កងរាជអាជអាវុធហត្ថលើផ្ទៃប្រទេស និងក្រសួងបរិស្ថាន បានដាក់កម្លាំងប្រមាណ ៥០០នាក់ ក្នុង​យុទ្ធនាការ​ទ្រ​ង់ទ្រាយធំ ដើម្បី​​ទប់ស្កាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ ក្នុងភូមិសាស្ត្រស្រុកវាលវែង និងស្រុកភ្នំក្រវាញ នៃខេត្តពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានឱ្យដឹងនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ថា ក្នុងកិច្ច​ប្រជុំ​មួយ កាលពីរសៀល​ថ្ងៃអាទិត្យ​ រវាងថ្នាក់ដឹកនាំក្រសួងបរិស្ថាន លោករដ្ឋមន្ត្រី អ៊ាង សុផល្លែត និង​នាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថ​លើផ្ទៃប្រទេស និងជាប្រធានគណ:កម្មការជាតិ ដើម្បីបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិនោះ ក្រុមការងារទាំង២ស្ថាប័ន បានសម្រេច​ដាក់ពង្រាយកម្លាំង​រួមគ្នាប្រមាណ ៥០០នាក់ ដើម្បី​ទប់ស្កាត់បទល្មើស​​ និង​ការ​ការ​ពារ​ព្រៃ​ឈើនៅក្នុងភូមិ​សាស្រ្តខេត្តពោធិ៍សាត់ ដែលជាផ្នែកមួយ​នៃ​ការ​​ប្រែក្លាយកម្ពុជាឱ្យ​ក្លាយទៅជាប្រទេស​អព្យាក្រឹត្យ​កាបូន។

លោកមានប្រសាសន៍ថា៖ «នេះជាការប្រតិបត្តិការនៃយុទ្ធនាការបង្រ្កាបបទល្មើសធនធានធម្មជាតិដ៏សំខាន់មួយ បន្ទាប់ពីក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការការពារកន្លងមក […] យើងត្រូវលុបបំបាត់​វប្បធម៌អប់រំ ចុះកិច្ចសន្យា ហើយដោះលែង អ្នកដែលបានចាប់ខ្លួនត្រូវតែបញ្ជូនទៅតុលាការ»។

លោកបន្ថែម​ថា៖ «ដើម្បីធានានូវការទប់ស្កាត់មិនឱ្យ​មានការបំផ្លាញធនធានធម្មជាតិ យើងត្រូវមានវិធាន​ការដោះស្រាយ និងទប់ស្កាត់ជាបន្ទាន់ ដែលនៅក្នុងនោះយើងបានគាំទ្រទាំងកម្លាំងកាយ កម្លាំងចិត្ត កម្លាំងមធ្យោបាយ ដើម្បីឱ្យ​គណៈបញ្ជាការខេត្តអនុវត្តលើបទល្មើសកាប់ទន្រ្ទានដី និងព្រៃឈើ […] ការរៀបចំកងអន្តរាគមន៍ថ្នាក់ជាតិនេះ គឺដើម្បីជួយដល់កម្លាំងថ្នាក់ខេត្ត ដើម្បីចូលរួមបន្ថែមទៀត ឱ្យ​​ប្រព្រឹត្តិទៅដោយ​រលូន ហើយទទួល​បានសមិទ្ធផលដែលថែរក្សាដល់ធនធានធម្មជាតិសម្រាប់កូនចៅជំនាន់តទៅទៀត»។

អ្នកនាំពាក្យរូបនេះ បានគូសបញ្ជាក់ដែរថា​ នេះគឺជាការប្រើប្រាស់កម្លាំងសរុបមួយ ដែលបង្ហាញពីការប្រតិបត្តិការរួមគ្នា និងជាយុទ្ធនាការមួយដែលបំផុសស្មារតី និងបង្ហាញអំពីការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើការគ្រប់គ្រងវិស័យបរិស្ថាន។

លោកថា៖ «នៅក្នុងអង្គប្រជុំក៏បានលើកឡើង ហើយក៏បានណែនាំឱ្យ​អ្នកប្រព្រឹត្តបទល្មើសបញ្ឈប់ជាបន្ទាន់ បើសិនជាប្រតិបត្តិការអន្តរាគមន៍រកឃើញ នឹងមានការទទួលទោសទណ្ឌ ហើយបើសិនជាមានមន្ត្រីរាជការ និងអ្នកពាក់ព័ន្ធឱ្យ​ដកខ្លួន បើមិនដូច្នោះទេនឹងប្រឈមនឹងផ្លូវច្បាប់ […] យើងអន្តរាគមន៍សំខាន់​នៅខេត្តពោធិ៍​សាត់ ដោយសារយើងចង់ទប់ស្កាត់កុំឱ្យមានការទន្រ្ទាន ទប់ស្កាត់ឱ្យទាន់ពេលវេលាកុំមានការបំផ្លាញព្រៃឈើ។ ក្រុមការងារយើងបន្តយកចិត្តទុកដាក់ដូចគ្នា ទប់ស្កាយ់មិនឱ្យបទល្មើស កើតឡើង និងប៉ះពាល់ដល់ធនធានធម្មជាតិ ជីវៈចម្រុះ នៅកន្លែងនានា»

