ចៅក្រមស៊ើបសួរនៃ​សាលាដំបូងខេត្តព្រះវិហារ បានសម្រេចឃុំខ្លួនពលរដ្ឋចំនួន ២៥នាក់ និងបន្តចេញដីកា​​ឱ្យ​​តាម​ចាប់​ខ្លួន​មេក្លោង​ ក្រោម​ការចោទពីបទ ទន្ទ្រានដីរដ្ឋដែលបានចុះបញ្ជីរួចរាល់ ដោយខុសច្បាប់។

កាលពីថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤ មានករណីប៉ះទង្គិចគ្នាដោយហិង្សា និងមានការ​បាញ់គ្រាប់ពិត រវាងកងកម្លាំងប្រដាប់ដោយ​អាវុធ និង​មន្ត្រីរដ្ឋបាលព្រៃឈើ ជាមួយនិងប្រជាពលរដ្ឋ ក្នុងករណីវិវាទដីធ្លី ស្ថិតក្នុងភូមិ​សាស្ត្រ​​ឃុំ​ត្រយង់ ស្រុកគូលេន ខេត្តព្រះវិហារ ដោយក្នុងហេតុការណ៍នោះសមត្ថកិច្ច​ក៏បានចាប់ឃាត់ខ្លួន​ពលរដ្ឋ​ប្រមាណ ៣០​​នាក់​ផងដែរ។ នេះបើតាមការអះអាងរបស់ក្រុមប្រជាពលរដ្ឋ ហើយពួកគេបញ្ជាក់ថា ពលរដ្ឋ​ដែល​ត្រូវបានចាប់ខ្លួននោះ ភាគច្រើន​ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួន​​ទៅតុលាការ និងមួយ​ចំនួន​តូច​ត្រូវ​បាន​​ដោះលែងវិញ។​

អ្នកនាំពាក្យសាលាដំបូងខេត្តព្រះវិហារ លោក ស្រេង វុទ្ធា បានប្រាប់ Newsroom Cambodia នៅថ្ងៃទី១២ ខែមីនានេះ​ថា ក្នុង​សំណុំរឿងនេះ សមត្ថកិច្ច​​បាន​ឃាត់ខ្លួនមនុស្ស​​ចំនួន ២៩​នាក់ ក៏​ប៉ុន្តែបានដោះលែង ៤នាក់វិញ ដោយ​សារពួកគេជាកុមារ និងមនុស្សចាស់ ខណៈមនុស្ស​ ២៥នាក់ទៀត បាន​បញ្ជូន​សំណុំរឿង និងបញ្ជូន​ខ្លួន​ម​ក​សាលា​ដំបូង​ខេត្ត​។ លោកបន្តថា ក្រោយការសាកសួរ ចៅក្រម​ស៊ើបសួរបានសម្រេច​ឃុំខ្លួន​អ្នកទាំង ២៥នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពាក់ព័ន្ធនឹងបទល្មើសកាប់រានដីព្រៃរបស់រដ្ឋ​ធ្វើជាកម្មសិទ្ធិ។

លោក​បន្ត​​ថា៖ «តាម​ដីកា​សន្និដ្ឋាន​បញ្ជូនរឿង​ស៊ើប​សួរ​ទៅ​ចៅក្រម​ហ្នឹង ចៅក្រម​គាត់​បាន​សម្រេច​ឃុំខ្លួន ២៥នាក់ ឱ្យទៅផ្ទះវិញ ៤នាក់ ដោយសារអ្នកខ្លះជាអានិតិជន អ្នកខ្លះជាចាស់ជរាអីចឹង ក៏គាត់សម្រេចឱ្យទៅផ្ទះវិញ មិនឃុំខ្លួនគាត់ទេ។ អ៊ីចឹងឃុំខ្លួនរាល់ថ្ងៃនៅពន្ធនាគារនេះតែ២៥នាក់ទេ ដើម្បីស៊ើបអង្កេតរកមេក្លោងបន្តទៀត»។

អភិបាល​រង​ខេត្តព្រះវិហារ លោក ណុប វុធ្ធី បានឱ្យដឹង​នៅថ្ងៃទី១៣ មីនា​នេះ​ថា ប្រជាពលរដ្ឋ​ទាំង​​នោះ ជា​​ជនអាណា​ធិបតេយ្យ​ ដោយពួកគេបានចូលទន្ទ្រានដីរដ្ឋដែលបានចុះបញ្ជី​​ប្លង់រឹងរួចហើយ។ លោកបញ្ជាក់ថា អាជ្ញាធរ​កំពុង​​តាម​ចាប់​មេក្លោងរបស់ពួកគេបន្ថែមទៀត​។

