តុលាការសាលាដំបូងខេត្តសៀមរាប នៅថ្ងៃពុធនេះ កំពុងសាកសួរឧកញ៉ា ឡេង ចាន់ណា អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្សពួក ២នាក់ទៀត ក្រោយសមត្ថកិច្ចខេត្ត បានចាប់ឃាត់ខ្លួនអ្នកស្រី និងបក្ខពួក ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។
អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យដឹងថា សមត្ថកិច្ចខេត្តសៀមរាប បានឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយផ្អែកតាមបណ្តឹងរបស់ប្រជាពលរដ្ឋដែលបានដាក់ពាក្យបណ្តឹង។
ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោកស្រី សាត ធីតា មានប្រសាសន៍ថា ខាងអយ្យការកំពុងតែធ្វើការសាកសួរ លោកស្រី ឡេង ចាន់ណា និងបក្ខពួក ដោយមិនទាន់សម្រេចបែបណានៅឡើយ។
លោកស្រីថា៖ «ប្រជាពលរដ្ឋបានប្តឹងមកអយ្យការយើងហើយ អ៊ីចឹងហើយឥឡូវយើងកំពុងតែចាត់ការ»។
ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានឱ្យដឹងដែរថា សមត្ថកិច្ចបានចាប់ឃាត់ខ្លួន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ទៅតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ហើយការសម្រេចរបស់តុលាការបែបណានោះ លោកក៏មិនទាន់ដឹងដែរ។
ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ ហើយករណីនេះត្រូវបានប្រជាពលរដ្ឋជាច្រើនពាន់នាក់ បានតវ៉ាជាច្រើនខែមកហើយ។
ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ Sothyta Ret បានផុសនៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៤ថា ពលរដ្ឋដែលបានរងគ្រោះចាញ់បោកអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក មានជាង ២៨០០នាក់ ដោយខាតបង់ទឹកប្រាក់សរុបជាង ២០០លានដុល្លារ។
ពលរដ្ឋរូបនេះបញ្ជាក់ថា៖ «ឯកសារបងប្អូនរងគ្រោះនៅលើដៃខ្ញុំសរុប ២៨៥៨នាក់ ហើយទឹកលុយសរុបគឺ ២០០លានជាង អញ្ចឹងបងប្អូនដែលមិនទាន់បានផ្ញើឯកសារមកកាន់នាងខ្ញុំ សូមផ្ញើឯកសារមកកាន់នាងខ្ញុំស្រួលនាងខ្ញុំបូកទិន្នន័យ»។
នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត បង្ហាញការគាំទ្រចំពោះចំណាត់ការរបស់សមត្ថកិច្ច និងតុលាការ ប៉ុន្តែលោកថា ករណីស្រដៀងគ្នានេះ បានកើតឡើងជាច្រើនករណីមកហើយ ហើយក្រោយពីការចាប់ខ្លួនជនល្មើសកន្លងមក ប្រជាពលរដ្ឋដែលរងគ្រោះ មិនទទួលបានដំណោះស្រាយសមស្របឡើយ។
លោកថា៖ «បើយើងនិយាយពីការឃាត់ខ្លួនទៅលើឧកញ៉ា ឡេង ចាន់ណា មើលទៅក៏មិនខុសអំពីការឃាត់ និងការចាប់ខ្លួន ឧកញ៉ា ជា សារ៉ន ឬក៏ប្រធានក្រុមហ៊ុនមួយចំនួន ដែលប្រជាពលរដ្ឋបានប្តឹងអំពីការឆបោក និងរំលោភទំនុកចិត្តកន្លងមក។ ក្រុមហ៊ុនលើកឡើងអំពីរឿងក្ស័យធន វាខុសពីសច្ចៈ ចឹងគាត់ជាប់ពន្ធនាគារហើយ វាអត់មានអ្វីត្រូវដោះស្រាយ»។
លោក អំ សំអាត ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រូវពិនិត្យមើលឱ្យបានច្បាស់លាស់ មុននឹងជឿទុកចិត្ត និងដាក់ប្រាក់វិនិយោគជាមួយក្រុមហ៊ុនណាមួយ។
លោកថ្លែងថា៖ «ក្រុមហ៊ុនមួយចំនួនចង់បានទំនុកចិត្តពីប្រជាពលរដ្ឋ គាត់ធ្វើជាការរៀបចំជាកម្មវិធីអីដែលមានការអញ្ជើញថ្នាក់ដឹកនាំ ឬក៏អ្នកដែលមានឋានន្តរស័ក្តិធំៗ»។
ពាក់ព័ន្ធនឹងករណីឧកញ៉ា ឡេង ចាន់ណា នេះដែរ កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យរបស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី បានចេញសេចក្តីបំភ្លឺមួយ ដោយប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់ឧកញ៉ា ឡេង ចាន់ណា នោះទេ។ ក្រុមអ្នកនាំពាក្យ បានបញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសាររួចមកហើយថា លោកមិនគាំទ្រ ឬនៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំងជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ច អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះលោកទៅពាក់ព័ន្ធនឹងអំពីខុសច្បាប់របស់ខ្លួន។ ការចេញសេចក្តីបំភ្លឺនេះ ធ្វើឡើងក្រោយពីមានការផ្សព្វផ្សាយព័ត៌មានជាវីដេអូខ្លីៗមួយចំនួននូវសម្ដីរបស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំថា លោកនាយករដ្ឋមន្ត្រីមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុនរបស់ឧកញ៉ា ឡេង ចាន់ណា នេះ៕