សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិក្នុងរោងចក្រវ៉ាយអេនឌាប់បែលយូ ហ្គាមិន (Y&W garment) ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិតនៃក្រុមហ៊ុននេះ។
បើតាមក្រុមកម្មករ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថៅកែរោងចក្រកាត់ដេរ វ៉ាយ&ដាប់បែលយូហ្គាមេន ឈ្មោះ YUEN PO_FAI ភេទប្រុស ជនជាតិចិន បានរត់ចោលរោងចក្រ ដោយមិនទទួលខុសត្រូវបើកប្រាក់ខែមួយខែចុងក្រោយ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់ឡើយ។
ក្នុងដីកាបង្កាប់របស់សាលាដំបូងរាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ចៅក្រមជំនុំជម្រះ លោកស្រី ឈុន ដាវី បានបង្កាប់ឱ្យរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភារៈទាំងអស់ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វ៉ាយអេនដាប់បែលយូ ហ្គាមិន មានទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ប្រភពដដែលបន្តថា ចៅក្រមជំនុំជម្រះ ក៏បានបញ្ជាឱ្យសហកូនបំណុលដែលជាម្ចាស់សហគ្រាស គឺលោក Yeun Po Fai ត្រូវផ្ញើប្រាក់ចំនួន ៣ ២៩៥ ២៩៥, ៩៣ (បីលានម្ភៃប្រាំមួនម៉ឺនប្រាំពាន់ពីររយកៅសិបប្រាំ និងកៅសិបបីសេន) ដុល្លារអាមេរិក ជាប្រាក់រំដោះ ស្របតាមបញ្ញត្តិមាត្រា៥៤៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។
ការចេញដីការបស់តុលាការ ធ្វើឡើងបន្ទាប់ពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ កន្លងទៅ បានស្នើតុលាការចេញដីកាសម្រេចរក្សាការពារលើទ្រព្យសម្បតិ្តក្នុងរោងចក្រ ដើម្បីរៀបចំទុកផ្តល់សំណងទៅដល់កម្មករនិយោជិត។
គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់រឿងនេះបន្ថែម ពីចៅក្រម ឈុន ដាវី និងលោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ។
លោក ឈីវ ឡេងហៃ ជាអ្នកតំណាងសហជីព និងជាកម្មករនៅរោងចក្រវាយអេនដាប់បែលយូ បានថ្លែងថា បើតាមព័ត៌មានដែលលោកទទួលបានពីក្រសួងការងារ គឺក្រុមការងាររបស់ក្រសួងនឹងចុះទៅពិនិត្យមើលទ្រព្យសម្បត្តិដែលនៅសេសសល់ ដើម្បីដាក់លក់ឡៃឡុងយកលុយមកដោះស្រាយសំណងជូនកម្មករ។
លោកថា៖ «ក្រុមការងារគេកំពុងពិចារណាមើល និងដាក់ឡៃឡុងអីវ៉ាន់ទាំងអស់នោះ ការបើកលុយឱ្យគ្រប់មិនគ្រប់ហ្នឹង យើងចាំមើលតាមនិតិវិធីច្បាប់របស់ក្រសួងការងារ។ […] របស់ដែលមាននៅភាគច្រើន គឺជាម៉ាស៊ីនដេរ និងក្រណាត់ដែលមិនទាន់បានដេរ»។
តំណាងកម្មកររូបនេះ បន្តថា ថៅកែរោងចក្រដែលមានជំងឺប្រចាំកាយផងនោះ បានរត់ចោលរោងចក្រនិងមិនបានបើកប្រាក់ខែជូនកម្មករ តាំងពីអំឡុងខែកុម្ភៈ បុណ្យចូលឆ្នាំចិន ដោយទុកឱ្យតំណាងរបស់គាត់នៅមើលការខុសត្រូវនៅក្នុងរោងចក្រជំនួស។ លោកបន្ថែមថា ក្នុងអំឡុងពេលដែលមិនមានប្រាក់ខែ កម្មករជួបការលំបាកខ្លាំងក្នុងជីវភាព ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយពួកគាត់មិនមានលុយគ្រប់គ្រាន់នៅក្នុងការបង់ផ្ទះជួល បង់ទឹកភ្លើង និងការចំណាយផ្សេងៗប្រចាំថ្ងៃ។
