លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានថ្លែងថា កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថា នឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ទ្រីលានដុល្លារ ដល់២ទ្រីលានដុល្លារ ត្រឹមឆ្នាំ២០៣០។
វេទិកានេះ ធ្វើឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នកជំនាញបរិវត្តកម្មឌីជីថលនៃបណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។
ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់កិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម។
លោកមានប្រសាសន៍ថា៖ «សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍ជាអតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងបច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋអាចទទួលបាននូវផលប្រយោជន៍ពីការប្រើប្រាស់សេវាឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ»។
លោកបន្តថា ក្នុងក្របខ័ណ្ឌតំបន់ និងសកល រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោលនយោបាយឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅអភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែនការមេឌីជីថលអាស៊ាន ឆ្នាំ២០២៥ និងយុទ្ធសាស្ត្រឌីជីថល ឆ្នាំ២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។
លោកថ្លែងថា៖ «ទន្ទឹមនេះ កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ » ។
គេហទ័ព័រ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដែរប៉ុន្តែមិនមានការឆ្លើយតបឡើយ។
លោកបណ្ឌិត គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នៅក្នុងប្រព័ន្ធសេដ្ឋកិច្ចអាស៊ាននេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ គឺមានសិង្ហបុរី និង១០ប្រទេសផ្សេងទៀតដែលសុទ្ធតែមានទំហំសេដ្ឋកិច្ចធំៗ។ លោកបន្តថា ការធ្វើសេដ្ឋកិច្ចឌីជីថលនេះ គឺមានន័យថា ជាការសម្រួលពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ាន ដើម្បីឱ្យកាន់តែប្រសើរ និងអាចឈានទៅការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិនដែលហៅថាអាស៊ានបូកមួយ ឬអាស៊ានបូកបីតំបន់ថែមទៀត។
លោកបន្ថែមថា៖ «ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ នោះគឺរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ជំរុញការវិនិយោគវិស័យឧស្សាហកម្ម កម្មន្តសាល ផលិតកម្ម ការកែច្នៃម្ហូបអាហារ ដែលយើងមានវត្ថុធាតុដើមស្រាប់ឱ្យប្រសើរឡើង ដើម្បីជំរុញសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ព្រោះថាកន្លងមកយើងភាគច្រើន សេដ្ឋកិច្ចរបស់យើងមានបម្រើការប្រសើរហ្នឹង គឺវិស័យអចលនទ្រព្យរួមចំណែក ហើយថ្មីៗនេះរដ្ឋាភិបាលជំរុញហើយ នៅក្នុងការធ្វើឧស្សាហកម្មកម្មន្តសាលនោះ អញ្ចឹងការធ្វើឧស្សាហកម្មនេះ រួមចំណែកក្នុងការជំរុញការផលិតការកែច្នៃជាដើម ការកែច្នៃនេះគឺភាគច្រើនដែលត្រូវកែច្នៃម្ហូបអាហារ និងកសិផលទាំងឡាយណាដែលយើងផលិតសល់ចោល»។
លោកបញ្ជាក់ថា ចំពោះក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ក៏អាចមានគុណវិបត្តិដែរ ប្រសិនបើកម្ពុជាមិនបានត្រៀមខ្លួនសម្រាប់ការផលិត។ លោកថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និងលើកទឹកចិត្តឱ្យមានការផលិត និងការកែច្នៃបន្ថែមទៀត ដើម្បីអាចឈានទៅការប្រកួតប្រជែង និងការធ្វើឱ្យផលិតផលកម្ពុជាចូលទៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលបាន៕