តុលាការ​សាលាដំបូងខេត្តសៀមរាប នៅថ្ងៃពុធនេះ កំពុង​សាកសួរ​​ឧកញ៉ា​ ឡេង ចាន់ណា​ អគ្គនាយកក្រុមហ៊ុនប្រ៊ីលានស៊ីធីវើលដ៍ ឯ.ក និងបក្សពួក ២នាក់ទៀត​​ ក្រោយ​​សមត្ថ​កិច្ចខេត្ត បាន​ចាប់​ឃាត់ខ្លួនអ្នកស្រី និងបក្ខពួក ​ពាក់ព័ន្ធនឹងបទល្មើស ឆបោក រំលោភលើទំនុកចិត្ត និងចេញមូលប្បទានបត្រគ្មានសាច់ប្រាក់។

អ្នកនាំពាក្យអយ្យការអមសាលាដំបូងខេត្តសៀមរាប បានចេញសេចក្តីប្រកាសព័ត៌មានមួយ ឱ្យដឹងថា សមត្ថកិច្ចខេត្ត​សៀមរាប ​បាន​ឃាត់ខ្លួនអ្នកស្រី ឡេង ចាន់ណា និងបក្ខពួក កាលពីរសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ តាម​ដីកា​បញ្ជា​ឱ្យចូលខ្លួនរបស់តំណាងអយ្យការអមសាលាដំបូងខេត្ត ដោយផ្អែក​​តាមបណ្តឹង​របស់​ប្រជាពលរដ្ឋដែល​បាន​ដាក់ពាក្យបណ្តឹង។

ព្រះរាជអាជ្ញារងសាលាដំបូងខេត្តសៀមរាប លោកស្រី សាត ធីតា​ មានប្រសាសន៍​ថា ខាង​អយ្យការកំពុងតែធ្វើការសាកសួរ លោកស្រី ឡេង ចាន់ណា និងបក្ខពួក ដោយមិនទាន់សម្រេចបែបណានៅ​ឡើយ។

លោកស្រីថា៖ «​ប្រជាពលរដ្ឋបានប្តឹង​មកអយ្យការយើងហើយ អ៊ីចឹងហើយឥឡូវយើងកំពុងតែចាត់ការ»។

ស្នងការនគរបាលខេត្តសៀមរាប លោក តេង ច័ន្ទណាត បានឱ្យដឹងដែរ​ថា សមត្ថកិច្ច​បានចាប់ឃាត់​ខ្លួន អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក ២នាក់ទៀត ទៅតាម​ដីកាបញ្ជាឱ្យចូលខ្លួន​របស់តំណាង​អយ្យការអមសាលាដំបូងខេត្ត ហើយការ​សម្រេច​​របស់តុលាការបែបណានោះ លោកក៏មិនទាន់ដឹងដែរ។

ឧកញ៉ា ឡេង ចាន់ណា និងបក្ខពួក ត្រូវបានប្រជាពលរដ្ឋចោទថាបានបោកលុយរាប់លានដុល្លារ ក្នុងរូបភាពទិញដី ផ្ទះ និងការវិនិយោគបានការប្រាក់ខ្ពស់ ហើយ​ករណីនេះត្រូវបាន​ប្រជាពលរដ្ឋ​ជាច្រើនពាន់នាក់ បាន​តវ៉ា​ជា​ច្រើនខែមកហើយ។

ពលរដ្ឋរងគ្រោះម្នាក់ឈ្មោះ Sothyta Ret បានផុស​​នៅលើគណនីហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី៤​ ខែមីនា ឆ្នាំ២០២៤ថា ពលរដ្ឋដែលបានរងគ្រោះចាញ់បោក​អ្នកស្រី ឡេង ចាន់ណា និងបក្ខពួក មានជាង ២៨០០នាក់ ដោយ​ខាតបង់ទឹកប្រាក់សរុប​ជាង ២០០លានដុល្លារ។

ពលរដ្ឋរូបនេះបញ្ជាក់ថា៖ «ឯកសា​របងប្អូនរងគ្រោះនៅលើដៃខ្ញុំសរុប ២៨៥៨នាក់ ហើយទឹកលុយសរុបគឺ ២០០លាន​ជាង អញ្ចឹងបងប្អូនដែលមិនទាន់បានផ្ញើឯកសារ​មក​កាន់​នាង​ខ្ញុំ សូមផ្ញើ​ឯកសារ​មកកាន់នាង​ខ្ញុំស្រួលនាងខ្ញុំបូកទិន្នន័យ»។