កម្មការិនីដែលបានបម្រើការនៅក្នុងរោងចក្រនេះអស់រយៈពេល១២ឆ្នាំ និងជាអ្នកតំណាងកម្មករមួយរូបទៀត អ្នកស្រី ម៉ុន លក្ខណា រំពឹងថា ក្រសួងការងារ និងតុលាការ នឹងដោះស្រាយបញ្ហានេះជូនកម្មករ ឱ្យបានឆាប់ និងទទួលបានសំណងសមរម្យ ដើម្បីឱ្យពួកគាត់អាចទៅរកការងារថ្មីបាន។
អ្នកស្រីថា៖ «ពួកខ្ញុំចង់ឱ្យពួកគាត់ [ក្រសួង និងតុលាការ] ពន្លឿនការដោះស្រាយនេះឱ្យកាន់តែលឿនទៀត ព្រោះពួកយើងត្រូវការថវិកាមកដោះស្រាយបញ្ហាជីវភាព ផ្ទះជួលអីចឹង […] ខ្ញុំត្រូវបង់ថ្លៃសាលាកូនរៀន ផ្ទះជួល ហើយថ្លៃធនាគារទៀត គ្រប់បែបយ៉ាង។ ខ្ញុំមិនទាន់ចូលធ្វើការនៅកន្លែងថ្មីទេ ខ្ញុំរងចាំមើលវិធានការនៃការដោះស្រាយសិន»។
អ្នកស្រីបន្ថែមថា៖ «ខ្ញុំរំពឹងថាបានតែតិចតួច ព្រោះថាពេលថ្ងៃដែលទៅប្រជុំ គេថាក្រសួងអត់មានលុយតម្កល់ [..] ហើយនៅក្នុងរោងចក្រ វាមិនសូវមានម៉ាស៊ីនល្អៗដែរទេ ព្រោះរោងចក្របើកយូរឆ្នាំហើយ»។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សាទរចំពោះវិធានការឆាប់រហ័សរបស់ក្រសួង និងតុលាការ នៅក្នុងការជួយសម្រួលទៅដល់កម្មករនិយោជិត។
លោកថា៖ «ខ្ញុំគិតថា វាជាចំណាត់ការមួយដែលល្អ ដែលក្នុងរយៈពេលខ្លីតុលាការអាចចេញដីកាបែបហ្នឹង គឺដើម្បីកុំឱ្យខាងនិយោជកចេះតែគេចពីការទទួលខុសត្រូវ ចឹងខ្ញុំគិតថាគួរតែបន្តធ្វើបែបនេះ ទើបមិនមានការគេចវេសតទៅទៀត »។
លោក អាត់ ធុន់ បានបញ្ជាក់ដែរថា នៅពេលដែលក្រុមហ៊ុនក្ស័យធន ហើយត្រូវប្រមូលសម្ភារៈលក់បែបនេះ នោះលុយដែលទទួលបាន គឺត្រូវសងមកកាន់កម្មករមុនគេបង្អស់។
លោកថា៖ «លុយដែលបានត្រូវសងមកដល់កម្មករនិយោជិតមុនគេបង្អស់ ក្នុងករណីដែលសងមិនគ្រប់ ខាងកម្មករអាចទាមទារឱ្យខាងតុលាការ រកមើលទ្រព្យផ្សេងទៀតដែលពាក់ព័ន្ធ ដែលអាចមានការលាក់បាំងអីផ្សេងៗ […] ករណីដែលក្រុមហ៊ុន ចុះបញ្ជីទទួលខុសត្រូវ តុលាការគេមានវិធានការ ប៉ុន្តែយ៉ាងហោចណាស់ គឺមានន័យថាក្រុមហ៊ុនមិនអាចគេចវេស ឬរត់ចោលដោយបន្សល់ទុកនូវតែអ្វីដែលជាប្រយោជន៍តិចតួចដែលមិនអាចសងកម្មករបាន ហើយតុលាការអាចមានសិទ្ធិហាមឃាត់ម្ចាស់សហគ្រាសមិនឱ្យចេញទៅក្រៅនៅក្នុងអំឡុងពេលនោះ »។
គួររំលឹកថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយអេនដាប់បែលយូ ហ្គាមេន បាននាំគ្នាធ្វើកូដកម្មចំនួន ២លើករួចមកហើយ ដែលលើកទី១ ធ្វើឡើងកាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បីទាមទារឱ្យថៅកែបើកប្រាក់ខែ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំងស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ៕