សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាសម្រេចរឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ​ក្នុងរោង​ចក្រ​វ៉ាយ​អេន​ឌាប់​បែល​យូ ហ្គាមិន (Y&W garment)​ ដើម្បីធានាសម្រាប់ការបើកប្រាក់ឈ្នួល និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ជូនដល់កម្មករនិយោជិតនៃក្រុមហ៊ុននេះ។

បើតាមក្រុមកម្មករ កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ថៅកែ​រោង​ចក្រកាត់ដេរ ​​វ៉ាយ&ដាប់បែលយូហ្គាមេន ឈ្មោះ YUEN PO_FAI ភេទប្រុស ជនជាតិចិន បាន​រត់ចោលរោង​ចក្រ​ ដោយ​​មិនទទួល​ខុសត្រូវ​បើកប្រាក់ខែមួយខែចុងក្រោយ និង​ប្រាក់អត្ថប្រយោជន៍ផ្សេងៗជូនកម្មករសរុបចំនួន ៤ ៨៤៩នាក់​​ឡើយ។

ក្នុងដីកាបង្កាប់របស់សាលាដំបូង​រាជធានីភ្នំពេញ ចុះថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យ​​ដឹង​ថា ចៅ​ក្រម​​​ជំនុំ​ជម្រះ​​ លោកស្រី ឈុន ដាវី បានបង្កាប់ឱ្យ​​រឹបអូសជាបណ្តោះអាសន្ននូវទ្រព្យសម្បត្តិ និងសម្ភារៈ​ទាំង​អស់​ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន វ៉ាយអេន​ដាប់បែលយូ ហ្គាមិន មាន​ទីតាំងស្ថិតនៅផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែលបន្តថា ចៅក្រម​ជំនុំជម្រះ ក៏បានបញ្ជាឱ្យ​សហកូនបំណុល​ដែលជាម្ចាស់សហគ្រាស គឺលោក Yeun Po Fai ត្រូវផ្ញើ​ប្រាក់ចំនួន ៣ ២៩៥ ២៩៥, ៩៣ (បីលានម្ភៃប្រាំមួនម៉ឺន​ប្រាំពាន់​ពីរ​រយកៅសិប​ប្រាំ និងកៅសិបបីសេន) ដុល្លារអាមេរិក ជាប្រាក់រំដោះ ស្របតាមបញ្ញត្តិមាត្រា៥៤៧ នៃក្រមនីតិវិធីរដ្ឋប្បវេណី។

ការចេញដីការបស់តុលាការ​​ ធ្វើឡើងបន្ទាប់ពី​ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ កាលពីថ្ងៃទី១១ ខែ​មីនា ឆ្នាំ​២០២៤ កន្លងទៅ បាន​ស្នើ​តុលាការចេញ​ដីកាសម្រេចរក្សាការពារលើទ្រព្យសម្បតិ្ត​ក្នុង​រោង​ចក្រ​​ ដើម្បីរៀបចំទុកផ្តល់​សំណងទៅដល់កម្មករនិយោជិត។

គេហទំព័រ Newsroom Cambodia មិនអាចសុំការបញ្ជាក់រឿងនេះបន្ថែម ពីចៅក្រម ឈុន ដាវី និង​លោក សួស វិទ្យារ៉ាន់ឌី អនុប្រធានលេខាធិការដ្ឋាន និងជាអ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ បានទេ។​

លោក ឈីវ ឡេងហៃ ជាអ្នកតំណាងសហជីព និងជាកម្មករនៅរោងចក្រវាយអេនដាប់បែលយូ​ បាន​ថ្លែងថា បើតាម​ព័ត៌មានដែលលោកទទួលបានពីក្រសួងការងារ គឺ​ក្រុមការងាររបស់ក្រសួង​​នឹងចុះទៅពិនិត្យមើលទ្រព្យសម្បត្តិដែលនៅសេសសល់ ដើម្បីដាក់លក់ឡៃឡុង​យកលុយមកដោះស្រាយសំណង​ជូនកម្មករ។

លោកថា​៖ «ក្រុមការងារគេកំពុងពិចារណាមើល និងដាក់ឡៃឡុងអីវ៉ាន់ទាំងអស់នោះ ការបើកលុយឱ្យ​គ្រប់​មិន​គ្រប់​ហ្នឹង យើងចាំមើលតាមនិតិវិធីច្បាប់របស់ក្រសួងការងារ។​ […] របស់ដែលមាននៅភាគច្រើន គឺជាម៉ាស៊ីនដេរ និងក្រណាត់ដែលមិនទាន់បានដេរ»

តំណាងកម្មកររូបនេះ បន្តថា​ ថៅកែរោងចក្រដែល​មានជំងឺ​ប្រចាំកាយផង​នោះ ​បានរត់ចោល​រោងចក្រ​និង​មិនបាន​បើកប្រាក់ខែជូនកម្ម​ករ ​តាំង​​ពីអំឡុង​ខែកុម្ភៈ ​បុណ្យចូលឆ្នាំចិន ដោយទុកឱ្យ​​តំណាង​​របស់គាត់​​នៅមើលការខុសត្រូវនៅក្នុងរោងចក្រជំនួស។ លោក​​បន្ថែម​ថា ក្នុងអំឡុងពេលដែលមិនមានប្រាក់ខែ កម្មករជួបការលំបាកខ្លាំងក្នុងជីវភាព​ ជាពិសេសស្ត្រីមានផ្ទៃពោះ ដោយ​ពួកគាត់​មិនមានលុយគ្រប់គ្រាន់នៅក្នុងការបង់ផ្ទះជួល បង់ទឹកភ្លើង និងការ​ចំណាយ​ផ្សេងៗប្រចាំថ្ងៃ។