នាយកចាត់ការទូទៅនៃអង្គការសិទ្ធិមនុស្ស​លីកាដូ លោក​ អំ សំអាត បង្ហាញការគាំទ្រ​ចំពោះចំណាត់ការរបស់​សមត្ថកិច្ច និងតុលាការ ប៉ុន្តែលោកថា​ ករណីស្រដៀង​គ្នានេះ បាន​កើតឡើង​ជាច្រើនករណីមកហើយ​​ ហើយក្រោយពីការចាប់ខ្លួនជន​ល្មើសកន្លង​មក ​ប្រជាពលរដ្ឋដែល​រង​គ្រោះ​ មិនទទួលបានដំណោះស្រាយសមស្របឡើយ។

លោកថា៖ «បើយើងនិយាយពីការឃាត់ខ្លួនទៅលើឧកញ៉ា ឡេង ចាន់ណា មើលទៅក៏មិនខុសអំពីការឃាត់ និង​ការចាប់ខ្លួន​ ឧកញ៉ា ជា សារ៉ន ឬក៏ប្រធានក្រុមហ៊ុនមួយចំនួន​ ដែលប្រជាពលរដ្ឋបានប្តឹងអំពីការឆបោក និងរំលោភទំនុកចិត្តកន្លង​មក។ ក្រុមហ៊ុនលើកឡើងអំពីរឿងក្ស័យធន វាខុសពីសច្ចៈ ចឹង​គាត់ជាប់ពន្ធនាគារហើយ វាអត់មានអ្វីត្រូវដោះស្រាយ»។

លោក អំ សំអាត ក៏បានអំពាវនាវ​ដល់​ប្រជាពលរដ្ឋ ត្រូវបង្កើនការ​ប្រុងប្រយ័ត្ន និង​​ត្រូវ​​ពិនិត្យមើលឱ្យ​​បានច្បាស់លាស់ មុននឹងជឿទុកចិត្ត និងដាក់ប្រាក់វិនិយោគ​ជាមួយ​​ក្រុមហ៊ុនណាមួយ។

លោក​ថ្លែង​ថា៖ «ក្រុមហ៊ុនមួយចំនួនចង់បានទំនុកចិត្តពីប្រជាពលរដ្ឋ គាត់ធ្វើជាការរៀបចំជាកម្មវិធីអី​ដែល​មាន​ការអញ្ជើញ​ថ្នាក់ដឹកនាំ ឬក៏អ្នកដែលមានឋានន្តរស័ក្តិធំៗ»

ពាក់ព័ន្ធនឹងករណីឧកញ៉ា ឡេង ចាន់ណា នេះដែរ កា​ល​ពីថ្ងៃទី​២១ ខែ​កុម្ភៈ ឆ្នាំ២០២៤ ក្រុមអ្នកនាំពាក្យ​របស់ខុទ្ទកាល័យនាយករដ្ឋមន្ត្រី ​បាន​ចេញសេចក្តីបំភ្លឺមួយ ដោយប្រកាសថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត មិនមានជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុន ប្រ៊ីនលាន ស៊ីធី របស់​ឧកញ៉ា ឡេង ចាន់ណា នោះទេ។ ក្រុមអ្នកនាំពាក្យ បាន​បញ្ជាក់ផងដែរថា លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ធ្លាប់បានបញ្ជាក់ជាសាធារណៈច្រើនលើកច្រើនសាររួចមក​ហើយ​ថា លោក​មិនគាំទ្រ ឬ​នៅពីក្រោយអំពើខុសច្បាប់របស់បុគ្គលណាម្នាក់ឡើយ ព្រមទាំង​ជំរុញឱ្យអាជ្ញាធរមាន​សមត្ថកិច្ច​ អនុវត្តច្បាប់ឱ្យបានម៉ឺងម៉ាត់បំផុតលើបុគ្គលទាំងឡាយណា ដែលយកឈ្មោះលោក​ទៅពាក់ព័ន្ធ​នឹងអំពីខុសច្បាប់របស់ខ្លួន។ ការចេញសេចក្តីបំភ្លឺ​នេះ ធ្វើឡើងក្រោយពី​មាន​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ជាវីដេអូខ្លីៗមួយ​ចំនួននូវ​សម្ដី​របស់ ឧកញ៉ា ឡេង ចាន់ណា តាមបណ្តាញផ្សព្វផ្សាយសង្គមនានា ដោយបានលើកឡើងនូវឈ្មោះលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដែលធ្វើឱ្យសាធារណជន មានការភាន់ច្រឡំថា លោកនាយករដ្ឋមន្ត្រីមាន​ជាប់ពាក់ព័ន្ធ ឬនៅពីក្រោយខ្នងក្រុមហ៊ុនរបស់​ឧកញ៉ា ឡេង ចាន់ណា នេះ៕