ក្រុមអង្គការសង្គមស៊ីវិល សហជីព និងសហគមន៍​ចំនួន៦២ ស្នើអាជ្ញាធររាជធានីភ្នំពេញ អនុ​ញ្ញាត​​ឱ្យ​អង្គការសមាគម​ធាងត្នោត បន្តតាំង​ពិព័រណ៍រូបថត​ឡើងវិញ​ ដោយគ្មានការរំខាន។

កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ អាជ្ញាធរខណ្ឌច្បារអំពៅ បាន​បញ្ជាឱ្យ​ម្ចាស់ភោជនីយដ្ឋានសួន​ចំប៉ី បញ្ឈប់ និងរុះរើ​ពិព័រណ៍​រូបថត ក្រោមប្រធានបទ «ផ្ទះ និងជីវិត» ដែលរៀបចំដោយ​អង្គការ​សមាគមធាងត្នោត ដោយមិនបានជូនដំណឹងជាមុន និង​បញ្ជាក់ពីមូលហេតុ។

តាមរយៈសេចក្តីថ្លែងការណ៍រួម ស្តីពី ពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោត ដែលចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ ក្រុមអង្គការមិនមែ​​នរដ្ឋា​​ភិ​​បា​​​ល និង​សហគមន៍​ទាំង៦២ ​បានបង្ហាញនូវការសោកស្តាយ និងខកចិត្ត​​ចំពោះទង្វើរបស់អាជ្ញាធរមូលដ្ឋាន ដែលបានបញ្ជាឱ្យ​បញ្ឈប់ការ​តាំងពិព័រណ៍នេះ​។

សេចក្តីថ្លែងការណ៍នេះ បានលើកឡើងថា៖​​​ «ការបញ្ឈប់ និងរុះរើពិព័រណ៍រូបថតរបស់អង្គការសមាគមធាងត្នោតខាងលើ ដោយមិ​នបានជូនដំណឹង និងប្រាប់ពីមូលហេតុជាក់លាក់នេះ គឺជាការរំលោភយ៉ាងច្បាស់ មកលើសិទិ្ធសេរីភាពក្នុងការបញ្ចេញមតិ និងជាសកម្មភាពដែលមិនផ្តល់តម្លៃចំពោះសិល្បៈ […] យើងខ្ញុំសោកស្តាយ​ជាខ្លាំង ចំពោះការបន្តបង្ក្រាប និង​បំបិទសិទិ្ធដោយមិនត្រឹមត្រូវបែបនេះ​មកលើសកម្មភាព ឬទម្រង់សិល្បៈមួយ ដែលជាសេរីភាពក្នុងការបញ្ចេញមតិ»។

សេចក្តីថ្លែងការណ៍រួមដដែល ក៏បានអំពាវនាវឱ្យអាជ្ញាធរអនុញ្ញាតឱ្យបន្តពិព័រណ៍រូបថតឡើងវិញដោយ​គ្មាន​ការ​រំខាន និងស្នើឱ្យក្រសួងមហាផ្ទៃ ណែនាំដល់អាជ្ញាធរមូលដ្ឋាននៅទីតាំងផ្សេងៗទៀត ដើម្បីធានាថា​សិទិ្ធសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ មិនត្រូវបានអាជ្ញាធររឹតត្បិត ជាពិសេស​រឿង​ដូចគ្នានេះ ឬប្រហាក់ប្រហែលនេះ នឹងមិនមានកើតមាននៅពេលក្រោយទៀតទេ។

អង្គការ សមាគម សហជីព និងសហគមន៍ទាំង៦២ដែលបានចេញសេចក្តីថ្លែងការណ៍រួម​​នោះ មាន​ដូចជា​​ មជ្ឈមណ្ឌលសិទ្ធិ​មនុស្ស​​កម្ពុជា​​​ ​​សមាគម​​​ការពារ​​សិទ្ធិ​​មនុស្ស​​​និង​អភិវឌ្ឍ​ន៍​​នៅកម្ពុជា​(ADHOC)​​ អង្គការសមាគម​ធាងត្នោត សមាគម​បណ្តាញយុវជនកម្ពុជា អង្គការសមធម៌កម្ពុជា​ អង្គការសម្ព័ន្ធខ្មែរជំរឿន​និងការពារសិទ្ធិមនុស្ស ជាដើម​។ ​

