ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និងបន្តចេញដីកាឱ្យតាមចាប់ខ្លួនមេក្លោង ក្រោមការចោទពីបទ ទន្ទ្រានដីរដ្ឋដែលបានចុះបញ្ជីរួចរាល់ ដោយខុសច្បាប់។
កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការបាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយអាវុធ និងមន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិសាស្ត្រឃុំត្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ចក៏បានចាប់ឃាត់ខ្លួនពលរដ្ឋប្រមាណ ៣០នាក់ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ហើយពួកគេបញ្ជាក់ថា ពលរដ្ឋដែលត្រូវបានចាប់ខ្លួននោះ ភាគច្រើនត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅតុលាការ និងមួយចំនួនតូចត្រូវបានដោះលែងវិញ។
អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១២ ខែមីនានេះថា ក្នុងសំណុំរឿងនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ ក៏ប៉ុន្តែបានដោះលែង ៤នាក់វិញ ដោយសារពួកគេជាកុមារ និងមនុស្សចាស់ ខណៈមនុស្ស ២៥នាក់ទៀត បានបញ្ជូនសំណុំរឿង និងបញ្ជូនខ្លួនមកសាលាដំបូងខេត្ត។ លោកបន្តថា ក្រោយការសាកសួរ ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនអ្នកទាំង ២៥នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសកាប់រានដីព្រៃរបស់រដ្ឋធ្វើជាកម្មសិទ្ធិ។
លោកបន្តថា៖ «តាមដីកាសន្និដ្ឋានបញ្ជូនរឿងស៊ើបសួរទៅចៅក្រមហ្នឹង ចៅក្រមគាត់បានសម្រេចឃុំខ្លួន ២៥នាក់ ឱ្យទៅផ្ទះវិញ ៤នាក់ ដោយសារអ្នកខ្លះជាអានិតិជន អ្នកខ្លះជាចាស់ជរាអីចឹង ក៏គាត់សម្រេចឱ្យទៅផ្ទះវិញ មិនឃុំខ្លួនគាត់ទេ។ អ៊ីចឹងឃុំខ្លួនរាល់ថ្ងៃនៅពន្ធនាគារនេះតែ២៥នាក់ទេ ដើម្បីស៊ើបអង្កេតរកមេក្លោងបន្តទៀត»។
អភិបាលរងខេត្តព្រះវិហារ លោក ណុប វុធ្ធី បានឱ្យដឹងនៅថ្ងៃទី១៣ មីនានេះថា ប្រជាពលរដ្ឋទាំងនោះ ជាជនអាណាធិបតេយ្យ ដោយពួកគេបានចូលទន្ទ្រានដីរដ្ឋដែលបានចុះបញ្ជីប្លង់រឹងរួចហើយ។ លោកបញ្ជាក់ថា អាជ្ញាធរកំពុងតាមចាប់មេក្លោងរបស់ពួកគេបន្ថែមទៀត។
លោកថា៖ «មិនមែនជាបញ្ហាជម្លោះរវាងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទេ អានេះជាបញ្ហាយើងចុះបង្ក្រាបពួកជនអាណាធិបតេយ្យដែលគាត់ចូលទន្ទ្រានយកដីរដ្ឋដែលបានចុះបញ្ជីរួមហើយ មានន័យថា គាត់មកពីណាពីណីគាត់ចូលមកគាត់មានក្រុមមានបក្សមានពួកគាត់ ហើយមានមេក្លោងគាត់ៗចូលទៅកាប់ទន្ទ្រានយកដីរដ្ឋដែលចុះបញ្ជីប្លង់រឹងរួចហើយ[…] ក្រុមនេះគាត់តែងតែធ្វើសកម្មភាពយកដីរដ្ឋហ្នឹងរហូត»។
អភិបាលរងខេត្តព្រះវិហាររូបនេះបន្តថា អាជ្ញាធរបានណែនាំពលរដ្ឋទាំងនោះ ឱ្យចាកចេញជាច្រើនដងហើយ ក៏ប៉ុន្តែពួកគាត់មិនព្រមចាកចេញទេ ហើយនៅពេលដែលអាជ្ញាធរចុះទៅបណ្ដេញចេញ ពលរដ្ឋទាំងនោះបានប្រើហិង្សាដាក់អាជ្ញាធរ។
លោកថា៖ «មុននឹងធ្វើហ្នឹងមានន័យថា យើងជិតមួយឆ្នាំហើយ យើងជូនដំណឹងអប់រំណែនាំគាត់ យើងមានការផ្សព្វផ្សាយ ចាក់មេក្រូផ្សព្វផ្សាយឱ្យគាត់ចាកចេញពីដីរដ្ឋដែលបានចុះបញ្ជីរួចហើយដោយយើងមិនអនុញ្ញាតឱ្យជនណាម្នាក់ចូលទេ ប៉ុន្តែគាត់អត់ព្រមទេ ហើយរហូតដល់ពេលយើងចុះអនុវត្តវិធានការការពារដីរដ្ឋនោះ មានន័យថាសមត្ថកិច្ចយើងទាំងអស់ធ្វើសកម្មភាពទៀត យើងទុករយៈពេល២ម៉ោងឱ្យគាត់ចាកចេញទៀត ប៉ុន្តែគាត់អត់ទេគាត់តដៃជាមួយសមត្ថកិច្ចដូចជាគាត់គប់ដបសាំងដុតសមត្ថកិច្ច»។
