រាជរដ្ឋាភិបាល​ជប៉ុន បាន​ផ្តល់ឥណទានសម្បទាននូវទឹកប្រាក់ចំនួន ២១ ១០៤​លាន​យ៉េន ឬស្មើ​ប្រមាណ ១៥៤លានដុល្លារអាមេរិក ដល់រាជរដ្ឋាភិបាល​កម្ពុជា សម្រាប់​អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បាន​ឱ្យដឹងថា ការ​ផ្តល់​ឥណទាន​សម្បទាន​នេះ ធ្វើឡើង​តាមរយៈ​​ការ​ចុះហត្ថលេខាលើលិខិតប្តូរ​សារនិងឯកសារពាក់ព័ន្ធ រវាងលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និង​លោក កុមឺរ៉ា ម៉ា​សាហ៊ីរ៉ូ (KOMURA Masahiro) អនុរដ្ឋមន្ត្រីក្រសួងការបរទេសជប៉ុន នៅទីស្ដីការក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។

សេចក្តីប្រកាសព័ត៌មាន​បន្ត​ថា ការផ្តល់ឥណទាននេះគឺបញ្ជាក់ពីការគាំទ្ររបស់ជប៉ុន ចំពោះកម្ពុជា និងជាការ​រួមចំណែក​ដល់ការពង្រឹងទំនាក់ទំនងយូរអង្វែង និង​កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាង​ប្រទេសទាំងពីរ ដែលនៅក្នុងឆ្នាំ២០២៣ ត្រូវបានដំឡើងកម្រិតទៅជា «ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់​ជ្រុង​ជ្រោយ»

សេចក្តីប្រកាសព័ត៌មានបានបញ្ជាក់​ថា៖ «​ការផ្តល់ឥណទានសម្បទាននេះ បញ្ជាក់ពីការប្តេជ្ញាចិត្តឥតងាករេរបស់ជប៉ុន​ក្នុងការគាំទ្រដល់កិច្ច​ខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ចំពោះការជំរុញ​ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច»

គេហទំព័រ Newsroom Cambodia មិនអាច​សុំការអត្ថាធិប្បាយបន្ថែមពីលោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានទេនៅថ្ងៃពុធនេះ។

ចំណែក ប្រធាននាយកដ្ឋានព័ត៌មាននៃ​ក្រសួងការបរទេសកម្ពុជា លោក សុក ធា បានឱ្យដឹងថា ការ​ផ្តល់​ឥណទានសម្បទានសម្រាប់អនុវត្តគម្រោង​អភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់នេះ នឹងជួយ​​លើក​​កម្ពស់​​សេវា​​ថែទាំ​​សុខភាព​របស់​មន្ទីរពេទ្យបង្អែក​​​​ក្នុង​ខេត្តសៀមរាប និង​​​កំពង់​ចាម​ ដែល​រួមប​ញ្ចូល​ទាំង​ការ​កែ​លម្អហេដ្ឋារចនាសម្ព័ន្ធ ការផ្គត់ផ្គង់ឧបករណ៍ ការពង្រីកសេវា និងការកសាង​សមត្ថភាព​សម្រាប់អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ។

 លោកថ្លែងថា​៖ «គម្រោងនេះ គឺស្របនឹងគោលបំណងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្កើនសេវាថែទាំសុខភាពនៅតាមមន្ទីរពេទ្យបង្អែកខេត្តនានា។ ការបន្តផ្តល់កម្ចីឥណទានសម្បទានសម្រាប់អនុវត្តគម្រោងអភិវឌ្ឍន៍មន្ទីរពេទ្យក្នុងតំបន់នេះនឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរបន្ថែមទៀតនូវសេវាសុខាភិបាល ដែលផ្តល់អត្ថប្រយោជន៍ជាច្រើនដល់ប្រជាជនដែលរស់នៅក្នុងខេត្តក្នុង​ខេត្តសៀមរាប និង​ខេត្តកំពង់ចាម ព្រមទាំងខេត្តជិតខាង»។

ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា យល់ថា ការចុះកិច្ចព្រមព្រៀងនេះ ពិតជាមានសារៈសំខាន់ក្នុងការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរ និង​​ជាការឆ្លើយតបទៅ​នឹងកម្ពុជា ក្នុងការ​ពង្រឹងវិស័យសុខាភិបាល។