នាយកទទួលបន្ទុកកិច្ចការទូទៅ​នៃអង្គការសិទ្ធិមនុស្ស​​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា កា​​រ​ចេញសេចក្តីថ្លែងការណ៍រួមនេះ ដោយសារសង្គមស៊ី​វិល​មាន​ការ​សោកស្តាយ និង​យល់​ថាសកម្មភាព​របស់អាជ្ញាធរមួយចំនួន​នៅសង្កាត់​និរោធ និងខណ្ឌច្បារអំពៅ បានរំលោភលើគោលការណ៍​សិទ្ធិមនុស្ស ដោយរិតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និង​ឯកជនភាព ដែលធានាដោយ​រដ្ឋធម្មនុញ្ញ ច្បាប់ជាតិ និងអន្តរជាតិ។

បើ​តាម លោក អំ សំអាត ការតាំងពិព័រណ៍រូបភាពរបស់អង្គការសមាគមធាងត្នោតនេះ បានធ្វើឡើង​នៅ​ទី​កន្លែង​ឯក​ជន ដែលមានការព្រមព្រៀង​រវាងម្ចាស់ទីតាំង និងអង្គការសមាគមធាងត្នោត ដែលមិនបាច់​ឱ្យមានការ​​ជូនដំណឹងទៅអាជ្ញាធរជាមុន ដូចការធ្វើនៅទីសាធារណៈ​នោះទេ។ លោកថា ​ការតាំងពិព័រណ៍រូបភាពនេះទៀត​សោធ ជាការបញ្ចេញមតិរបស់សហគមន៍ក្រីក្រដែល​ពួកគាត់កំពុងជួបប្រទះ និងសុំការជួយ​ពីរា​ជរដ្ឋាភិបាល និងសង្គមស៊ីវិល ទៅ​លើបញ្ហារបស់ពួកគាត់។

លោកបន្ថែម​ថា៖ «ដើម្បីលើកកម្ពស់​លើ​សិទ្ធិមនុស្ស សេរីភាពជាមូលដ្ឋាន លទ្ធិប្រជាធិបតេយ្យ នីតិរដ្ឋ ដូច្នេះអាជ្ញាធរ និង​ភាគីពា​ក់​ព័ន្ធ ត្រូវគារពតាមរដ្ឋធម្មនុញ្ញ ច្បាប់ជាតិ បទដ្ឋានអន្តរជាតិស្តីពីសិទ្ធិមនុស្សដែលប្រទេសកម្ពុជា បានទទួលស្គាល់ និង​ផ្តល់សច្ចាប័ន […] សង្គមស៊ីវិលសង្ឃឹមថា អាជ្ញាធរមួយចំនួន​ដែលបានធ្វើសកម្មភាពមិនសមរម្យ ធ្វើឱ្យប៉ះពាល់ដល់​សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ដូចជាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិដូចករណីនេះ និងសិទ្ធិឯកជនភាព នឹងមិន​កើតមានទៀតទេ»។

ចំណែក ប្រធានកម្មវិធីសិទ្ធិក្នុងទីក្រុង​នៃអង្គការសមាគមធាងត្នោត លោក​ ស៊ាង មួយឡៃ រំពឹង​ថា ក្រសួងមហាផ្ទៃ នឹងធ្វើការឆ្លើយតបជាវិជ្ជមានមកកាន់ក្រុមសង្គមស៊ីវិលចំពោះករណីនេះ។

