លោកនាយករដ្ឋមន្ត្រី ហ៊ុន​ ម៉ាណែត បានថ្លែងថា កម្ពុជា​បាន​និង​​កំពុង​ចូល​រួម​ជាមួយ​ប្រទេសសមាជិក​អាស៊ាន ក្នុងការ​ជំរុញ​ការ​រៀបចំ​កិច្ចព្រមព្រៀងក្រប​ខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែល​រំពឹង​ថា នឹង​ជួយ​បង្កើន​ទំហំ​សេដ្ឋកិច្ច​ឌីជីថល​អាស៊ានពី ១ទ្រីលាន​ដុល្លារ ដល់២ទ្រីលាន​ដុល្លារ​ ត្រឹម​ឆ្នាំ​២០៣០។

វេទិកានេះ ធ្វើឡើងក្នុងគោល​បំណង​ចែក​រំលែក​បទ​ពិសោធន៍ នៃការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល និងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងអ្នកជំនាញបរិវត្តកម្មឌីជីថល​នៃ​បណ្តាប្រទេសក្នុងតំបន់ ក៏ដូចជាការបង្ហាញអំពីសមិទ្ធផលរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា។

ថ្លែងក្នុងពិធីបើកវេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ កាលពីថ្ងៃទី១១​ ខែមីនា ឆ្នាំ២០២៤ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានលើកឡើងថា បច្ចេកវិទ្យាឌីជីថល គឺជាវិស័យដ៏មានសារៈសំខាន់ក្នុងយុគសម័យបរិវត្តកម្មឌីជីថលនេះ ដើម្បីជំរុញដល់​កិច្ចអភិវឌ្ឍន៍​សេដ្ឋកិច្ច និងសង្គម។

លោកមានប្រសាសន៍ថា៖ «សម្រាប់កម្ពុជា ការធ្វើបរិវត្តកម្មឌីជីថល គឺជាការចាប់យក និងការទាញយកផលប្រយោជន៍​ជា​អតិបរមា ពីការរីកចម្រើននៃបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និង​បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេដ្ឋកិច្ច ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិ និងកសាងសង្គមស៊ីវីល័យ ដែលពលរដ្ឋ​អាចទទួលបាននូវផល​ប្រយោជន៍​ពី​ការ​ប្រើ​ប្រាស់​សេវា​ឌីជីថល ប្រកបដោយបរិយាប័ន្ន ភាពជឿទុកចិត្តបាន និងសុវត្ថិភាពខ្ពស់ ហើយដំណាលគ្នានេះក៏រក្សាឱ្យបាននូវអត្តសញ្ញាណ និងវប្បធម៌ជាតិផងដែរ»។

លោកបន្តថា ក្នុង​ក្រប​ខ័ណ្ឌ​តំបន់ និង​សកល រាជរដ្ឋាភិបាល បាននិងកំពុងអនុវត្តរបៀបវារៈគោល​នយោបាយ​ឌីជីថល ដោយស្មារតីបុរេសកម្ម និងបើកចំហ សំដៅសម្រេចឱ្យបានគោលដៅអភិវឌ្ឍន៍ឌីជីថលជាតិ និងគោលដៅ​អភិវឌ្ឍន៍ឌីជីថលតំបន់ និងសកល ដូចមានកំណត់ក្នុង ផែន​ការ​មេ​ឌីជីថលអាស៊ាន ឆ្នាំ​២០២៥ និង​យុទ្ធសាស្ត្រ​ឌីជីថល ឆ្នាំ​២០២២-២០២៥ របស់អង្គការសហប្រជាជាតិ ។

លោកថ្លែងថា៖ «ទន្ទឹមនេះ កម្ពុជាបាននិងកំពុងចូលរួមជាមួយប្រទេសសមាជិកអាស៊ាន ក្នុងការជំរុញការរៀបចំកិច្ចព្រមព្រៀងក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថលអាស៊ាន ដែលរំពឹងថានឹងជួយបង្កើនទំហំសេដ្ឋកិច្ចឌីជីថលអាស៊ានពី ១ ទ្រីលានដុល្លារ ដល់ ២ ទ្រីលានដុល្លារ ត្រឹមឆ្នាំ ២០៣០ » ។

