះកិច្ចសន្យា ហើយដោះលែង អ្នកដែលបានចាប់ខ្លួនត្រូវតែបញ្ជូនទៅតុលាការ»។
លោកបន្ថែមថា៖ «ដើម្បីធានានូវការទប់ស្កាត់មិនឱ្យមានការបំផ្លាញធនធានធម្មជាតិ យើងត្រូវមានវិធានការដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់ ដែលនៅក្នុងនោះយើងបានគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងមធ្យោបាយ ដើម្បីឱ្យគណៈបញ្ជាការខេត្តអនុវត្តលើបទល្មើសកាប់ទន្រ្ទានដី និងព្រៃឈើ […] ការរៀបចំកងអន្តរាគមន៍ថ្នាក់ជាតិនេះ គឺដើម្បីជួយដល់កម្លាំងថ្នាក់ខេត្ត ដើម្បីចូលរួមបន្ថែមទៀត ឱ្យប្រព្រឹត្តិទៅដោយរលូន ហើយទទួលបានសមិទ្ធផលដែលថែរក្សាដល់ធនធានធម្មជាតិសម្រាប់កូនចៅជំនាន់តទៅទៀត»។
អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា នេះគឺជាការប្រើប្រាស់កម្លាំងសរុបមួយ ដែលបង្ហាញពីការប្រតិបត្តិការរួមគ្នា និងជាយុទ្ធនាការមួយដែលបំផុសស្មារតី និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការគ្រប់គ្រងវិស័យបរិស្ថាន។
លោកថា៖ «នៅក្នុងអង្គប្រជុំក៏បានលើកឡើង ហើយក៏បានណែនាំឱ្យអ្នកប្រព្រឹត្តបទល្មើសបញ្ឈប់ជាបន្ទាន់ បើសិនជាប្រតិបត្តិការអន្តរាគមន៍រកឃើញ នឹងមានការទទួលទោសទណ្ឌ ហើយបើសិនជាមានមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធឱ្យដកខ្លួន បើមិនដូច្នោះទេនឹងប្រឈមនឹងផ្លូវច្បាប់ […] យើងអន្តរាគមន៍សំខាន់នៅខេត្តពោធិ៍សាត់ ដោយសារយើងចង់ទប់ស្កាត់កុំឱ្យមានការទន្រ្ទាន ទប់ស្កាត់ឱ្យទាន់ពេលវេលាកុំមានការបំផ្លាញព្រៃឈើ។ ក្រុមការងារយើងបន្តយកចិត្តទុកដាក់ដូចគ្នា ទប់ស្កាយ់មិនឱ្យបទល្មើស កើតឡើង និងប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះ នៅកន្លែងនានា»។
លោក ខ្វៃ អាទិត្យា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកំពុងប្រកបរបរដែលធ្វើឱ្យប៉ះពាល់ដល់ធនធានធម្មជាតិ ត្រូវបញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់ និងបែរមករកមុខរបរផ្សេង ដែលមិនបង្កការរំខានដល់ធនធានធម្មជាតិ ព្រមទាំងចូលរួមទាំងអស់គ្នាក្នុងការដាំដើមឈើឡើងវិញ។
អ្នកនាំពាក្យកងរាជអាវុធហត្ថនៅលើផ្ទៃប្រទេស លោក អេង ហ៊ី បានបដិសេធមិនផ្តល់បទសម្ភាសន៍ ដោយថា លោកមិនបានចូលរួមកិច្ចប្រជុំ ខណៈអភិបាលខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់ថា ជាប់រវល់។
ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានឱ្យដឹងថា ការដាក់ពង្រាយកម្លាំងថ្នាក់ជាតិនៅក្នុងកិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្នុងជំហានទីមួយ ដោយដាក់ពង្រាយរយៈពេលមួយខែ ទៅតាមគោលដៅនៃការលួចទន្ទ្រានព្រៃខុសច្បាប់។ បើសិនជាស្ថានភាពមិនទាន់ប្រសើរឡើងទេ លោកថា កងកម្លាំងនឹងត្រូវបន្តឈរជើងតទៅទៀត។
លោកបានថ្លែងថា៖ «ឥលូវនេះ យើងអនុវត្តនៅស្រុកវាលវែងជាគោលដៅសំខាន ហើយមួយផ្នែកនៃការអន្តរាគមន៍ទៀតនោះ គឺជាស្រុកភ្នំក្រវាញ […] ពេលនេះ តាមការចង្អុលរបស់នាយឧត្តមសេនីយ៍ ឯកភាពគ្នាថាដាក់ពង្រាយមួយខែសិន បើស្ថានភាពមិនទាន់ល្អប្រសើរទេ នឹងបន្តទៀត»។