បើតាម លោក ណុប វុធ្ធី អាជ្ញាធរខេត្តព្រះវិហារ បានជូនដំណឹងពលរដ្ឋដោយពលរដ្ឋទាំងនោះ ចេញពីដីរបស់រដ្ឋដោយសន្តិវិធី ចំនួន ២ដងមកហើយ តាំងពីឆ្នាំ២០២១ និងឆ្នាំ២០២២ ក៏ប៉ុន្តែពួកគេនៅតែត្រឡប់មកវិញដោយបានសង់ខ្ទមតូចៗនៅលើដីនោះ។ រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អាជ្ញាធរបានមានវិធានការចំពោះពួកគេជាលើកទី៣ ដែលបណ្ដាលឱ្យមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋ។ លោកថា ការបណ្ដេញពលរដ្ឋទាំងនោះចេញ ជាការអនុវត្តច្បាប់ដើម្បីរក្សាដីរដ្ឋសម្រាប់អ្នកជំនាន់ក្រោយ ដោយមិនអាចបណ្ដោយឱ្យជនណាទៅប៉ះពាល់ដីនោះឡើយ។
ពលរដ្ឋរស់នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្តិភាព បានប្រាប់ថា គ្រួសាររបស់គាត់ មិនបានទៅកាប់គាស់ដីព្រៃនោះទេ គឺពួកគាត់បានទិញដីនោះតពីគេ ដោយមានការបញ្ជាក់ត្រឹមភូមិឃុំ ព្រមទាំងបានរស់នៅរយៈពេល ១០ឆ្នាំមកហើយ ប៉ុន្តែអាជ្ញាធរបែរមិនទទួលស្គាល់ និងតម្រូវឱ្យពួកគាត់ចាកចេញពីដីជម្លោះទាំងបង្ខំ។
គាត់បានបញ្ជាក់ថា៖ «ដីខ្ញុំនេះអត់ដែលមានគាត់[អាជ្ញាធរ]ដេញទេ ហើយដីដែលខ្ញុំចូលទៅរស់នៅក៏អត់បានទៅចាប់ ទៅកាប់យកដែរ ខ្ញុំទិញមានសំបុត្រភូមិ ឃុំ តែគេអត់យកជាផ្លូវការ គេថាឱ្យតែជាសំបុត្រប្លង់ទន់គេអត់យកជាផ្លូវការទេ ក្នុងតំបន់ខ្ញុំអត់មានពីណាគេមានប្លង់រឹងទេ មុនខ្ញុំទិញក៏សួមេភូមិដែរ តែថាអត់ពាក់ព័ន្ធទេ […] ប្លង់ខ្ញុំអាចដាក់លុយដល់ធនាគារ ខ្ញុំយកលុយធនាគារយកមកលើកផ្ទះហ្នឹងចំនួន២០ ០០០(ពីរម៉ឺនដុល្លា) តែខ្ញុំសងបានជិតមួយម៉ឺនដុល្លារហើយ»។
ពលរដ្ឋរូបនេះ បានបន្ថែមថា ក្រោយមានការបង្ក្រាបដោយហិង្សានោះ រូបគាត់ និងពលរដ្ឋមួយចំនួនទៀត កំពុងរត់គេចខ្លួន និងកំពុងជួបការលំបាកដោយគ្មានម្ហូបអាហារគ្រាប់គ្រាន់ ខ្វះសម្លៀកបំពាក់ និងមានជំងឺប្រចាំកាយផង។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត លើកឡើងថា មកដល់ពេលនេះ មានពលរដ្ឋ ២៩នាក់ ត្រូវបានតុលាការធ្វើការចោទប្រកាន់ ពាក់ព័ន្ធនឹងបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ និងហ៊ុំព័ទ្ធកាន់កាប់ដីព្រៃ តាមមាត្រា៩៧ នៃច្បាប់ស្តីពីព្រៃឈើ។ លោកទទូចឱ្យរដ្ឋាភិបាល និងអាជ្ញាធរមានសមត្ថកិច្ច ដោះស្រាយបញ្ហាដីធ្លីនេះដោយសន្តិវិធី ដើម្បីជៀសវាងការផ្ទុះអាវុធ ឬការចាប់ខ្លួនពលរដ្ឋ ដែលបង្កឱ្យមានទុក្ខលំបាកច្រើនសម្រាប់ពលរដ្ឋ។
លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស នៅតែទទូចដល់រដ្ឋាភិបាល ឬក៏អាជ្ញាធរហ្នឹង គាត់ធ្វើម៉េចការដោះស្រាយបញ្ហាដីធ្លីធ្វើឡើងដោយសន្តិវិធី ដោយអហិង្សា ដើម្បីចៀសវាងការផ្ទុះអាវុធ ឬក៏នាំឱ្យមានការចាប់ខ្លួនពលរដ្ឋជាច្រើន នាំឱ្យមានទុក្ខលំបាកច្រើនសម្រាប់ពលរដ្ឋវិញទេ»។
បើតាមក្រុមពលរដ្ឋ អ្នកដែលរស់នៅតំបន់មានជាង២០០គ្រួសារ ប៉ុន្តែខាងអាជ្ញាធរអះអាងថា មានតែជាង ១០០នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០០៩ ក្រុមហ៊ុនសិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើផ្ទៃដីប្រមាណ ៩ ០០០ហិកតា ក្រោមហេតុផលធ្វើការអភិវឌ្ឍន៍ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅឃុំស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ដែលបណ្តាលឱ្យប៉ះពាល់ដីប្រជាពលរដ្ឋនៅតំបន់នោះជិតជាច្រើនរយគ្រួសារ៕