រាជរដ្ឋាភិបាលជប៉ុន បានផ្តល់ឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២១ ១០៤លានយ៉េន ឬស្មើប្រមាណ ១៥៤លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានឱ្យដឹងថា ការផ្តល់ឥណទានសម្បទាននេះ ធ្វើឡើងតាមរយៈការចុះហត្ថលេខាលើលិខិតប្តូរសារនិងឯកសារពាក់ព័ន្ធ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក កុមឺរ៉ា ម៉ាសាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។
សេចក្តីប្រកាសព័ត៌មានបន្តថា ការផ្តល់ឥណទាននេះគឺបញ្ជាក់ពីការគាំទ្ររបស់ជប៉ុន ចំពោះកម្ពុជា និងជាការរួមចំណែកដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ»។
សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់ថា៖ «ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុនក្នុងការគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»។
គេហទំព័រ Newsroom Cambodia មិនអាចសុំការអត្ថាធិប្បាយបន្ថែមពីលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទេនៅថ្ងៃពុធនេះ។
ចំណែក ប្រធាននាយកដ្ឋានព័ត៌មាននៃក្រសួងការបរទេសកម្ពុជា លោក សុក ធា បានឱ្យដឹងថា ការផ្តល់ឥណទានសម្បទានសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់នេះ នឹងជួយលើកកម្ពស់សេវាថែទាំសុខភាពរបស់មន្ទីរពេទ្យបង្អែកក្នុងខេត្តសៀមរាប និងកំពង់ចាម ដែលរួមបញ្ចូលទាំងការកែលម្អហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឧបករណ៍ ការពង្រីកសេវា និងការកសាងសមត្ថភាពសម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។
លោកថ្លែងថា៖ «គម្រោងនេះ គឺស្របនឹងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្តនានា។ ការបន្តផ្តល់កម្ចីឥណទានសម្បទានសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់នេះនឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀតនូវសេវាសុខាភិបាល ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនដែលរស់នៅក្នុងខេត្តក្នុងខេត្តសៀមរាប និងខេត្តកំពង់ចាម ព្រមទាំងខេត្តជិតខាង»។
ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា យល់ថា ការចុះកិច្ចព្រមព្រៀងនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និងជាការឆ្លើយតបទៅនឹងកម្ពុជា ក្នុងការពង្រឹងវិស័យសុខាភិបាល។
លោកកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន មានការរីកចម្រើនខ្លាំងដែលវិវត្តពីទំនាក់ទំនងធម្មតា ទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលស្របទៅនឹងគោលនយោបាយការទូតរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មការទូតរបស់ខ្លួន ជាមួយនឹងបណ្តាប្រទេសទាំងនៅក្នុងតំបន់ និងពិភពលោក។
លោកបន្ថែមថា៖ «គម្រោងនេះសំខាន់មែនទែន ដោយសារតែវិស័យសុខាភិបាលនេះ វាជះឥទ្ធិពលផ្ទាល់តែម្តង ទៅនឹងជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពង្រឹងគុណភាពសុខាភិបាលនៅកម្ពុជារបស់យើង»។
លោកចង់ឃើញការជួយរបស់ជប៉ុន មកដល់កម្ពុជាបន្ថែមទៀត លើវិស័យសុខាភិបាល ការអប់និងការអភិវឌ្ឍនានាជាដើម ហើយទន្ទឹមនឹងនេះ កម្ពុជាក៏ត្រូវតែខិតខំប្រឹងប្រែងពង្រឹងគុណភាព គណនេយ្យភាព និងប្រសិទ្ធិភាពនៃការគ្រប់គ្រងសេវាសាធារណៈផ្សេងៗ ឱ្យបានកាន់តែប្រសើរឡើងផងដែរ។
ស្របពេលគ្នានេះដែរ ក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ពីគម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការពង្រីកសេវាសុខាភិបាល ទៅដល់មន្ទីរពេទ្យនៅតាមមូលដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺដែលមានសភាពធ្ងន់ធ្ងរ ជូនដល់អ្នកជំងឺឱ្យបានទាន់ពេលវេលា។
លោកបានថ្លែងថា៖ «ឯកសារអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចរង់ចាំបានឡើយ ដូច្នេះរាជរដ្ឋាភិបាលនឹងបន្តធ្វើវិមជ្ឈការសេវាព្យាបាលជំងឺធ្ងន់ៗ ឱ្យកាន់តែកៀកប្រជាពលរដ្ឋ សង្គ្រោះជីវិតមនុស្សឱ្យបានលឿនទាន់ពេល»។
លោកនាយករដ្ឋមន្ត្រី បានបញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ លោកបានណែនាំទៅក្រសួងសុខាភិបាល ត្រូវធ្វើយ៉ាងណាផ្តល់ថ្នាំល្អៗ និងមិនហួសសុពលភាពប្រើប្រាស់ ព្រមទាំងដាក់នូវសម្ភារៈបរិក្ខាពេទ្យដែលមានគុណភាពខ្ពស់ នៅតាមមន្ទីរពេទ្យនៅតាមមូលដ្ឋាន សម្រាប់ជួយព្យាបាល និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផងដែរ៕