លោកថា៖ «មិនមែន​ជា​បញ្ហាជម្លោះរវាងបងប្អូនប្រជាពលរដ្ឋ និងក្រុមហ៊ុនទេ អានេះជាបញ្ហាយើងចុះបង្ក្រាបពួកជនអាណាធិបតេយ្យដែលគាត់ចូលទន្ទ្រាន​យក​ដីរដ្ឋដែល​បាន​ចុះបញ្ជីរួម​ហើយ មានន័យថា គាត់​មក​ពី​ណាពីណីគាត់​ចូល​មក​គាត់​មាន​ក្រុម​មាន​បក្ស​មាន​ពួក​គាត់ ហើយមានមេក្លោង​គាត់ៗ​ចូល​ទៅកាប់ទន្ទ្រានយកដីរដ្ឋដែលចុះបញ្ជី​ប្លង់​រឹង​រួច​ហើយ[…] ក្រុមនេះគាត់តែងតែធ្វើសកម្មភាពយកដីរដ្ឋហ្នឹងរហូត»។

អភិបាលរងខេត្តព្រះវិហាររូបនេះបន្ត​ថា អាជ្ញាធរបានណែនាំពលរដ្ឋទាំងនោះ ឱ្យចាកចេញជាច្រើនដងហើយ ក៏ប៉ុន្តែពួកគាត់មិនព្រមចាកចេញទេ ហើយ​នៅពេល​ដែល​អាជ្ញាធរ​ចុះ​ទៅបណ្ដេញចេញ ពលរដ្ឋទាំងនោះបានប្រើហិង្សាដាក់អាជ្ញាធរ។

លោកថា៖ «មុននឹងធ្វើហ្នឹងមានន័យថា យើងជិតមួយឆ្នាំហើយ យើងជូនដំណឹងអប់រំណែនាំគាត់ យើងមានការផ្សព្វផ្សាយ ចាក់មេក្រូផ្សព្វផ្សាយឱ្យគាត់ចាកចេញពីដីរដ្ឋដែលបានចុះបញ្ជីរួចហើយដោយយើងមិនអនុញ្ញាតឱ្យជនណាម្នាក់ចូលទេ ប៉ុន្តែគាត់អត់ព្រមទេ ហើយរហូតដល់ពេលយើងចុះអនុវត្តវិធានការការពារដីរដ្ឋនោះ មានន័យថាសមត្ថកិច្ចយើងទាំងអស់ធ្វើសកម្មភាពទៀត យើងទុករយៈពេល២ម៉ោងឱ្យគាត់ចាកចេញទៀត ប៉ុន្តែគាត់អត់ទេគាត់តដៃជាមួយសមត្ថកិច្ចដូចជាគាត់គប់ដបសាំងដុតសមត្ថកិច្ច»។

បើតាម លោក ណុប វុធ្ធី អាជ្ញាធរ​ខេត្តព្រះវិហារ បានជូនដំណឹង​ពលរដ្ឋ​ដោយពលរដ្ឋទាំងនោះ ចេញពីដីរបស់រដ្ឋ​​​ដោយ​សន្តិវិធី ចំនួន ​​២ដងមក​ហើយ តាំងពីឆ្នាំ២០២១ និងឆ្នាំ២០២២ ក៏ប៉ុន្តែពួកគេនៅតែត្រឡប់មកវិញដោយបានសង់ខ្ទមតូចៗនៅលើដីនោះ។ រហូតដល់ថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនេះ អាជ្ញាធរបានមានវិធានការចំពោះពួកគេជាលើកទី៣ ដែលបណ្ដាលឱ្យមានការប៉ះទង្គិចគ្នារវាងអាជ្ញាធរនិងពលរដ្ឋ។ លោក​ថា ការ​បណ្ដេញពលរដ្ឋ​ទាំងនោះចេញ ជាការអនុវត្តច្បាប់ដើម្បីរក្សាដីរដ្ឋសម្រាប់អ្នកជំនាន់ក្រោយ ដោយមិនអាចបណ្ដោយឱ្យជនណាទៅប៉ះពាល់ដីនោះឡើយ។

ពលរដ្ឋរស់​នៅភូមិម្រេច ឃុំស្រយង់ ស្រុកគូលែន ​សុំមិនបញ្ចេញឈ្មោះដោយបារម្ភពីសុវត្តិភាព បានប្រាប់ថា គ្រួសាររបស់គាត់ មិនបានទៅកាប់គាស់ដីព្រៃនោះទេ គឺ​ពួកគាត់​បានទិញដីនោះតពីគេ ដោយមានការបញ្ជាក់ត្រឹមភូមិឃុំ ព្រមទាំងបានរស់នៅ​រយៈពេល ១០ឆ្នាំមក​ហើយ ប៉ុន្តែអាជ្ញាធរ​បែរមិនទទួលស្គាល់ និងតម្រូវឱ្យ​ពួកគាត់ចាកចេញពីដីជម្លោះទាំងបង្ខំ។