លោក ខ្វៃ អាទិត្យា ក៏បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋដែលកំពុងប្រកបរបរដែលធ្វើឱ្យ​​ប៉ះពាល់ដល់ធន​ធាន​ធម្មជាតិ ត្រូវ​​បញ្ឈប់សកម្មភាពរបស់ខ្លួនជាបន្ទាន់​ និងបែរមករកមុខរបរផ្សេង ដែលមិនបង្កការរំខានដល់ធនធានធម្មជាតិ ព្រមទាំងចូលរួមទាំងអស់គ្នាក្នុងការ​ដាំដើមឈើ​ឡើង​វិញ​។

អ្នកនាំពាក្យកងរាជអាវុធហត្ថនៅលើផ្ទៃប្រទេស លោក អេង ហ៊ី បានបដិសេធមិនផ្តល់បទសម្ភាសន៍ ដោយ​ថា លោកមិនបាន​ចូលរួម​កិច្ចប្រជុំ ខណៈអភិបាល​ខេត្តពោធិ៍សាត់ លោក ខូយ រីដា ប្រាប់​ថា ជាប់​រវល់។

ចំណែក ប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់ លោក គង់ ពុទ្ធីរ៉ា បានឱ្យ​ដឹង​ថា ការ​ដាក់​ពង្រាយ​កម្លាំងថ្នាក់​ជាតិ​នៅក្នុងកិច្ចអន្តរាគមន៍នេះ ធ្វើឡើងក្នុងជំហានទីមួយ ដោយដាក់ពង្រាយរយៈពេលមួយខែ ទៅតាម​គោលដៅនៃការលួចទន្ទ្រានព្រៃខុសច្បាប់។ បើសិនជាស្ថានភាពមិនទាន់ប្រសើរឡើងទេ លោកថា ​កងកម្លាំងនឹងត្រូវបន្តឈរជើងតទៅទៀត។

លោកបាន​ថ្លែង​ថា៖ «ឥលូវនេះ យើងអនុវត្តនៅស្រុកវាលវែងជាគោលដៅសំខាន ហើយ​មួយផ្នែកនៃការ​អន្តរាគមន៍ទៀតនោះ គឺជាស្រុកភ្នំក្រវាញ​ […] ពេលនេះ តាមការចង្អុលរបស់នាយឧត្តមសេនីយ៍ ឯកភាពគ្នាថាដាក់ពង្រាយមួយខែសិន បើស្ថានភាពមិនទាន់ល្អប្រសើរទេ នឹងបន្តទៀត»  

លោកបានបញ្ជាក់​ថា ករណីបទល្មើសធនធានធម្មជាតិ​មាន​ច្រើន ហើយមិនមែនទើបតែពេលនេះទេ គឺកើត​មាន​តាំង​ពីឆ្នាំ២០១៩មកម្ល៉េះ។ លោកបន្ថែមថា​ អ្នកដែលចូលកាប់ព្រៃខុសច្បាប់ទាំង​នោះ គឺមានទាំងអ្នកនៅខាងក្នុងតំបន់​ និងអ្នកមកពី​ខាងក្រៅ។

លោក​ថា៖ «ករណីនេះ វាមាន មាន​ច្រើន តែមិ​នមែនទើបតែពេលនេះទេ ពីមុនៗមក តាំងពី២០១៩មក តែអ្វីដែលជាការខ្លាំង​គឺ​នៅ​ឆ្នាំ​២០២៣ និង​២០២៤​នេះ​ ដោយសារតែតម្រូវការបងប្អូនយើងមានច្រើន ហើយជនខិលខូចចេះតែចូលទៅរញ៉េរញ៉ៃ ហេតុដូច្នេះហើយ​បានឯកឧត្តមរដ្ឋមន្ត្រី​ក្រសួង[បរិស្ថាន​] រដ្ឋបាលខេត្ត​មានការជួយយកចិត្តទុកដាក់ពាក់ព័ន្ធ​ទៅនឹង​ធនធានធម្មជាតិនេះ​ ហើយដាក់កម្លាំងថ្នាក់​ជាតិ​ចូល​ដើម្បីជួយគាំទ្រ […] អ្នកខាងក្នុងក៏គាត់នៅតែចូល អ្នកខាងក្រៅក៏គាត់នៅតែមក មកពីខេត្តផ្សេងៗ ពេលខ្លះក៏មកស៊ីឈ្នួលកាប់ឱ្យ​គេ ពួកគេភាគច្រើនមកកាប់តែពេលយប់ទេ អ៊ីចឹងយើងពិបាករកអត្តសញ្ញាណមែនទែន»