លោកថ្លែងថា៖ «ក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំថ្មី ដោយមានការគិតគូរអំពីការដឹកនាំបែបថ្មី ដែលគោរពទៅតាមច្បាប់ និងមួយ​រយៈការចុងក្រោយនេះ យើងឃើញថា ថ្នាក់ដឹកនាំបានធ្វើការកែទម្រង់ច្រើន រួមមាន ការចេញបទដ្ឋានគតិយុត្ត ការដាស់​តឿន​ដល់មន្ត្រីថ្នាក់ក្រោម និងការកាត់សាច់​ស្អុយ​ចេញ ដូច្នេះ​យើងពិតជាមានការរំពឹងទុកខ្ពស់ថា ថ្នាក់ដឹកនាំក្រសួងនឹង​មាន​ការ​គិត​គូរ និងមានការឆ្លើយតបជាវិជ្ជមានមកកាន់សង្គមស៊ីវិល និងសាធារណៈអំពីរឿងនេះ»។

តែយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ទូច សុឃៈ មានប្រសាសន៍ថា ក្រសួងនៅមិនទាន់​ឃើញ​លិខិត​ពីអង្គការ​​​សមាគមធាងត្នោត ដែល​ស្នើសុំកិច្ច​​អន្តរាគមន៍លើរឿងនេះ​នៅឡើយ​។

លោក​ថា​៖ «ខ្ញុំខាងក្រសួងមហាផ្ទៃ ដូចជាមិនទាន់មានលិខិតស្នាមជាផ្លូវការ ឬខ្ញុំចន្លោះប្រហោងណាមួយ មិនឃើញលិខិត​ពី​សមាគមធាងត្នោត ស្នើសុំអន្តរាគមន៍ណាមួយពីថ្នាក់ក្រសួងនោះទេ»។

ចំណែក លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ មាន​ប្រសាសន៍​ថា ការបញ្ឈប់ និងរុះរើពិព័រណ៍​រូបថតរបស់អង្គការសមាគមធាងត្នោតនេះ មិនមែន​អាជ្ញាធរ​ជាអ្នកបិទ​នោះទេ។

លោកថ្លែងថា៖ «រឿងហ្នឹងដដែលៗ ដែលខ្ញុំធ្លាប់ប្រាប់មួយសារហើយ រឿងធ្វើសិក្ខាសាលាយើង​មិនទៅសួរនាំឯណា? ទី១ ហើយ​ទី២ ទាក់ទងទីតាំងនោះ គឺម្ចាស់ដែលគេជួលគេឱ្យរើចេញ ស្ថិតនៅលើម្ចាស់ទីតាំង»។ បើតាមអង្គការ​សមាគម​ធាងត្នោត ការតាំងពិព័រណ៍រូបថតនោះ​ ធ្វើឡើងក្នុងគោលបំណងនាំយកទុក្ខ​កង្វល់ និងបញ្ហារបស់សហគមន៍ក្រីក្រនៅរាជធានីភ្នំពេញ ឱ្យភាគីពាក់ព័ន្ធបានដឹង និងចូលរួមគ្នាក្នុងការផ្តល់នូវដំណោះស្រាយ។ ប្រភពដដែលបន្តថា ការតាំងពិព័រណ៍រូបថតនេះ​​ គ្រោងបើក​ឱ្យចូលទស្សនាដោយសេរីចាប់ពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ រហូតដល់​ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ នៅភោជនីយដ្ឋានសួនចំប៉ី នៅផ្លូវលេខ​៣៥១ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ប៉ុន្តែត្រូវអាក់​ខាន​​ទៅវិញ ដោយសារ​ម្ចាស់ទីតាំងនៅ​​ភោជនីយដ្ឋានសួនចំប៉ី​ ប្រាប់ថា​​ អាជ្ញាធរមូលដ្ឋានបានតម្រូវ​ឱ្យបញ្ឈប់ការដាក់តាំង និងរុះរើរូបថត​ដែលបានដាក់បង្ហាញក្នុងពិព័រណ៍នោះ កាលពីរសៀល​ថ្ងៃទី២៥​ ខែកុម្ភៈ៕