គាត់បានបញ្ជាក់​ថា៖ «ដីខ្ញុំនេះអត់ដែលមានគាត់[អាជ្ញាធរ]ដេញទេ ហើយដីដែលខ្ញុំចូលទៅរស់នៅក៏អត់បានទៅចាប់ ទៅកាប់យកដែរ ខ្ញុំទិញមានសំបុត្រភូមិ ឃុំ តែគេអត់យកជាផ្លូវការ គេថាឱ្យតែជាសំបុត្រប្លង់ទន់គេអត់យកជាផ្លូវការទេ ក្នុងតំបន់ខ្ញុំអត់មានពីណាគេមានប្លង់រឹងទេ មុនខ្ញុំទិញក៏សួមេភូមិដែរ តែថាអត់ពាក់ព័ន្ធទេ […] ប្លង់ខ្ញុំអាចដាក់លុយដល់ធនាគារ ខ្ញុំយកលុយធនាគារយកមកលើកផ្ទះហ្នឹងចំនួន២០ ០០០(ពីរម៉ឺនដុល្លា) តែខ្ញុំសងបានជិតមួយម៉ឺនដុល្លារហើយ»។

ពលរដ្ឋរូបនេះ បាន​បន្ថែមថា ក្រោយមានការ​បង្ក្រាប​ដោយហិង្សានោះ រូបគាត់ និងពលរដ្ឋ​មួយចំនួន​ទៀត ​កំពុងរត់​គេច​ខ្លួន និង​កំពុង​​ជួបការលំបាកដោយគ្មានម្ហូបអាហារគ្រាប់គ្រាន់ ខ្វះសម្លៀកបំពាក់ និងមានជំងឺប្រចាំកាយផង។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត លើកឡើងថា មក​ដល់ពេលនេះ មាន​ពលរដ្ឋ ២៩នាក់ ត្រូវបានតុលាការធ្វើការចោទប្រកាន់ ពាក់ព័ន្ធនឹងបទ កាប់រានព្រៃ ឈូសឆាយដីព្រៃ និង​ហ៊ុំព័ទ្ធ​កាន់កាប់​ដីព្រៃ តាមមាត្រា៩៧ នៃច្បាប់ស្តីពី​ព្រៃឈើ។ លោកទទូចឱ្យរដ្ឋាភិបាល និង​អាជ្ញាធរមាន​​សមត្ថកិច្ច​ ដោះស្រាយបញ្ហាដីធ្លីនេះដោយ​សន្តិវិធី ដើម្បី​ជៀស​វាង​ការផ្ទុះ​អាវុធ ឬការចាប់ខ្លួនពលរដ្ឋ ដែល​បង្កឱ្យមានទុក្ខ​លំបាក​ច្រើន​សម្រាប់ពលរដ្ឋ។

លោកថ្លែងថា៖ «យើងជាអង្គការសង្គមស៊ីវិល ដែលធ្វើការផ្នែកសិទ្ធិមនុស្ស នៅតែទទូចដល់រដ្ឋាភិបាល ឬក៏អាជ្ញាធរហ្នឹង គាត់ធ្វើម៉េចការដោះស្រាយបញ្ហាដីធ្លីធ្វើឡើងដោយសន្តិវិធី ដោយអហិង្សា ដើម្បីចៀសវាងការផ្ទុះ​អាវុធ ឬក៏នាំឱ្យមា​នការចាប់ខ្លួនពលរដ្ឋជាច្រើន នាំឱ្យមានទុក្ខលំបាកច្រើនសម្រាប់ពលរដ្ឋវិញទេ»។

បើតាមក្រុមពលរដ្ឋ អ្នកដែលរស់នៅតំបន់មានជាង២០០គ្រួសារ ប៉ុន្តែ​ខាង​អាជ្ញាធរអះអាង​ថា មានតែជាង ១០០នាក់ប៉ុណ្ណោះ។ គួរបញ្ជាក់ដែរថា កាលពីឆ្នាំ២០០៩ ក្រុមហ៊ុនសិលាដាម៉ិច ខូអិលធីឌី (Seila Damex CO., LTD) ទទួលបានដីសម្បទានសេដ្ឋកិច្ចពីរដ្ឋាភិបាល លើផ្ទៃដីប្រមាណ ៩ ០០០​ហិកតា ក្រោមហេតុផល​ធ្វើការអភិវឌ្ឍ​ន៍​ដាំដំណាំកៅស៊ូ ដែលមានទីតាំងស្ថិតនៅឃុំ​ស្រយង់ និងឃុំត្បែងពីរ ស្រុកគូលែន ខេត្តព្រះវិហារ និងបានបោះបង្គោលនៅឆ្នាំ២០១១ ដែលបណ្តាលឱ្យប៉ះពាល់ដីប្រជាពលរដ្ឋនៅតំបន់នោះ​ជិតជាច្រើនរយគ្រួសារ៕