គេហទ័ព័រ​ Newsroom Cambodia បានព្យាយាមទាក់ទងសុំការអត្ថាធិប្បាយបន្ថែមពីអ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន ដែរប៉ុន្តែមិនមានការឆ្លើយតបឡើយ។

លោកបណ្ឌិត  គី សេរីវឌ្ឍន៍ សេដ្ឋវិទូនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា នៅក្នុងប្រព័ន្ធសេដ្ឋ​កិច្ច​អាស៊ាន​នេះ មិនមែនមានតែប្រទេសកម្ពុជានោះទេ គឺមានសិង្ហបុរី និង១០​ប្រទេសផ្សេងទៀត​ដែលសុទ្ធតែមានទំហំសេដ្ឋកិច្ចធំៗ។ លោក​បន្តថា ការធ្វើសេដ្ឋកិច្ចឌីជីថលនេះ គឺមានន័យថា ជា​ការសម្រួលពាណិជ្ជកម្ម និងសេដ្ឋកិច្ចរវាងបណ្តាប្រទេសទាំងអស់នៅក្នុងតំបន់​អាស៊ាន ដើម្បី​ឱ្យកាន់តែប្រសើរ និងអាចឈានទៅការភ្ជាប់ទំនាក់ទំនងសេដ្ឋកិច្ចជាមួយនឹងប្រទេសចិនដែល​ហៅថា​អាស៊ាន​បូក​មួយ ឬអាស៊ានបូកបីតំបន់​ថែមទៀត។

លោកបន្ថែមថា៖ «ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាមានភាពល្អប្រសើរ នោះគឺរដ្ឋាភិបាលត្រូវតែយកចិត្តទុកដាក់ជំរុញការវិនិយោគវិស័យឧស្សាហកម្ម កម្មន្តសាល ផលិតកម្ម ការកែច្នៃម្ហូបអាហារ ដែលយើងមានវត្ថុធាតុដើមស្រាប់ឱ្យប្រសើរឡើង ដើម្បីជំរុញសេដ្ឋកិច្ចឱ្យកាន់តែរឹងមាំ ព្រោះថាកន្លងមកយើងភាគច្រើន សេដ្ឋកិច្ចរបស់យើងមានបម្រើការប្រសើរហ្នឹង គឺវិស័យ​អចលនទ្រព្យរួម​ចំណែក ហើយថ្មីៗនេះរដ្ឋាភិបាលជំរុញហើយ នៅក្នុងការធ្វើឧស្សាហកម្មកម្មន្តសាលនោះ អញ្ចឹង​ការធ្វើឧស្សាហកម្មនេះ រួមចំណែកក្នុងការជំរុញការផលិតការកែច្នៃជាដើម ការកែច្នៃនេះគឺភាគច្រើនដែលត្រូវកែច្នៃម្ហូបអាហារ និងកសិផល​ទាំងឡាយណាដែលយើងផលិតសល់ចោល»។

លោកបញ្ជាក់ថា ចំពោះក្របខ័ណ្ឌសេដ្ឋកិច្ចឌីជីថល ក៏អាចមានគុណវិបត្តិដែរ ប្រសិនបើកម្ពុជាមិនបានត្រៀមខ្លួនសម្រាប់ការផលិត។ លោកថា​ រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ និង​លើកទឹកចិត្ត​ឱ្យមានការផលិត និង​ការកែច្នៃបន្ថែមទៀត​​ ដើម្បីអាចឈានទៅការប្រកួតប្រជែង និងការធ្វើឱ្យផលិតផលកម្ពុជាចូលទៅក្នុងយុគសម័យនៃសេដ្ឋកិច្ចឌីជីថលបាន៕