លោកបានបញ្ជាក់ថា ករណីបទល្មើសធនធានធម្មជាតិមានច្រើន ហើយមិនមែនទើបតែពេលនេះទេ គឺកើតមានតាំងពីឆ្នាំ២០១៩មកម្ល៉េះ។ លោកបន្ថែមថា អ្នកដែលចូលកាប់ព្រៃខុសច្បាប់ទាំងនោះ គឺមានទាំងអ្នកនៅខាងក្នុងតំបន់ និងអ្នកមកពីខាងក្រៅ។
លោកថា៖ «ករណីនេះ វាមាន មានច្រើន តែមិនមែនទើបតែពេលនេះទេ ពីមុនៗមក តាំងពី២០១៩មក តែអ្វីដែលជាការខ្លាំងគឺនៅឆ្នាំ២០២៣ និង២០២៤នេះ ដោយសារតែតម្រូវការបងប្អូនយើងមានច្រើន ហើយជនខិលខូចចេះតែចូលទៅរញ៉េរញ៉ៃ ហេតុដូច្នេះហើយបានឯកឧត្តមរដ្ឋមន្ត្រីក្រសួង[បរិស្ថាន] រដ្ឋបាលខេត្តមានការជួយយកចិត្តទុកដាក់ពាក់ព័ន្ធទៅនឹងធនធានធម្មជាតិនេះ ហើយដាក់កម្លាំងថ្នាក់ជាតិចូលដើម្បីជួយគាំទ្រ […] អ្នកខាងក្នុងក៏គាត់នៅតែចូល អ្នកខាងក្រៅក៏គាត់នៅតែមក មកពីខេត្តផ្សេងៗ ពេលខ្លះក៏មកស៊ីឈ្នួលកាប់ឱ្យគេ ពួកគេភាគច្រើនមកកាប់តែពេលយប់ទេ អ៊ីចឹងយើងពិបាករកអត្តសញ្ញាណមែនទែន»។
បើតាមប្រធានមន្ទីរបរិស្ថានរូបនេះ កន្លងមក អាជ្ញាធរមានសមត្ថកិច្ច ក៏បានចាប់បានបទល្មើសជាក់ស្តែងមួយចំនួន ដោយបានឃាត់ខ្លួនជនល្មើស សួរនាំទៅតាមនីតិវធី និងបញ្ជូនសំណុំរឿងទៅតុលាការ។
អភិបាលស្រុកភ្នំក្រវាញ លោក ហេង សុភាណា ក៏បានឱ្យដឹងដែរថា ក្រុមកការងារទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ បានចុះទៅអន្តរាគមន៍ករណីនេះ ដោយដកហូតយកដីជាច្រើនរយហិកតាដែលជនល្មើសបានទន្ទ្រាន យកមកធ្វើជាកម្មសិទ្ធរដ្ឋវិញផងដែរ។
លោកថា៖ «យើងបានចាត់វិធានការបានច្រើនហើយ ហើយអ្នកដែលមិនរាងចាល គឺយើងចាត់វិធានការច្បាប់ ដោយមិនលើកលែងទេ»។
នាយកប្រតិបត្តិអង្គការបណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង យល់ថា ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ និងញឹកញាប់ ដោយមិនមានការលើកលែងទាំងអ្នកប្រព្រឹត្តបទល្មើស និងបុគ្គល ឬក្រុមណាដែលនៅពីខាងក្រោយសកម្មភាពបំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។
លោកថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះក្រុមអ្នកប្រព្រឹត្តិបទល្មើសធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះបញ្ហាធនធានធម្មជាតិក្លាយជាប្រធានបទដ៏គួរឱ្យចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»។
លោកក៏បានជំរុញឱ្យអាជ្ញាធរមូលដ្ឋានបើកចិត្តទូលាយ នៅក្នុងការទទួលយកការរាយការណ៍ពីសំណាក់ប្រជាពលរដ្ឋ ក៏ដូចជាប្រភពផ្សេងៗ រួមទាំងការស្វាគមន៍នូវការចូលរួមពីសំណាក់សង្គមស៊ីវិល និងយុវជនស្ម័គ្រចិត្ត ដើម្បីឈានទៅរកការអនុវត្តការការពារមួយដែលមានប្រសិទ្ធិភាព។
លោកបានមានប្រសាសន៍ថា៖ «បើសិនជាការចាត់វិធានការមិនមានប្រសិទ្ធិភាព និងមិនគ្រប់ជ្រុងជ្រោយ វានឹងធ្វើឱ្យមានការរំខានខ្លាំងទៅដល់សកម្មភាពអភិរក្ស ហើយបាត់បង់ធនធានធម្មជាតិឥតអំពើ […] ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យមានការអភិរក្ស ពីសំណាក់ថ្នាក់ជាតិទៅថ្នាក់សហគមន៍មូលដ្ឋានក៏ជារឿងមួយសំខាន់ដែរ ហើយការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋគាត់ចូលរួមការពារធនធានធម្មជាតិ ក៏ជារឿងសំខាន់ដែរ។ ទន្ទឹមនឹងគ្នាហ្នឹង ដើម្បីឱ្យការអនុវត្តមានប្រសិទ្ធិភាព លុះត្រាតែអាជ្ញាធរគាត់បើកចិត្តទូលាយ នៅក្នុងការស្វាគមន៍ប្រភពព័ត៌មានដែលបានផ្តល់មក»៕