កម្មការិនីដែលបានបម្រើការនៅក្នុងរោងចក្រនេះអស់រយៈពេល១២ឆ្នាំ និងជាអ្នកតំណាងកម្មករមួយរូបទៀត អ្នក​ស្រី ម៉ុន លក្ខណា រំពឹងថា ក្រសួងការងារ និងតុលាការ នឹងដោះស្រាយ​បញ្ហា​នេះជូនកម្មករ ឱ្យ​បាន​ឆាប់ និង​ទទួលបានសំណងសមរម្យ ដើម្បីឱ្យ​ពួកគាត់អាចទៅរកការងារថ្មីបាន។

អ្នក​ស្រីថា៖ «ពួកខ្ញុំចង់ឱ្យ​ពួកគាត់ [ក្រសួង និងតុលាការ] ពន្លឿន​ការដោះស្រាយនេះឱ្យ​កាន់តែលឿនទៀត ព្រោះពួកយើងត្រូវការថវិកាមកដោះស្រាយបញ្ហាជីវភាព ផ្ទះជួលអីចឹង […] ខ្ញុំត្រូវបង់ថ្លៃសាលាកូនរៀន ផ្ទះជួល ហើយ​ថ្លៃធនាគារទៀត គ្រប់បែបយ៉ាង។ ខ្ញុំមិនទាន់ចូលធ្វើការនៅ​កន្លែងថ្មីទេ ខ្ញុំរងចាំមើលវិធានការនៃការដោះស្រាយសិន»

អ្នក​ស្រីបន្ថែម​ថា៖ «ខ្ញុំរំពឹងថា​បានតែតិចតួច ព្រោះថាពេលថ្ងៃដែលទៅប្រជុំ គេថាក្រសួងអត់មានលុយតម្កល់ [..] ហើយនៅក្នុងរោងចក្រ វាមិនសូវមានម៉ាស៊ីនល្អៗដែរទេ ព្រោះរោងចក្របើកយូរឆ្នាំហើយ»

ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ សាទរចំពោះវិធានការឆាប់រហ័សរបស់ក្រសួង និងតុលាការ នៅក្នុងការជួយសម្រួលទៅដល់កម្មករនិយោជិត។

លោកថា៖ «ខ្ញុំគិតថា វាជាចំណាត់ការមួយដែល​ល្អ ដែលក្នុងរយៈពេលខ្លីតុលាការអាចចេញដីកាបែបហ្នឹង គឺដើម្បីកុំឱ្យ​ខាងនិយោជក​ចេះតែគេចពីការទទួលខុសត្រូវ ចឹងខ្ញុំគិតថាគួរតែបន្តធ្វើបែបនេះ ទើបមិនមានការគេចវេសតទៅទៀត »

លោក អាត់ ធុន់ បានបញ្ជាក់ដែរ​ថា នៅពេលដែលក្រុមហ៊ុនក្ស័យធន ហើយត្រូវប្រមូលសម្ភារៈលក់បែបនេះ នោះលុយ​ដែលទទួលបាន គឺត្រូវសងមកកាន់កម្មករមុនគេបង្អស់។

លោកថា៖ «លុយដែលបានត្រូវសងមកដល់កម្មករនិយោជិតមុនគេបង្អស់ ក្នុងករណីដែលសងមិនគ្រប់ ខាងកម្មករអាចទាមទារឱ្យ​ខាងតុលាការ រកមើលទ្រព្យផ្សេងទៀតដែលពាក់ព័ន្ធ ដែលអាចមានការ​លាក់បាំងអីផ្សេងៗ […] ករណីដែលក្រុមហ៊ុន ចុះបញ្ជីទទួលខុសត្រូវ តុលាការគេមានវិធានការ ប៉ុន្តែ​យ៉ាងហោចណាស់ គឺមានន័យថាក្រុមហ៊ុនមិនអាចគេចវេស ឬរត់ចោលដោយបន្សល់ទុកនូវតែអ្វីដែល​ជាប្រយោជន៍តិចតួចដែលមិនអាចសងកម្មករបាន ហើយតុលាការអាចមានសិទ្ធិហាមឃាត់ម្ចាស់សហគ្រាសមិនឱ្យ​ចេញទៅក្រៅនៅក្នុងអំឡុងពេលនោះ »

គួររំលឹក​ថា កម្មករនិយោជិតនៃក្រុមហ៊ុន វ៉ាយ​អេន​ដាប់បែលយូ ហ្គាមេន បាននាំគ្នាធ្វើ​កូដកម្មចំនួន ២លើក​រួចមកហើយ ដែលលើកទី១ ធ្វើឡើង​កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ និងលើកទី២ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ដើម្បី​ទាម​ទារ​ឱ្យ​ថៅកែ​បើកប្រាក់​ខែ​ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ ព្រមទាំង​ស្នើឱ្យក្រសួងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដោះស្រាយវិវាទការងារនេះ៕