បើតាម​ប្រធានមន្ទីរបរិស្ថានរូបនេះ កន្លង​មក អាជ្ញាធរមានសមត្ថកិច្ច ក៏​បាន​ចាប់​បាន​បទល្មើស​ជាក់ស្តែងមួយចំនួន ដោយបាន​ឃាត់ខ្លួនជនល្មើស​ សួរនាំទៅតាមនីតិវធី និង​បញ្ជូនសំណុំរឿង​​ទៅតុលាការ។

អភិបាលស្រុកភ្នំក្រវាញ លោក ហេង សុភាណា ក៏បាន​ឱ្យដឹងដែរថា​ ក្រុមកការងារទាំងថ្នាក់ខេត្ត និងថ្នាក់ជាតិ​ បានចុះទៅអន្តរាគមន៍ករណីនេះ ដោយដកហូត​​យកដីជាច្រើន​រយ​ហិកតា​​ដែលជន​ល្មើស​បាន​ទន្ទ្រាន យក​មក​​ធ្វើជាកម្មសិទ្ធរដ្ឋវិញផងដែរ​។

លោកថា​៖ «យើង​បាន​ចាត់វិធានការបានច្រើនហើយ ហើយអ្នកដែល​មិនរាងចាល គឺយើងចាត់វិធានការច្បាប់ ដោយមិនលើកលែងទេ»

នាយកប្រតិបត្តិអង្គការ​​បណ្តាញយុវជនកម្ពុជា លោក ហេង គីមហុង យល់ថា​ ការទប់ស្កាត់បទល្មើសធនធានធម្មជាតិនេះ ត្រូវតែធ្វើឡើងជាប្រចាំ​ និងញឹកញាប់ ដោយមិនមានការលើកលែងទាំង​អ្នក​ប្រព្រឹត្តបទល្មើស​ និង​បុគ្គល ឬ​ក្រុម​ណាដែ​ល​នៅពីខាងក្រោយសកម្មភាព​បំផ្លិចបំផ្លាញធនធានធម្មជាតិនេះ។

លោក​ថា៖ «ខ្ញុំយល់ថា ដល់ពេលហើយដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ ត្រូវចាត់វិធានការយ៉ាងមុតមាំ ចំពោះក្រុមអ្នកប្រព្រឹត្តិបទ​ល្មើស​ធនធានធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ ច្រើនឆ្នាំមកនេះបញ្ហាធនធានធម្មជាតិក្លាយជាប្រធានបទដ៏គួរឱ្យ​ចាប់អារម្មណ៍ ដោយសារតែវាកើតឡើងដដែលៗនៅក្នុងរយៈពេលវែង ហើយព្រៃឈើចេះតែបន្តបាត់បង់បន្តិចម្តងៗជារៀងរាល់ថ្ងៃ»

លោកក៏​បានជំរុញឱ្យ​​​អាជ្ញាធរមូលដ្ឋានបើកចិត្តទូលាយ នៅក្នុងការទទួលយកការរាយការណ៍ពីសំណាក់​ប្រជាពលរដ្ឋ ក៏ដូចជាប្រភពផ្សេងៗ រួមទាំងការស្វាគមន៍នូវការចូលរួមពីសំណាក់សង្គមស៊ីវិល និងយុវជនស្ម័គ្រចិត្ត ដើម្បីឈានទៅរកការអនុវត្តការការពារមួយដែលមានប្រសិទ្ធិភាព។

លោកបានមានប្រសាសន៍ថា៖ «បើសិនជាការចាត់វិធានការមិនមានប្រសិទ្ធិភាព និងមិនគ្រប់ជ្រុងជ្រោយ វានឹងធ្វើឱ្យ​​មានការរំខានខ្លាំងទៅដល់សកម្មភាពអភិរក្ស ហើយ​បាត់បង់ធនធានធម្មជាតិឥតអំពើ​ […] ជាមួយគ្នានេះដែរ ការលើកទឹកចិត្តឱ្យ​​មានការអភិរក្ស​ ពី​សំណាក់​ថ្នាក់​ជាតិ​ទៅ​ថ្នាក់​សហគមន៍មូលដ្ឋាន​ក៏ជារឿងមួយសំខាន់ដែរ ហើយការលើកទឹកចិត្តឱ្យ​ប្រជាពលរដ្ឋគាត់ចូលរួមការពារធនធានធម្មជាតិ ក៏ជារឿងសំខាន់ដែរ។ ទន្ទឹមនឹងគ្នាហ្នឹង ដើម្បីឱ្យ​ការអនុវត្តមានប្រសិទ្ធិភាព លុះត្រាតែអាជ្ញាធរ​គាត់​បើក​ចិត្ត​ទូលាយ នៅក្នុងការស្វាគមន៍ប្រភព​ព័ត៌មានដែលបានផ្តល់មក»