លោកកត់សម្គាល់ថា ទំនាក់ទំនងរវាងកម្ពុជា-ជប៉ុន មានការរីកចម្រើនខ្លាំងដែលវិវត្តពីទំនាក់ទំនងធម្មតា​ ទៅទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដែលស្របទៅនឹងគោលនយោបាយការទូតរបស់កម្ពុជា ក្នុងការធ្វើពិពិធកម្មការទូតរបស់ខ្លួន ជាមួយ​នឹង​បណ្តា​ប្រទេសទាំង​នៅក្នុង​តំបន់ និង​ពិភពលោក។

លោកបន្ថែមថា៖ «គម្រោងនេះ​សំខាន់មែនទែន ដោយសារតែវិស័យសុខាភិបាលនេះ វាជះឥទ្ធិពលផ្ទាល់តែម្តង ទៅ​នឹងជីវភាព​រស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋខ្មែរ ជាពិសេសពង្រឹងគុណភាពសុខាភិបាល​នៅកម្ពុជារបស់យើង»។

លោកចង់ឃើញការជួយរបស់ជប៉ុន មកដល់កម្ពុជាបន្ថែមទៀត លើវិស័យសុខាភិបាល ការអប់និងការ​អភិវឌ្ឍនានាជាដើម​ ហើយ​ទន្ទឹមនឹងនេះ កម្ពុជាក៏​ត្រូវតែខិតខំ​ប្រឹង​ប្រែង​ពង្រឹង​គុណ​ភាព គណនេយ្យ​ភាព និង​ប្រសិទ្ធិភាព​នៃការគ្រប់គ្រងសេវាសាធារណៈផ្សេងៗ ឱ្យបានកាន់តែប្រសើរឡើងផងដែរ​។

ស្របពេលគ្នានេះដែរ ក្នុងពិធីសម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ នៅថ្ងៃទី១៣ ខែមីនានេះ​ លោកនាយករដ្ឋមន្ត្រី​ ហ៊ុន ម៉ាណែត ក៏​បានបញ្ជាក់ពីគម្រោងរបស់រាជរដ្ឋាភិបាល ក្នុងការ​​ពង្រីកសេវា​សុខាភិបាល​ ទៅ​ដល់​​មន្ទីរពេទ្យ​នៅតា​ម​មូល​ដ្ឋាន ដើម្បីបង្កើនការព្យាបាលជំងឺដែលមានសភាពធ្ងន់ធ្ងរ ជូនដល់អ្នកជំងឺឱ្យបានទាន់ពេលវេលា។​

លោកបានថ្លែង​ថា៖​ «ឯកសារអាចរង់ចាំបាន តែការសង្គ្រោះជីវិតមនុស្សមិនអាចរង់ចាំបានឡើយ ដូច្នេះរាជរដ្ឋាភិបាលនឹងបន្តធ្វើវិមជ្ឈការសេវាព្យាបាលជំងឺធ្ងន់ៗ​ ឱ្យកាន់តែកៀកប្រជាពលរដ្ឋ សង្គ្រោះជីវិតមនុស្ស​ឱ្យបានលឿនទាន់ពេល»។

លោកនាយករដ្ឋមន្ត្រី បាន​បញ្ជាក់ទៀតថា កាលពីពេលថ្មីៗនេះ លោកបានណែនាំ​ទៅ​ក្រសួង​សុខាភិ​បាល ត្រូវធ្វើយ៉ាង​ណា​​ផ្តល់ថ្នាំល្អៗ និងមិនហួសសុពលភាពប្រើប្រាស់ ព្រមទាំង​ដាក់នូវ​សម្ភារៈ​បរិក្ខា​ពេទ្យ​ដែល​មាន​គុណ​ភាព​ខ្ពស់ នៅតាម​មន្ទីរពេទ្យ​នៅតាម​មូលដ្ឋាន សម្រាប់​ជួយ​ព្យាបាល និងសង្គ្រោះអាយុជីវិតប្រជាពលរដ្ឋ​ឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធិភាពផងដែរ​៕